ជនរងគ្រោះចាញ់បោកក្នុងទម្រង់ ផនហ្សី (Ponzi scheme) របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង ទទូចឱ្យរដ្ឋាភិបាលអន្តរាគមន៍ករណីនេះ និងពន្លឿនឱចំណាត់ការឱ្យក្រុមហ៊ុនប្រគល់លុយទៅពលរដ្ឋដែលកំពុងជាប់បំណុលធនាគារ ដោយសារការខ្ចីបុលយកមកចូលរួមការវិនិយោគ។ ពួកគាត់សង្ស័យថា ក្រុមហ៊ុនដែលបោកប្រាស់ពួកគាត់នេះ មានមន្ត្រីរដ្ឋាភិបាលជាអ្នកនៅពីក្រោយ។
បន្ទាប់ពីផ្ទុះករណីឆបោក របស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា ហើយនោះ ពេលនេះ ករណីឆបោកមួយទៀត ដែលមានភាពស្រដៀងគ្នានេះ នៅខេត្តស្វាយរៀង បានលេចចេញមួយទៀតហើយ នោះគឺគម្រោងបោកប្រាស់របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប របស់បុគ្គលឈ្មោះ សោម សុធី ដែលមានទំនាក់ទំនងជាមួយជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ឌួង តារា បានប្រមូលលុយ ពីប្រជាពលរដ្ឋរាប់ម៉ឺនដុល្លារយកទៅវិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញមកវិញ។
ជនរងគ្រោះ កញ្ញា មាឃ សុម៉ារ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមិថុនា ថា កញ្ញាបានចូលរួមវិនិយោគក្នុងគម្រោងក្រុមហ៊ុននេះចំនួន ១ម៉ឺន ៥ពាន់ដុល្លារ ដោយគេសន្យាថា នឹងផ្ដល់ការប្រាក់ចំនួន ៤៥០ដុល្លារ ជារៀងរាល់ខែ។ កញ្ញាបន្តថា ក្រុមហ៊ុនឱ្យការប្រាក់បានតែប៉ុន្មានខែដំបូង ក្រោយមកក៏ស្ងាត់ឈឹង ចំណែកឯម្ចាស់ក្រុមហ៊ុន ក៏មិនព្រមចូលខ្លួនដោះស្រាយដែរ ដែលធ្វើឱ្យកញ្ញាជំពាក់បំណុលធនាគារ។
កញ្ញា មាឃ សុម៉ារ៉ា៖ «ដល់ពេលឥឡូវយើងត្រូវការរកគាត់ រកអត់ឃើញទេ ហ្វេសប៊ុកគាត់ប្លក់ពួកយើងអស់ហើយ។ តែសំខាន់គឺខ្ញុំចង់ឱ្យថ្នាក់ដឹកនាំខាងលើហ្នឹងជួយរកវិធីសាស្ត្រណាដើម្បីបង សោម សុធា ហ្នឹង មកជជែករឿងករណីពួកខ្ញុំហ្នឹង ដោះស្រាយតាមវិធីណា ដែលឱ្យគាត់បង្វិលដើមមកឱ្យពួកខ្ញុំខ្លះ តិចតួចក្ដី ច្រើនក្ដី គឺតាមលទ្ធភាពដែលគាត់អាចធ្វើបាន។ យើងក៏មិនទារទាំងដុំដែរ»។
ជនរងគ្រោះ ឱ្យដឹងថា ក្នុងគម្រោងឆបោកនេះមានអ្នករងគ្រោះជាង ១០០នាក់ ដោយមានអ្នកខ្លះដាក់លុយ ៤ម៉ឺនដុល្លារ ខ្លះ ៨ម៉ឺនដុល្លារ និងខ្លះឡើងដល់ ១២ម៉ឺនដុល្លារ ដែលភាគច្រើនពួកគេបានចូលរួមការវិនិយោគក្នុងអំឡុងឆ្នាំ២០២១។ ពលរដ្ឋរងគ្រោះបញ្ជាក់ថា បន្ទាប់ពីម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធី គេចវេះមិនឱ្យការប្រាក់ ឬភាគលាភតាមកិច្ចសន្យាហើយនោះ ពលរដ្ឋរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅតុលាការជាងមួយឆ្នាំមកហើយ ប៉ុន្តែនៅតែគ្មានលទ្ធផល ហើយលោក សោម សុធី បានយកប្រាក់ទាំងនោះ ទៅវិនិយោគលើគម្រោងដីឡូត៍បន្តទៀត។
ជនរងគ្រោះម្នាក់ទៀត ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាបានចាញ់បោកក្រុមហ៊ុនវិនិយោគភូមិខ្មែរគ្រុប ដល់ទៅ២លើក ដោយលើកទីមួយ កញ្ញាបានចាញ់បោកក្រុមហ៊ុនអស់ចំនួន ១ម៉ឺនដុល្លារ ដោយក្រុមហ៊ុនបានផ្ដល់ចំណូលប្រចាំខែបានតែ ៦ខែប៉ុណ្ណោះ ក៏ស្ងាត់សូន្យឈឹង។ កញ្ញាបន្តថា លើកទីពីរនេះ ក្រុមហ៊ុនភូមិខ្មែរគ្រុប បានប្រើប្រាស់រូបមន្តបោក ដូចអតីតឧកញ៉ា ឡេង ចាន់ណា ដែរ ដោយភាគីក្រុមហ៊ុន បានសន្យាផ្ដល់ដីឡូត៍ឱ្យមួយកន្លែង ដែលមានតម្លៃ ៣ពាន់ដុល្លារ ដើម្បីកាច់កិនចំពោះ លុយ ១ម៉ឺនដុល្លារ ដែលកញ្ញាវិនិយោគ ក៏ប៉ុន្តែដីឡូត៍ ដែលក្រុមហ៊ុនភូមិខ្មែរ ដែលបានសន្យាថាឱ្យនោះ ក៏ជាដីឡូត៍ខ្យល់ទៅទៀត។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ដោយសារមួយរយៈនេះ មានករណីហ្នឹងផ្ទុះឡើងច្រើន ហើយខ្ញុំមើលទៅវាហាក់បីដូចជា រឿងតែមួយ។ អ៊ីចឹងសុំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលគាត់មានសមត្ថកិច្ច ឱ្យគាត់ជួយពន្លឿន ហើយសូមកុំឱ្យមានករណីហ្នឹងកើតឡើងទៀត។ អ្នកវិនិយោគផ្សេងៗ មិនថាខ្ញុំ ឬក៏អ្នកវិនិយោគផ្សេងទៀត សុទ្ធតែមានវិបត្តិបញ្ហាហិរញ្ញវត្ថុដូចគ្នា។ អ្នកខ្លះយកលុយពីធនាគារ ទៅវិនិយោគ»។
ពលរដ្ឋឱ្យដឹងថា ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប គឺលោក សោម សុធា បានឃោសនាថា ប្រាប់ពួកគាត់ អំពីគម្រោងវិនិយោគ លើវិស័យកសិដ្ឋានចិញ្ចឹមទា រោងចក្រផលិតចំណីសត្វ ភោជនីយដ្ឋាន គម្រោងលក់ដីឡូត៍ និងផ្ទះល្វែងជាដើម ដោយធានាផ្ដល់ផលចំណេញ ឬការប្រាក់ ៤ភាគរយក្នុងមួយខែ ដោយអ្នកដាក់លុយវិនិយោគ ១ម៉ឺនដុល្លារ នឹងទទួលបានប្រាក់ចំណេញ ៤រយដុល្លារក្នុងមួយខែ។
យ៉ាងណាក៏ដោយចុះ ទម្រង់ឆបោកក្នុងគម្រោងភូមិខ្មែរនេះ មានលក្ខណៈដូចគ្នាទៅនឹងគម្រោងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា គម្រោងដីឡូត៍ លោក ជា សារ៉ន និងលោក ហ៊ី គឹមហុង ដែរ ដែលជាការឆបោកក្នុងទម្រង់ ផនហ្ស៊ី (Ponzi scheme) ដោយល្បួងពលរដ្ឋឱ្យដាក់លុយចូលវិនិយោគ ហើយផ្ដល់ផលឱ្យក្នុងរយៈពេលខ្លី ដើម្បីឱ្យពួកគេអូសទាញអ្នកផ្សេងទៀតឱ្យដាក់លុយចូលវិនិយោគបន្ថែមទៀត។ លុះពេលក្រុមហ៊ុនប្រមូលលុយបានច្រើន គេនឹងផ្ដាច់ផលប្រយោជន៍អតិថិជនចាស់ ហើយរត់គេចខ្លួន ប្រកាសក្រុមហ៊ុនក្ស័យធន ឬរកលេសពន្យារការប្ដឹងផ្ដល់ឡើងតុលាការជាដើម។
អ្វីដែលរឹតតែដូចគ្នានោះគឺ ពលរដ្ឋរងគ្រោះអះអាងថា នាយកក្រុមហ៊ុន ភូមិខ្មែរគ្រុប លោក សោម សុធា មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ដួង ដារ៉ា ដែលជាជំនួយការលោក ហ៊ុន សែន ហើយក៏បានយកឈ្មោះលោក មកអះអាងប្រាប់ពលរដ្ឋ គឺដូចករណីលោកស្រី ឡេង ចាន់ណា យកឈ្មោះលោក ហ៊ុន ម៉ាណែត មកសំអាងថា ជាក្បាលម៉ាស៊ីនក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធី ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៧ ខែមិថុនា។
រីឯជំនួយការផ្ទាល់របស់ លោក ហ៊ុន សែន គឺលោក ដួង តារា បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនភូមិខ្មែរគ្រុប នោះទេ ដោយកន្លងមកក្រុមហ៊ុននេះ ធ្លាប់អញ្ជើញលោកទៅចូលរួម ចែកស្បៀងអាហារជូនពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា មានរូបភាពជាច្រើនដែលបង្ហាញពីលោក ដួង តារា មានទំនាក់ទំនងជាមួយក្រុមហ៊ុនភូមិខ្មែរគ្រុប និងតែងចេញមុខការពារក្រុមហ៊ុនថា ជាក្រុមហ៊ុនស្អាតស្អំ បើទោះបីជាក្រុមហ៊ុននោះ បានយកលុយពីពលរដ្ឋដោយគ្មានសំណងវិញក៏ដោយ។ ជាមួយគ្នានេះ ពលរដ្ឋរងគ្រោះ អះអាងថា លោក ដួង តារា និងប្អូនប្រុសរបស់លោក គឺលោក ដួង វីរ៉ាត់ សុទ្ធតែមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនភូមិខ្មែរគ្រុប ក្នុងនោះ ក្រុមហ៊ុនក៏បានបង់លុយប្រចាំខែ ដល់រដ្ឋបាលខេត្តស្វាយរៀង ទើបធ្វើឱ្យក្រុមហ៊ុនមួយនេះ អាចឈជើងបាន និងគេចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់។
ទាក់ទិនរឿងនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា ករណីឆបោកក្នុងទម្រង់ ផនហ្សី (Ponzi) ដែលលេចឡើងកន្លងមកនេះ តែងតែត្រូវបានជនរងគ្រោះលាតត្រដាងថា មានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល។ លោកលើកឡើងថា ដើម្បីជម្រះការសង្ស័យ និងធ្វើឱ្យមានតម្លាភាព រដ្ឋាភិបាលគួរតែ បើកការស៊ើបអង្កេតទៅលើមន្ត្រីក្នុងជួររដ្ឋាភិបាលណា ដែលជាប់ពាក់ព័ន្ធក្នុងការវិនិយោគ ឬចូលរួមក្នុងសកម្មភាព ជាមួយក្រុមហ៊ុនបោកប្រាស់ទាំងនោះ។
លោក រស់ សុដ្ឋា៖ «ប្រសិនបើរដ្ឋាភិបាលមានយន្តការមួយ ទទួលពាក្យបណ្ដឹង ហើយដោះស្រាយជូន ប្រហែលជាពលរដ្ឋមកដាក់ច្រើនហើយ ព្រោះប្រជាពលរដ្ឋមានការខ្មាសអៀន ហើយណាមួយមិនហ៊ានតវ៉ាជាមួយម្ចាស់ក្រុមហ៊ុនផង ខ្លាចតែមានអ្នកនៅពីក្រោយខ្នងទៅ មានគ្រោះថ្នាក់បាត់អស់ទាំងលុយហើយ នៅជាប់គុកទាំងខ្លួនទៀត»។
ប្រជាពលរដ្ឋរងគ្រោះ ស្នើឱ្យរដ្ឋាភិបាល បញ្ជូនក្រុមមេធាវី ឱ្យមកជួយពួកគាត់ ដូចករណីអតីតឧកញ៉ា ឡេង ចាន់ណា ដែរ ដើម្បីបង្ខំឱ្យម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប សងលុយទៅពួកគាត់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។