មន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញលើកទឹកចិត្តឲ្យពលរដ្ឋប្ដឹងបញ្ហានានា តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប្រសិនបើប៉ូលិសនៅតាមមូលដ្ឋាន មិនអើពើដោះស្រាយបញ្ហារបស់ពួកគាត់។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងកាលពីថ្ងៃទី១២ វិច្ឆិកាថា គ្រប់ព័ត៌មានដែលទទួលបាន លោកនឹងចាត់ឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យជាក់ស្ដែង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។ លោកបន្តថា ការប្តឹងឬសរសេរពីបញ្ហានានាតាមបណ្ដាញសង្គម Facebook គឺជាវិធីដ៏ល្អបំផុត និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយរាល់តម្រូវការរបស់ពលរដ្ឋនៅតាមមូលដ្ឋាន ដែលអាជ្ញាធរមិនបានយកចិត្តទុកដាក់ដោះស្រាយ៖ « ប្រសិនបើរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ ប៉ូលិសព្រងើយកន្តើយ មិនចាត់វិធានការ យើងមានបណ្ដាញហ្វេសប៊ុក។ ខ្ញុំក៏មានហ្វេសប៊ុកដែរ ដាក់តាមហ្នឹងទៅ គឺយើងដឹងគ្រប់គ្នា ដូចនេះឆាប់ណាស់ ពីព្រោះខ្ញុំបានចាត់ឲ្យប្រមូលព័ត៌មាននេះ គឺមិនរើសអើងទេ។ ព័ត៌មានតាមហ្វេសប៊ុក ក៏ជាព័ត៌មាន ហើយព័ត៌មានតាមបណ្ដឹងជាលាយលក្ខណ៍អក្សរក៏ជាព័ត៌មាន។ យើងយកទាំងអស់ និងចុះពិនិត្យមើលតើរឿងហ្នឹងពិតឬមិនពិត។ ភាគច្រើនក្នុងរង្វង់ពី៨០ % ទៅ៩០ % គឺវាពិត »។
លោក ស ខេង លើកឡើងដូច្នោះ នៅពេលលោកផ្ដល់ពូជស្រូវ និងអំណោយផ្សេងៗ ដល់ជនរងគ្រោះដោយសារទឹកជំនន់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
ជំនន់ទឹកភ្លៀងក្នុងខេត្តព្រៃវែង បណ្ណាល័យឱ្យប៉ះពាល់ដំណាំស្រូវ សរុបជិត ៦ពាន់ហិកតារ (៥ ៦៦៨) ក្នុងនោះខូចខាតចំនួន ៣ពាន់៥០០ហិកតារ ក្នុងស្រុកចំនួន៧។ បន្ថែមពីនេះ ទឹកជំនន់ បណ្ដាលឲ្យខូចខាតផ្លូវ ទំនប់ប្រឡាយ ប្រព័ន្ធលូ ជាដើម។
ទឹកជំនន់នៅក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សចំនួន ៤៤នាក់។ គិតត្រឹមថ្ងៃ២៧ ខែតុលា មានប្រជាពលរដ្ឋ រងផលប៉ះពាល់ ប្រមាណជិត ១៥ម៉ឺនគ្រួសារ ស្មើប្រមាណជិត ៦សែននាក់។ ប្រជាជនដែលត្រូវបានជម្លៀស មានចំនួន ជាង៤ម៉ឺន ៧ពាន់នាក់ លំនៅឋានប៉ះពាល់ ជាង១សែន ៣ម៉ឺន៤ពាន់ខ្នង ដំណាំស្រូវលិចទឹកជាង ២សែន ៨ម៉ឺន ៤ពាន់ហិកតារ និង ដំណាំរួមផ្សំជិត១សែន ហិកតារ ព្រមទាំងហេថារចនាសម្ព័ន្ធជាច្រើនរួមមានផ្លូវជាតិ ផ្លូវខេត្ត ទំនប់និងប្រឡាយមេ ជាដើម ដោយសារគ្រោះទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។