អ្នក​​សារ​ព័ត៌មាន ​​ស្នើ​កុំ​​រើសអើង​​​ក្នុង​ការ​​​អនុញ្ញាត​​​ឱ្យ​ចូល​​យក​​ព័ត៌មាន​​​​

ដោយ មួង ណារ៉េត
2021.03.07
អ្នក​​សារ​ព័ត៌មាន ​​ស្នើ​កុំ​​រើសអើង​​​ក្នុង​ការ​​​អនុញ្ញាត​​​ឱ្យ​ចូល​​យក​​ព័ត៌មាន​​​​ ក្រុមអ្នកកាសែតដែលភាគច្រើនជាអ្នកកាសែតមកពីស្ថាប័នឯករាជ្យធំៗនៅក្រៅប្រទេស និងក្នុងប្រទេសត្រូវបានបណ្តេញចេញពីបន្ទប់សន្និសីទកាសែតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក

ការ​ហាមឃាត់​អ្នក​សារព័ត៌មានមិន​ឲ្យ​ចូល​យក​ព័ត៌មានដោយ​ផ្ទាល់បាន​បង្ក​ការ​លំបាក និង​​ជា​​ការ​​រើស​អើងក្នុង​វិស័យ​សារព័ត៌មាន​។ ក្រុម​អ្នក​សារព័ត៌មាន​ខ្លះ ​ខក​​ចិត្ត​ចំពោះ​ការ​រើស​អើង​នេះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាលកែ​លម្អ​ស្ថានភាព​​រើស​អើង​បែប​នេះ​ឡើងវិញ។

អ្នក​​រាយការណ៍​ជាន់​ខ្ពស់នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CAMBOJA) លោក ឃី សុ​វុឌ្ឍី ដែល​រង​ការ​រារាំងមិន​ឲ្យ​ចូល​យក​ព័ត៌មាន​ ​កាល​ពី​ថ្ងៃ​ទី​០៤ ខែមីនា ឲ្យ​ដឹង​ថា អ្នក​រៀបចំ​កម្មវិធីបាន​​ឃាត់​ក្រុម​អ្នក​កាសែតជិត​ ១០​ស្ថាប័ន ដោយ​ប្រាប់​ហេតុផល​ថា បន្ទប់​ចាក់​វ៉ាក់សាំង​ក្នុង​មន្ទីរ​ពេទ្យ​តូច មិន​អាច​ផ្ទុក​មនុស្ស​បាន​ច្រើន​ទេ ព្រោះ​ត្រូវ​ការ​រក្សា​គម្លាត​សុវត្ថិភាព។​

លោកថា នេះ​ជា​ការ​រើស​អើងព្រោះ​រដ្ឋាភិបាលបាន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​សារព័ត៌មានដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាលអាច​ចូល​យក​ព័ត៌មាន​បាន។​ អ្នក​សារព័ត៌មាន​រូប​នេះ ព្រួយ​បារម្ភ​ថា ​សកម្មភាព​​រើស​អើង​បែប​នេះ​ ​អាច​នឹងធ្វើឲ្យ​​​មន្ត្រី​ផ្សេង​ទៀតអនុវត្ត​តាម ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មានកាន់​តែ​លំបាកក្នុង​ការ​យក​ព័ត៌មាន​៖ «ខ្ញុំ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​ខេមបូចាដែល​គាត់​ចេញ។ ខ្ញុំ​គិត​ថា អា​ហ្នឹង គេ​ហៅ​ថា គឺ​ជា​ការ​រើស​អើង​សម្រាប់​អ្នក​សារ​ព័ត៌មាន​ដែរ​ ដោយសារ​តែ​ បើ​សិន​ជា​អត់​ឲ្យ​ចូលអត់​ឲ្យ​ចូល​ទាំង​អស់​ទៅ ​ឬ​​បើ​សិន​ជា​ឲ្យ​ចូល ចូល​កន្លែង​ណា​​មួយ​ធ្វើ​សន្និសីទ​កាសែត​អាច​ឲ្យ​អ្នក​សារព័ត៌មាន​​ទាំង​អស់​ចូលរួម​បាន។ អា​ហ្នឹង ជា​ការ​ប្រសើរ»

ប្រតិកម្ម​នេះធ្វើឡើងក្រោយ​ពេល​​​​មន្ត្រី​​រដ្ឋាភិបាល បាន​ហាមឃាត់អ្នកសារព័តមាន​យ៉ាង​ហោច​ណាស់ចំនួន​ ៨ស្ថាប័ន ដូច​ជា អេ.ភី (AP), អា.ហ្វែស.ប៉េ (AFP), វី.អូ.អេ (VOA), វី.អូ.ឌី (VOD), រ៉យទ័រ (Reuters) ខេមបូណូមីស (Cambonomis) ថ្មីថ្មី (Thmeythmey) និងខេមបូចា​ញូស៍ (Cambojanews) ​មិន​​​ឲ្យ​ចូល​​យក​ព័ត៌មាន​​​​ក្នុង​កម្មវិធីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនទៀតចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ផលិតដោយក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca)  នៅមន្ទីរពេទ្យកាលម៉ែត្រ និងការធ្វើសន្និសិទ្ធកាសែតកាល​ពី​ថ្ងៃ​ទី​០៤ ខែមីនា។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (Camboja) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍កាល​ពី​ថ្ងៃ​ទី​​០៤ ខែមីនា ចាត់​ទុក​​ការ​រារាំង​នោះ​ គឺ​​ជា​ការ​រើស​អើង និង​​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​​ស្ដី​ពី​របប​សារព័ត៌មាន។ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជាលោក ណុប​ វី បន្ថែម​ថា​ ការ​រើស​អើង​នេះ ​បង្ហាញ​ពី​ភាព​មិន​ស្មើ​គ្នាក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​​រឿង​នេះពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មានលោក មាស សុភ័ណ្ឌ ​បាន​ទេ នៅ​ថ្ងៃ​ទី​០៧ ខែមីនា។ តែ​យ៉ាង​ណាលោក មាស សុភ័ណ្ឌ ​​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (​RFI) ថា ​កម្មវិធី​របស់​នាយករដ្ឋមន្ត្រីមិន​អាច​​​អ្នក​កាសែត​ណាសុទ្ធ​តែ​ចូល​បាន​ទេ ព្រោះ​​​អ្នក​រៀបចំ​កម្មវិធី​​ត្រូវ​ទទួល​ខុស​ត្រូវ​ការពារ​​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ និងដោយសារ​​កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ១៩។ ដូច្នេះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ ឬ​កម្មវិធី​ធំៗ​មួយ​ចំនួន ត្រូវ​កំណត់​ចំនួន​មនុស្សចូល​រួមតាម​សេចក្ដីណែនាំ​​របស់​ក្រសួង​សុខាភិបាល។

ទោះ​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្ដី ក៏​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មានសង្កេត​ឃើញ​ថា ការ​រើស​អើង​នេះ​កើត​ឡើង​ជា​ញឹកញយ​ សម្រាប់​​​អ្នក​យក​ព័ត៌មាន​នៃ​​ស្ថាប័ន​ឯករាជ្យ។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយនៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក អ៊ិត សូធឿត យល់​ថា ការ​រើស​អើង​ និង​ហាមឃាត់​នេះបណ្ដាល​ឲ្យ​អ្នក​សារព័ត៌មានបាត់​សិទ្ធិ​ក្នុង​ការ​បំពេញ​​តួនាទី​​របស់​ខ្លួន។ អ្នក​ជំនាញ​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាលកែ​លម្អ​ស្ថានភាព​រើស​អើង​នេះ​ឡើងវិញ ដើម្បី​​លើក​ស្ទួយ​វិស័យ​សារ​ព័ត៌មាននៅ​កម្ពុជា៖ «អ្នក​សារព័ត៌មានយើង​ដឹង​ហើយ សំខាន់​បំផុត គឺ​ឱកាស​​ក្នុង​ការ​សាកសួរ​សំណួរ។ អ៊ីចឹង ទោះ​បី​ជា​កម្មវិធី​ហ្នឹង ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ ក៏​ប៉ុន្តែ​សំណួរ​យើង​ចង់​សួរមិន​ត្រូវ​បាន​ឆ្លើយ​ទេ​។ អ៊ីចឹង អា​ហ្នឹង បាត់​បង់​ឱកាស​មួយ​ដ៏​ធំ​ដែរ​។ វា​ដូច​ជាមិន​មែន​ជា​សន្និសីទ​សារព័ត៌មាន​ទេនៅ​ពេល​ដែល​យើង​អត់​បាន​សួរ​សំណួរ វា​ដូច​ជា​ការ​ថ្លែង​សារ​អ្វី គឺ One Way Communication»

អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporter Without Border) បាន​ចេញ​ផ្សាយ​របាយ​ការណ៍បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ ​ដល់​​​ឆ្នាំ​២០២០ ថាកម្ពុជាធ្លាក់​ចុះ​សេរីភាព​សារព័ត៌មានរយៈ​ពេល​ ៣​ឆ្នាំ ​ជាប់​ៗ​គ្នា​។ ​អង្គការ​សារព័ត៌មាន​​ដដែល​​បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជានៅ​ឆ្នាំ​២០២០​ ឱ្យ​ស្ថិតនៅ​ក្នុង​ស្ថាន​ភាព​កាន់​តែ​អាក្រក់ ដោយ​បាន​ទម្លាក់​ពិន្ទុ​របស់​កម្ពុជាឲ្យ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​ ១៤៤​ ក្នុង​ចំណោម​ប្រទេស ១៨០​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។