សហគមន៍នេសាទខេត្តបាត់ដំបងថា អាជ្ញាធរមិនចាត់វិធានផ្លូវច្បាប់លើអ្នកទន្ទ្រានដីព្រៃលិចទឹក
2019.07.06

សហគមន៍នេសាទនៅស្រុកឯកភ្នំខេត្ត បាត់ដំបង ព្រួយបារម្ភខ្លាចជនល្មើសទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិបណ្ដាលឱ្យហិនហោចព្រៃលិចទឹក ហើយនាំឱ្យប៉ះពាល់ដល់ការថែរក្សាពូជត្រីក្នុងតំបន់អភិរក្សរបស់ពួកគាត់ នៅតំបន់បឹងទន្លេសាប។ មន្ត្រីសហគមន៍អះអាងថា ការទន្ទ្រានព្រៃនេះដោយសារអាជ្ញាធរមិនចាត់វិធានការទៅលើជនល្មើសតាមច្បាប់។
ប្រធានសហគមន៍នេសាទស្ដីក្រោមរហាលសួង លោក ភី ហឿត ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី៦កក្កដា ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ មកទល់សព្វថ្ងៃ យ៉ាងហោចណាស់ព្រៃលិចទឹកនៅតំបន់បឹងអភិរក្សរបស់ពួកគាត់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ប្រមាណ៣០ហិកតារហើយ ដែលជនល្មើសលួចទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិ។ លោកបន្តថា ជនល្មើសនៅតែនាំគ្នាទន្ទ្រានព្រៃយកដីបន្ថែមទៀត ប្រសិនបើអាជ្ញាធរបន្តគ្មានវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹង ព្រោះចាប់ពីឆ្នាំ២០១៣មកហិនហោចអស់ព្រៃតំបន់បឹងអភិរក្សរបស់ពួកគាត់ជាងហើយ១០០ហិកតារហើយ ដោយអាជ្ញាធរមិនទាន់ចាប់ជនល្មើសផ្ដន្ទាទោសតាមច្បាប់បានម្នាក់នៅឡើយទេ៖ «សហគមន៍ព្រួយបារម្ភថា វានឹងបាត់បង់ព្រៃលិចទឹកហិនហោចអស់ទៅ ហើយក្លាយទៅជាវាលស្រែ ហើយវាអាចបាត់បង់គ្រប់យ៉ាងទាំងត្រីទាំងអីទាំងអស់ ហើយដីដែលគាត់កាប់ស្ថិតក្នុងតំបន់៣ទៀត។ ហើយដំណោះស្រាយអត់មានវិធានការយ៉ាងម៉េចទៅលើពួកគាត់ទេ ហើយពួកគាត់អ្នកកាប់ព្រៃភាគច្រើននៅឃុំព្រែកហ្លួងតែម្ដង»។
លោកបន្តថា ការកាប់បំផ្លាញព្រៃលិចទឹកនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ដែនអភិរក្សពូជត្រីរបស់ពួកគាត់ ទៅថ្ងៃអនាគតដែលធ្វើឱ្យត្រីក្នុងតំបន់អភិរក្សកាន់តែថយចុះ។ ទាក់ទងនឹងបញ្ហានេះប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបងលោក ជួង សុភា ប្រាប់អាស៊ីសេរីថា ខាងលោក និងសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវរកចាប់ជនល្មើសផ្ដន្ទាទោសតាមច្បាប់ ដោយមិនបណ្ដោយឱ្យពួកគេរួចខ្លួននោះទេ។ លោកបន្តថា ក្នុងឆ្នាំ២០១៩នេះ ខាងលោកចាប់បានអ្នកទន្ទ្រានព្រៃលិចទឹកចំនួន៧នាក់ហើយ ដែលជាប្រជាពលរដ្ឋរស់នៅស្រុកមោងឬស្សី និងស្រុកឯកភ្នំ និងបានបញ្ជូនពួកគាត់ទៅសាលាដំបូងខេត្តបាត់ដំបងដោះស្រាយតាមច្បាប់រួចហើយ៖ «បាទ!ខ្ញុំ បើសិនជាសហគមន៍គាត់រាយការណ៍ ហើយសហការជាមួយអាជ្ញាធរច្បាស់លាស់ និងមានសាវតារពីជនល្មើសមកគឺ យើងធ្វើការកោះអញ្ជើញគាត់ដើម្បីបំភ្លឺរកអ្នកនៅពីក្រោយខ្នង ដើម្បីរកអ្នកប្រព្រឹត្តផ្ទាល់ហើយយើងកសាងសំណុំរឿងដាក់ទៅតុលាការ។ហើយករណីស្រាវជ្រាវទៅមានការពាក់ព័ន្ធយើងសុំការឯកភាពពីគណបញ្ជាការឯកភាពខេត្តសិន»។
តំណាងប្រជានេសាទខេត្តបាត់ដំបងលោក ហ៊ុត ហាន ប្រាប់អាស៊ីសេរីថា បញ្ហាហិនហោចព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង ស្ថិតដល់កម្រិតត្រូវប្រកាសអាសន្នហើយ ព្រោះសព្វថ្ងៃមានទាំងអ្នកលួចទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិ និងភ្លើងឆេះព្រៃ ជាពិសេសនៅតំបន់បឹងទន្លេសាបក្នុងស្រុកមោងឫស្សី ថ្មគោល និងស្រុកឯកភ្នំ បណ្ដាលឱ្យហិនហោចព្រៃក្នុងមួយឆ្នាំៗរាប់ពាន់ហិកតារ។ លោកបន្តថា មូលហេតុដែលហិនហោចព្រៃ ដោយសារអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹង៖ «និយាយឱ្យមន្ត្រីពាក់ព័ន្ធគឺអាជ្ញាធរទាំងឃុំរហូតដល់ស្រុក គាត់តែងថាវាហួសជំនាញរបស់គាត់ ដូចជាថាវាត្រូវតួនាទីរបស់ជលផល តួនាទីរបស់ខាងមន្ត្រីកសិកម្មជាដើម អីចឹងចំណុចនេះឯងដែលធ្វើឱ្យបាត់បង់ធនធានទាំងអស់នេះ ដោយសារអាជ្ញាធរមិនស្គាល់តួនាទីរបស់ខ្លួនឯង ហើយមួយទៀតមន្ត្រីជំនាញជលផលនិយាយថា ជាសិទ្ធិអំណាចរបស់មន្ត្រីបរិស្ថានទៅវិញ»។
លោកបន្តថា ឆ្នាំនេះភ្លើងឆេះព្រៃលិចទឹកនៅភូមិក្បាលតោល ឃុំកោះជីវាំង ហើយភ្លើងទើបតែរលត់ទៅវិញកាលពីចុងខែមិថុនាកន្លងមក បណ្ដាលខូចខាតព្រៃអស់ជាង១ពាន់ហិកតារ។
ប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបងឱ្យដឹងថា ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបងត្រូវបានជនល្មើសទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងឆ្នាំ២០១៩នេះ អស់ព្រៃជាង៦០០ហិកតារ ក្នុងចំណោមព្រៃលិចទឹកសរុបជាង២០ម៉ឺន៦ពាន់ហិកតារ (២០៦.៨០០) ក្នុងនោះស្រុកថ្មគោល និងស្រុកមោងឬស្សីអស់ព្រៃច្រើនជាងគេ៕
អ្នកនិយមប្រជាធិបតេយ្យរស់នៅប្រទេសអឺរ៉ុបប្រមូលផ្ដុំគ្នាតវ៉ានៅថ្ងៃបញ្ចប់ទស្សនកិច្ចលោក ហ៊ុន សែន នៅស្វីស
អ្នកនិយមប្រជាធិបតេយ្យ និង ភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ពិសេស មកពីប្រទេសបារាំង និង អ៊ីតាលី និងអ្នករស់នៅប្រទេសស្វីសផ្ទាល់ បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែកក្កដា នៅថ្ងៃបិទបញ្ចប់នៃទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសនេះ។
អ្នកដឹកនាំការតវ៉ា និងជាប្រធានចលនាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិនៅទីក្រុងប៉ារីស កញ្ញា លឹម កណ្ណិការ ថា ការតវ៉ានេះ ក៏មិនខុសពីការតវ៉ាមុនៗដែរ គឺធ្វើឡើង ដើម្បីបង្ហាញអំពីការមិនអាចទទួលយកបាន នូវចំណាត់ការរបស់របបលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។ កញ្ញាបញ្ជាក់ថា អ្វីដែលអ្នកនិយមប្រជាធិបតេយ្យចង់បានយ៉ាងទទូចនោះ គឺការដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខ និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយ លើមន្ត្រីបក្សប្រឆាំងទាំងអស់ និងឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញជាដើម។
កញ្ញា លឹម កណ្ណិការ បន្ថែមថា សេរីភាពក្នុងការបញ្ចេញមតិ និង ជួបជុំគ្នាតវ៉ាដូច្នេះ បើធ្វើនៅកម្ពុជា ច្បាស់ជានឹងត្រូវរបបលោក ហ៊ុន សែន បង្ក្រាប ដូច្នេះទើបពលរដ្ឋខ្មែរនៅក្រៅប្រទេស ត្រូវបន្តសាមគ្គីគ្នា តវ៉ានៅលើឆាកអន្តរជាតិតទៅទៀត រហូតបានជោគជ័យ៖ «ទោះបីមេឃក្ដៅមែនទែនថ្ងៃនេះ! ប៉ុន្តែ យើងនៅតែមករួបរួមគ្នា ដើម្បីបង្ហាញថា យើងមានសាមគ្គីខ្លាំងសម្រាប់ថ្ងៃនេះ។ ការស្នេហាជាតិសម្រាប់យើង មិនចេះឈប់ទេ គឺនៅតែមានសម្រាប់សង្គ្រោះប្រទេសយើង។ បើខ្មែរយើងមិនធ្វើ អ្នកណាធ្វើសម្រាប់យើង? ដូច្នេះយើងដែលមានសញ្ជាតិបារាំង និងសញ្ជាតិដទៃ ដែលយើងមានសិទ្ធិពេញលេញនៅទីនេះ យើងធ្វើតទៅទៀត យើងអត់ឈប់ទេ»។
ការប្តេជ្ញាមិនឈប់តវ៉ា រហូតទាមទារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានមកវិញនេះ គឺធ្វើឡើងស្របពេលដែលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សនេះជាច្រើនរូបទៀត គ្រោងនឹងធ្វើដំណើរវិលត្រឡប់ទៅកម្ពុជាវិញ មិនឱ្យហួសពីខែកញ្ញា ខាងមុខ៕