លោក ហ៊ុន សែន ជំរុញឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital) ដើម្បីប្រឆាំងអំពើពុករលួយ និងមន្ត្រីខ្មោច។
លោក ហ៊ុន សែន លើកឡើងបែបនេះកាលពីថ្ងៃទី២៣ ខែមករា។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការគ្រប់គ្រងទិន្នន័យតាមរយៈប្រព័ន្ធឌីជីថល អាចជួយបង្កើនល្បឿន និងមានសុវត្ថិភាព និងអាចប្រឆាំងនឹងអំពើពុករលួយ។ លោក ហ៊ុន សែន បានលើកឧទាហរណ៍អំពីការបើកប្រាក់បៀវត្សរ៍ជូនមន្ដ្រីរាជការតាមប្រព័ន្ធធនាគារ ដែលអាចឱ្យរដ្ឋាភិបាលកន្លងទៅអាចរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់។
ទាក់ទងនឹងអំពើពុករលួយនៅកម្ពុជា អង្គការតម្លាភាពអន្តរជាតិកាលពីដើមឆ្នាំ២០២២ បានចេញផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយប្រចាំឆ្នាំ២០២១ រកឃើញថា កម្ពុជាទទួលបាន ២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ ដោយទទួលបានចំណាត់ថ្នាក់១៥៧ ក្នុងចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះ ស្ថានភាពបង្ហាញថា ការប្រយុទ្ធនឹងអំពើពុករលួយមានភាពប្រសើរតិចតួចប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត កម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះ ឬប្រទេសដែលមានហានិភ័យខាងលាងលុយកង្វក់របស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។