ស្ថានភាពរបួសរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីជនមិនស្គាល់មុខបានទាញម៉ូតូអ្នកស្រីបណ្ដាលឲ្យដួលសន្លប់កាលពីរសៀលថ្ងៃទី១០ សីហា។ កូនស្រីជនរងគ្រោះចាត់ទុកគ្រោះថ្នាក់ចរាចរលើម្ដាយរបស់នាងថា ជាការប៉ុនប៉ងសម្លាប់អ្នកស្រី អ៊ុក ឆាយ៉ាវី ហើយបានអំពាវនាវឱ្យអាជ្ញាធរស្វែងរកចាប់ដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
កូនស្រីអ្នកស្រី អ៊ុក ឆាយ៉ាវី គឺកញ្ញា យិន ម៉ូលីនី ថ្លែងនៅរសៀលថ្ងៃទី១១ សីហាថា ម្ដាយរបស់កញ្ញាហើមមាត់ និងជាំភ្នែក ព្រមទាំងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ជាពិសេសដៃខាងឆ្វេងមិនអាចកាន់អ្វីបាននោះទេ។កញ្ញាបន្ថែមថា បច្ចុប្បន្នម្ដាយរបស់កញ្ញាសម្រាកព្យាបាលជំងឺនៅផ្ទះ ហើយពិសារបបរបានតិចតួច ដោយមិនអាចនិយាយស្ដីបានច្រើនដូចពេលមុនឡើយ។កញ្ញាបន្តថា កញ្ញានឹងប្ដឹងប៉ូលិសឱ្យរកយុត្តិធម៌ដល់ម្ដាយរបស់នាងក្នុងពេលឆាប់ៗ ដោយមិនលើកលែងឡើយ ពីព្រោះកញ្ញាយល់ថា គ្រោះថ្នាក់ចរាចរនេះ ជាការប៉ុនប៉ងធ្វើបាបម្ដាយរបស់នាង៖ «នេះជាការឈឺចាប់មួយដែលខ្ញុំទទួលយកមិនបានទេ ប៉ាគាត់ខលមកភ្លាមគឺខ្ញុំស្លុតអស់ហើយ។រឿងនេះអាចនឹងប៉ុនប៉ងសម្លាប់ ដោយសារតែពេលហ្នឹងប៉ាខ្ញុំមិនសូវត្រូវអីទេ អីចឹងប៉ាខ្ញុំជាសាក្សីនៅកន្លែងកើតហេតុ គឺគាត់ឃើញជនមិនស្គាល់មុខពីរនាក់ពាក់អាវធំហើយបាក់មួកសុវត្ថិភាពជិះម៉ូតូធំ គឺ គាត់ជិះមកបំណងផ្ដួលកន្ត្រាក់ម៉ូតូម៉ាក់ខ្ញុំឱ្យដួលតែម្ដង » ។
នៅថ្ងៃទី១១ សីហា មានក្រុមយុវជន កម្មករ និងប្រជាពលរដ្ឋជាច្រើននាក់ បានបណ្ដាក់គ្នាទៅសួរសុខទុក្ខអ្នកស្រី អ៊ុក ឆាយ៉ាវី ដល់ផ្ទះរបស់គាត់ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលជាបន្តបន្ទាប់។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ អ្នកស្រី អ៊ុក ឆាយ៉ាវី ជួបគ្រោះថ្នាក់ចរាចរក្នុងពេលដែលអ្នកស្រីធ្វើដំណើរជាមួយប្ដីរបស់គាត់ត្រឡប់មកពីធ្វើការនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ សីហា។ អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារតែបុរសពីរនាក់ពាក់អាវខ្មៅបានចាប់រុញដៃចង្កូតម៉ូតូរបស់អ្នកស្រី បណ្ដាលឱ្យដួលសន្លប់ នៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ទាក់ទងនឹងបញ្ហានេះអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា ប៉ូលិសមិនទាន់មានវិធានការណ៍ចំពោះគ្រោះថ្នាក់ចរាចររបស់អ្នកស្រី អ៊ុក ឆាយ៉ាវី នេះនៅឡើយទេ ដោយសារមិនទាន់មានបណ្ដឹងពីសាមីខ្លួននៅឡើយ៖ «អីចឹងគាត់នឹងដើរបោកក្បាលដួលណាបាត់ទៅ ហើយគាត់បង្ហោះហ្វេសប៊ុកទៅឱ្យគេទៅរកយុត្តិធម៌យ៉ាងម៉េចកើត វាមានការប្ដឹងត្រូវទៅធ្វើកំណត់ហេតុ ត្រូវនិយាយហេតុការណ៍ប្រាប់គេបានគេមានមូលដ្ឋានសម្រាប់ស្រាវជ្រាវស៊ើបអង្កេត។ តែបើគ្រាន់តែគាត់ស្រែកតាមហ្វេសប៊ុកឱ្យគេទៅរកមនុស្សនៅណា គេទៅធ្វើកំណត់ហេតុជាមួយគាត់នៅណា គេទៅរកគាត់ដល់ផ្ទះឬដល់ស្នាក់ការប៉ូលិស ឱ្យគាត់យល់អីចឹងវិញផង » ។
ទោះជាយ៉ាងណាប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ថ្វីត្បិតតែជនរងគ្រោះពុំទាន់ប្ដឹងប៉ូលិសឱ្យជួយរកយុត្តិធម៌ក៏ដោយក៏សមត្ថកិច្ច មានកាតព្វកិច្ចស៊ើបអង្កេតរកមូលហេតុជាក់លាក់អំពីគ្រោះថ្នាក់ចរាចរនេះដែរ ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ។លោក បញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនស្រាវជ្រាវលើរឿងនេះឱ្យបានដឹងហេតុផលច្បាស់លាស់ទេ នោះនឹងរងការរិះគន់ពីប្រជាពលរដ្ឋថា អាជ្ញាធរនៅពីក្រោយខ្នងគ្រោះថ្នាក់ចរាចរនេះជាមិនខានឡើយ៖ «ខ្ញុំគិតថាជាតួនាទីរបស់សមត្ថកិច្ចកុំបដិសេធកុំព្យាយាមរុញរឿងហ្នឹងចេញ គួរតែលោកព្យាយាមស្រាវជ្រាវ និងលើកទឹកចិត្តឱ្យអ្នករងគ្រោះហ្នឹងគាត់ដាក់ពាក្យបណ្ដឹង ហើយធ្វើយ៉ាងណាដោះស្រាយបណ្ដឹងរបស់គាត់ ខិតខំ ស្វះស្វែងរកអ្នកដៃដល់ដែលបានប្រព្រឹត្តក្នុងរឿងហ្នឹង យើងមិនថាតើរឿងហ្នឹងជាមូលហេតុអីទេ ប៉ុន្តែគ្រាន់តែថា ព្យាយាមធ្វើយ៉ាងម៉េចស្រាវជ្រាវរកឱ្យឃើញយើងនឹងដឹងការពិតហើយ » ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ជាមនុស្សស្និទ្ធនឹងប្រធានសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន ហើយអ្នកស្រីតែងតែដឹកនាំក្រុមយុវជននិងកម្មករ តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការដោះលែងលោក រ៉ុង ឈុន ជាបន្តបន្ទាប់។ ចាប់តាំងពីការតវ៉ានេះមក អ្នកស្រីត្រូវបានមនុស្សប្លែកមុខជាច្រើននាក់ជិះម៉ូតូតាមដានអ្នកស្រីរហូតមក។
អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាងថា បើទោះពីជាអ្នកស្រីជួបគ្រោះថ្នាក់ចរាចរបែបនេះក្ដី គឺអ្នកស្រីនៅតែប្រកាន់ជំហរដឹកនាំពលរដ្ឋតវ៉ាស្វែងរកយុត្តិធម៌ជូនលោក រ៉ុង ឈុន ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។