លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​វិស័យ​អប់រំ​គ្រប់​កម្រិត ដើម្បី​បង្កើន​ធនធាន​មនុស្ស​នៅ​កម្ពុជា

0:00 / 0:00

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​វិស័យ​អប់រំ​គ្រប់​កម្រិត ដើម្បី​បង្កើន ធនធានមនុស្ស​នៅ​កម្ពុជា។ សង្គម​ស៊ីវិល​ចាត់ទុក​ការ​ណែនាំ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រង់ចាំ​ស្ដាប់​តែ​បញ្ជា​ពី​ថ្នាក់ដឹកនាំ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​អប់រំ និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា។

ក្នុង​ពិធី​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៅ​ថ្ងៃទី​១៥ កុម្ភៈ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​កសាង​មូលធន​មនុស្ស មិនមែន​គ្រាន់តែ​និយាយ​នោះ​ទេ តែ​រាជរដ្ឋាភិបាល​បាន​រៀបចំ​គោល​នយោបាយ​រួច​ហើយ។

លោក​ជំរុញ​ឱ្យ​ក្រសួង​អប់រំ យកចិត្តទុកដាក់ ឱ្យ​កាន់តែ​ខ្ពស់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឆ្លើយតប​ឱ្យ​កាន់តែ​ប្រសើរ​ទៅ​នឹង​តម្រូវការ និង​ការ​កើន​ឡើង​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ ព្រមទាំង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ជាពិសេស​ក្នុង​បរិការណ៍​ការ​ប្រកួតប្រជែង​លើ​គ្រប់​ទិដ្ឋភាព។

លោក​ក៏បាន​ណែ​នាំ​ឱ្យ​ក្រសួង​អប់រំ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផ្សេង បន្ត​លើកកម្ពស់​ការអប់រំ​ឌីជីថល ដើម្បី​រួមចំណែក​កសាង​ពលរដ្ឋ​ឌីជីថល និង​បង្កើន​សមត្ថភាព​សិស្ស​-​និស្សិត​លើ​វិស័យ​ឌីជីថល ហើយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បង្រៀន និង​ការ​រៀន​តាម​ប្រព័ន្ធ​ឌីជីថល។

លោក ហ៊ុន ម៉ាណែត៖ «ក្រសួង​អប់រំ យុវជន និង កីឡា ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​នៅ​តាម​សាលារៀន ជាពិសេស​សាលារៀន​នៅ​ទី​ជនបទ និង​តំបន់​ដាច់ស្រយាល ដើម្បី​ជំរុញ​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អនឡាញ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចីរភាព ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​រៀន​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី សង្កេត​ឃើញ​ថា ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ហាក់​មិន​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ដោយ​រង់ចាំ​ស្ដាប់​តែ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ។

អ្នកស្រី​ថា ការ​រង់ចាំ​ស្ដាប់​តែ​បទបញ្ជា​បែប​នេះ គឺ​អនុវត្ត​បាន​តែមួយ​ឆាវៗ​តែ​ប៉ុណ្ណោះ​មិន​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «តួនាទី​ខ្លួន​ធ្វើ​អី ត្រូវធ្វើ​ហ្នឹង​ទៅ​មិន​ចាំបាច់​មាន​បញ្ហា​ទេ កុំឱ្យ​នាយករដ្ឋមន្ត្រី កាល​នាយករដ្ឋមន្ត្រី​ចាស់​គាត់​ហត់នឿយ​ហើយ កុំឱ្យ​នាយក​មន្ត្រី​ថ្មី គាត់​ហត់នឿយ​ទៀត។ ស្ថាប័ន​នីមួយៗ មាន​តួនាទី​ធ្វើ​អី ត្រូវ​ពង្រឹង​ខ្លួនឯង​ទៅ​មិន​ចាំបាច់​ទាល់តែ​មាន​ចង្អុលបង្ហាញ​អី​ទេ​។ បើសិន​ទាល់តែ​មានការ​ចង្អុលបង្ហាញ​បញ្ជាក់​ថា ស្ថាប័ន​នីមួយៗ​មិន​បាន​យកចិត្តទុកដាក់ មិន​មាន​សមត្ថភាព​ធ្វើ​ទាល់តែ​បញ្ជា​ទើប​ធ្វើ»។

អ្នកស្រី អ៊ុក ឆាយ៉ាវី កត់សម្គាល់​ឃើញ​ថា វិស័យ​អប់រំ​បាន​ធ្លាក់ចុះ បង្កើត​ឱ្យ​មាន​ក្មេង​ទំនើង​វាយតប់​គ្នា​សាលារៀន​មួយ​ចំនួន ខណៈ​កូន​សិស្ស​ខ្លះ បាន​ចងក្រង​គ្នា​ជា​ក្រុម និង​បង្កជម្លោះ​ជាមួយ​ក្រុម​សិស្ស ដែល​រៀន​នៅ​សាលា​ផ្សេងៗ​ជាដើម។

ប្រធាន​អង្គការ​អប់រំ​យុវជន ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក បូ ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ១៥ កុម្ភៈ ថា ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជាពិសេស​យុវជន​នេះ គឺ​ជា​រឿង​សំខាន់ ពីព្រោះ​ប្រទេស​មួយ​អភិវឌ្ឍន៍​ទៅបាន​អាស្រ័យ​លើ​ធនធានមនុស្ស បើសិន​អភិវឌ្ឍន៍​តែ​អគារ ផ្លូវថ្នល់ ហើយ​អភិវឌ្ឍន៍​ធនធានមនុស្ស ថ្ងៃក្រោយ​អគារ​និង​ផ្លូវថ្នល់​ទាំងនោះ​ក៏​គ្មាន​អ្នក​ប្រើ​ដែរ។

លោក បូ ពៅ៖ «ខ្ញុំ​លើកទឹកចិត្ត​បើសិន​រដ្ឋាភិបាល​លោក​ផ្ដល់​អាទិភាព​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហើយ​ចំណាយ​ទុន​ច្រើន​ចំណាយ​លុយ​ច្រើន​ក្នុង​កសាង​ធនធាន​មនុស្ស ខ្ញុំ​គិត​ថា ជា​រួម​ចំណែក​មួយ​ជា​ការ​ផ្ដើម​មួយ​យ៉ាង​សំខាន់»។

ទោះបីជា​លោក ហ៊ុន ម៉ាណែត ខំ​អួតអាង​និង​ជំរុញ​ឱ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បង្រៀន និង​ការ​រៀន​តាម​ប្រព័ន្ធ​ឌីជីថល​ដូច្នេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ធនធាន និង​ទ្រព្យសម្បត្តិ​នៅ​កម្ពុជា គេ​សង្កេត​ឃើញ​តែងតែ​បញ្ជូន​កូនៗ​របស់​ពួកគេ​ឱ្យទៅ​រៀន​នៅ​សាលា​ឯកជន ដោយ​មិន​ឱ្យ​រៀន​សាលា​រដ្ឋ​ឡើយ ហើយ​កូនៗ​ថ្នាក់ដឹកនាំ​កំពូល​នៅ​កម្ពុជា ពួកគេ​ត្រូវ​បាន​ឪពុក​បញ្ជូន​ឱ្យ​ទៅ​រៀន​នៅ​សាលា​ក្រៅ​ប្រទេស ខណៈ​កូន​អ្នក​ក្រ​វិញ បាន​បោះបង់​ការសិក្សា ដើម្បី​ជួយ​រក​ប្រាក់​ផ្គត់​ផ្អង​គ្រួសារ និង​ដោះបំណុល។

របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២ អត្រា​សិស្ស​ដែល​បោះបង់​ចោល​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ ឬ​កម្រិត​វិទ្យាល័យ មាន​ប្រមាណ​១៨,៥% និង​អត្រា​ត្រួត​ថ្នាក់​១,១%។

ចំណែក​អត្រា​បោះបង់​ការសិក្សា នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ ឬ​កម្រិត​អនុវិទ្យាល័យ​មាន​ចំនួន ១៦,៦% និង​អត្រា​សិស្ស​ត្រួត​ថ្នាក់​មាន ១,២%​។ ក្រសួង​ថា កត្កា​ដែល​នាំ​សិស្ស​បោះបង់​ការ​សិក្សា​នេះ គឺ​បណ្តាល​មក​ពី​កត្តា​បុគ្គល និង​ជីវភាព​គ្រួសារ​ក្រីក្រ ដែល​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។