សង្គម​ស៊ីវិល ស្នើសុំ​រដ្ឋាភិបាល​ពិភាក្សា​ឲ្យ​បាន​ល្អិត​ល្អន់ អំពី​គម្រោង​ធ្វើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ដែល​មាន​លក្ខណៈ​តឹងរ៉ឹង

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល ស្នើសុំ​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ចាប់​ផ្ដើម​សិក្សា​បង្កើត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង​ច្បាប់​ចរាចរណ៍​បច្ចុប្បន្ន។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ព្រួយ​បារម្ភ​ថា ប្រសិន​រដ្ឋាភិបាល​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​មួយ​ទៀត ដោយ​គ្មាន​ការ​ពិភាក្សា​គ្នា​ច្បាស់លាស់​ទេ ច្បាប់​នោះ​នឹង​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ថែម​ទៀត សម្រាប់​ពលរដ្ឋ​ក្រី​ក្រ ជា​ពិសេស​ក្រុម​អ្នក​គ្មាន​ប្រាក់​ឈ្នួល​ទៀងទាត់ ឬ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

លោក​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​គួរ​រក​យន្តការ​ធ្វើ​យ៉ាង​ណា​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បច្ចុប្បន្ន ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដូចជា ការ​ចាប់​ពិន័យ​ត្រូវ​ធានា​ថា ធ្វើ​ឡើង​ដោយ​ស្មើភាព​គ្នា ការ​ហាមឃាត់​រថយន្ត​ធុន​ធំ កុំ​ឲ្យ​បើក​ចូល​ក្រុង ការ​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ កុំ​ឲ្យ​កក​ស្ទះ​ជា​ដើម។

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ប្រធាន​គណៈកម្មាធិការ​ចរាចរណ៍​ផ្លូវ​គោក គឺ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី២៥ មករា​ថា នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ លោក​នឹង​ដឹកនាំ​ការ​ពិនិត្យ​រៀប​ចំ​ច្បាប់​ចរាចរណ៍​ថ្មី​មួយ​ទៀត ដែល​ច្បាប់​នោះ​នឹង​​មាន​លក្ខណៈ​តឹងរ៉ឹង​ជា​ង​ច្បាប់​​ចរាចរណ៍​បច្ចុប្បន្ន។ លោក បញ្ជាក់​ថា មូលហេតុ​ដែល​ត្រៀម​ធ្វើ​ច្បាប់​ថ្មី​នោះ គឺ​ដោយសារ​ច្បាប់​ចរាចរណ៍​បច្ចុប្បន្ន​មាន​ច្រើន​មាត្រា​ពេក ដែល​មិន​អាច​ធ្វើ​វិសោធនកម្ម​បាន។
ទន្ទឹម​នឹង​ការ​ត្រៀម​បង្កើត​ច្បាប់​ថ្មី​នេះ លោក ស ខេង បាន​បង្គាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​អនុវត្ត​ច្បាប់ និង​វិធានការ​ច្បាប់​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​តឹងរ៉ឹង ក្រោយ​ពេល​លោក​សង្កេត​ឃើញ​ថា នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត មិន​ទាន់​គោរព​ច្បាប់​ចរាចរណ៍។
ក្រៅ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដែល​មាន​ច្រើន​មាត្រា​មិន​អាច​វិសោធនកម្ម​បាន​ហើយ​នោះ រដ្ឋាភិបាល​ក៏​បាន​ចេញ​អនុក្រឹត្យ​បន្ថែម​ការ​ពិន័យ​អ្នក​បើក​បរ​ម៉ូតូ និង​រថយន្ត ចំនួន ១៦ចំណុច​ថែម​ទៀត​ដែរ ដែល​ការ​ពិន័យ​ទាប​បំផុត​គឺ ចាប់​ពី ៦ម៉ឺន (៦០.០០០) រៀល ដល់ ៤លាន (៤.០០០.០០០) រៀល។

របាយការណ៍​ប្រចាំ​ឆ្នាំ២០២១ បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ ៥០៦ករណី​ស្មើ​នឹង ១៦ភាគ​រយ បើ​ធៀប​ឆ្នាំ២០២០។ ចំណែក​អ្នក​ស្លាប់ និង​អ្នក​រង​របួស ក៏​ថយ​ចុះ​ដែរ គឺ​ស្លាប់​ថយ ១៤៩នាក់ និង​របួស​ថយ ១.០៧១នាក់។ ប៉ុន្តែ​​ក្រុម​អ្នក​ឃ្លាំមើល​ថា ការ​ថយ​ចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី​ស្ថានភាព​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (Covid-19) ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការ​ធ្វើ​ដំណើរ។ ចំណែក​ពលរដ្ឋ ក៏​មិន​ទាន់​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​អ្វី​ដែរ គឺ​ពួកគាត់​ខ្លាច​តែ​ប៉ូលិស​ចរាចរណ៍​ចាប់​ផាក​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។