មេបញ្ជាការអង្គរក្ស ​បដិសេធ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ករណី​​ឧក្រិដ្ឋជន​​ក្លែងបន្លំ​​ជា​កងអង្គរក្ស​

0:00 / 0:00

មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​កងអង្គរក្សលោក ហ៊ីង ប៊ុនហៀង ​ថ្លែងថា ​ការចោទ​ប្រកា​ន់​របស់​​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែលថា ​ឧក្រិដ្ឋជនម្នាក់​ឈ្មោះ​ អ៊ឹម សុវណ្ណារិទ្ធិ ​គឺជា​កងអង្គរក្សនោះ ​មិនធ្វើឲ្យ​ប៉ះពាល់​ដល់អង្គភាព​របស់​លោកនោះទេ។ ​លោក​បន្តថា ​​អង្គភាព​របស់លោក​​បាន​ចេញ​​លិខិត​បកស្រាយ​​ និង​ច្រាន​ចោល​​រួច​​ហើយ​​ថា​ ​ឧក្រិដ្ឋជន​រូបនោះ​​ មិនមែន​​ជា​មន្ត្រីរបស់​លោក ​​ដូច្នេះ​សាធារណជន​ជឿ ឬ​មិន​ជឿ​ ​គឺ​ជា​សិទ្ធិរបស់​ពួកគេ។ មេបញ្ជាការ​​នៃ​កងអង្គរក្ស​លោក ​ហ៊ុន សែន ​​រូបនេះ ​​ចាត់​ទុក​ថា ​​ប័ណ្ណសម្គាល់​ខ្លួន​​ និង​រូបថត​​ជា​ច្រើន​សន្លឹក​​របស់​​ជនសង្ស័យ​​ដែល​ពាក់​ឯក​សណ្ឋាន​​កងអង្គរក្ស​នោះ​​ គឺ​ក្លែងក្លាយ​​ទាំងអស់​៖ ​«​កាតវាក្លែងបន្លំ​ គឺ​ក្លែងក្លាយ​ទាំងអស់ ​ព្រោះ​សម័យនេះ ​គេធ្វើអី​ក៏​បានដែរ​។​ គ្មាន​បញ្ជីស្នាម​នៅក្នុង​អង្គភាព ​ក្នុងអគ្គ​ ទាំង​ក្រសួង​ ក៏អត់​មាន​ឈ្មោះ​ដែរ​។​ សំខាន់នៅ​ក្នុង​កងទ័ព ​តើអូន​ឯងលាក់​ឯណាបាន​ គឺគ្រាន់​តែចុចឈ្មោះ ​ចុចអត្តលេខ​ទៅចេញ​នៅ​អគ្គចេញ​នៅ​ក្រសួង​ហើយ​។​ បើអត់​មា​​ន​ឈ្មោះ​ផង​តើទៅថា​អង្គរក្សម៉េច​ គឺ​អត់​មានទេ។ ជាធម្មតាទេ ​កាលណា​វាជួបមិត្ត​ភក្តិជួបវា​អីចឹងទៅ ​វាឃើញ​ខោអាវវាកាត់​តាម ​ វាធម្មតា​ទេ​ព្រោះ​ចរិត​ខ្មែរ​ ដូច្នេះ​អត់មាន​នៅក្នុង​អង្គរក្សទេ ​គឺ​អត់ទាល់​តែ​សោះ»។

លោក​ហ៊ីង ប៊ុនហៀង ​​បន្ថែម​ថា​​ អង្គភាព​របស់​លោក ​​នឹង​មិន​បន្តស៊ើបអង្កេត​​រកអ្នក​ដែលពាក់ព័ន្ធ​ករណី​ឧក្រិដ្ឋជន​​ក្លែងបន្លំ​ជាមន្ត្រីកង​អង្គរក្ស​​នេះទេ។ ​​នាយឧត្តម​សេនីយ៍​​ដែល​​ជាប់​ឈ្មោះ​ក្នុងបញ្ជីខ្មៅ​ត្រូវអាមេរិក​បង្កក​ទ្រព្យសម្បត្តិ​​ដោយសារ​ជាប់ចោទ​​ចូល​រួម​រំលោភ​​សិទ្ធិមនុស្ស ​​និង​បំផ្លាញ​ប្រជាធិបតេយ្យ​រូបនេះ ​​ថែមទាំង​​បាន​កោត​សរសើ​​ដល់​​កង​កម្លាំង​​កងរាជអាវុធហត្ថ​​ដែល​​បាញ់​​សម្លាប់​បុរសទាំង ​៤នាក់ ​ដែលលោក​ហៅថា ​ជាឧក្រិដ្ឋជន​​ទៀតផង​៖​ «​ស្រាវជ្រាវ​ទាល់តែ​នៅរស់ បើ​ងាប់​ហើយទៅ​ស្រាវឯណាទៀត ​ចឹងអូន​ឯងជួយស្រាវតិចទៅ។​ អោយស្រាវ​ខ្មោចម៉េច​​អាអូន​ហ្អា​​.. ​សើច​​.​​​.»។

ទោះជាយ៉ាងណា ​​អ្នកប្រើប្រា​ស់​បណ្តាញ​សង្គម​​ហ្វេសប៊ុក​មិនជឿចំពោះ​ការ​បកស្រាយ​នេះទេ​។​ ពួកគេជឿ​ថា ​បុរស​ឈ្មោះ ​អ៊ឹម សុវណ្ណារិទ្ធិ​​ គឺជាកង​អង្គរក្ស​របស់​​លោក ហ៊ុន សែន ​​ព្រោះហ្វេសប៊ុក​ ​(Facebook)​​ របស់​​​បុរសម្នាក់​នេះ ​​មាន​​រូប​ថត​​ជា​ច្រើ​ន​ដែល​បង្ហាញ​​ពីការ​​សម្ញែង​​ទ្រព្យ​សម្បត្តិ ឡាន​​ទំនើបៗ ​និង​ភាព​ហ៊ឺហា ​​ព្រម​ទាំង​​មាន​ប័ណ្ណ​សម្គាល់​ខ្លួន​​ជា​កង​អង្គរក្ស​​ឋានៈ​វរសេនីយ៍ត្រី​។ រូបថត​មួយ​ចំនួន​ទៀត​បង្ហាញ​បុរស​រូប​នេះ​ពាក់ឯក​សណ្ឋាន​ជាកង​អង្គរក្ស​មានកាំភ្លើងឈរជិតរថគ្រោះ ហើយ​រូប​ថត​ទាំងនោះ​ភាគច្រើន​បាន​ទៅ​ដល់ ​និង​ថតរូប​របៀប​សិស្ស​ជា​មួយ​គ្រូ​បង្វឹក​នៅ​មណ្ឌ​ល​ហ្វឹកហ្វឺន​អង្គរក្ស​នៅ​ភ្នំ​ស្រង់ និង​នៅ​ក្រាំង​ចេក​ខេត្ត​កំពង់ស្ពឺ​ជា​ដើម។ ​ក្រៅពីនេះ​ជន​សង្ស័យរូបនេះ​ ក៏មាន​រូបថត​ពាក់ឯកសណ្ឋាន​ជាសមាជិកគណបក្ស​ប្រជាជន​កម្ពុជាផងដែរ។

កាលពីថ្ងៃទី​១ ​ខែមីនា ​​កម្លាំង​​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​​ បាន​​បាញ់​​សម្លាប់​បុរស ​៤នាក់​​ នៅ​ហ្នឹង​​កន្លែង​​ក្នុង​បុរី​អង្គរ​ភ្នំពេញ ​ខណ្ឌ​សែនសុខ ​ដោយ​​ចោទ​​ប្រកាន់​​ថា ​បាន​បាញ់​ត​ដៃ​​ជាមួយ​​សមត្ថកិច្ច​​ករណី​ប្លន់​​ប្រដាប់​​អាវុធដែល​​មិន​​បាន​សម្រេ​ច​។

ទំព័រហ្វេសប៊ុក​​របស់​កងរាជអាវុធហត្ថ​រាជធានី​​ភ្នំពេញ​អោយ​ដឹង​ថា​ ​បុរស​ទាំង ៤នាក់​ ដោយ​មាន​​ឈ្មោះ អ៊ឹម សុណ្ណារិទ្ធិ ជា​​មេគំនិត​​បាន​រៀប​ផែនការ​​ជំរិត​​យក​ប្រាក់ ១លាន​​ដុល្លារ ​ពី​ម្ចាស់​ផ្ទះមានទ្រព្យសម្បត្តិស្តុកស្តមមួយ​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ជា​អ្នក​បើក​ឡាន​ឱ្យ។ តាម​គម្រោង​គេ​នឹង​សម្លាប់​ម្ចាស់ផ្ទះ ប្រពន្ធកូន និង​អ្នក​ធ្វើ​ការ​ក្នុង​ផ្ទះ​នោះ​សរុប ១០នាក់ ដើម្បី​ប្លន់​យក​ទ្រព្យ​ផ្សេង​ទៀត ប៉ុន្តែ​កង​រាជ​អាវុធហត្ថ​បាន​ដឹង​ផែនការ​នេះ​មុន ដែល​នាំអោយ​បង្រ្កាប​រារាំង​ផែនការ​នេះ។ មន្ត្រី​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អះអាង​ទៀត​ថា ​ជន​សង្ស័យ​ទាំង ៤នាក់ បាន​ប្រើ​កាំភ្លើង​វែង​អាកា​​(AK) ​១​ដើម ​និង​​កាំភ្លើង​​ខ្លី ​២ដើម បាញ់​ស្រោច​ទៅ​លើ​កម្លាំង​​សមត្ថកិច្ច​ទើប​មាន​ការ​បាញ់​តប​ត្រឡប់​ទៅ​វិញ។ ​

មកទល់ពេលនេះ ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង៤នាក់​នោះទេ ​បើទោះបីជា​សាក​សព​ជនសង្ស័យ​ទាំង ៤នាក់​ ត្រូវបាន​សមត្ថកិច្ចបូជា ​នៅ​រសៀលថ្ងៃទី២ ​ខែកុម្ភៈ​ រួចហើយ​ក្តី។ ចំណែក​អត្តសញ្ញាណ​នៃគ្រួសារជនរងគ្រោះ​វិញសមត្ថកិច្ច​ក៏ព្យាយាមលាក់បាំងដែរ។ ​

អ្នកនាំពាក្យកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស​លោក អេង ហ៊ី ​ថ្លែងថា ​សំណុំរឿងនេះស្ថិតក្រោម​ការស៊ើបអង្កេត​របស់​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ដូច្នេះ​​លោកសុំមិនផ្តល់​ព័ត៌មានអំពីអត្តសញ្ញាណជនរងគ្រោះ​និងជនសង្ស័យ​បានទេ។ ទោះជាយ៉ាង​ណា ​លោក​អះអាងថា ​ការប្រើអាវុធ​បាញ់សម្លាប់បុរសទាំង ៤នាក់ ដែល​លោកចោទថា ជា​ឧក្រិដ្ឋជន​នោះ​គឺជារឿង​ស្របច្បាប់​ ព្រោះធ្វើឡើង​ក្នុង​លក្ខ​ខណ្ឌចាំ​បាច់ ​និងគ្មានជម្រើស។ លោកបន្តថា ចំ​ពោះការចោទថា​ ជនសង្ស័យឈ្មោះ អ៊ឹម សុណ្ណារិទ្ធិ ជាកងអង្គរក្សនោះ​លោកមិនមានយោបល់អ្វីឡើយ ​ព្រោះ​បញ្ជាការដ្ឋានអង្គរក្សបានបដិសេធ​រួចហើយ៖ «រឿងសិទ្ធិរបស់គេខ្ញុំអត់និយាយទេ ព្រោះការបដិសេធនេះ ជារបស់បញ្ជាការដ្ឋានអង្គរក្ស ហើយចំពោះហ្វេសប៊ុកក៏ខ្ញុំអត់អាចទៅឆ្លើយបានដែរ»។

សារព័ត៌មាន​ក្នុងស្រុក ​ចុះផ្សាយថា​ជនរងគ្រោះ​ក្នុងអំពើប្លន់​ប្រដាប់​អាវុធនេះ ​គឺជា​អតីត​ប្រធាន​សាខា​អគ្គិសនីកម្ពុជា​នៅខេត្តកំពង់ចាម​ឈ្មោះ ម៉ៅ ហួរ​ ភេទប្រុស អាយុ ៥៨ឆ្នាំ ហើយ​សព្វថ្ងៃជាពាណិជ្ជករ ​និងត្រូវផ្លាស់​មកបម្រើការងារ​នៅ​អគ្គិសនីកម្ពុជាវត្តភ្នំ។ ​ចំពោះ​ជនសង្ស័យទាំង ៤នាក់​វិញ ​ទី១ឈ្មោះ​ អ៊ឹម ​សុវណ្ណារិទ្ធិ ​អាយុ ២២ឆ្នាំ គឺជាមេខ្លោង​ធ្លាប់​ធ្វើជាអ្នកបើកឡានឲ្យជនរងគ្រោះ ទី២ឈ្មោះ រី ពិសី អាយុ ៣០ឆ្នាំ មិនស្គាល់មុខរបររស់នៅក្រុង​តាខ្មៅ​ខេត្តកណ្តាល ទី៣ឈ្មោះ ម៉ូវ ផានិត អាយុ ២៣ឆ្នាំ ជាជាងរថយន្តរស់នៅក្រុងតាខ្មៅ និងទី៤ឈ្មោះ រ៉ន ភារុណ អាយុ ២១ឆ្នាំ មិនស្គាល់មុខរបររស់នៅក្រុងតាខ្មៅ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក​លោក ស៊ឹង សែនករុណា​ ថ្លែងថា ករណីនេះមានការ​ចាប់អារម្មណ៍​និងមានមន្ទិលសង្ស័យ​ពីសាធារណៈជន​ជា ច្រើន ដូច្នេះ​លោកយល់ថា ​សមត្ថកិច្ច ​និង​បញ្ជាការដ្ឋានអង្គរក្ស​គួរតែ​ស៊ើបអង្កេត ​និងបំភ្លឺឲ្យ​បានច្បាស់៖ «គួរតែស្រាវជ្រាវឲ្យបានច្បាស់ដោយសារមានរូបភាពជាច្រើនបានបង្ហាញពីភាពពាក់ព័ន្ធនឹងការងារគាត់កន្លងមក។ យើងឃើញថា ការស្រាវជ្រាវអាចដែរចាប់ផ្តើមយកបន្ទុះគ្រាប់កាំភ្លើងរបស់គាត់អីនេះ គឺខ្ញុំយល់ថា សមត្ថកិច្ចដែលមានបច្ចេកទេសជំនាញគេអាចធ្វើការស្រាវជ្រាវបានអំពីអាវុធទាំងអស់ហ្នឹង ថាតើចេញមកពីប្រភពណា។ យើងអាចស្រាវជ្រាវទៅ ហើយបំភ្លឺទៅ ប៉ុន្តែដោយឡែកបើសិនជាមិនមានការស្រាវជ្រាវច្បាស់លាស់ទេ ដូច្នេះការរិះគន់ គឺជៀសមិនផុតទេ ហើយប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់ស្ថាប័នអង្គភាពហ្នឹងហើយ»។

សាធារណជននៅមានចម្ងល់ជាច្រើនជុំវិញហេតុការណ៍បាញ់សម្លាប់បុរសទាំង ៤នាក់ នេះ។ ពលរដ្ឋនិងក្រុមសិទ្ធិមនុស្សទទូចឱ្យសមត្ថកិច្ច​ស៊ើបអង្កេតស៊ីជម្រៅ​ដោយ​តម្លាភាពលើបញ្ហានេះ ហើយបង្ហាញជូនសាធារណជនឲ្យបានដឹងដើម្បីលាងជម្រះមន្ទិលរបស់ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។