សង្វៀនជល់មាន់ស៊ីសងជាប្រាក់ខុសច្បាប់មួយកន្លែង ត្រូវគេបើកលេងជាចំហនៅឯភូមិមេម៉ាយ ក្នុងឃុំហាន់ជ័យក្រោម ស្រុកឆ្លូង ខេត្តក្រចេះ មានមនុស្សរាប់រាយនាក់ចូលរួមលេង និងមើលកម្សាន្ត។
វង់ល្បែងស៊ីសងនេះ បើកលេងប្រមាណពីរខែកន្លងទៅនេះ នៅចម្ការស្វាយ ចម្ងាយ ៥០០ម៉ែត្រ ខាងត្បូងស្ពានឧកញ៉ា អាទិត្យ។ ចំណែកអ្នកបើកល្បែងភ្នាល់ជល់មាន់នេះ មានឈ្មោះ តា យឿន និង ពេទ្យ ល័ក្ខ។
ប្រជាពលរដ្ឋរស់នៅឃុំហាន់ជ័យក្រោម សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា ក្រុមសមត្ថកិច្ច ប៉ូលិសមូលដ្ឋានឃុំស្រុកបានដឹងពីការបើកលេងល្បែងស៊ីសងនេះ ប៉ុន្តែមិនឃើញសមត្ថកិច្ចណាចុះបង្ក្រាបវង់ល្បែងនោះឡើយ។ ចំណែកអ្នកលេងល្បែងភ្នាល់នេះ ស៊ីសងជាប្រាក់ពី ៥០ម៉ឺន ដល់ ១លានរៀលក្នុងការប្រជល់មាន់មួយគូ និងបើកលេងនៅរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសុក្រ។ លោកបន្តថា សកម្មភាពបើកលេងល្បែងស៊ីសងនេះ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភចំពោះសុវត្ថិភាពនៅក្នុងភូមិឃុំ៖ «ស្រុកឆ្លូង អនាធិបតេយ្យតែម្តងតាំងពីផ្ទះបនស្រីបនល្បែងលេងអាវ៉ាសែទាំងអស់។ វាប៉ះពាល់ក្នុងសង្គម កាលណាបើកលេងល្បែងអាវ៉ាសែ អ៊ីចឹងកូនចៅវាចេះតែខូច អ្នកខ្លះលក់ម៉ូតូអ៊ីចឹង។ អាជ្ញាធរស៊ុមគ្រលុំជាមួយគ្នា ដើម្បីស៊ីលុយទាំងអស់គ្នាហ្នឹង»។
ក្រសួងមហាផ្ទៃ បានដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាព តាំងពីឆ្នាំ២០០៩ ដើម្បីឲ្យមន្ត្រីមូលដ្ឋានគ្រប់ខេត្តក្រុងអនុវត្ត ក្នុងនោះល្បែងស៊ីសងត្រូវបានហាមមិនឲ្យកើតមាននៅក្នុងមូលដ្ឋាននោះទេ។
មេឃុំហាន់ជ័យក្រោម លោក តឹក ឌឺម៉ង់ នៅថ្ងៃច័ន្ទ ទី១២ ខែសីហា បដិសេធមិនអធិប្បាយសំណួរបំភ្លឺករណីនេះពីវិទ្យុអាស៊ីសេរី ទេ។
ចំណែកអភិបាលស្រុកឆ្លូង លោក សោម សារិទ្ធ មានប្រសាសន៍បញ្ជាក់ថា លោកមិនបានទទួលសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋាននោះទេ។ លោកបន្តថា ប្រសិនមានករណីបើកល្បែងស៊ីសងជល់មាន់មែន គឺផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដូច្នេះលោកនឹងចាត់វិធានការបញ្ឈប់ល្បែងនេះ៖ «ខ្ញុំដូចអត់ទាន់បានដឹង ប៉ុន្តែអត់ទេ បើសិនជាមានមែន ខ្ញុំមិនទុកឱកាសឲ្យគាត់នៅធ្វើអ៊ីចឹងទេ ពីព្រោះអាហ្នឹងបទល្មើសខុសច្បាប់ហើយ»។
ទោះយ៉ាងនេះក៏ដោយ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តក្រចេះ អ្នកស្រី ធីម ណារីម មានប្រសាសន៍បញ្ជាក់ថា ច្បាប់មិនអនុញ្ញាតឲ្យបើកលេងល្បែងស៊ីសងនៅក្នុងភូមិឃុំនោះឡើយ អ្នកស្រីកត់សម្គាល់ថា ការបើកឲ្យមានលេងល្បែងស៊ីសង វានាំឲ្យកើតមានអំពើហិង្សាជម្លោះក្នុងក្រុមគ្រួសារ និងអំពើលួចប្លន់កើតមាននៅភូមិឃុំនោះ៖ «បើសិនជាសកម្មភាពនោះធ្វើឡើងដោយការដាក់លុយ វាទៅជាល្បែងស៊ីសងហើយ។ អ៊ីចឹង សមត្ថកិច្ចគួរតែចាត់វិធានការទប់ស្កាត់ ឬលុបបំបាត់បញ្ហាទាំងអស់ហ្នឹងចេញឲ្យបានទៅ វានាំឲ្យអត់មានសុវត្ថិភាពក្នុងមូលដ្ឋាន»។
ក្រៅពីបើកសង្វៀនជល់មាន់សងជាប្រាក់នៅឃុំហាន់ជ័យក្រោម ក៏មានទីតាំងបនពេស្យាចារពីរកន្លែង គឺផ្ទះបនឈ្មោះ អង្គរមាស និងផ្ទះបនឈ្មោះ បរិសុទ្ធ។ ផ្ទះបនទាំងពីរកន្លែង មានស្ត្រីបម្រើផ្លូវភេទប្រមាណ ១៥ ទៅ ២០នាក់។ ប្រជាពលរដ្ឋអំពាវនាវសុំឲ្យអាជ្ញាធរខេត្ត ចាត់វិធានការបញ្ឈប់ទីតាំងអបាយមុខទាំងអស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។