មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសច្រានចោលព័ត៌មានចាប់ខ្លួន លោកឧកញ៉ា គិត ម៉េង។ ការផ្ទុះរឿងចាប់ខ្លួនលោកឧកញ៉ា គិត ម៉េង នេះដោយសារតែមានការបែកធ្លាយសារសំឡេងរបស់លោក ហ៊ុន សែន ព្រមានចាត់វិធានការ លោក គិត ម៉េង ពាណិជ្ជករស្និទ្ធនឹងលោក ប្រសិនបើមិនដកបុគ្គលិកនៃស្ថានីយទូរទស្សន៍ស៊ីអ៊ិនស៊ី (CNC) ម្នាក់ ក្នុងរឿងជម្លោះផ្ទៃក្រុមហ៊ុននោះទេ។
លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្ម និងព្រួយបារម្ភអំពីបញ្ហាព័ត៌មាន ដែលលោកអះអាងថា ជាព័ត៌មានក្លែងក្លាយនៅក្នុងសង្គមកម្ពុជាដែលផ្សាយខុសការពិតអំពីរូបលោក ហើយពេលខ្លះ ក៏ធ្វើឲ្យលោកលង់ជឿម្ដងម្កាលដែរ។
ថ្លែងក្នុងជំនួបជាមួយកម្មករនៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ លោក ហ៊ុន សែន បានបដិសេធ ថា គ្មានការចាប់ខ្លួនលោក គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) នោះទេ។ លោក ចាត់ទុកថា ការលេចលឺដំណឹងចាប់ខ្លួនលោក គិត ម៉េង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជារឿងបំភ្លៃការពិត ដើម្បីបង្កភាពចលាចលប៉ុណ្ណោះ៖ «សុខៗចេញព័ត៌មានទៀតថា សម្ដេចឲ្យចាប់មេខ្ញុង ( នាងខ្ញុង តារាកំប្លែង ) ហើយចុះមេខ្ញុងវាធ្វើអី បានអញចាប់ គេថា មេខ្ញុងនិយាយរឿងផ្ទះឈ្នួល។ ស្លាប់ហើយនាងខ្ញុងអើយនាងខ្ញុង ! អីក៏វាកម្សត់ម្ល៉េះ ! ដល់ថ្នាក់នាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យចាប់។ ប៉ុន្មានថ្ងៃនេះ ស្រាប់តែវីវរហើយ សម្ដេច ចាប់ គិត ម៉េង បាត់ទៅហើយ។ អាឡប់ ! ប៉ុន្តែព័ត៌មានបែបនេះ គឺទៅជាព័ត៌មានភូតកុហកមួយ ដែលបាត់តម្លៃអស់»។
ការផ្ទុះរឿងចាប់ខ្លួនលោក គិត ម៉េង នេះ កើតឡើងក្រោយពីមេដឹកនាំរបបក្រុងភ្នំពេញបានចេញបញ្ជាផ្ទាល់មាត់ ដល់លោក គិត ម៉េង ឲ្យដកហូតមុខតំណែងលោក អ៊ុក បូរ៉ា ចេញពីអគ្គនាយកទូរទស្សន៍ CNC ជាមួយនឹងការគំរាមធ្ងន់ៗ ថា បើមិនអនុវត្តតាមបទបញ្ជាលោកទេ នោះគ្រប់មុខជំនួញទាំងប៉ុន្មានរបស់មហាសេដ្ឋី ដែលមានប្រាក់រាប់លាននៅកម្ពុជារូបនេះ នឹងមានផលប៉ះពាល់។ ក្នុងសារសំឡេងនោះ លោក ហ៊ុន សែន សង្កត់ធ្ងន់ទៀតថា សូម្បីតែមាតា បិតាព្រះមហាក្សត្រ (ម៉ែឪស្ដេច) ក៏លោកមិនខ្លាច ហើយមិនអាចការពារបានដែរ។
លោក ហ៊ុន សែន អះអាងថា មូលហេតុលោកចេញមុខលូកដៃរឿងផ្ទៃក្នុងទូរទស្សន៍CNCនេះ ព្រោះលោក ហ៊ុន សែន យល់ថា ទូរទស្សន៍នេះ មានតួនាទីសំខាន់ ជួយផ្សព្វផ្សាយលើកតម្កើង និងគាំទ្ររបបលោក កន្លងមក រហូតដល់លោក និងភរិយារបស់លោក តែងតែជួយផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកទីនោះរៀងរាល់ពិធីបុណ្យជាតិទៀតផង។
ទោះយ៉ាងណាក្តី ប្រភពពីបុគ្គលិកទូរទស្សន៍CNCដែលសុំមិនបញ្ចេញឈ្មោះនិងសំឡេង ប្រាប់អាស៊ីសេរីថា ថ្វីដ្បិតតែមានការលូកដៃពីលោក ហ៊ុន សែន ក្តី ប៉ុន្តែជម្លោះផ្ទៃក្នុងនេះ មិនទាន់បញ្ចប់នៅឡើយ គឺកំពុងស្ថិតក្នុងអន្តរកាល ព្រោះមកដល់ពេលនេះ មិនទាន់ឃើញឧកញ៉ា គិត ម៉េង ព្រម បញ្ឈប់លោក អ៊ុក បូរ៉ា តាមបញ្ជាលោក ហ៊ុន សែន នៅឡើយទេ។
អាស៊ីសេរី បានព្យាយាមទាក់ទងលោក អ៊ុក បូរ៉ា ជាច្រើនលើក ប៉ុន្តែលោកពុំទទួលទូរស័ព្ទ។ ចំណែកម្ចាស់ភាគហ៊ុនទូរទស្សន៍ CNC វិញ លោក គិត ម៉េង បានបដិសេធមិនធ្វើអត្ថាធិប្បាយ៖ «ខ្ញុំកំពុងជាប់ប្រជុំ។ សុំទោស ! អរគុណច្រើន»។
ប្រភពបុគ្គលិកទូរទស្សន៍ CNC លើកឡើងថា ជម្លោះផ្ទៃក្នុងរបស់ទូរទស្សន៍ CNCនេះ គឺមិនមែនតែ លោក ហ៊ុន សែន នោះទេ សូម្បីតែមន្ត្រីនៃរបបលោក ក៏ចូលរួមលូកដៃផងដែរ។ ប្រភពដដែល ចោទថា អ្នកនៅពីក្រោយនៃជម្លោះនេះ គឺទីប្រឹក្សាក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា (Cambodia Broadcasting Service) ដែលហៅកាត់ថា ស៊ី.ប៊ី.អេស (CBS) រួមមានទូរទស្សន៍ CNC CTN My TV និង One TV គឺលោក ហ៊ុយ វណ្ណៈ ដែលបច្ចុប្បន្ន លោកក៏មានតួនាទីជារដ្ឋលេខាធិការក្រសួង មហាផ្ទៃផង និងជាជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាផង។ ប្រភពបន្តថា លោក ហ៊ុយ វណ្ណៈ គឺជាអ្នករៀបចំផែនការ និងជាអ្នករាយការណ៍ទៅលោក ហ៊ុន សែន ដើម្បីឲ្យជួយបណ្ដេញ លោក អ៊ុក បូរ៉ា ចេញពីតួនាទី ព្រោះលោក ហ៊ុយ វណ្ណៈ មានការជាប់ពាក់ព័ន្ធរឿងកិបកេងលុយក្រុមហ៊ុនរាប់ម៉ឺនដុល្លារ និងចង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងក្រុមហ៊ុនទូរទស្សន៍របស់លោក គិត ម៉េង។ ប្រភពទម្លាយទៀតថា ការដែលលោក គិត ម៉េង យកលោក អ៊ុក បូរ៉ា ជាអគ្គនាយកថ្មី នោះ ព្រោះដើម្បីធ្វើកំណែទម្រង់ក្រុមហ៊ុនឡើងវិញ បន្ទាប់ពីក្រុមហ៊ុនខាតបង់ និងបាត់លុយជាច្រើន ប៉ុន្តែទីបំផុតលោក អ៊ុក បូរ៉ា បែរជារងថ្មបាក់ទៅវិញ។
ជុំវិញករណីនេះ លោក ហ៊ុយ វណ្ណៈ បដិសេធ មិនឆ្លើយតបជាមួយអាស៊ីសេរីនោះទេ ព្រោះលោក មិនចាប់អារម្មណ៍ចំពោះការចោទប្រកាន់លើរូបលោកឡើយ៖ «អើ .. សំខាន់អាស៊ីសេរីជឿមួយណា ? ខ្ញុំចាំបាច់ទៅបក្សស្រាយអី សំខាន់កិច្ចការរបស់ស្ថាប័នមួយ គឺស្ថាប័ននឹងមានការយល់ដឹង និងមានការទទួលខុសត្រូវរបស់ស្ថាប័ននឹងបាទ។ អាហ្នឹងជាកិច្ចការរបស់ស្ថាប័នហើយវាសំខាន់អាស៊ីសេរីជឿមួយណា ហើយផ្សាយថាម៉េច ? យើងទៅខ្វល់អីរឿងអ្នកដែលមូលបង្កាច់រឿងអ្នកបំភ្លៃអី អាហ្នឹងវាជាមុខរបររបស់អ្នកបំភ្លៃ ហើយយើងចាំបាច់ទៅបកស្រាយធ្វើអី»។
ទោះបីជាលោក ហ៊ុយ វណ្ណៈ បដិសេធក្តី ប៉ុន្តែអាស៊ីសេរី ទទួលបានសារសំឡេងជាច្រើនរបស់លោក ហ៊ុយ វណ្ណៈ និយាយនៅក្នុងគ្រុបការងាររបស់ទូរទស្សន៍ CNC ។ សារសំឡេងទាំងនោះ លោក ហ៊ុយ វណ្ណៈ បានប្រើឥទ្ធិពលរបស់ខ្លួនក្នុងទូរទស្សន៍CNC ដោយប្រាប់ឲ្យបុគ្គលិក គិតតែរឿងការងារ កុំរវើរវាយច្រើន និងបញ្ជាក់ថា គ្មានអ្នកថ្មីណាមកគ្រប់គ្រងទៀតទេ។ ទន្ទឹមគ្នានោះ លោក បានប្រើ ភាសាជេរប្រមាថធ្ងន់ៗ និងព្រមានប្រើដំបងវាយបំបែកក្បាលអ្នកណាដែលចោទថា លោកកិបកេងលុយក្រុមហ៊ុនទៀតផង។ សារសំឡេងនោះ និយាយទៀតថា ទោះបីជាលោកកិបកេង ឬយកលុយ ក្រុមហ៊ុន មិនមែនជាលុយម៉ែឪអ្នកនិយាយចោទលោកដែរ។
កាលពីខែមិថុនា ឆ្នាំ២០១៤ លោក ហ៊ុយ វណ្ណៈ អាយុ ៤០ឆ្នាំ ជាអតីតអគ្គនាយករងស្ថានីយទូរទស្សន៍ CNC ធ្លាប់ដកកាំភ្លើងពីអាវមកអាម៉េបម្រុងបាញ់លោក រស់ ឌីណា អាយុ ៤២ឆ្នាំ ជាប្រធានផ្នែកផែនការ និងចាត់តាំងព័ត៌មានទូរទស្សន៍ CTN និងMyTV ។ លោក រស់ ឌីណា ក៏បានដាក់ពាក្យប្ដឹងទៅតុលាការពីបទ «បរិហារកេរ្តិ៍ជេរប្រមាថ និងប៉ុនប៉ងមនុស្សឃាតដោយចេតនា» នៅក្នុងអគារស្ថានីយទូរទស្សន៍ CNC នៅផ្លូវជាតិលេខ ៥ ក្នុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ ដែរ ប៉ុន្តែសំណុំរឿងនេះ បានបញ្ចប់ទៅវិញ ដោយមានការសម្របសម្រួលពីលោក គិត ម៉េង។
អ្នកសិក្សាអំពីបញ្ហានយោបាយ និងសេដ្ឋកិច្ច លោក បុង ដែត លើកឡើងថា ការដែលលោក ហ៊ុន សែន ប្រើប្រាស់ឥទ្ធិពលលូកដៃរឿងផ្ទៃក្នុងទូរទស្សន៍CNCនេះ ប្រហែលលោក ហ៊ុន សែន ចង់ បង្ហាញថា លោក យកចិត្តទុកដាក់ចំពោះបុគ្គលិកព័ត៌មានទាំងនោះ ដែលជួយផ្សព្វផ្សាយគាំទ្ររបប លោក។ ប៉ុន្តែ លោក ហ៊ុន សែន ប្រហែលជាភ្លេចគិតដែរថា ការលូកដៃ និងប្រើភាសាគំរាមកំហែង បែបនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះក្រុមហ៊ុនឯកជន តែងមានរចនាសម្ព័ន្ធ និងគោលការណ៍ផ្សេងៗ របស់ខ្លួន។ ជាមួយគ្នានេះ លោក បុង ដែត យល់ថា លោក ហ៊ុន សែន គួរតែមើលសមត្ថភាពខ្លួន ឯង និងមន្ត្រីថ្នាក់ក្រោមរបស់លោកឡើងវិញដែរ ព្រោះក្រោមការដឹកនាំនៃរបបសព្វថ្ងៃនេះ បាន បង្កើតបញ្ហាស្មុគស្មាញជាច្រើនសម្រាប់កម្ពុជាដូចជាបញ្ហាប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស បញ្ហា ដីធ្លី និងបញ្ហាយុត្តិធម៌សង្គមជាដើម៖ «អ្វីដែលសំខាន់គឺរដ្ឋាភិបាលមិនទាន់ទាំងបានយកចិត្តទុកដាក់ទៅលើកិច្ចការរដ្ឋបាលឲ្យបានច្បាស់លាស់ទេ ទាក់ទងនឹងកិច្ចការដឹកនាំប្រទេស ទាក់ទង់នឹងប្រព័ន្ធអនុគ្រោះពន្ធ ហើយការគោរពសិទ្ធិមនុស្សមិនទាន់ធ្វើឲ្យតល្អនៅឡើយ បែរជាលេចចេញអ៊ីចឹងមក តើវាទំនងទេ ? ទាក់ទងនឹងរឿងស្ថាប័នតុលាការដែលមិនមាន អព្យាក្រិត្យអីផ្សេងៗ តើរដ្ឋាភិបាល បានគ្រប់គ្រងច្បាស់លាស់ខ្លួនឯងហើយនៅ រឿងជម្លោះដីធ្លីរាំរ៉ៃ តើបានដោះស្រាយ ១រយភាគរយហើយនៅ ? ហេតុអីបានជាគាត់យកពេលវេលាខ្លួនឯង ទៅលូកដៃរឿងក្រុមហ៊ុនឯកជន ដែលគេមានរចនាសម្ព័ន្ធ និងមានក្រុមប្រឹក្សាភិបាលរបស់គេច្បាស់លាស់ហើយ»។
លោក បុង ដែត សង្កេតឃើញដែរថា ក្រុមហ៊ុនរបស់ឧកញ៉ាមួយចំនួន តែងជាប់ពាក់ព័ន្ធជាមួយជំនួញទុច្ចរិត ម៉្លោះហើយទើបពួកគេ ស្ថិតនៅក្រោមគំនាបរបស់អ្នកមានអំណាច ហើយបង្កើតបានទៅជាវប្បធម៌ឯងជួយអញ អញជួយឯង ដែលនឹងធ្វើឲ្យប៉ះពាល់ច្បាប់ជាតិ និងសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ ក្រុមហ៊ុន ឧកញ៉ាទាំងនោះ ក៏ក្លាយជាប្រភពធនធានសម្រាប់ជួយទ្រទ្រងគណបក្សកាន់អំណាច ហើយអ្នកកាន់អំណាច ក៏តែងជួយបិទបាំង និងកាងក្រុមហ៊ុនរបស់ឧកញ៉ាទាំងនោះវិញ ប៉ុន្តែប្រសិនបើ ក្រុមហ៊ុនឧកញ៉ាណាមួយ ដើរផ្ទុយពីមាគ៌ារបស់បក្សកាន់អំណាចនោះ ពួកគេតែងតែ ប្រឈមផ្លូវច្បាប់។
អ្នកវិភាគលើកឡើងដែរ ចំពោះបញ្ហាព័ត៌មានក្លែងក្លាយដែលកំពុងរីករាលដាលនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ ក៏ព្រោះតែកន្លងមក របបលោក ហ៊ុន សែន តែងតែលើកទឹកចិត្តដល់ព័ត៌មានក្លែងក្លាយដែរ ដូចជាពេលខ្លះរបបលោក ហ៊ុន សែន បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីចំណេញនយោបាយ និងពេលខ្លះប្រើប្រាស់ដើម្បីធ្វើទុក្ខបុកម្នេញ និងលាបពណ៌លើគណបក្សបក្សប្រឆាំង និងអ្នកប្រជាធិបតេយ្យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។