ការ​​ប្រារព្ធ​ពិធី​​​បុណ្យ​​ចូល​ឆ្នាំ​​​ថ្មី ​​«ឆ្នាំ​ឆ្លូវ» ​ក្នុង​​ស្ថានភាព​​វិបត្តិ​​ជំងឺ​កូវីដ​​១៩​ ធ្ងន់ធ្ងរ​

ដោយ ទីន ហ្សាការីយ៉ា
2021-04-11
Share
ការ​​ប្រារព្ធ​ពិធី​​​បុណ្យ​​ចូល​ឆ្នាំ​​​ថ្មី ​​«ឆ្នាំ​ឆ្លូវ» ​ក្នុង​​ស្ថានភាព​​វិបត្តិ​​ជំងឺ​កូវីដ​​១៩​ ធ្ងន់ធ្ងរ​ ទិដ្ឋភាព​បុណ្យចូលឆ្នាំខ្មែរនៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ២០១៧។
រូប៖ RFA

ប្រជាពលរដ្ឋ​​មួយ​​ចំនួន​ដែល​មក​ពី​តាម​​ខេត្ត​ហើយ​​ឡើង​​មក​​​រៀន​​សូត្រនៅ​ភ្នំពេញ​ បាន​​ត្រលប់​ទៅ​​ខេត្ត​​វិញ​​អស់​​ហើយ​នៅ​ឡើយ​​តែ​​​អ្នកមាន​​​ភារកិច្ច​​ធ្វើ​ការ​ងារ​​​នៅ​ភ្នំពេញ​​​ប៉ុណ្ណោះ។ អ្នក​ធ្វើ​ការងារ​នោះ​​ទៀត​សោត មួយ​ចំនួន​​ធំ​ជាប់​​បំណុល​​ទើប​មិន​​អាច​​វិល​ត្រលប់​ទៅ​ស្រុក​​ចូល​ឆ្នាំ​​ជាមួយ​​ក្រុម​គ្រួសារ​​បាន។ យ៉ាង​ណា​​ក៏​​ដោយ​​ចុះ កម្មករ​និង​អាជីវករមួយ​ចំនួន​ នឹង​​នៅ​​ផ្ទះ​ឈប់​​សម្រាក​ក្នុង​ថ្ងៃ​ចូល​​ឆ្នាំ​ដោយ​​មិន​​ធ្វើ​ដំណើរ​​ទៅ​ណា​ទេ​ ក្រៅ​ពី​យក​​ចង្ហាន់​​ទៅ​​ប្រគេន​​ព្រះ​សង្ឃនៅវត្ត​នោះ​ឡើយ។

កម្មករ​ម្នាក់​ធ្វើការ​​នៅ​​រោងចក្រ​​ហៃសាន់ អេចប៊ី (HayThan HB) ​​​ក្នុង​ខណ្ឌ​ឫស្សីកែវ​លោក សុត គុយ​សៀង សោកស្ដាយ​​ដែល​​ខកខាន​ទៅ​លេង​​ស្រុក​កំណើត​​នៅ​​​ក្នុង​​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ២ ​ឆ្នាំ​ជាប់​គ្នា ដោយសារ​​តែ​វិបត្តិ​ជំងឺ​កូវីដ​១៩។ កម្មករ​​រូប​នេះថា លោក​គ្មាន​ជម្រើស​ក្រៅ​ពី​​សម្ងំ​​​នៅ​ក្នុង​ផ្ទះ​​ទេ នៅ​ថ្ងៃ​​ចូល​​ឆ្នាំ ព្រោះ​​មិន​​អាច​​ដើរ​​ចេញ​​ក្រៅ​​បាន​។ លោក​និង​​កម្មករ​​នៅ​បន្ទប់​​ជួល​ក្បែរ​គ្នា គ្រោង​​នឹង​នាំ​​គ្នា​សែន​ព្រេន​​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ តាម​​បន្ទប់​រាង​ខ្លួន​ និង​​អាច​​ជួប​ជជែក​​គ្នា​​លេង​ តាម​​ធម្មតា៖ «ពេល​គេ​​ឲ្យ​ដេក​ផ្ទះ​ អត់​មាន​បាន​​ដើរ​ទៅ​ណា​​ទៅ​ណី​ទៅ​​ស្រុក​​ទៅ​អ្វី​​នៅ​ផ្ទះ​ជួល​​ក្ដៅ​សឹង​អ្វី! ទទួល​ទេវតា​​ យើង​ដោយ​​អ្នក​ផ្ទះ​ទេ។ ខ្លះគេ​​ទទួល​​តាម​​ប្រពៃណី ​ខ្លះ​ក៏​​អត់​អ៊ីចឹង​ទៅ​ណា​បង។ ប៉ុន្តែ​ខ្ញុំ​សង្កេត​​ឃើញ​​តាម​​ផ្ទះ​ជួល​​ គាត់​ដូច​​មិន​សូវ​​យក​ចិត្ត​​ទុក​ដាក់​ អា​រឿង​​ហ្នឹង​ដែរ ​គាត់​ចង់​តែ​​ទៅ​ស្រុក​។ ខក​​ចិត្ត​ហ្នឹង ​ខក​ហើយ ​ហួស​ពី​ខក ​តែ​មិន​​ដឹង​ធ្វើ​ម្ដេច​​ បើ​គេ​បិទ​ផ្លូវ​អស់​ហើយ​ ណាមួយ​​ យើង​ខ្លាច​ថា​ កូវីដ​ហ្នឹង​ យើង​ក៏​​អត់​ទុក​ចិត្ត​ខ្លួន​​ឯង​​ដែរ។ ខ្លាច​ទៅ​​ផ្ទះ​អ៊ីចឹង ​ខ្លាច​​​ឆ្លង​​ដល់​បងប្អូន​​កូន​ក្មួយ​នៅ​ស្រុក​​ដែរ។ ប៉ុន្តែ​បើ​គេ​កុំ​តែ​បិទ​ផ្លូវ​ នៅ​តែ​ទៅ ​ហ្នឹង»។

ទោះ​ជា​​យ៉ាង​​ណា អាជ្ញាធរ​បាន​​បិទ​ផ្លូវ​ឆ្លង​កាត់​​ខេត្ត​ទាំង​អស់​​ហើយរហូត​ដល់​​ចូល​ឆ្នាំ​រួច​ (២៣ មេសា)​ និង​​ព្រមាន​​បន្ត​បិទ​ទៀត​បើ​​នៅ​តែ​​​មាន​​ការ​ឆ្លង​​រីក​រាល​​ដាល​​ជំងឺ​​កូវីដ​​១៩ ធ្ងន់ធ្ងរបន្ត​ទៀត។ ក្រុម​អាជីវករ​​ខ្លះ​ដែល​​ឡើង​មក​​លក់​​ដូរ​​នៅ​ភ្នំពេញក៏​ខក​ខាន​​ទៅ​លេង​​ស្រុក​​កំណើត​ដែរ។

អ្នក​លក់​​ទឹក​​អំពៅ​​តាម​​ម៉ូតូ​សណ្ដោង​​រ៉ឺម៉ក​នៅ​រាជធានី​​ភ្នំពេញ​​លោកស្រី នាង សាម៉េត ប្រាប់​​ថា អ្នក​​មាន​​ជីវភាព​ក្រីក្រ​​ខ្លះមិន​ចាប់​​អារម្មណ៍​​នឹង​​បុណ្យ​​ចូល​​ឆ្នាំ​ខ្មែរ​​ទេ​ តែ​​នាំ​គ្នា​​បារម្ភ​​គ្មាន​​ប្រាក់​​ជូន​​ឪពុក​​ម្ដាយ​និង​​ដោះស្រាយ​​ជីវភាព​​ជាង។ អ្នក​លក់​​ទឹក​​អំពៅ​​រូប​នេះ​ នឹង​​មិន​​ទៅ​​លេង​​ស្រុក​​កំណើត​ទេ​ ហើយ​ថ្ងៃ​​ចូល​ឆ្នាំ​គឺ​​លោកស្រី​ និង​​ប្ដី​ នឹង​​បន្ត​​ជិះ​ម៉ូតូ​លក់​​ទឹក​អំពៅ​​​តាម​ការដ្ឋាន​សំណង់ និង​​បន្ទប់​ជួល​​រោងចក្រ​​ដដែល​​ ក្រែង​​បាន​​លុយ​ខ្លះ​ដោះស្រា​យ​​ជីវភាព។

តែ​យ៉ាងណា​លោកស្រី នឹង​​ប្ដី នឹង​​នាំ​គ្នា​សែនព្រេន​​ទទួល​​ទេវតា​​ឆ្នាំ​ថ្មីតាម​​​ផ្ទះ​និង​​ឆ្លៀត​​យក​​ចង្ហាន់​​ខ្លះ​ទៅ​​វត្ត​ប្រសិន​​បើ​​ព្រះ​សង្ឃនៅ​​ទទួល​ចង្ហាន់៖ «ធ្វើ​ម្ដេច​​ទេ!​ បើ​​កាលៈទេសៈ​​អ៊ីចឹង​​ហើយ​សោកស្ដាយ​​ក៏​​វា​​មិន​​ដឹង​​ធ្វើ​ម្ដេច! វា​ពិបាក​​ត្រង់​ថា ​ពិបាក​​រក​លុយ ​(សើច) ពិបាក​​រក​លុយ​ណាស់។ ​ចូល​ឆ្នាំ​មិន​​សូវ​បញ្ហា​ទេ​ សំខាន់​​លុយ​​ហូប​​ចុក​។​ ដូច​តែ​គ្នា​ទេគ្មាន​នរណាជាង​នរណា​ទេ។ ​អ្នក​លក់​ឥឡូវ​ដូច​តែ​គ្នា​ហ្នឹង ​លក់​អត់​បា​ន​​ដូច​តែ​គ្នា។ មិន​ថា ខ្ញុំមិន​ថា​គេ»។

កាល​ពី​​បុណ្យ​ចូល​​ឆ្នាំ​ខ្មែរឆ្នាំ​មុន​ «ឆ្នាំ​ជូត» ​ពលរដ្ឋ​ជា​ច្រើន​ក៏​​បាន​​នាំ​គ្នា​​ធ្វើ​ពិធី​​សែន​ព្រេន​ និង​​​ជួបជុំ​គ្រួសារ​​ជា​​លក្ខណៈ​ទ្រង់ទ្រាយ​​តូច​មិន​​ដើរ​​កម្សាន្ត មិន​​បង្កើត​​កម្មវិធី​​សប្បាយ​ៗ​តាម​វត្ត​អារាម​ ដោយសារ​វិបត្តិ​ការ​​ឆ្លង​​ជំងឺ​កូវីដ​១៩​នេះ​​ដែរ​ និង​​ការ​បិទ​ផ្លូវ​ដាក់​បម្រាប​​កុំ​ឲ្យ​​ធ្វើ​ដំណើរ​​​ឆ្លង​ខេត្ត​ រាជធានី​ ជាដើម​។ តែ​​ឆ្នាំ​​មុន ​រដ្ឋាភិបាល​បាន​ដាក់​​កំហិត​ឲ្យ​មន្ត្រី​រាជការ​ និង​​ស្ថាប័ន​​ឯកជន​រោងចក្រ​​ទាំង​អស់​នៅ​ធ្វើ​ការ​​ដូច​ធម្មតា​ក្នុង​​ថ្ងៃ​ចូល​​ឆ្នាំ​ខ្មែរ។

កាល​នោះ ការ​ឆ្លង​​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​​មិន​​មាន​​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំ​នេះ​ទេ​​ ហើយ​ពលរដ្ឋនៅ​​អាច​​ជួបជុំ​គ្នា​ជា​​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ តាម​​ហាង​​កាហ្វេ ភោជនីយដ្ឋាន ​និង​ទី​កន្លែង​​មួយ​ចំនួន​​បាន។ ចំណែក​ឆ្នាំ​នេះ ​អាជ្ញាធរបាន​​ប្រកាស​ហាម​​ផ្ដាច់​ការ​ជួប​ជុំ​​ដាច់​ខាត​ដោយ​​​អំពាវនាវ​​ឲ្យ​ពលរដ្ឋនៅ​ក្នុង​ផ្ទះ​រាង​ៗ​​ខ្លួន​ កុំ​ចាក​​ចេញ​​ពី​ផ្ទះក្នុ​ង​​អំឡុង​​ពេល​នេះ​ប្រសិន​បើ​មិន​ចាំ​បាច់​។​

ជាមួយ​គ្នា​នេះ អាជ្ញាធរ​​មាន​សមត្ថកិច្ច​ក៏​បាន​​ដាក់​បម្រាប​​ឲ្យ​បិទ​ទីតាំង​​កម្សាន្ត រមណីយដ្ឋាន​​ទាំង​អស់​​នៅ​ទូ​ទាំង​ប្រទេស​​នៅ​អំឡុង​​ពេល​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​​នេះ។ អាជ្ញាធរ​​ខេត្ត​ខ្លះ ក៏​ដាក់​​បម្រាប​ហាម​លក់​​គ្រឿង​ស្រវឹង។ ការណ៍​នេះ​បណ្ដាល​ឲ្យ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មីនៅ​ឆ្នាំ​នេះស្ងប់ស្ងាត់​ជាង​ពិធី​បុណ្យ​ចូល​​​ឆ្នាំ​ណា​ៗទាំង​អស់។

ចំណែក​អ្នក​​នៅ​តាម​​ភូមិ​ស្រុកមួយ​ចំនួន ក៏​អំពាវនាវ​​ឲ្យ​កូន​ចៅកំពុង​ធ្វើការ​​នៅ​រាជ​ធានី​​ភ្នំពេញ​ និង​​ទី​ប្រជុំ​ជន​​ឯ​ទៀតមិន​ចាំ​បាច់​ត្រលប់​​ទៅ​​លេង​​ស្រុក​​កំណើត​​ទេ។ ​អ្នក​ស្រុក​​កំពង់សៀម​ខេត្ត​កំពង់ចាម​ម្នាក់​លោក​ស្រី សៅ សុគន្ធី​ ដែល​​មាន​​កូន​ប្រុស ស្រី ២នាក់​​​ ធ្វើការ​​នៅ​​សណ្ឋាគារនៅ​ក្រុង​សៀមរាប​ឲ្យ​ដឹង​ថា​ លោកស្រី បាន​​ប្រាប់​​កូន​រួច​ហើយ ថាមិន​ចាំ​បាច់​​ត្រលប់​​ទៅ​ស្រុក​កំណើត​ទេ ព្រោះ​បើ​​កូន​​ត្រឡប់​ទៅ​វិញ​ អាជ្ញាធរ​នឹង​​​តម្រូវ​ឲ្យ​​ពួកគេ​​​ធ្វើ​ចត្តាឡីស័កមិន​បាន​​ជួប​ជុំ​​គ្រួសារ​​ដដែល។ ​ស្ត្រី​មេម៉ាយ​រូប​នេះ​រំពឹង​ថា ស្ថានភាព​ជំងឺ​កូវីដ​១៩ នឹង​លែង​ឆ្លង​រាល​ដាល​ ហើយ​វិល​រក​សភាព​​អាច​ធ្វើ​ដំណើរ​បាន​​ជា​ធម្មតា​វិញក្រោយ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

រីឯ​ឪពុក​ម្ដាយ​ខ្លះ​ដែល​មាន​កូន​​ធ្វើ​ការ​​ជា​ពលករ​នៅ​​ប្រទេស​ថៃ​ ក៏​​មិន​ចង់​​​ឲ្យ​កូន​ត្រឡប់ទៅ​ស្រុក​កំណើត​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ដែរ ព្រោះ​ស្ថានភាព​​ជំងឺ​​កូវីដ​​១៩ កំពុង​​ឆ្លង​ខ្លាំងទាំង​នៅ​​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា។

ថ្វីត្បិត​​តែ​​គ្រប់​កន្លែង​នៅ​កម្ពុជា​ ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​សភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​​​ព្រះសង្ឃនៅ​តាម​វត្ត​អារាម នឹង​​នៅ​តែ​ទទួល​ចង្ហាន់​ពី​​ពុទ្ធ​បរិស័ទ​​ដដែល។ ព្រះ​​ប្រធាន​​លេខាធិការដ្ឋាន​​គណៈ​សង្ឃ​នាយកនៃ​គណៈ​មហា​និកាយ​ព្រះ​អង្គ​ ឃឹម សន មាន​ព្រះ​ថេរៈ​ដីកាថា ​តាម​វត្ត​ដែល​​មិន​ជាប់​​បម្រាប​​បិទ​វត្ត​​នឹង​​រៀបចំ​​​ឲ្យ​​មាន​​ព្រះ​សង្ឃ​គង់​​នៅ​ចាំ​​ទទួល​ចង្ហាន់។

ប៉ុន្តែពុទ្ធ​បរិស័ទ​អាច​​ចូល​​ទៅ​​ប្រគេន​​ចង្ហាន់​ម្នាក់​ម្ដងដោយ​​​អនុវត្ត​វិធានការ​​រក្សា​គម្លាត​​សុវត្ថិភាព​និង​​ការ​ពាក់​ម៉ាស់ជាដើម។ ការ​ប្រគេន​​ចង្ហាន់​​ទៀត​សោត​ ក៏​មិន​​​ត្រូវ​ឲ្យ​មាន​ការ​​ជុំ​គ្នា​​​ច្រើន​ និង​​មិន​អាច​នៅ​​វត្ត​បាន​យូរ​ទេ ​គឺ​ប្រគេន​​ចង្ហាន់​រួច​ ត្រូវ​តែ​ត្រលប់​​ទៅ​ផ្ទះ​វិញ៖ «វត្ត​ខ្លះប្រហែល​ជា​អ្នក​ទ្រទ្រង់​​បាន។ ប៉ុន្តែជួនកាល​​វត្ត​ខ្លះ​​នៅ​ដាច់​​ស្រយាល ឆ្ងាយ​អ្វី​ អ៊ីចឹងទៅ​ប្រហែល​មើល​ទៅ​មិន​អាច​ទ្រទ្រង់​បាន។ រហូត​មក​ដល់​ពេ​ល​​នេះមាន​វត្ត​ខ្លះបិទ​ទៅ​ទៀត។ ដូច​នៅ​​រាជធានី​ភ្នំពេញ​មាន​​វត្ត​នៅ​​ខណ្ឌ​ខ្លះបិទ​វត្ត​ទាំងស្រុង​តែ​ម្ដង។ ​អ៊ីចឹង​​ទៅ អាត្មា​កំពុង​​តែ​ឲ្យ​ព្រះ​សង្ឃ ញាតិញោម​ពុទ្ធបរិស័ទ​អ្វី​ចាត់​ចែង​ដើម្បី​ធ្វើ​ម្ដេច​ឲ្យ​ព្រះ​សង្ឃ​គង់​​នៅ​ក្នុង​ហ្នឹង ដប់​​ ម្ភៃ​អង្គ​ មាន​ញាតិញោម​​អ្វី​ដូនជី សីលវន្ត​​ សីល​វត្ដី​ ​ខ្លះហ្នឹងដើម្បី​ធ្វើ​ម្ដេច​​ឲ្យ​មាន​ចង្ហាន់​​ឲ្យ​មាន​អ្វីទទួល​ទាន​នៅ​ក្នុង​វត្ត​ហ្នឹង​!ពរ​»។​​​

ក្រៅពី​ការ​ណែនាំ​ឲ្យ​រក្សា​ស្ថានភាព​​ស្ងប់​ស្ងាត់​ និង​កុំ​ចល័ត​ កុំ​ធ្វើ​ដំណើរ​​ក្នុង​ពិធី​​បុណ្យ​​ចូល​ឆ្នាំ​ហើយ​នោះ ​អាជ្ញាធរអំពាវនាវ​​ឲ្យ​​​​​​​ពលរដ្ឋ​អនុវត្ត​តាម​​វិធានការ​​បង្ការ​​ជំងឺ​កូវីដ​​១៩ ឱ្យ​​បាន​​​ខ្ជាប់ខ្ជួន​​ ​ហើយ​​ត្រូវ​​​ថែ​រ​ក្សា​​អនាម័យ​ ​លាង​សម្អាត​ដៃ ខ្លួន​ប្រាណ​​ឱ្យ​បាន​ញឹក​ញាប់​និង​ត្រូវ​​​ពាក់​ម៉ាស់​​ការពារ​​មាត់ ​និង​​ច្រមុះ​ជា​និច្ច រាល់​ការ​​ធ្វើ​ដំណើរ​​ចេញ​​ក្រៅ​​ផ្ទះ។

ពាក់ព័ន្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​នេះ​ដែរ អង្គការ​សុខភាព​​ពិភពលោក​ (WHO) ព្រមាន​​ពី​គ្រោះ​មហន្តរាយ​​ដ៏​ធំ​​ដែល​អាច​នឹង​​កើត​មាន​​ឡើង និង​​ទទូច​​ឱ្យ​​ពលរដ្ឋ​ខ្មែរ​​ត្រូវ​​នៅ​​ផ្ទះ​រៀងៗខ្លួន​​អំឡុង​ពិធី​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​​ ដើម្បី​​ការពារ​​គ្រួសារ សហគមន៍​​ និង​ប្រទេស​ជាតិ​​ទាំងមូល។

តំណាង​​អង្គការ​សុខភាព​​ពិភពលោក​​ប្រចាំកម្ពុជា​បាន​​​ចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ​​កាល​ពី​ថ្ងៃ​ទី​១០ ខែមេសា​ថា កម្ពុជា​ឈរ​​នៅមាត់​ជ្រោះនៃ​សោកនាដកម្ម​​ ដែល​​បង្ក​ឡើង​​ដោយ​ការ​​រាតត្បាត​​ជំងឺកូវីដ-១៩។ អ្នកស្រី​​បន្ត​ថា ទោះជា​ភាគីពាក់ព័ន្ធ​បាន​​ប្រឹង​ប្រែ​ង​​អស់​ពី​​សមត្ថភាព​​យ៉ាងណា​ក៏​ដោយ​ក៏​ការ​​គ្រប់​គ្រង​វីរុស​នេះ​​នៅ​តែ​ប្រឈម​​នឹង​ការ​​​លំបាក។ អ្នកស្រី​បន្ថែម​​ថា បើ​មិន​​បញ្ឈប់​ការ​​ផ្ទុះរាតត្បាត​​ឥឡូវ​នេះ​ទេ​ ប្រព័ន្ធ​សុខាភិបាល​​​កម្ពុជា​នឹង​​ប្រឈម​​​បន្ទុក​​យ៉ាង​​ធ្ងន់ធ្ងរ​​ ដែល​​អាច​​នឹង​​មាន​​ផល​​វិបាក​​ជា​​មហន្តរាយ​ដ៏ធំ។ 

ជាមួយ​គ្នានេះ​ អង្គការ​សុខភាព​ពិភពលោក​​បាន​កោត​សរសើរ​​ចំពោះការ​​សម្រេច​ចិត្ត​​របស់​រដ្ឋាភិបាល​​កម្ពុជា​ ក្នុង​ការ​​អនុវត្ត​អន្តរាគមន៍​​ជា​គោល​ដៅ និង​​រួមបញ្ចូល​​គ្នា​​នូវ​វិធាន​​ការ​​សុខភាព​​សាធារណៈ​មិនមែន​​ឱសថ​​ ដូច​ជា​ ​ការ​ហាម​ឃាត់​ការ​​ធ្វើ​ដំណើរជាដើម​​​។ ក៏​​ប៉ុន្តែ​អង្គការ​​សុខភាព​ពិភពលោក​ស្នើ​សុំ​ពលរដ្ឋ​ម្នាក់ៗ​​ក៏​​ត្រូវ​​រួម​​ចំណែក​​ក្នុង​ការ​ទប់ស្កាត់​​ការ​ឆ្លង​រាល​ដាល​​នៃជំងឺ​នេះដែរ។ ក្នុង​បរិបទ​នេះ អង្គការ​សុខភាព​​ពិភព​លោក​​​ទទូច​​ដល់​​ពលរដ្ឋ​ខ្មែរ​​ឱ្យ​ប្រារព្ធ​ពិធី​​បុណ្យ​​ចូល​ឆ្នាំ​នៅ​​ផ្ទះ​រៀង​ៗ​​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល