លោក ហ៊ុន សែន អំពាវនាវ​ពលករ​នៅ​ប្រទេស​ថៃ កុំ​វិល​ចូល​កម្ពុជា​មក​លេង​បុណ្យ​ចូលឆ្នាំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ កុំ​មក​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​នូវ​ជំងឺ​កូវីដ-១៩ ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចូល​សហគមន៍។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ កាល​ពី​ថ្ងៃទី២០ ខែ​កុម្ភៈ ស្រប​ពេល​ក្រសួង​សុខាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​ជំងឺ covid-19 ក្នុង​សហគមន៍​៣២​ករណី ដែល​អ្នកជំងឺ​ភាគច្រើន​ជា​ជនជាតិ​ចិន។ លោក ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​វិធានការ​ធ្វើ​ចត្តាឡីស័ក​នៅ​ព្រំដែន​ឱ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​មាន​ពលករ​ចូល​មក​កម្ពុជា៖ «ក៏​សូម​ផ្ដាំ​ទៅ​ប្រជាពលរដ្ឋ​របស់​យើង​នៅ​ឯ​ព្រះរាជាណាចក្រ​ថៃ ឱ្យ​បាន​ជ្រាប​ទោះ​បី​មក​ក៏​អត់​បាន​ចូល​ឆ្នាំ​ដែរ ព្រោះ​អី ? មក​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ទល់​ដែន បើ​ថា មក​មក​មុន​អត់​មាន​បញ្ហា​ទេ ប៉ុន្តែ​បើ​មក​គ្រាន់​តែ​ចូល​ឆ្នាំ​គឺ​អត់​បាន​ចូល​ឆ្នាំ​ទេ ច្បាស់​ជា​ចូលឆ្នាំ​នៅ​ក្នុង​តំបន់​ធ្វើ​ចត្តាឡីស័ក​អត់​មាន​ចូល​ដល់​ក្នុង​ទេ។ ពេល​ត្រឡប់​ទៅ​ថៃ​វិញ​គឺ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ថៃ​១៤​ថ្ងៃ។ អ៊ីចឹង​មក​កម្ពុជា​អស់​១៤​ថ្ងៃ ទៅ​ថៃ​វិញ​អស់​១៤​ថ្ងៃ។ អ៊ីចឹង​ពលករ​ពលការិនី​នៅ​ប្រទេស​ថៃ​គឺ​កុំ​មក​កម្ពុជា កុំ​មក​ប្រទេស​ចូលឆ្នាំ​នៅ​ហ្នុង​ទៅ​ជា​ការ​ល្អ​ដើម្បី​ជៀសវាង ព្រោះ​មក​គង់​តែ​អត់​បាន​សប្បាយ​ដដែល​គេ​ចូលឆ្នាំ​តែ​៣​ថ្ងៃ ហើយ​យើង​មក​ដេក​នៅ​ទល់​ដែន»។

មន្ត្រី​សិទ្ធិ​ការងារ​យល់​ស្រប​ថា មាន​ចំណុច​ល្អ​ខ្លះ ប្រសិន​បើ​ពលករ​មិន​វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​នេះ។

មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែង​ថា មាន​កត្តា​ប្រឈម​សំខាន់​៤ ដែល​ពលករ​មិន​គួរ​មក​ក្នុង​ពេល​នេះ។ លោក​ថា ពលករ​នឹង​ចំណាយ​ថ្លៃ​សោហ៊ុយ​ធ្វើដំណើរ​ខ្ពស់ ប្រឈម​ឆ្លង​មេរោគ​ពេល​ធ្វើដំណើរ ហើយ​នៅ​ពេល​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ប្រឈម​បាត់បង់​ការងារ និង​ប្រឈម​ផ្លូវ​ច្បាប់​ផង​ក្នុង​ពេល​ដែល​ប្រទេស​ថៃ​កំពុង​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។

លោក ហ៊ុន សែន ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិសេស​នីតំបន់​ព្រំដែន រឹត​បន្តឹង​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​វិធានការ​ទប់ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​ប្រទេស​ជិត​ខាង ដូចជា ប្រទេស​ថៃ ឡាវ និង​វៀតណាម ដើម្បី​បញ្ចៀស​ការ​ចល័ត​ទៅ​មក និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។