ជនជាតិដើមភាគតិចប្រមាណជាង ៣០០នាក់ នៅឃុំក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ប្រារព្ធពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅបរិវេណវត្តក្បាលរមាស កាលពីថ្ងៃទី១៤ និងបន្តដល់ថ្ងៃទី១៥ កក្កដា។ សហគមន៍ឲ្យដឹងថា លោកបណ្ឌិត កែម ឡី ធ្លាប់បណ្ដុះបណ្ដាលយុវជនជនជាតិដើមភាគតិចព្នង ឲ្យចេះស្រឡាញ់សង្គម បរិស្ថាន និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនការពារធនធានធម្មជាតិ និងផ្ទះសម្បែង ដែលរងការបណ្ដេញចេញដោយបង្ខំ។
ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស និងឃុំស្រែគរ សម្ដែងអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង និងសោកស្ដាយលោកបណ្ឌិត កែម ឡី ជាអ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គម ត្រូវបានឃាតកបាញ់សម្លាប់។
អ្នកភូមិរៃអង្គាសប្រាក់ប្រារព្ធពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី ហើយបាននិមន្តព្រះសង្ឃ ៧អង្គសម្ដែងធម៌ទេសនានៅពេលយប់រាប់បាត្រ ប្រគេនចង្ហាន់ និងសម្ភារផ្សេងៗដល់ព្រះសង្ឃដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោក កែម ឡី។ លើសពីនេះ ពួកគេបានផ្ដិតរូបភាពលោក កែម ឡី អមដោយកម្រងផ្កាដាក់តាំងក្នុងពិធីបុណ្យដើម្បីឲ្យសហគមន៍ឃើញមុខ ខណៈពួកគាត់ភាគច្រើនធ្លាប់ឮតែសំឡេង។
ជនជាតិដើមភាគតិចព្នង លោក ដាំ សំណាង ចាត់ទុកលោកបណ្ឌិត កែម ឡី ជាវីរជនឆ្នើមដែលចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងពង្រឹងធនធានមនុស្សតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម។ លោកចាត់ទុកមរណភាពលោក កែម ឡី គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រ និងមានតម្លៃសម្រាប់ប្រទេសជាតិ ដែលរួមចំណែកអភិវឌ្ឍន៍ជាតិ និងរកដោះស្រាយបញ្ហាសង្គមជាមួយរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល។ លោកអំពាវនាវឲ្យមានការសាងសង់រូបសំណាកលោកបណ្ឌិត កែម ឡី ដើម្បីបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោយជ្រាបពីជំហររបស់លោក។
លោក ដាំ សំណាងអះអាងថា លោកមិនទុកចិត្តការស៊ើបអង្កេតរកអ្នកបញ្ជានៅពីក្រោយខ្នងនៃឃាតកម្មនេះរបស់អាជ្ញាធររដ្ឋាភិបាលទេ និងចង់ឲ្យមានការចូលរួមស៊ើបអង្កេតដោយអ្នកជំនាញពីបរទេសក្នុងរឿងនេះ៖ «និយាយដើម្បីប្រទេសត្រូវបានគេសម្លាប់គាត់ អ៊ីចឹងហើយឲ្យកូនចៅជំនាន់ក្រោយចងចាំនៅក្នុងបេះដូងរបស់គាត់ មិនថា ជនជាតិខ្មែរ មិនថាជនជាតិដើមភាគតិច កូនចៅរបស់ខ្ញុំ និងពលរដ្ឋខ្ញុំ ត្រូវគោរពគាត់រៀងរហូត»។
យុវជនជនជាតិដើមភាគតិចព្នង រស់នៅឃុំក្បាលរមាស លោក ប្រាជ្ញ រិទ្ធី ឲ្យដឹងថា លោកបណ្ឌិត កែម ឡី បានបង្រៀនយុវជនជនជាតិដើមភាគតិចច្រើនស្ដីពីសិទ្ធិជនជាតិដើមភាគតិច រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ លោកកត់សម្គាល់ថា លោកបណ្ឌិត កែម ឡី ធ្លាប់ជំរុញឲ្យក្រុមយុវជនជនជាតិដើមភាគតិចឲ្យចេះប្រើប្រាស់សិទ្ធិស្របច្បាប់ ទាមទារដីធ្លី ធនធានធម្មជាតិ និងផ្ទះសម្បែងដែលរងការបណ្ដេញចេញដោយបង្ខំក្រោមរូបភាពអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរ៖ «នៅពេលដែលគាត់បណ្ដុះបណ្ដាលសហគមន៍ សហគមន៍គាត់គិតថា គាត់មានសិទ្ធិរស់រានមានជីវិត និងសិទ្ធិបញ្ចេញមតិក្នុងទឹកដីរបស់គាត់ដោយមិនមានការបណ្ដេញចេញដោយបង្ខំ»។
ដូចគ្នានេះដែរ មេឃុំស្រែគរ ស្រុកសេសាន លោក សៀក មេគង្គ ឲ្យដឹងថា ពលរដ្ឋឃុំស្រែគរ ជាង ១០០នាក់ បានចូលរួមពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធលោក កែម ឡី នៅឃុំក្បាលរមាស ដើម្បីសម្ដែងពីការដឹងគុណ ខណៈលោកបានលះបង់ឆន្ទៈបម្រើសង្គម និងពលរដ្ឋ។ លោកកត់សម្គាល់ថា មតិលោក កែម ឡី បញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយជារឿយៗ គឺជាទស្សនៈដ៏មានតម្លៃសម្រាប់ពលរដ្ឋ៖ «ខ្ញុំសំណូមពរកូនខ្មែរទាំងអស់ មានស្មារតីរឹងប៉ឹងទាំងអស់គ្នា និស្សិតបញ្ញវន្ត អ្នកចេះដឹង អ្នកស្នេហាជាតិ សូមឲ្យមានការរឹងប៉ឹង ក្លាហានដើម្បីភាពសេរីភាពប្រទេសជាតិមាតុភូមិយើងទាំងអស់គ្នា»។
មន្ត្រីរាជការ និងអាជ្ញាធរមួយចំនួនដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចបង្ហើបថា មរណភាពរបស់លោក កែម ឡី ត្បិតពួកគេមើលពីខាងក្រៅធម្មតា តែធាតុពិតក្នុងអារម្មណ៍ពួកគេក្ដុកក្ដួលយ៉ាងខ្លាំង មិនខុសពីការស្រែកទ្រហោយំរបស់ក្រុមយុវជន និងពលរដ្ឋនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។