របបក្រុងភ្នំពេញរងការរិះគន់រឿងឱ្យម៉ាសដល់ប្រទេសមួយចំនួន ពេលពលរដ្ឋខ្លួនកំពុងខ្វះខាត
2020.11.28
មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការផ្ដល់អំណោយជាម៉ាស និងគ្រឿងបរិក្ខារពេទ្យដល់ប្រទេសមួយចំនួនក្នុងតំបន់ ស្របពេលពលរដ្ឋខ្លួនឯងកំពុងជួបការខ្វះខាតនៅឡើយ។ ពួកគេថា ការធ្វើបែបនេះ គ្រាន់តែជាការចង់បានមុខមាត់ ដោយមិនគិតពីសុខទុក្ខពលរដ្ឋខ្លួនឯង។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា កម្ពុជាមានម៉ាស និងឧបករណ៍បង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ ទើបមានលទ្ធភាពផ្ដល់អំណោយដល់ប្រទេសជាមិត្តបាន។
មន្ត្រីបក្សប្រឆាំងនិងពលរដ្ឋលើកឡើងថា ក្នុងស្ថានភាពប្រទេសកម្ពុជា និងពិភពលោកនៅតែប្រឈមនឹងជំងឺកូវីដ១៩នៅឡើយ រដ្ឋាភិបាលគួរគិតគូរពីសុខទុក្ខពលរដ្ឋរបស់ខ្លួនជាមុនសិន មុននឹងផ្ដល់អំណោយជាម៉ាស់ និងឧបករណ៍បង្ការជំងឺកូវីដ១៩ ច្រើនមុខឱ្យប្រទេសដទៃនោះទេ ព្រោះ ប្រទេសខ្លះមានសេដ្ឋកិច្ចខ្លាំងជាងកម្ពុជាផង។
សមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន និយាយថា លោកស្វាគមន៍សកម្មភាពមនុស្សធម៌ ប៉ុន្តែលោកថា មុននឹងរដ្ឋាភិបាលប្រើបេះដូងទូលំទូលាយត្រូវគិតដល់ពលរដ្ឋរបស់ខ្លួនជាមុនសិន។ លោកសង្កេតឃើញទៀតថា ប្រទេសដែលលោក ហ៊ុន សែន ផ្ដល់ជំនួយនេះគឺសុទ្ធតែជាប្រទេសមានសេដ្ឋកិច្ចល្អជាងកម្ពុជា ខណៈដែលពលរដ្ឋខ្មែរមួយចំនួនគ្មានលុយទិញម៉ាសប្រើនៅឡើយ៖ «យើងត្រូវគិតប្រជាជនយើងជាមុនសិន មុនគិតដល់អ្នកដទៃហើយយើងប្រទេសក្រីក្រផងយើងមិនគួរគិតអ្នកដទៃមុនយើងទេ»។
ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក តោ និមល ឱ្យដឹងថា ប្រទេសថៃមានសេដ្ឋកិច្ច និងកម្រិតជីវភាពពលរដ្ឋខ្ពស់ជាងពលរដ្ឋកម្ពុជា ប៉ុន្តែប្រទេសនេះមិនទាន់ផ្ដល់អំណោយជាម៉ាស ឬគ្រឿងបរិក្ខាពេទ្យដើម្បីបង្ការជំងឺកូវីដទៅប្រទេសណាមួយ នៅឡើយទេ ដោយគេគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្លួនជាចម្បង។ លោកយល់ថា ទង្វើមនុស្សធម៌របស់លោក ហ៊ុន សែន គឺនាំភាពអាម៉ាស់ទៅវិញទេ ដោយខ្លួនឯងគ្រប់គ្រងបញ្ហាជំងឺកូវីដមិនទាន់បានល្អត្រឹមត្រូវផង ប៉ុន្តែបែរជាដើរតួរធ្វើជារដ្ឋាភិបាលចិត្តធម៌ទៅបរទេសវិញ៖ «មិនការពារពលរដ្ឋខ្លួនឯង ហើយមកធ្វើឫកសំញែងចិត្តធម៌ជួយប្រទេសគេ»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំង និងពលរដ្ឋពេលនេះ គឺក្រោយរដ្ឋាភិបាលលោក ហ៊ុន សែន បានផ្ដល់ម៉ាស់ដល់ប្រទេសឡាវ(Laos) និងភូមា ឬមីយ៉ាន់ម៉ា(Myanmar) ចំនួនពីរលានម៉ាស រីឯ ប្រទេសទីម័រខាងកើត(East Timor) ម៉ាសចំនួន ១លាន ៦ម៉ឺន និងសម្ភារៈវេជ្ជសាស្ត្ររាប់ម៉ឺនគ្រឿងទៀត ដែលរួមមានវ៉ែនតាសុវត្ថិភាព សំលៀកបំពាក់សុវត្ថិភាព និងបរិក្ខាពេទ្យដើម្បីបង្ការជំងឺកូវីដ។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឱ្យដឹងថា ការផ្ដល់អំណោយនេះឈរលើគោលការណ៍មនុស្សធម៌ កិច្ចសហប្រតិបត្តិអន្តរជាតិ ដែលបញ្ជាក់ថា កម្ពុជាតូចមែនតែបេះដូងធំ។ លោកថា កម្ពុជាមានម៉ាស់ និងឧបករណ៍បង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ក្នុងការឆ្លើយតបពេលមានគ្រោះអាសន្នណាមួយ ពេលកម្ពុជាផ្ដល់អំណោយទាំងនេះដល់ប្រទេសដទៃ។ អ្នកនាំពាក្យដដែលចោទប្រកាន់អ្នករិះគន់ថា ជាមនុស្សពុតត្បុត និងអាត្មានិយម៖ «ទោះបីប្រទេសយើងក្រ ប៉ុន្តែយើងបានដើរតួនាទីកំពូលលើឆាកអន្តរជាតិដូចជាការរក្សាសន្តិភាពការចែកចំណេះដឹងអំពីការកម្ចាត់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះហើយយើងបានបង្ហាញបេះដូងធំរបស់យើងជាបេះដូងមនុស្សធម៌»។
ប៉ុន្តែពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង លោកស្រី ផាវ ញ៉ើង ឲ្យអាស៊ីសេរីដឹងថា ចាប់តាំងពីផ្ទុះជំងឺកូវីដមក លោកស្រីមិនដែលទទួលម៉ាស់ពីរដ្ឋាភិបាលនោះទេ ទោះលោកស្រីជាពលរដ្ឋក្រីក្រក្ដី។ ពលរដ្ឋរូបនេះ ចង់ឃើញរដ្ឋាភិបាលចែកជូនម៉ាស់ គ្រឿងបរិក្ខារពេទ្យដើម្បីបង្ការជំងឺកូវីដដល់ពលរដ្ឋខ្លួនឯងគ្រប់ៗគ្នាសិន មុននឹងចែកអំណោយទៅប្រទេសនានា៖ «ពួកខ្ញុំទិញម៉ាស់គេប្រើកន្លែងខ្លះទិញអត់បានផង អីចុះរដ្ឋាភិបាលដើរចែកប្រទេសដទៃទៀតអ៊ីចឹងសួរថា យ៉ាងម៉េចដែរសុំឱ្យរដ្ឋាភិបាលគាត់គិតឡើងវិញទៅ»។
អំឡុងព្រឹត្តិការណ៍០៣ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលបញ្ចេញម៉ាស់ជាង២ លានម៉ាស់ ដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញ ទីដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្រោយព្រឹត្តិការណ៍នេះបិទបញ្ចប់ រដ្ឋាភិបាលមិនបានបញ្ចេញម៉ាស់ចែកជូនពលរដ្ឋទៀតទេ តែបានផ្តល់ជំនួយជាម៉ាស់រាប់លានម៉ាស់ទៅប្រទេសភូមា និងឡាវវិញ។
របាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ចំនួនអ្នកជាសះស្បើយជំងឺកូវីដមានចំនួន ២៩៨នាក់ ក្នុងចំណោមអ្នកមានជំងឺនេះចំនួន៣០៧នាក់។ ក្រសួងអះអាងដែរថា ថ្ងៃទី២៧ ខែវិច្ឆិកា គ្មានអ្នកឆ្លងថ្មីទៀតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។