ប្រិយមិត្តជ្រាបទេថាតើមូលហេតុអ្វីបានជាឧក្រិដ្ឋកម្មឆបោកតាមអនឡាញអាចរីកដុះដាលបានយ៉ាងឆាប់រហ័សដូចផ្សិតនៅកម្ពុជា? ហេតុផលចម្បងមួយក្នុងចំណោមហេតុផលនានា គឺថា ឧក្រិដ្ឋកម្មនេះអាចមានជាប់ពាក់ព័ន្ធនឹងក្រុមអ្នកមានលុយមានអំណាច ជាពិសេសថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ចាំកាងការពារពីក្រោយ។
ការរីកដុះដាលនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញប្រព្រឹត្តដោយជនជាតិចិន ចេញពីទឹកដីកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភខ្លាំង។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ថ្លែងថា ឧស្សាហកម្មឆបោកតាមអនឡាញនឹងមិនអាចរីកដុះដាលដូចផ្សិតនៅកម្ពុជាបានឡើយ ប្រសិនបើគ្មានការកាងការពារពីក្រោយពីសំណាក់ក្រុមមេដឹកនាំកំពូលៗ រាប់ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោក។
អ្នកស្រី មូរ សុខហួរ៖«ប៉ូលិសកម្ពុជា ភ័យខ្លាចក្រុមម៉ាហ្វីយ៉ាចិនខ្លាំង ដោយសារតែពួកគេដឹងថាក្រុមម៉ាហ្វីយ៉ាចិនទាំងនោះមិនមែនប្រតិបត្តិការតែឯកឯងនោះទេ...។ ក្រុមម៉ាហ្វីយ៉ាចិន ត្រូវបានការពារទាំងស្រុងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន។ គ្មានផ្លូវទេដែលឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាដែលរកលុយបានជាង១២ពាន់លានដុល្លារ ហើយដែលមានជនរងគ្រោះជាង១សែននាក់នៅតាមកាស៊ីណូធំៗ អាចប្រតិបត្តិការបាន ប្រសិនបើគ្មានការគាំទ្រដោយផ្ទាល់ ឬការពាក់ព័ន្ធដោយផ្ទាល់ ពីសំណាក់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា»។
អ្នកស្រី មូរ សុខហួរ ថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាមួយរៀបចំតាមប្រព័ន្ធអនឡាញដោយវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) កាលពីដើមខែកក្កដា ស្តីពីអំពើឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីក្រុមអ្នកជំនាញមួយចំនួន។
អ្នកស្រី មូរ សុខហួរ បន្តថាក្រុមម៉ាហ្វីយ៉ាចិនទាំងនេះ ទទួលបានសញ្ជាតិខ្មែរតាមរយៈក្រសួងមហាផ្ទៃ។ អ្នកស្រីទទូចឱ្យសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធដទៃទៀត សហការគ្នាដាក់ទណ្ឌកម្មជាក់លាក់តាមគោលដៅទៅលើក្រុមគ្រួសារលោក ហ៊ុន សែន បក្ខពួករបស់លោក និងក្រុមឧកញ៉ាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។
អ្នកស្រី មូរ សុខហួរ ៖«ដល់ពេលហើយដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលព្រួយបារម្ភពីសន្តិសុខរបស់ពួកគេ ហានិភ័យដល់សន្តិសុខ និងហានិភ័យសន្តិសុខកម្ពុជាផងដែរនោះ ត្រូវសហការគ្នាដាក់ទណ្ឌកម្មជាក់លាក់តាមគោលដៅ និងតាមដានលុយរបស់លោក ហ៊ុន សែន បក្ខពួករបស់គាត់ គ្រួសាររបស់គាត់ និងក្រុមឧកញ៉ារបស់គាត់។ យើងបានព្យាយាមជាច្រើនឆ្នាំមកហើយដើម្បីផ្តល់ដំណឹងដល់រដ្ឋាភិបាលនៃចក្រភពអង់គ្លេសដោយសារតែឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន មានទ្រព្យសម្បត្តិនៅទីនោះ។ ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាអ្នកការពារឱ្យក្រុមម៉ាហ្វីយ៉ាចិន។ ឈ្មោះរបស់ពួកគេមាននៅក្នុងរបាយការណ៍ទាំងអស់។ តើយើងនៅរង់ចាំអីទៀត?»
ឆ្លើយតបនឹងការចោទប្រកាន់នេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) អ្នកស្រី ជូ ប៊ុនអេង ទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។ ក៏ប៉ុន្តែ អ្នកស្រីអះអាងប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាមិនមែនជាអ្នកបង្កើតបទល្មើសនេះទេ តែ«រងគ្រោះ»ដោយសារកម្ពុជាត្រូវបានប្រើប្រាស់ធ្វើជាកន្លែងប្រព្រឹត្តបទល្មើស។ អ្នកស្រី បដិសេធមិនឆ្លើយពីការជាប់ពាក់ព័ន្ធ ឬការឃុបឃិតណាមួយដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
សំឡេងអ្នកស្រី ជូ ប៊ុនអេង៖«វាធ្ងន់ធ្ងរពីព្រោះកម្ពុជារងគ្រោះដោយសារគេប្រើប្រាស់កម្ពុជាធ្វើជាកន្លែងប្រព្រឹត្តបទល្មើស។ ចឹងសួរថាហេតុអីក៏ប្រើប្រាស់ស្រួលម្ល៉េះ? ប្រទេសណាក៏ដោយ ឥឡូវយើងគិតមើលថាតើប្រទេសនីមួយៗមានគេមកចូលធ្វើបទល្មើសនៅក្នុងប្រទេសខ្លួនឯងដោយប្រើប្រាស់ប្រព័ន្ធហ្នឹងទេ? មានដូចគ្នា។ ចឹងហើយ បានជាខ្ញុំប្រាប់ពីដំបូងមកថា យើងអត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាហ្នឹងទេ...។ ហើយដល់ទៅយើងវាយតម្លៃមកថាវាកាន់តែច្រើន ឬក៏មានការឃុបឃិតអីយ៉ាងម៉េច ខ្ញុំមិនដឹងថានិយាយថាម៉េចឱ្យត្រូវទេ»។
ផ្ទុយពីការបកស្រាយនេះ អ្នកជំនាញនៃវិទ្យាស្ថានអាមេរិកដើម្បីសន្តិភាព (USIP) លោក ចាកុប ស៊ីមស៍ (Jacob Sims) មានប្រសាសន៍ថាមូលហេតុមួយដែលជំរុញឱ្យឧក្រិដ្ឋកម្មឆបោកអនឡាញរីកដុះដាលនៅកម្ពុជានេះ គឺដោយសារតែក្រុមអ្នកមានអំណាចនៅកម្ពុជា អាចជាអ្នកនៅពីក្រោយការប្រតិបត្តិការផ្តាច់មុខនៃឧស្សាហកម្មឆបោកតាមអនឡាញនេះ។
លោក ចាកុប ស៊ីមស៍ ៖«ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចនយោបាយបែប«ឯងជួយអញ អញជួយឯង»នៅកម្ពុជានេះហើយ ទើបបានជាឧស្សាហកម្មឆបោកអនឡាញទំនងជាធ្វើឡើងផ្តាច់មុខដោយក្រុមអ្នកមានអំណាចនៅកម្ពុជា។ របាយការណ៍របស់យើងបានកត់សម្គាល់ជាពិសេស ដូចជាករណីលោក ចេន ហ្ស៊ី និងលោក លី យ៉ុងផាត់។ ពួកគេគឺជាតួអង្គឥស្សរជនដែលពាក់ព័ន្ធនឹងរដ្ឋ ហើយវិនិយោគលើទីតាំងប្រព្រឹត្តអំពើឆបោកតាមអនឡាញទាំងនោះ។ ប៉ុន្តែ ដូចដែលអ្នកស្រី មូរ សុខហួរ បានរៀបរាប់អញ្ចឹង បញ្ជីឈ្មោះម្ចាស់ទីតាំងដ៏មានអំណាចទាំងនោះ មានវែងអន្លាយ ក្នុងនោះរួមមាន សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រី ទីប្រឹក្សាសំខាន់ៗ និងសមាជិកគ្រួសាររបស់នាយករដ្ឋមន្ត្រី។ នៅកម្ពុជា មនុស្សដែលសំខាន់ៗទាំងនោះ ពិតជាមានសមត្ថភាពដោយគ្មានការត្រួតពិនិត្យ ក្នុងការធ្វើឱ្យស្ថាប័នរដ្ឋទន់ខ្សោយដើម្បីបម្រើឱ្យផលប្រយោជន៍ឯកជនរបស់ពួកគេ»។
វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.) កាលពីខែឧសភា បានរកឃើញថា ក្រុមអ្នកមានអំណាចនៅកម្ពុជា ជាអ្នកចាំកាង«ការពារ»ឧស្សាហកម្មឆបោកតាមអនឡាញ ដោយសារតែភាពចំណេញកប់ក្តោងនៃឧស្សាហកម្មមួយនេះ។ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាននេះ ប៉ាន់ស្មានថា កម្ពុជាតែឯងលូចលុយពីពិភពលោកយ៉ាងហោចណាស់ជាង ១២ពាន់៥រយលានដុល្លារក្នុងមួយឆ្នាំតាមរយៈឧស្សាហកម្មឆបោកតាមអនឡាញ។ ចំនួនទឹកលុយបានមកពីឧស្សាហកម្មឆបោកនេះ ស្មើនឹងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) ផ្លូវការរបស់ប្រទេសក្រីក្រមួយនេះ។
យ៉ាងហោចណាស់ មានឧកញ៉ាល្បីឈ្មោះនៅកម្ពុជា ៤រូប ដែលស្និទ្ធនឹងត្រកូល «ហ៊ុន» រងនូវការសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងឧហ្សាកម្មឆបោកតាមអនឡាញនៅកម្ពុជា។ ឧកញ៉ាទាំងនោះ រួមមានដូចជា លោក ចេន ហ្ស៊ី ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, លោក ទ្រី ភាព ជាបេសកជនពិសេស និងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន, លោក កុក អាន ជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងមានគោរមងារជាអ្នកឧកញ៉ា, និងលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរបស់គណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្នជាប្រធានសមាគមឧកញ៉ាកម្ពុជា។
អង្គការសហប្រជាជាតិ រកឃើញកាលពីខែសីហា ឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មានមនុស្ស១សែននាក់បានក្លាយជាជនរងគ្រោះដោយសារតែការបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជា៕