ក្រសួង​ព័ត៌មាន​មិន​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ បើក​ទូរទស្សន៍

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ អែហ្វ.អិម ១០៥ មេហ្គាហឺតស៍ (FM 105) គឺ​លោក ម៉ម សូណង់ដូ ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ធ្វើ​បាតុកម្ម​រៀង​រាល់​សប្ដាហ៍ ដើម្បី​ទាមទារ​សិទ្ធិ​បង្កើត​ស្ថានីយ​ទូរទស្សន៍​មួយ។

0:00 / 0:00

ការ​ដាក់​លិខិត​ស្នើសុំ​ធ្វើ​បាតុកម្ម​រាល់​សប្ដាហ៍​របស់ លោក ម៉ម សូណង់ដូ ទៅ​សាលា​រាជធានី​ភ្នំពេញ គឺ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន ចេញ​លិខិត​បដិសេធ​ការ​ផ្ដល់​ហ្វ្រេកង់ ឬ​រលក​ធាតុ​អាកាស សម្រាប់​វិទ្យុ និង​ទូរទស្សន៍។

នៅ​ក្នុង​លិខិត​របស់ លោក ម៉ម សូណង់ដូ ដែល​បាន​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ មាន​ខ្លឹមសារ​ថា ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ មករា ត​ទៅ លោក​នឹង​ដឹក​នាំ​បាតុករ​ចំនួន​តិច​ជាង ២០០​នាក់ ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង ៧​ព្រឹក។ នៅ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ហែ​ក្បួន​ឆ្ពោះ​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​នេះ​អនុញ្ញាត​ឱ្យ​វិទ្យុ​សម្បុក​ឃ្មុំ ដំឡើង​ការ​ផ្សាយ​បន្ត (Relay) ទៅ​តាម​បណ្ដា​ខេត្ត និង​សុំ​ហ្វ្រេកង់ ឬ​រលក​ធាតុ​អាកាស សម្រាប់​បង្កើត​ទូរទស្សន៍​ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លិខិត​លេខ​០៥៣ របស់​ក្រសួង​ព័ត៌មាន ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ថ្ងៃ​ទី​១០ មករា បាន​សរសេរ​តប​ទៅ​អ្នកស្រី ឌិន ផាណារ៉ា ប្រធាន​ស្ដីទី​វិទ្យុ​សម្បុក​ឃ្មុំ អែហ្វ.អិម ១០៥ មេហ្គាហឺតស៍ ថា ក្រសួង​ព័ត៌មាន មាន​ការ​សោកស្ដាយ​ដោយ​ពុំ​មាន​សល់​ហ្វ្រកង់​វិទ្យុ និង​ហ្វ្រេកង់​ទូរទស្សន៍ សម្រាប់​ផ្ដល់​តាម​ការ​ស្នើសុំ​របស់​អ្នកស្រី​បាន​ទេ។

ទាក់ទង​នឹង​លិខិត​ស្នើសុំ​ធ្វើ​បាតុកម្ម​រាល់​សប្ដាហ៍ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា ខាង​លោក​បាន​ទទួល​លិខិត​របស់ លោក ម៉ម សូណង់ដូ នៅ​វេលា​ម៉ោង ៤​ល្ងាច ហើយ​ថ្នាក់​ដឹក​នាំ​កំពុង​ពិនិត្យ និង​ពិភាក្សា​លើ​លិខិត​ស្នើសុំ​នេះ៖ «ទទួល​ពី​លោក​ប្រធាន​នៅ​ម៉ោង ៤​នេះ​ឯង។ ឥឡូវ​យើង​កំពុង​ធ្វើ​បទ​បង្ហាញ​ដាក់​ជូន​ឯកឧត្ដម​អភិបាល​រាជធានី​លោក​សម្រេច។ ប្រហែល​ជា​ស្អែក​យ៉ាង​យូរ បាន​លទ្ធផល​ហើយ»

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង​ប្រធាន និង​ប្រធាន​ស្ដីទី​នៃ​វិទ្យុ​សម្បុក​ឃ្មុំ គឺ​លោក ម៉ម សូណង់ដូ និង​អ្នកស្រី ឌិន ផាណារ៉ា ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​គម្រោង​ធ្វើ​បាតុកម្ម​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ទោះ​ជា​ដូច្នេះ​ក្ដី កាល​ពី​ដើម​ខែ​មករា លោក ម៉ម សូណង់ដូ ធ្លាប់​ថ្លែង​ទាក់ទង​នឹង​ការ​សុំ​ហ្វ្រេកង់​បង្កើត​ទូរទស្សន៍​ថា ការ​ដែល​រដ្ឋាភិបាល​មិន​ផ្ដល់​ហ្វ្រេកង់​ឱ្យ​លោក​បង្កើត​ទូរទស្សន៍ គឺ​ហាក់​ដូច​ជា​ឪពុក​ម្ដាយ​ផ្ដល់​អាហារ​ឱ្យ​កូន​មិន​ស្មើ​គ្នា​ដែរ ដោយ​លោក​ថ្លែង​ថា ជា​ការ​ឱ្យ​កូន​មួយ​បាន​ស៊ី ហើយ​កូន​មួយ​ទៀត​អត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។