សមត្ថកិច្ច​ច្រក​ព្រំដែន​នៅ​ស្រុក​អូរជ្រៅ​បើកដៃ​ឲ្យ​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់

0:00 / 0:00

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ​អះអាង​ថា ក្រោយពី​រួច​បុណ្យ​ភ្ជុំបិណ្ឌ​មក សមត្ថកិច្ច​ច្រក​ព្រំដែន​សប្បាយ​នឹង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​បើកដៃ​ឲ្យ​ក្រុម​មេខ្យល់ នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​តាម​ច្រក​របៀង​ដែល​ខ្លួន​ប្រចាំការ​ខុសច្បាប់។ ប៉ុន្តែ​ប្រធាន​ច្រក​របៀង​តំបន់​៥ ក្នុងស្រុក​អូរជ្រៅ បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​ប៉ោយប៉ែត លោក អ៊ុក ថាប់បារាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា មេខ្យល់​ដឹក​ពលករ​តាម​រថយន្ត​មកពី​ខេត្ត​ឆ្ងាយ​ខ្លះ និង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ខ្លះ រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ព្រៃ​ព្រំដែន ហើយ​ពេល​មានឱកាស​នឹង​បញ្ជូន​ពលករ​ឆ្លងដែន​ទៅ​ថៃ តាម​ច្រក​របៀង​ព្រំដែន​តំបន់​៥ និង​ច្រក​ក្ដឹប​ថ្ម​ក្នុងស្រុក​អូរជ្រៅ តែម្ដង។ លោក​បន្ថែម​ទៀត​ថា ក្នុង​ពេល​ឆ្លងដែន​ម្ដងៗ​ពលករ​ម្នាក់​ត្រូវ​ចំណាយ​លុយ​ឲ្យ​មេខ្យល់​ប្រមាណ ៣​ពាន់​បាត ឬ​ប្រហែល​៣៨​ម៉ឺន​រៀល​(៣៨០,០០០)៖ «តាម​ដែល​ខ្ញុំ​សង្កេតមើល គេ​នាំចូល​ម្ដង​៤​ឡាន​ឯណោះ និង​មាន​ពលករ​ប្រហែល​៥០​នាក់​ចំពោះ​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​នៅ​ព្រំដែន​នោះ​បាន​ប្រាប់​ខ្ញុំ​ថា គេ​ច្រើន​នាំ​ពលករ​ឆ្លងដែន​នៅ​ពេល​រសៀល ដែល​មាន​រាប់​រយ​នាក់​ក្នុង​មួយថ្ងៃ។ និយាយ​រួម​ទៅ​គេ​នាំ​ពលករ​ឆ្លងដែន​តាម​ច្រក​របៀង​ដូច​គេ​ហែ​កឋិន​អីចឹង​សព្វថ្ងៃ​នេះ»។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ខេត្ត​បន្ទាយមានជ័យ​ព្រួយបារម្ភ​ថា ករណី​ពលករ​ឆ្លងដែន​តាម​ច្រក​របៀង​ខុសច្បាប់​នេះ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​អាច​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដាក់គុក​ច្រវ៉ាក់​ទៀត​ផង។

មេបញ្ជាការ​ទាហាន​វរ​ការពារ​ព្រំដែន​លេខ​៥០៣ និង​ប្រធាន​ច្រក​ព្រំដែន​តំបន់​ប្រាំ លោក ឃូន ជឿន មាន​ប្រសាសន៍​ថា នៅ​ច្រក​ព្រំដែន​ដែល​លោក​ប្រចាំ​ស្ងប់ស្ងាត់​ល្អ ហើយ​មិន​មានការ​លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​នោះ​ឡើយ៖ «អត់​មាន​ទេ​បង មានតែ​ប្រជាពលរដ្ឋ​គាត់​ទៅ​ផ្សារ​ថៃ​មួយ​សប្ដាហ៍​បើក​ម្ដង​នៅ​ថ្ងៃ​សុក្រ ហើយ​និង​ពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ​ទៅ​ព្រឹក ហើយ​វិល​មក​កម្ពុជា​វិញ​ពេល​រសៀល ជា​ធម្មតា​មិន​មាន​អ្វី​ខុស​ប្រក្រតី​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ចាប់​ពី​រួច​បុណ្យ​ភ្ជុំបិណ្ឌ​មក​ពលករ​បាន​នាំគ្នា​សម្រុក​ចេញទៅ​ប្រទេស​ថៃ​តាម​ច្រក​របៀង​ក្នុងស្រុក​អូរជ្រៅ យ៉ាង​ច្រើន​កុះករ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ទៀត​ថា ពលករ​ឆ្លងដែន​ទៅ​បាន​ដោយសារតែ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ច្រក​ព្រំដែន​នៅ​ក្នុង​ស្រុក​នេះ ហើយ​ពួកគេ​នៅ​ពេល​ចូល​ដល់​ទឹកដី​ថៃ ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដាក់គុក​ទៀត​ផង៖ «បើ​សិន​នៅ​ច្រក​ដែល​សមត្ថកិច្ច​ប្រចាំ​ហើយ​មាន​គេ​នាំ​ពលករ​ឆ្លងដែន​បាន ដូច្នេះ​គាត់​ក៏​ជា​ជន​ផ្សំគំនិត​ដែរ។ កម្ពុជា​យើង​ក៏​ជា​ប្រទេស​មាន​អធិបតេយ្យភាព​ដែរ​មិន​គួរ​ណា​ទៅ​លួចលាក់​នាំ​ពលករ​ឆ្លងដែន​ទេ គួរតែ​ចេញមុខ ព្រោះ​រដ្ឋាភិបាល​បាន​បើក​ឲ្យ​ធ្វើ​លិខិត​ឆ្លងដែន ដើម្បី​ឲ្យ​ពលករ​ទៅ​ធ្វើការ​ស្របច្បាប់​ហើយ ដូច្នេះ​ទង្វើ​របស់​មន្ត្រី​ព្រំដែន​នេះ​គឺជា​អំពើ​សុខ​ច្បាប់​ហើយ»។

លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ទៀត​ថា ការ​ឆ្លង​ដែន​នេះ​ដោយសារតែ​ជីវភាព​របស់​ពួកគេ​ក្រីក្រ ហើយ​នៅ​ស្រុកកំណើត​គ្មាន​ការងារ​ធ្វើ ទើប​បាន​ជា​ពួកគេ​ហ៊ាន​ឆ្លងដែន​ប្រថុយ​នឹង​គ្រោះថ្នាក់​បែបនេះ។សព្វថ្ងៃ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់ និង​ទៅ​ដោយ​ខុសច្បាប់​សរុប​មាន​ជាង​១​លាន​នាក់។ ប៉ុន្តែ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ មិន​សូវ​មាន​ពលករ​ត្រឡប់​មក​លែង​ស្រុកកំណើត​ទេ ដោយសារ​ថៅកែ​មិន​ឲ្យ​ច្បាប់​ឈប់ ហើយ​ពលករ​ដែល​ទៅលេង​ស្រុកកំណើត​ភាគច្រើន​ពួកគេ​ឆ្លងដែន​តាម​ច្រក​របៀង​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។