អាជ្ញាធរខេត្តសៀមរាប បានប្រកាសឲ្យដឹងយ៉ាងម៉ឺងម៉ាត់ថា ខេត្តដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាប្រាសាទបុរាណរាប់លាននាក់ក្នុងមួយឆ្នាំៗនេះ គឺមិនអនុញ្ញាតឲ្យមានកន្លែងកាស៊ីណូ ឬក៏វង់ល្បែងស៊ីសងណាមួយជាដាច់ខាត។
កាលពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ កម្លាំងប៉ូលិសនៃស្នងការដ្ឋាននគរបាល រួមនឹងកងរាជអាវុធហត្ថខេត្តសៀមរាប បានឆ្មក់ចូលទៅបង្ក្រាបកាស៊ីណូលួចលាក់មួយកន្លែង ដែលជ្រកក្រោមស្លាកភោជនីយដ្ឋាន នៅក្នុងតំបន់បុរីប្រិមប្រិយ នៃភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្ត្រីមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងសាកសួរបុរស និងស្ត្រីចំនួន ១០នាក់ ពេញមួយថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ដើម្បីតាមរកមុខមេខ្លោងដែលពាក់ព័ន្ធនឹងការលួចបើកកាស៊ីណូខុសច្បាប់នៅកណ្ដាលទីក្រុង។
បុរស និងស្ត្រីដែលមន្ត្រីកងរាជអាវុធហត្ថកំពុងសាកសួរនោះ គឺជាក្រុមមនុស្សដែលគេនាំខ្លួនចេញពីកាស៊ីណូខុសច្បាប់មួយកន្លែង ជ្រកក្រោមស្លាកភោជនីយដ្ឋានឈ្មោះ សាន់ ស៊ាំង ក្នុងពេលដែលកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបនៅពេលរាត្រី។
ប្រធានមន្ទីរយុត្តិធម៌នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប គឺលោកវរសេនីយ៍ទោ ថា ដាលុច។ លោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ថា កាស៊ីណូខុសច្បាប់មួយកន្លែង បានបើកលួចលាក់នៅក្នុងភោជនីយដ្ឋានយីហោ សាន់ ស៊ាំង។ កម្លាំងរបស់លោកបាននាំខ្លួនមនុស្សប្រុសស្រីចំនួន ១០នាក់ក្នុងពេលបង្ក្រាបកាស៊ីណូនោះ ហើយកំពុងសួរចម្លើយពួកគេ ដើម្បីតាមរកមុខថៅកែ និងអ្នកនៅពីក្រោយខ្នងនៃការបើកក្លឹបល្បែងខុសច្បាប់នោះ៖ « យើង កំពុងតែ រកមេខ្លោង ពីព្រោះយើងអត់ទាន់រកចម្លើយ ណាមួយឲ្ យពិត ប្រាកដថា អ្នកណា ជាមេខ្លោង នៅឡើយ »។
រហូតមកដល់ល្ងាចថ្ងៃច័ន្ទ សមត្ថកិច្ចនៅតែមិនទាន់ប្រាកដថា តើម្ចាស់ភោជនីយដ្ឋាន សាន់ ស៊ាំង គឺជាអ្នកណា? តើជាជនជាតិខ្មែរ ឬក៏ជាជនបរទេសនៅឡើយទេ?
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មានប្រសាសន៍ថា ខេត្តសៀមរាប ដែលជាខេត្តដ៏ល្បីល្បាញក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យមកទស្សនាប្រាសាទបុរាណជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ គឺមិនអនុញ្ញាតឲ្យបើកកាស៊ីណូទេ។ លោកអភិបាលខេត្ត ជំរុញឲ្យសមត្ថកិច្ចបន្តការស៊ើបអង្កេតរកមុខមេខ្លោងដែលលួចបើកកាស៊ីណូខុសច្បាប់មួយនេះ៖ « មិនអាច អត់ឱន បានទេ ដោយសារតែកាស៊ីណូ នៅសៀមរាប គឺមិនឲ្យមានដាច់ខាត ។ យើងកំពុងឲ្យសមត្ថកិច្ច ស្រាវជ្រាវ រកអ្នកពាក់ព័ន្ធថែមទៀត »។
កាលពីវេលាម៉ោងជាង ៨យប់ថ្ងៃទី២៨ ខែកុម្ភៈ កម្លាំងប៉ូលិសនៃស្នងការដ្ឋាននគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងស្ថាប័នតុលាការផង បានបើកប្រតិបត្តិការបង្ក្រាបកន្លែងកាស៊ីណូដែលជ្រកក្រោមស្លាកភោជនីយដ្ឋានឈ្មោះ សាន់ ស៊ាំង នោះ ហើយប្រមូលយកបានវត្ថុតាងជាច្រើន ដូចជា ទូហ្គេមរាប់សិបគ្រឿង ទូរ៉ូឡែតសម្រាប់បង្វិលចាក់ប្រាក់ សន្លឹកបៀរជាច្រើនហ៊ូ ព្រមទាំងសម្ភារៈជាច្រើនទៀត ប៉ាន់ប្រមាណជាទឹកប្រាក់អាចរាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ចំណែកមនុស្ស ១០នាក់ដែលសមត្ថកិច្ចនាំខ្លួនទៅសាកសួរនោះ ក៏នៅមិនទាន់សម្រេចថានឹងដោះលែង ឬក៏ត្រូវបញ្ជូនទៅតុលាការនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។