សមត្ថកិច្ចក្រសួងមហាផ្ទៃចេញលទ្ធផលស៊ើបអង្កេតករណីលោក ពេជ្រ ធារ៉េត ដែលប៉ូលិសស្រុកសង្កែចាប់ឃុំខ្លួនសួរចម្លើយ កាលពីដើមឆ្នាំ២០២១ ដោយសន្និដ្ឋានថា លោកស្លាប់ដោយសារគាំងបេះដូងពុំជាប់ពាក់ព័ន្ធអំពើទារុណកម្មទេ។ ប៉ុន្តែសាច់ញាតិជនរងគ្រោះចាត់ទុកលទ្ធផលនេះផ្ទុយពីការពិតជាក់ស្ដែង ដែលមិនអាចជឿជាក់បានឡើយ។
សាច់ញាតិរបស់ជនរងគ្រោះច្រានចោល ចំពោះលទ្ធផលស៊ើបអង្កេតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចាត់ទុកលទ្ធផលនេះថា មិនឆ្លុះបញ្ចាំងការពិត និងមិនអាចទទួលយកបានឡើយ។
បងស្រីបង្កើតរបស់ជនរងគ្រោះ គឺលោកស្រី ពេជ្រ លីណា ប្រាប់វិទ្យុអាស៊ីសេរីថា នៅថ្ងៃទី១៦ ខែកញ្ញាថា លទ្ធផលស៊ើបអង្កេតនេះ មិនស្របតាមគោលបំណង ដែលលោកស្រីស្នើសុំឱ្យស្ថាប័នជំនាញចាត់វិធានការផ្លូវច្បាប់លើជនប្រព្រឹត្តអំពើទារុណកម្មលើប្អូនប្រុសរបស់លោកស្រីរហូតដល់ស្លាប់ទាំងអយុត្តិធម៌ឡើយ។ ស្ត្រីវ័យ ៣០ឆ្នាំរូបនេះ ឱ្យដឹងថា លោកស្រីមានភស្តុតាងបញ្ជាក់ថា ជនរងគ្រោះមិនមានជំងឺបេះដូង ហើយថ្ងៃកើតហេតុប៉ូលិសស្រុកសង្កែជាច្រើននាក់ដឹកនាំដោយនាំដោយលោក ស៊ុន សុវណ្ណ ចាប់ឃុំខ្លួនប្អូនប្រុសទៅសួរចម្លើយទាំងរស់ និងគ្មានស្នាមរបួសអ្វីឡើយ ខណៈគណៈកម្មាធិការជាតិប្រឆាំងអំពើទារុណកម្មលើកឡើងដូច្នេះដែរ។ ប៉ុន្តែលោកស្រីយល់ថា លទ្ធផលស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបានពីការបំភ្លឺរបស់សមត្ថកិច្ច និងសាក្សីកន្លងមកនេះ គឺមិនត្រឹមត្រូវ និងមិនស៊ីសង្វាក់គ្នាទៅនឹងស្នាមរបួសជាក់ស្ដែងនៅលើសាកសពជនរងគ្រោះ ដែលសង្ស័យថា ត្រូវប៉ូលិសឆក់ខ្សែភ្លើង និងប្រើអំពើទារុណកម្មសាហាវព្រៃផ្សៃនៅអធិការដ្ឋាននគរបាលស្រុកសង្កែ។ លោកស្រីស្នើដល់ស្ថាប័នពាក់ព័ន្ធជួយពន្លឿនចេញលទ្ធផលស៊ើបអង្កេតចុងក្រោយដោយឯករាជ្យ និងត្រឹមត្រូវ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «សមត្ថកិច្ចស្រុកសង្កែដឹកនាំដោយលោកអធិការ ស៊ុន សុវណ្ណ យកជនសង្ស័យ ដែលជាប្អូនរបស់ខ្ញុំទៅសួរចម្លើយទាំងរស់ គ្មានស្លាកស្នាម តែ ៣ម៉ោងដឹកសាកសពប្អូនខ្ញុំត្រឡប់មកវិញ បូករួមទាំងមានស្នាមទារុណកម្មពីជើងរហូតដល់ក តែរហូតមកដល់ឥឡូវ ចេញរបាយការណ៍បញ្ជូនមកក្រសួងមហាផ្ទៃថា ប្អូនខ្ញុំមិនស្លាប់ដោយសារអំពើទារុណកម្ម តែថា ស្លាប់ដោយសារគ្រឿងញៀនខ្ញុំអត់អាចទទួលយកបានទេ ចំពោះលទ្ធផលនេះ»។
ប្រតិកម្មនេះ បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃ២៥ ខែកក្កដា បានផ្ញើរបាយការណ៍មួយច្បាប់ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្ដីពីលទ្ធផលនៃការស៊ើបអង្កេតករណីស្លាប់ជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ធារ៉េត ហៅ ស្នា នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង កាលពីដើមខែមេសា ឆ្នាំ២០២១។ របាយការណ៍បញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានកោះហៅសមត្ថកិច្ចស្រុកសង្កែពាក់ព័ន្ធចំនួន ៩នាក់ និងសាក្សីចំនួន ៦នាក់ ដោយក្នុងនោះ ក៏មានសាច់ញាតិប្រពន្ធជនសង្ស័យ ២នាក់ រួមទាំងអាជ្ញាធរមូលដ្ឋាន ៤នាក់ទៀត មកបំភ្លឺដែរ។ តាមលទ្ធផលស៊ើបអង្កេត ចម្លើយរបស់សាក្សីនៅកន្លែងកើតហេតុ និងលទ្ធផលកោសលវិច័យរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដោយសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសន្និដ្ឋានថា ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត ប្រើគ្រឿងញៀនចំនួន ២ដងនៅថ្ងៃកើតហេតុ ហើយមុនពេលនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសង្កែ ជនសង្ស័យមានការប្រទាញប្រទង់ជាមួយសមត្ថកិច្ច និងមានការវាយតប់ពីសំណាក់ប្រជាពលរដ្ឋ។ ដោយឡែកស្នាកស្នាមនៅលើដងខ្លួន និងជើងរបស់ជនសង្ស័យ អាចបណ្ដាលមកពីការប៉ះទង្គិចក្នុងបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន ព្រោះជនសង្ស័យបានទាត់ទ្វារ និងចម្រឹងបង្អួច ហើយស្លាកស្នាមនេះ តាមការអះអាងរបស់មន្ត្រីជំនាញកោសលវិច័យ គឺពុំអាចបណ្ដាលឱ្យជនសង្ស័យស្លាប់បានឡើយ។ ដូច្នេះ របាយការណ៍នេះ អះអាងថា ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ពុំមានជាប់ពាក់ព័ន្ធអំពើទារុណកម្មនោះទេ។
ជុំវិញរឿងនេះ ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលោក នុត សាអាន ប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងនេះនឹងបញ្ជូនមកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងលោកមិនទាន់ទទួលបានរបាយការណ៍ស៊ើបអង្កេតទាក់ទងការស្លាប់របស់ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត ពីអគ្គស្នងការដ្ឋាននគរបាលជាតិនៅឡើយទេ គិតត្រឹមនៅថ្ងៃទី១៦ ខែកញ្ញា។ លោកបញ្ជាក់ថា តាមនីតិវិធី បើសិនការស៊ើបអង្កេតរកឃើញលទ្ធផលផ្សេងគ្នា មន្ត្រីមានសមត្ថកិច្ចទាំងពីរស្ថាប័នត្រូវជួបពិភាក្សា ដើម្បីស្វែងរកមូលហេតុ និងចេញសេចក្ដីសន្និដ្ឋានជាចុងក្រោយ៖ «ពីព្រោះខ្ញុំមានរបាយការណ៍របស់ខ្ញុំ ហើយ ខ្ញុំបានផ្ញើឱ្យគេ ( អគ្គស្នងការដ្ឋាននគរបាលជាតិ ) ហើយគេធ្វើការស្រាវជ្រាវបន្ថែមទៀតថា តើរបាយការណ៍ខ្ញុំ និងរបាយការណ៍គេដូចគ្នា ឬអត់ កាលណាអត់ដូចគ្នាទេ យើងនឹងជួបពិភាក្សាគ្នាទៀត តើរឿងហ្នឹងវាយ៉ាងមិច ខ្ញុំម៉េចឃើញអ៊ីចឹង ខាងហ្នឹងមិចឃើញអ៊ីចឹង តើយើងសម្រេចធ្វើយ៉ាងណា។ កាលណាបានរបាយការណ៍មកខាងខ្ញុំនឹងណាត់ជួបភ្លាមៗ ហ្នឹងឯង មិនទុកយូរទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១៦ ខែកញ្ញា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
មកទល់ពេលនេះ សំណុំរឿងនៃការស្លាប់របស់បុរសឈ្មោះ ពេជ្រ ធារ៉េត ដែលសង្ស័យថា ប៉ូលិសស្រុកសង្កែជាអ្នកធ្វើទារុណកម្មនោះ បានអូសបន្លាយពេលជាង ១ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះនោះទេ បើទោះជាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរកឃើញជាជំហានដំបូងថា ប៉ូលិសស្រុកសង្កែ ពិតជាពាក់ព័ន្ធនឹងការធ្វើទារុណកម្មពិតមែនក្ដី។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា កន្លងមកមន្ត្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មធ្លាប់ឱ្យដឹងថា សមត្ថកិច្ចពុំមានរបាយការណ៍ណាមួយយកបញ្ជាក់ថា ការស្លាប់របស់លោក ពេជ្រ ធារ៉េត ដែលគាំងបេះដូងដោយសារប្រើថ្នាំញៀនហួសកម្រិតនោះទេ ខណៈគណៈកម្មាធិការនេះក៏បានលើកឡើងក្នុងរបាយការណ៍ដែរថា សំណុំរឿងនេះអាចមានអំពើទារុណកម្មតិច ឬច្រើន។ ដូច្នេះលោកសង្កេតឃើញថា របាយការណ៍រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអគ្គស្នងការដ្ឋាននគរបាលជាតិរកឃើញផ្ទុយគ្នា។ លោក យិន ម៉េងលី យល់ថា គ្រួសារជនរងគ្រោះនឹងយល់ច្បាស់អំពីលទ្ធផលស៊ើបអង្កេតរបស់ស្ថាប័នទាំងនេះ។ ទោះជាយ៉ាងណាក្ដី លោកកត់សម្គាល់ឃើញថា ដំណើរស៊ើបអង្កេតសំណុំរឿងនេះ ធ្វើឡើងយឺតយ៉ាវ ដែលនាំគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនឹងបាត់ជំនឿលើការអនុវត្តច្បាប់របស់សមត្ថកិច្ច៖ «ទោះបីការអង្កេតទៅលទ្ធផលវិជ្ជមានក្ដី ឬអវិជ្ជមានក្តីចេញរបាយការណ៍ទៅឱ្យក្រុមគ្រួសារជនរងគ្រោះទៅ ហើយបើសិនជាក្រុមគ្រួសារមិនទុកចិត្ត មិនពេញចិត្តមាននីតិវិធីមួយទៀត ប្ដឹងចូលទៅតុលាការទៅ ហើយរឿងហ្នឹង វាអូសបន្លាយយូរម្ល៉េះ ហ្នឹងហើយដែលធ្វើឱ្យប្រជាពលរដ្ឋហាក់អត់ទឹកចិត្ត នេះបងបង្កើតរបស់ជនរងគ្រោះ ឬជនជាប់សង្ស័យគាត់ដើរគ្រប់ស្ថាប័ន គាត់ដេញដោលសាកសួររហូតដល់មានការប៉ះពាក្យសម្ដីផង ទើបទទួលបានលទ្ធផលប៉ុណ្ណឹង»។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំ មានមុខរបរជាជាងផ្សារដែក រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ បានស្លាប់បាត់បង់ជីវិត ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ម៉ោង ពាក់ព័ន្ធនឹងការសង្ស័យថា គាត់រាយខ្សែភ្លើងអគ្គិសនី ដើម្បីឆក់សម្លាប់ប្រពន្ធនៅក្នុងផ្ទះដោយសារភ្លើងប្រច័ណ្ឌ ប៉ុន្តែសាក្សីអះអាងថា ក្នុងពេលកើតហេតុ គឺបុរសជាប្តីរូបនេះ មិនបាននៅផ្ទះឡើយ។ ប៉ូលិសខេត្តបាត់ដំបង បកស្រាយថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំញៀនហួសកម្រិត។ ប៉ុន្តែនៅពេលសាច់ញាតិ ពិនិត្យសាកសពឃើញមានស្នាមរបួស និងជាំពេញខ្លួនចាប់តាំងពីជើងរហូតដល់ក្បាល និងមានហូរឈាមតាមច្រមុះ និងត្រចៀក ព្រមទាំងស្នាមខូងនៅកន្លែងដាក់ខ្នោះ និងស្នាមជាំខ្លាំងនៅកជើងទាំងពីរ។ លើសពីនេះ សំលៀកបំពាក់របស់ជនរងគ្រោះ ត្រូវបានផ្លាស់ប្ដូរ ហើយសាច់ញាតិអះអាងថា សមត្ថកិច្ចបានព្យាយាមរារាំងមិនឲ្យសាច់ញាតិ និងអ្នកកាសែត ពិនិត្យសាកសពទៀតផង។ អ្នកជំនាញ និងគ្រួសារជនរងគ្រោះសន្និដ្ឋានថា ស្នាមជាំ និងរបួសនៅលើដងខ្លួនសាកសពលោក ពេជ្រ ធារ៉េត ជាស្នាមរងទារុណកម្មដោយការវាយដំ និងឆក់ខ្សែភ្លើង។ ខាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក៏បានចុះស៊ើបអង្កេតរកឃើញថា ការស្លាប់របស់ជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មរបស់នគរបាលស្រុកសង្កែដែរ។ ទោះជាយ៉ាងណាក្ដី មកទល់ពេលនេះ ក្រុមនគរបាលស្រុកសង្កែ ដែលជាប់សង្ស័យក្នុងករណីនេះ នៅតែមានសេរីភាពដដែល។
បងស្រីរបស់ជនគ្រោះ ដែលសកម្មក្នុងការស្វែងរកយុត្តិធម៌ជូនប្អូនប្រុសនេះអះអាងថា របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមិនត្រឹមត្រូវ និងចម្លាក់កំហុសលើជនរងគ្រោះ។ លោកស្រីស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ស្វែងរកការពិត ដើម្បីយកជនដៃដល់ ដែលប្រើអំពីទារុណកម្មយ៉ាងព្រៃផ្សៃយកមកផ្ដន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។