ក្រុមមន្ត្រីអធិការកិច្ចក្រសួងសុខាភិបាល បានបញ្ចប់ការស៊ើបអង្កេតជុំវិញបណ្ដឹងរបស់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលប្ដឹងថ្នាក់ដឹកនាំខ្លួនកន្លងមក ប៉ុន្តែការស៊ើបអង្កេតនោះ មិនទាន់ប្រកាសលទ្ធផលបែបណានៅឡើយទេ។
បុគ្គលិកពេទ្យដែលប្ដឹងប្រធានខ្លួន ថ្លែងអះអាងថាគ្មានជំនឿទៅលើមន្ត្រីអធិការកិច្ចរបស់ក្រសួងសុខាភិបាល ទេ ហើយត្រៀមប្ដឹងទៅកាន់ស្ថាប័នរដ្ឋសភាបន្តទៀត។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក សេង ណុង មានប្រសាសន៍ថា ក្រុមគ្រូពេទ្យចំនួន ៣២នាក់ក្នុងចំណោមបុគ្គលិកជិត ២០០នាក់ បានប្ដឹងរូបលោកពីបទពុករលួយ ឬបក្ខពួកនិយម ហើយចំពោះការស៊ើបអង្កេតលើរឿងនេះពីមន្ត្រីជំនាញ បានធ្វើរួចហើយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា។
លោកចាត់ទុកបណ្ដឹងដែលប្ដឹងដោយបុគ្គលិកក្រោមឱវាទ គឺដោយសារតែរូបលោកបានរឹតបន្តឹងវិន័យរដ្ឋបាល ឬពេលម៉ោងធ្វើការងារ និងកាត់បន្ថយថវិកាចំណាយក្នុងមន្ទីរពេទ្យ ជាដើម។ វិធានការនេះ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ឬពេលវេលារបស់ក្រុមគ្រូពេទ្យមួយចំនួនដែលមានការងារបន្ថែមនៅខាងក្រៅមន្ទីរពេទ្យរដ្ឋ។
យ៉ាងនេះក្តី បណ្ដឹងរបស់ក្រុមគ្រូពេទ្យចំនួន ៣២នាក់ បានចោទថា ចាប់តាំងពី លោក សេង ណុង បានឡើងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅចុងឆ្នាំ២០១២ មក គឺបានប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម បាត់ចំណូលមន្ទីរពេទ្យប្រចាំខែ សម្រេចកិច្ចការអ្វីមួយដោយឯកតោភាគី និងបំផ្លាញបរិស្ថានក្នុងមន្ទីរពេទ្យ ជាដើម។
ប៉ុន្តែ ការចោទនេះ លោក សេង ណុង បដិសេធថាមិនមែនជាការពិតទេ និងជារឿងបុគ្គលចង់មានតួនាទីដឹកនាំក្នុងមន្ទីរពេទ្យនេះ។ លោបន្តថា រាល់ចំណូលចំណាយ ឬការងារអភិវឌ្ឍន៍នៅក្នុងមន្ទីរពេទ្យ ជាដើម គឺត្រូវឆ្លងមន្ត្រីគណៈកម្មការត្រួតពិនិត្យ មានបញ្ជីស្នាមត្រឹមត្រូវ ដោយឆ្លងកាត់មន្ត្រីរដ្ឋបាល ឬបុគ្គលិកពេទ្យ។
យ៉ាងនេះក្តី គ្រូពេទ្យខ្លះក្នុងចំណោមគ្រូពេទ្យជាង ៣០នាក់ ដែលប្ដឹងចោទ លោក សេង ណុង គ្មានជំនឿទៅលើមន្ត្រីអធិការកិច្ចនៃក្រសួងសុខាភិបាល ថាអាចផ្តល់យុត្តិធម៌ជូនពួកគាត់បានទេ ហើយពួកគាត់ត្រៀមប្ដឹងបន្តទៅកាន់ស្ថាប័នរដ្ឋសភា ឲ្យជួយអន្តរាគមន៍បន្តទៀត។
ទាក់ទិនបញ្ហានេះ បុគ្គលិករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អ្នកស្រី អ៊ុក បូរី បានគាំទ្រសកម្មភាពដឹកនាំរបស់ លោក សេង ណុង ថាជំរុញឲ្យមន្ទីរពេទ្យរីកចម្រើនទាំងចំណូល និងកំពុងកសាងមន្ទីរពេទ្យថ្មីបំពាក់ដោយឧបករណ៍ពេទ្យ ក្រោមជំនួយបរទេសជាដើម។ ជាងនេះ ក៏បានផ្តល់អាហារថ្ងៃត្រង់មួយពេល សម្រាប់ក្រុមគ្រូពេទ្យទទួលទានជាប្រចាំថ្ងៃថែមទៀតផង។ អ្នកស្រីឲ្យដឹងថា ក្នុងចំណោមក្រុមគ្រូពេទ្យជាង ៣០នាក់ ដែលប្ដឹងតវ៉ានេះ គឺមានគ្រូពេទ្យខ្លះបានបើកគ្លីនិកព្យាបាលជំងឺផ្ទាល់ខ្លួន និងគ្រូពេទ្យខ្លះទៀត បានចេញទៅធ្វើការនៅគ្លីនិកឯកជន ឬធ្វើការនៅតាមអង្គការ និងក្រុមហ៊ុនជាដើម ដោយមិនបានមកធ្វើការងាររដ្ឋបានពេញម៉ោងទេ។ ប៉ុន្តែនៅពេលប្រធានមន្ទីរពេទ្យនេះរឹតបន្តឹងម៉ោងរដ្ឋបាល ក៏មានការប្តឹងផ្តល់កើតឡើង។
ចំណែក អ្នកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មិនទាន់ធ្វើអត្ថាធិប្បាយទៅលើលទ្ធផលរបស់មន្ត្រីអធិការកិច្ចក្រសួងសុខាភិបាល ដែលចុះស៊ើបអង្កេតវិវាទនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នេះទេ ដោយរង់ចាំលទ្ធផលចេញជាផ្លូវការសិន៖ «ក្រុមការងារមន្ត្រីអធិការកិច្ចមិនទាន់សរុបរបាយការណ៍មកឲ្យមន្ទីរសុខាភិបាលទេ។ ប៉ុន្តែនៅពេលខ្ញុំមានលទ្ធផលស៊ើបអង្កេតនេះ ខ្ញុំនឹងជម្រាបជូនលោកតាមក្រោយ។ តែឥឡូវនេះ ខ្ញុំមិនទាន់អាចជម្រាបជូនបានទេ»។
យ៉ាងនេះក្តី អ្នកស្រី សេក ច្រឹប ត្រូវជាកូន លោក សេក ខ្វាន់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏បានរិះគន់ក្រុមគ្រូពេទ្យជំនាញវះកាត់មួយចំនួនកំពុងបម្រើការក្នុងមន្ទីរពេទ្យនេះ ថាខ្វះការទទួលខុសត្រូវ និងយកពេលវេលាទៅធ្វើការនៅខាងក្រៅ ហើយទុកអ្នកជំងឺចោល។ អ្នកស្រីបន្តថា ឪពុករបស់គាត់ត្រូវគ្រូពេទ្យជំនាញវះកាត់នៅមន្ទីរពេទ្យនេះ អូសបន្លាយពេលវះកាត់ជើងដោយជំងឺលើសជាតិស្ករពីមួយថ្ងៃទៅមួយថ្ងៃ ហើយគិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា មានរយៈពេលជិត ២ខែហើយ ជំងឺឪពុករបស់គាត់ គ្រូពេទ្យមិនទាន់វះកាត់ជូនទេ៖ «គ្រូពេទ្យថាកាត់ជើងឪពុកខ្ញុំតាំងពីម្សិលមិញម្ល៉េះ ប៉ុន្តែដល់ពេលកាត់ ស្រាប់តែគាត់ថាកាត់អត់កើតទេ ព្រោះរោមជើងច្រើនពេក។ ហើយឥឡូវនេះ ជើងឪពុកខ្ញុំរីក និងរលួយរលះអស់ទៅហើយ ហើយនៅថ្ងៃនេះ ជាពេលត្រូវកាត់ទៀត គ្រូពេទ្យនិយាយថា គាត់ជាប់រវល់នៅគ្លីនិកខាងក្រៅ»។
យ៉ាងណាក៏ដោយ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានស្នើដល់បុគ្គលិកក្រោមឱវាទទាំងអស់ ត្រូវលះបង់គំនិតអាក្រក់ និងងាកមកគោរពវិជ្ជាជីវៈគ្រូពេទ្យឲ្យបានត្រឹមត្រូវ ហើយរួមគ្នាជួយសង្គ្រោះអ្នកជំងឺដែលមករកសេវាព្យាបាលនៅមន្ទីរពេទ្យនេះ ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺថយចុះមកកម្រិតទាបនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។