គណៈកម្មការ​ទី​១០​នៃ​រដ្ឋ​សភា​ប្រកាស​លេខ​ទូរស័ព្ទ​ឲ្យ​ពលរដ្ឋ​ប្ដឹង​ករណី​ពុករលួយ

0:00 / 0:00

ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋ​សភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ត្រូវ​សហការ​ផ្ដល់​ព័ត៌មាន​ដើម្បី​ឈាន​ដល់​ចុះ​ស៊ើប​អង្កេត​អំពើ​ពុករលួយ ដែល​នាំ​ឲ្យ​បាត់បង់​ចំណូល​បង់ពន្ធ​ចូល​រដ្ឋ​ជា​រៀងរាល់​ឆ្នាំ។

សារ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​រូប​លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​ថ្មីៗ​នេះ​ថា នៅ​ក្នុង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​កើត​មាន​ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ប៉ុន្តែ​គ្មាន​ស្ថាប័ន​ឯករាជ្យ ឬ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ចំណូល​ចំណាយ​នៅ​កំពង់ផែ​នេះ ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ លោក ហូរ វ៉ាន់ បាន​ប្រកាស​លេខ​ទូរស័ព្ទ​ដល់​សាធារណជន ពិសេស​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ​នានា ឲ្យ​ផ្ដល់​ព័ត៌មាន​មក​រូប​លោក​ផ្ទាល់ ជុំវិញ​ភាព​មិន​ប្រក្រតី​អំពើ​ពុករលួយ​ដែល​កើត​មាន​នៅ​តាម​ស្ថាប័ន​នីមួយៗ ដើម្បី​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​បន្ត​ថា ថ្មីៗ​នេះ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ថា​មាន​ការ​កិបកេង ឬ​ចាយ​វាយ​ថវិកា​ចំណូល​ចំណាយ នាំ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

បញ្ហា​នេះ លោក ហូរ វ៉ាន់ ថ្លែង​ថា កន្លង​មក​ស្ថាប័ន​ខ្លួន​បាន​ចុះ​អង្កេត ឬ​សួរ​នាំ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពង់ផែ​ស្វយ័ត និង​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ម្ដង​រួច​ហើយ ប៉ុន្តែ​របាយការណ៍​ដែល​ទទួល​បាន​គឺ​មាន​ភាព​រលូន៖ «បើ​បងប្អូន​មន្ត្រី​រាជការ​មាន​ព័ត៌មាន​ជុំវិញ​អំពើ​ពុករលួយ ឬ​ឯកសារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ច្រក​ចេញ​ចូល​តែមួយ ... សូម​ទាក់ទង​មក​ខ្ញុំ​តាម​រយៈពេល​ទូរស័ព្ទ ០៧៨ ៧៨ ៩៥ ៣២ ខ្ញុំ​នឹង​ចាត់​ការ​ជូន»

យ៉ាង​ណា​ក៏ដោយ​ចុះ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០ រដ្ឋ​សភា បាន​សង្កត់​ធ្ងន់​ថា នឹង​មិន​លះបង់​ការ​ចុះ​អង្កេត​រាល់​ពាក្យ​បណ្ដឹង ឬ​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​នៅ​ក្នុង​ស្ថាប័ន​គយ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ នេះ​ទេ។

មន្ត្រី​រូប​នេះ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​រាជការ ឲ្យ​ជួយ​សហការ​ផ្ដល់​ព័ត៌មាន​ជុំវិញ​អំពើ​ពុករលួយ ដើម្បី​ឈាន​ដល់​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​មក​សួរ​នាំ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «បើ​បងប្អូន​មាន​ឯកសារ​ទាក់ទង​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន​នីមួយៗ ពិសេស​នៅ​ស្ថាប័ន​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ឬ​ស្ថាប័ន​ពន្ធដារ និង​ស្ថាប័ន​គយ​ខេត្ត​ព្រះសីហនុ ជាដើម សូម​សហការ​ជាមួយ​ស្ថាប័ន​គណៈកម្មការ​ទី​១០​រដ្ឋ​សភា ដើម្បី​ឈាន​ដល់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​លុបបំបាត់​អំពើ​ពុករលួយ​ឲ្យ​បាន»

ឆ្លើយ​តប​បញ្ហា​នេះ លោក លូ គឹម ឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ថ្លែង​ថា ស្ថាប័ន​ខ្លួន​មាន​អ្នក​ឯកទេស​ដើម្បី​ត្រួតពិនិត្យ​ចំណូល​ចំណាយ​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ជា​ប្រចាំ។ លោក​បន្ត​ថា រាល់​ការ​ចំណាយ ឬ​ចាយវាយ​ថវិកា​ដើម្បី​អភិវឌ្ឍន៍​កំពង់ផែ​នេះ គឺ​មាន​បញ្ជី​ស្នាម​ត្រឹមត្រូវ និង​មាន​លក្ខណៈ​ច្បាស់លាស់។

ទោះ​យ៉ាង​ណា លោក លូ គឹមឈុន ប្រកាស​សាទរ​មន្ត្រី​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ឬ​មន្ត្រី​គណៈកម្មការ​ទី​១០ រដ្ឋ​សភា ក្នុង​ការ​ចុះ​ស៊ើប​អង្កេត ឬ​ចង់​ឲ្យ​ស្ថាប័ន​ខ្លួន​ឆ្លើយ​បំភ្លឺ​ទៅ​លើ​ចំណូល​ចំណាយ ដែល​កំពុង​ដំណើរ​ការងារ​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។

ទាក់ទិន​បញ្ហា​នេះ លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ថ្លែង​សាទរ​ប្រធាន​គណៈកម្មការ​ទី​១០​រដ្ឋសភា ដែល​បាន​ប្រកាស​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ផ្ដល់​ព័ត៌មាន​ជុំវិញ​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នានា ពិសេស​បញ្ហា​នៅ​ក្នុង​ស្ថាប័ន​ពន្ធដារ ឬ​ស្ថាប័ន​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ជាដើម។ លោក​ស្នើ​ដល់​ថ្នាក់ដឹកនាំ​គណៈកម្មការ​ទី​១០​រដ្ឋសភា ត្រូវ​ពង្រឹង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ដើម្បី​ឈាន​ដល់​លុបបំបាត់​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ឲ្យ​មាន​ប្រសិទ្ធភាព។

​លោក សន ជ័យ បន្ថែម​ថា បញ្ហា​គ្រប់គ្រង​ចំណូល​ពន្ធគយ និង​ចំណូល​ពន្ធដារ​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ គួរ​តែ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ឲ្យ​មាន​ក្រុម​អធិការកិច្ច​តាមដាន​ជា​ប្រចាំ ដើម្បី​គ្រប់គ្រង​ចំណូល​ពន្ធ​រដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា លោក ហូរ វ៉ាន់ ធ្លាប់​បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី​១០​រដ្ឋសភា ជួប​ពិភាក្សា​ជាមួយ​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​លោក គិន លី ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ស្ដាប់​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​គ្រប់គ្រង និង​ប្រមូល​ពន្ធគយ​នៅ​កំពង់ផែ​នេះ។ លទ្ធផល​កាល​ណោះ គឺ​មាន​ភាព​រលូន​ដោយ​ស្ថាប័ន​រដ្ឋសភា​រក​មិន​ឃើញ​កំហុស​ឆ្គង​អ្វី​ទេ។

ទោះ​ជា​បែប​នេះ​ក្តី លោក ហូរ វ៉ាន់ បាន​អះអាង​ថា ស្ថាប័ន​នេះ​មិន​ទាន់​មាន​ជំនឿ​ទៅ​លើ​របាយការណ៍​ផ្ដល់​ជូន​ដោយ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពង់ផែ​ស្វយ័ត និង​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ផ្ដល់​ជូន​ទេ។

​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ​រដ្ឋសភា ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​តាម​ស្ថាប័ន​សាខា​ពន្ធដារ ស្ថាប័ន​គយ និង​រដ្ឋាករ ឬ​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​ចំណូល​ពន្ធ​រដ្ឋ​ឲ្យ​បាន​ប្រសើរ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មាន​ប្រសាសន៍​ថា កន្លង​មក​រូប​លោក​ក៏​ធ្លាប់​ទទួល​បាន​ពាក្យ​បណ្ដឹង​ជុំវិញ​អំពើ​ពុករលួយ​នៅ​ក្នុង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ជា​ច្រើន​ករណី​ដែរ។

លោក​ស្វាគមន៍​ថ្នាក់ដឹកនាំ​គណៈកម្មការ​ទី​១០​រដ្ឋសភា ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ឯករាជ្យ​ចុះ​អង្កេត​ពី​ភាព​មិន​ប្រក្រតី ឬ​ការ​ចាយ​វាយ​ថវិកា​ក្នុង​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ពេល​នេះ៖ «ស្វាគមន៍​ស្ថាប័ន​រដ្ឋសភា ឬ​ព្រឹទ្ធ​សភា ដែល​ជា​ស្ថាប័ន​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ចំណូល​ចំណាយ​នៅ​កំពង់ផែ​ស្វយ័ត ឬ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ដែល​កន្លង​មក​ធ្លាប់​មាន​ការ​ចោទ​ប្រកាន់​កើត​មាន​អំពើ​ពុករលួយ ដើម្បី​រក្សា​តម្លៃ​កំពង់ផែ​នេះ​ឡើង​វិញ»

​ត្រង់​ចំណុច​នេះ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០​រដ្ឋ​សភា បាន​អះអាង​ថា នឹង​បន្ត​ចុះ​អង្កេត ឬ​កោះ​ហៅ​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​កំពង់ផែ​ស្វយ័ត ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ និង​ស្ថាប័ន​ពន្ធដារ​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​លើ​បញ្ហា​គ្រប់គ្រង​ចំណូល​ពន្ធ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។