រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយប្រមាណជាង ៣លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គម្រោងអាហារូបករណ៍ ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១។ តាមរយៈគម្រោងនេះ មន្ត្រីរដ្ឋាភិបាល ចំនួន ២៦រូប ក្នុងនោះ ២៤រូបសំរាប់រៀនថ្នាក់អនុបណ្ឌិត និង ២រូបទៀត រៀនថ្នាក់បណ្ឌិត ដែលនឹងទៅបន្តការសិក្សានៅក្នុងប្រទេសជប៉ុន។
គេហទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) កាលពីថ្ងៃទី២៦ ខែកក្កដា បានចុះហត្ថលេខាលើលិខិតប្តូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ហៅកាត់ថា JDS (Japan Development Scholarship) ដែលមានទឹកប្រាក់សរុបចំនួន ៣៦២លានយ៉េនស្មើប្រមាណ ៣លាន និង ៣៥ម៉ឺនដុល្លារអាមេរិក។ ស្ថានទូតជប៉ុនបន្តថាដោយសារបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ដែលជាហេតុនាំឲ្យការសិក្សានៅបរទេសមានភាពលំបាករដ្ឋាភិបាលជប៉ុនជឿជាក់ថា ជំនួយនេះនឹងអាចចូលរួមចំណែកពង្រឹងធនធានមនុស្សនៅកម្ពុជា។
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ឲ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ ចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកបន្តថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅឆ្នាំ២០០០ គម្រោងនេះ បានផ្តល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាទៅបន្តការសិក្សានៅប្រទេសជប៉ុន ប្រមាណ ៥០០នាក់ ក្នុងនោះ ២៤នាក់មកពីក្រសួងការបរទេស។
ក្រៅពីនេះរដ្ឋាភិបាលជប៉ុនថ្មីៗនេះក៏បានផ្ដល់ជំនួយវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូសដល់កម្ពុជា។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាឱ្យដឹងថារដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជំនួយសរុបប្រមាណជាង ៥០លានដុល្លារអាមេរិកដល់កម្ពុជា ក្នុងនោះមាន បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺកាចសាហាវនេះនៅតាមព្រំដែនព្រមទាំងផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូននិងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវ។
ទន្ទឹមនេះរដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ប្រាក់កម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក សំរាប់ប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ដល់ប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។