មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស

0:00 / 0:00

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ជា​ក្រុម​ទៅលើ​អ្នក​បើក​រថយន្ត​ម្នាក់ ដែល​សង្ស័យ​ថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រួច​បើក​រត់​គេច​ខ្លួន កាលពី​ថ្ងៃទី១១ មីនា កន្លង​ទៅ។ មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា ការ​ប្រើ​អំពើ​ហិង្សា​ជា​ក្រុម​ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​បែប​នេះ គឺជា​ការរំលោភ​លើ​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​ច្បាប់​របស់​កម្ពុជា ដែល​ចែងថា មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព​គ្នា ទោះបីជា​ជន​នោះ​បាន​ប្រព្រឹត្ត​ទង្វើ​អ្វី​ក៏ដោយ។

មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ចៀសវាង​ឱ្យ​បាន​នូវ​អំពើ​ហិង្សា​គ្រប់​រូបភាព ជាពិសេស គឺ​អំពើ​ហិង្សា​ជា​ក្រុម ដែល​អាច​ធ្វើ​ឱ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត។

ការ​អំពាវនាវ​របស់​មន្ត្រី​សិទ្ធិមនុស្ស​នេះ ធ្វើឡើង​ក្រោយពេល​បុរស​ម្នាក់ ត្រូវ​បាន​ក្រុម​ពលរដ្ឋ​ព្រួត​គ្នា​វាយដំ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ដោយ​ក្រុម​ពលរដ្ឋ​ចោទ​ថា ជន​នោះ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ចាប់ពី​ចំណុច​ម្ដុំ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រហូត​ដល់​ម្ដុំ​ពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ រួច​បើក​រត់​គេច​ខ្លួន កាលពី​រសៀល​ថ្ងៃទី១១ មីនា កន្លង​ទៅ។ បុរស​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថា ស៊ុយ សារ៉េត គឺជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា ក្នុង​ក្រុងភ្នំពេញ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញ​ថា មូលហេតុ​សំខាន់​ដែល​បណ្ដាលឲ្យ​មានការ​ព្រួត​វាយ​ដោយ​ហ្វូង​មនុស្ស​បែបនេះ គឺ​ដោយសារ​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​រឿង​ច្បាប់​នៅ​មាន​កម្រិត និង​ការ​បាត់​ជំនឿ​ទៅលើ​ប្រព័ន្ធ​តុលាការ។ លោក​បន្ត​ថា ទង្វើ​បែបនេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​ជាពិសេស​ច្បាប់​របស់​កម្ពុជា ដែល​មិន​មាន​ចែង​អំពី​ទោស​ប្រហារជីវិត​នោះ​ទេ។ លោក​បន្ត​ថា បើ​ពលរដ្ឋ​ចាប់ខ្លួន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន គឺ​អាច​ត្រឹម​ប្រគល់​ជន​នោះ​ទៅ​ឱ្យ​សមត្ថកិច្ច​ដើម្បី​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ មិន​អាច​ប្រើ​អំពើ​ហិង្សា ឬ​ព្រួត​គ្នា​វាយ​បែបនេះ​ឡើយ ព្រោះ​វា​នឹង​ក្លាយ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ផ្សេងទៀត។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា ការ​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​បែបនេះ កើតមានឡើង​ច្រើន​ករណី កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ក៏ប៉ុន្តែ​បាន​ថយ​ចុះ​វិញ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ២០០០។ ទោះបីជា​យ៉ាងណា លោក​កត់សម្គាល់​ថា ករណី​នេះ​បាន​កក្រើក​ឡើងវិញ​គួរ​ឱ្យ​ព្រួយបារម្ភ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ទាមទារ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់​ដោះស្រាយ «ដើម្បី​លុបបំបាត់នូវ​បញ្ហា​ទាំង​អស់​នេះ​ ទី១​ ​​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​តែ​អនុវត្ត​ច្បាប់ឱ្យបាន​តឹង​រ៉ឹង​ ទី​២ ត្រូវ​មាន​ការ​ផ្សព្វ​ផ្សាយ​​ច្បាប់​​​​ឱ្យ​ប្រជាពលរដ្ឋ​បានយល់​​ដឹងទូលំទូលាយ។ ​ទី៣ ​អ្នក​ប្រ​ព្រឹត្ត​ខុស ​ត្រូវ​អនុវត្ត​តាម​ច្បាប់​​ មាន​ន័យ​ថា បើ​​គាត់​ត្រូវ​ទទួល​ទោស ស្រាប់​តែ​ឱ្យគាត់​​រួច​ខ្លួន​ ពេល​នោះ​ប្រជា​ពលរដ្ឋននឹង​​​​​បាត់​បង់​ជំ​នឿ​​ទៅ​លើ​សមត្ថ​កិច្ច​ និង​ប្រ​ព័ន្ធ​តុលាការ​​​​ ដូច្នេះ​គាត់​តាំង​ខ្លួន​ជា​តុលាការ​ម្ដង ដូច​​នេះវា​ជា​ផល​វិបាក​សម្រាប់​សង្គម​យើង​​»។

ជនរងគ្រោះ​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ព្រួត​គ្នា​វាយ​ជា​ក្រុម ឈ្មោះ ស៊ុយ សារ៉េត នោះ ត្រូវ​បាន​កាសែត​ក្នុងស្រុក ដកស្រង់​សម្ដី​ពី​ប្រភព​ជិតស្និទ្ធ​ថា បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ហើយ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​វៀតណាម។ ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក ជួន សុវណ្ណ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​វាយដំ និង​កម្ទេច​រថយន្ត​របស់​ជន​រងគ្រោះ យក​មក​ដាក់ទោស​តាមច្បាប់។ ស្នងការ​ក្រុង​រូប​នេះ អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ការទទួលខុសត្រូវ​របស់​អ្នកបើកបរ ស្របតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ប៉ុន្តែ​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​វាយ​បំផ្លាញ​រថយន្ត​របស់​ជន​នោះ គឺជា​បទល្មើស​ជាក់ស្ដែង​មួយទៀត។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែង​ថា ការ​ប្រើ​ហិង្សា​ទៅលើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺជា​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​បើ​ជន​នោះ​ត្រូវ​បាត់បង់​ជីវិត​ទៀត​នោះ ករណី​នេះ​នឹង​ក្លាយ​ជា​អំពើ​មនុស្សឃាត​ដោយ​ចេតនា ដែល​សមត្ថកិច្ច​ត្រូវ​ចាប់​ជន​បង្ក​យក​មក​កាត់ទោស​តាមច្បាប់។ លោក​បញ្ជាក់​ថា ការ​ព្រួត​គ្នា​វាយដំ​ដោយ​ហ្វូង​មនុស្ស​បែបនេះ នៅតែ​កើត​មាននៅ​កម្ពុជា ដ្បិត​ការអនុវត្ត​ច្បាប់​នៅ​មិន​ទាន់​មាន​ភាព​ស្មើគ្នា ដោយសារ​រយៈកាល​កន្លង​ទៅ អ្នក​ប្រព្រឹត្ត​ល្មើស​ដែល​មាន​លុយ​មានអំណាច​ច្រើនតែ​រួចខ្លួន ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត​ចំពោះ​ស្ថាប័ន​យុត្តិធម៌ ហើយ​សម្រេចចិត្ត​កាត់ទោស​ដោយ​ខ្លួនឯង គឺ​តាមរយៈ​មធ្យោបាយ​នៃ​ការ​ប្រើ​អំពើ​ហិង្សា​នេះឯង «កន្លង​មក​យើង​ឃើញ​ហើយ​ថា តែង​តែមានភាព​​អយុត្តិ​ធម៌​ចំ​ពោះ​អ្នក​ទន់​​ខ្សោយ​​ ចំពោះ​អ្នក​ដែល​គ្មាន​ឥ​ទ្ធិ​ពល​ គ្មាន​អំ​ណាច​ គឺ​​តែង​តែ​រ​ង​គ្រោះ​ ហើយ​មិនដែលមាន​ការ​ចាត់​ការ​អ្នក​ដែល​ប្រព្រឹត​ខុស​នោះ​​ឱ្យ​ ប្រ​ជាជន​អស់​ចិត្ត​នោះ​ទេ​។ ​ដូច្នេះ​ការ​ចាត់​វិធាន​ការ​នេះ គឺ​ត្រូវ​​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​ស្មើ​​​ភាព​គ្នា​​​ចំ​ពោះ​មុខ​​​​ច្បាប់​​​​ ​​ទើម​មានការ​កាត់​បន្ថយ​។ ចំណែក ​អ្នក​ប្រ​ព្រឹត្ត​​​​ផ្ទុយ​ពី​ច្បាប់​ ក៏​ត្រូវ​តែ​ចាត់​វិធាន​ការដែរ ​​ដូចជា​​​អ្នក​ដែល​បាន​ប្រើ​ហិង្សាវាយ​ដំ ដែល​​មានក្នុង​​រូបភាព​​វី​ដេ​អូ​ក្នុង​បណ្ដាញ​សង្គមហ្វេសប៊ុក ​ដែល​យើង​បាន​ឃើញ​ជន​ដែល​ប្រ​ព្រឹត​​ជាក់​ស្ដែង​របៀប​នេះ​ សមត្ថ​កិច្ច​ត្រូវ​តែ​ស្វះ​ស្វែង​រក​ចាប់​ជន​នោះ ​ដើម្បីយក​​មក​ផ្ដន្ទាទោស​ កុំ​ឱ្យ​ថ្ងៃ​ក្រោយ​​​​មាន​ជន​ផ្សេង​ទៀត​ ដែល​គ្រាន់​តែ​មាន​បទ​ល្មើស​ចរា​ចរណ៍ ​​បែរ​ជា​​វាយ​ដំ​គ្នា​រហូត​ដល់​មាន​របួស​ធ្ងន់​ធ្ងរ​ស្ទើរ​តែ​ស្លាប់ទៅ​ទៀត​»។

ករណី​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ប្រហែល​ជា​នៅ​ចងចាំ​នោះ គឺ​កាលពី​ចុង​ឆ្នាំ ២០១៣ កន្លង​ទៅ រថយន្ត​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកសភា លោក ជាម យៀប បាន​បើក​រត់គេច ក្រោយពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​បាត់បង់​ជីវិត នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ កាលនោះ លោក ជាម យៀប បាន​ដោះសា​រថា ការ​បើក​រត់គេច​នេះ​ដោយសារ​លោក​មាន​អភ័យឯកសិទ្ធិ និង​ខ្លាច​ប្រឈម​នឹង​គ្រោះថ្នាក់ ប្រសិនបើ​លោក​ឈាន​ជើង​ចេញពី​រថយន្ត។ លោក ជាម យៀប មិន​ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​មក​កាត់ទោស​រឿង​គេចវេះ​មិន​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​ផ្ដល់​លុយ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ចំនួន ១ពាន់​ដុល្លារ ជា​ការ​ស្រេច។

រឿង​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន ជាពិសេស អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន​នាក់ សម្ដែង​ការ​មិន​ពេញចិត្ត និង​ខឹង​សម្បារ​ចំពោះ​អាជ្ញាធរ​ដែល​មិនបាន​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ ដោយសារ​ជន​បង្ក​ជា​បុគ្គល​មាន​លុយ និង​មានអំណាច។

ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​កណ្ដោល ហៅ​វត្ត​ខា្ចស់ នៅ​ខេត្ត​បន្ទាយមានជ័យ ព្រះមហា ធម្មាលង្ការោ ចាន់ សុជន មាន​ព្រះ​ថេរៈដីកា​ថា ការអប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់ដឹង​អំពី​ច្បាប់ អំពី​គុណធម៌ និង​សីលធម៌​សង្គម គឺជា​រឿង​ចាំបាច់​ដើម្បី​បញ្ចៀស​នូវ​អំពើ​ហិង្សា​បែបនេះ ហើយ​វា​ក៏​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង​តុលាការ​ដូចគ្នា។ ព្រះអង្គ​មាន​ព្រះ​ថេរៈដីកា​បន្ត​ថា ប្រសិនបើ​ការអនុវត្ត​ច្បាប់​នៅ​ទន់ខ្សោយ ករណី​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​បែបនេះ នឹង​បន្ត​កើតមាន​ទៀត​នៅ​ក្នុង​សង្គម​ខ្មែរ «អា​ត្មា​សូម​ផ្ញើរ​សារ​ទៅ​កាន់​​ប្រជា​ពលរដ្ឋ​ទាំង​អស់​ថា​ ការ​គេច​វេស​ពី​បញ្ហា​ វា​អាច​បន្ថែម​នូវ​បញ្ហា​ទៅវិញ​ទេ ​ព្រោះ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត ដូច្នេះ​​យើង​ត្រូវ​តែ​គោរព​ច្បាប់។ ចំណែក​ អស់លោក​អ្នក​ផ្សេងៗ​ទៀត​ទោះ​បី​នៅ​ក្នុង​ហេតុការណ៍​នោះ​​ក្ដី​ មិននៅ​ក្នុង​ហេតុការ​ណ៍​នោះ​ក្ដី ​ក៏គួរ​តែ​ផ្ដល់​សិទ្ធិ​ដល់​អ្នក​អនុវត្ត​​ច្បាប់ ​ដើម្បី​ចៀស​វាង​​បញ្ហា​ថែម​លើ​បញ្ហា​ ពី​​ព្រោះ​ប្រ​ទេស​យើង​​អត់​មាន​ច្បាប់​ណា ​ត្រូវ​កាត់​ទោស​ប្រ​ហា​រជីវិត​នោះ​ទេ​។ តែ​យ៉ា​ងណា​ក៏​ដោយ​ចុះ​ អាត្មា​ចង់​​បញ្ជាក់​ថា​ ទាល់​តែ​យើង​ទុក​ចិត្ត​គ្នា។ ល្គឹក​​​ណា​ដែលច្បាប់​រដ្ឋ ​មានការ​អនុវត្ត​ក្នុង​កម្រិត​មួយ​ដែល​ប្រ​ជា​ពល​រដ្ឋ​លែង​ទុក​ចិត្ត​ អាត្មា​គិត​ថា ករណី​ដូច​ថ្ងៃ​មុន​នេះ​ នឹង​បន្តកើត​មាន​ទៀត»។

នៅ​កម្ពុជា ភាគច្រើន​នៃ​ការ​ព្រួត​គ្នា​វាយ​ដោយ​ហ្វូង​មនុស្ស​ដែល​អាច​ឈាន​ដល់​ការបាត់បង់​ជីវិត​នេះ ផ្ដើម​ចេញ​ពី​អំពើ​ចោរកម្ម ការ​បើក​រត់គេច​ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ចោទ​ប្រកាន់​ថា​ចេះ​អំពើ​អាប​ធ្មប់​ជាដើម។ ជា​ញឹកញាប់ គេ​ឃើញ​មានការ​បង្ហោះ​វីដេអូ​ហិង្សា​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​យូធូប (YouTube) ដែល​បង្ហាញ​ពី​សកម្មភាព​ពលរដ្ឋ​ឡោមព័ទ្ធ និង​ព្រួត​គ្នា​វាយ​ទៅលើ​បុគ្គល​ណា ដែល​គេ​អះអាង​ថា​ជា​ចោរ ជា​អ្នក​បើក​រត់គេច ឬ​ដែល​គេ​គិត​ថា បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​អាច​លើកលែង​ឱ្យ​បាន។

ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស​នេះ ត្រូវ​បាន​រាប់បញ្ចូល​ទៅ​ក្នុង " យុត្តិធម៌​តាមច្បាប់​ព្រៃ " (Jungle Justice)។ អ្នកស្រាវជ្រាវ ថេសា ឡឺវីន (Tessa V. Levine) នៃ​អង្គការ ក្លូបបល ខនស្សឺន អ៊ិននីឈីអេធីវ (Global Conscience Initiative) ឱ្យ​និយមន័យ​ពាក្យ " យុត្តិធម៌​តាមច្បាប់​ព្រៃ " ថា ជា "​សកម្មភាព​របស់​មនុស្ស​មួយ​ក្រុម ដែល​យក​ច្បាប់​មក​ប្រើ​ដោយ​ខ្លួនឯង និង​អនុវត្ត​យុត្តិធម៌​បែប​ហិង្សា​ទៅលើ​ជនសង្ស័យ ហើយ " យុត្តិធម៌​តាមច្បាប់​ព្រៃ " នេះ គឺជា​លទ្ធផល​នៃ​ការ​មិន​ទុកចិត្ត​លើ​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រព័ន្ធ​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។