ពលករ​ខ្មែរ​រាប់​រយ​នាក់​ប្រារព្ធ​ពិធីបុណ្យ​កាន់​បិណ្ឌ​នៅ​ប្រទេស​ថៃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូនជីតា

ដោយ សុជីវី
2022.09.19
Share on WhatsApp
Share on WhatsApp
ពលករ​ខ្មែរ​រាប់​រយ​នាក់​ប្រារព្ធ​ពិធីបុណ្យ​កាន់​បិណ្ឌ​នៅ​ប្រទេស​ថៃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូនជីតា ពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃនាំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសថៃ កាលពីដើមខែតុលា ឆ្នាំ២០១៨។
រូប៖ ពលរដ្ឋផ្តល់ឱ្យ

ពលករខ្មែរនិងសកម្មជនគណបក្សប្រឆាំងប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា បាន​មក​ជួបជុំ​គ្នានៅ​វត្ត​មួយ កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ប្រារព្ធ​ពិធី​កាន់​បិណ្ឌទី៨ ឬ​ហៅថា​វេនបិណ្ឌ​ទី​៨ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ទៅ​ដល់​ជីដូនជីតា​ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ។ ពិធី​បុណ្យ​ដោយ​ពលករ​ខ្លះ​មាន​កូន​តូច ខ្លះ​ទៀត​មក​ធ្វើ​បុណ្យ​ទាំង​ប្ដី​និង​ប្រពន្ធ និង​មាន​យុវជន​ចូលរួម​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ​ខ្មែរ​យ៉ាង​សប្បាយ​រីករាយ។

ពលករ​ខ្មែរ​ទាំង​នោះ​បាន ប្រគេន​ចង្ហាន់​ព្រះសង្ឃ១១អង្គ មាន​រាប់​បាត្រ ស្ដាប់​ព្រះសង្ឃ​សូត្រ​ធម៌ និង​ស្ដាប់​ព្រះសង្ឃ​រៀបរាប់​ពី​ប្រវត្តិ​បុណ្យ​កាន់​បិណ្ឌ និង​បុណ្យភ្ជុំបិណ្ឌ។

ពិធី​បុណ្យ​នេះ ដោយ​ពលករ​ខ្មែរ​បាន​បបួល​មិត្តភ័ក្ដិ​គ្រប់​ទិសទី មក​ចូល​រួម​យ៉ាង​កុះករ មាន​គ្រប់​វ័យ មាន​យាយតា​ចាស់ៗ យុវជន យុវនារី អ្នកខ្លះ​មាន​កូន​តូច​មក​តាម និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ក៏​បាន​មក​ចូល​រួម​ដែរ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅ​ដល់​ជីដូនជីតា ជាពិសេស​វីរជន​ស្នេហាជាតិ​គ្រប់​ជំនាន់ ដែល​បាន​បូជា​ជីវិត​ការពារ​មាតុភូមិ។

តំណាង​ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក ឆន សុខឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ថា គោល​បំណង​របស់​ពលករ​ខ្មែរ ដែល​មក​ធ្វើបុណ្យ​ក្នុង​ថ្ងៃ​នេះ ដើម្បី​តបស្នង​សង​គុណ​ដល់​បុព្វការី​ជន មាន​មាតាបិតា​ជាដើម និង​ជា​កិច្ច​រក្សា​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ កុំ​ឲ្យ​សាបសូន្យ។ លោក​បន្ត​ថា ពេល​ពលករ​សម្រាក​ពី​ការងារ មិន​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត លោក​ក៏​បាន​ឆ្លៀត​ឱកាស​អញ្ជើញ​ពលករ​នៅ​គ្រប់​តំបន់​ឲ្យ​មក​ជួបជុំ​គ្នា ដើម្បី​បាន​ជជែក​សួរ​សុខទុក្ខ​គ្នា​ទៅវិញទៅមក​ផង និង​បាន​ហូប​អាហារ​សាមគ្គី​ជុំ​គ្នា​ផង៖ «រដូវ​ភ្ជុំ​បិណ្ឌ​នេះ​គឺ​ខ្ញុំ​បាទ​សូម​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​ខ្ញុំ​បាទ ក៏ដូចជា​បងប្អូន​ពលករ​ជាច្រើន​បាន​ធ្វើ​កុសល​ក្នុង​ថ្ងៃ​នេះ ក៏​សូម​ចែក​រំលែក​ទៅ​ដល់​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ទូទាំង​ពិភពលោក​មិន​ថា​នៅ​ទី​ណា​ទេ ប្រសិនបើ​បាន​ស្ដាប់ និង​ឮ សូម​ជូន​បុណ្យ និង​កុសល​ស្មើ​ៗ​គ្នា»

ដោយឡែក​អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ និង​បាន​ចូល​រួម​ធ្វើបុណ្យ​ដែរ​នោះ អ្នកស្រី គិន ស្រីអូន ឲ្យដឹង​ថា ពលករ​ខ្មែរ​នៅ​គ្រប់​ទិសទី មិន​បាន​ភ្លេច​អត្តសញ្ញាណ​របស់​ខ្លួន​ទេ ទោះ​ជា​ពួកគាត់​ទៅ​នៅ​ប្រទេស​ណា​ក៏ដោយ នៅ​តែ​ខំ​ថែ​រក្សា​ប្រពៃណី ទំនៀមទម្លាប់ ដែល​ដូនតា​បន្សល់​ទុក​មក។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​សប្បាយ​រីករាយ ពេល​ឃើញ​ពលករ​ខ្មែរ​ចេះ​សាមគ្គី​គ្នា ចេះ​គោរព​គ្នា ចេះ​ជួយ​យក​អាសា​គ្នា ជាពិសេស​ពេល​បុណ្យទាន​គ្រប់គ្នា​ខ្នះខ្នែង​មិន​ខ្លាច​នឿយហត់។ អ្នកស្រី​មក​ចូល​រួម​បុណ្យ​កាន់បិណ្ឌទី៨​នេះ ដើម្បី​ឧទ្ទិស​ដល់​ជីដូនជីតា និង​វីរបុរស ដែល​បាន​ពលី​ជីវិត​ការពារ​​ជាតិ និង​សាសនា គង់វង្ស​មក​ដល់​សព្វថ្ងៃ៖ «ចាស​គាត់​មក​ធ្វើបុណ្យ​សាមគ្គី​កាន់​វេនបិណ្ឌទី៨​នេះ គឺ​គាត់​ធ្វើបុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិកា​ទាំង៧សន្ដាន ដែល​ចែក​ឋាន​ទៅ ហើយ​នឹង​បុព្វបុរស​ខ្មែរ​យើង ដែល​គាត់​ពលី​ជីវិត​ដើម្បី​ការពារ​ជាតិ ហើយ​ពួក​ខ្ញុំ​សូម​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅ​ដល់​ពួកគាត់​ដែរ ឲ្យ​បាន​ស្មើ​ៗ​គ្នា»

ជុំវិញ​រឿង​នេះ​ដែរ ព្រះសង្ឃ​ខ្មែរ ដែល​គង់​នៅ​ប្រទេស​ថៃ មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ភិក្ខុ ថង យូ មាន​ថេរ​ដីកា​ថា ពលករ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ភៀសខ្លួន បាន​ចាត់​ពិធី​បុណ្យកាន់បិណ្ឌទី៨​នេះ​ឡើង ជា​កិច្ច​រំលឹក​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ ក្នុង​នោះ​មាន​ជីដូនជីតា និង​វីរជន​ស្នេហា​ជាតិ​គ្រាប់​រូប តស៊ូ​ច្បាំង​ការពារ​ប្រទេស​ជាតិ។ ព្រះអង្គ​យល់ឃើញ​ថា បុគ្គល​ដែល​បាន​រំលឹក​ដឹង​គុណ​បុព្វការី​ជន បុគ្គល​ទាំងនោះ ហៅថា ជា​ជន​កតញ្ញូ រមែង​ចម្រុង​ចម្រើន ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​កាល​ដែល​មនុស្ស​គ្រប់រូប​ខំ​ថែរក្សា​ប្រពៃណី​ដ៏​ល្អ​ពី​ដូនតា​ឲ្យ​ឋិតថេរ គឺ​ជា​បុណ្យ​កុសល​របស់​ពួកគេ៖ «ហើយ​មួយ​វិញ​ទៀត​គឺ​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​ហៅ​ថា វីរ​បុព្វការី​ជន ដែល​លោក​មាន​គុណូបការៈ គុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ។ គុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ លះបង់​នូវ​កម្លាំង​ញើស កម្លាំង​ឈាម សាច់​ស្រស់​ឈាម​ស្រស់​ហ្នឹង​ណា ដើម្បី​ការពារ​នូវ​ប្រទេស​ជាតិ ការពារ​នូវ​ប្រយោជន៍​ប្រទេស​ជាតិ​យើង ដើម្បី​ធ្វើ​ក្នុង​ថ្ងៃ​នេះ បុណ្យ​កុសល​ជូន​ដល់​បុព្វការី​ជន»

ពិធីបុណ្យកាន់បិណ្ឌទី៨នេះ មាន​ការ​ចូល​រួម​ពី​ពលករ​ខ្មែរ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​នៅ​ភៀស​ខ្លួន និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ពួកគាត់​តែងតែ​រំលឹក​ពិធីបុណ្យ​នេះ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​ជីដូនជីតា ជាពិសេស​ដើម្បី​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ឲ្យ​ជនជាតិ​ដទៃ​បាន​ស្គាល់។

របាយការណ៍​របស់​អង្គការ​សង់​ត្រាល់ (Central) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើការ​ងារ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ជិត ២លាន​នាក់​នៅ​ប្រទេស​ថៃ ហើយ​ភាគច្រើន​ពួកគាត់​មិន​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។