អ្នកសារព័ត៌មានលើកឡើងថាគណៈកម្មការដែលបង្កើតដោយក្រសួងព័ត៌មានជាការដាក់បន្ទុកបន្ថែមលើអ្នកសារព័ត៌មានឯករាជ្យ។ការព្រួយបារម្ភថាក្រោយពេលក្រសួងព័ត៌មានបង្កើតគណៈកម្មការសរសើនិងដាក់វិន័យអ្នកសារព័ត៌មាន។
អ្នកសារព័ត៌មានបារម្ភថាគណៈកម្មការដែលបង្កើតដោយក្រសួងព័ត៌មានជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការតាមដាននិងគំរាមកំហែងអ្នកសារព័ត៌មានដែលផ្សាយរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល។
អ្នកសារព័ត៌មានសេរី (Freelancer Reporter) លោក ម៉ៃ ទិត្យថារ៉ា បារម្ភថា បើគណៈកម្មការនេះធ្វើការគ្មានតម្លាភាពត្រឹមត្រូវតាមក្រមសីលធម៌និងវិជ្ជាជីវៈអាចជាការដាក់សម្ពាធលើអ្នកសារព័ត៌មាន។លោកស្នើទៅក្រុមការងារឈរលើផ្លូវកណ្ដាលដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកសារព័ត៌មានទូទៅនិងប្រយោជន៍របស់ពលរដ្ឋ៖ «ការដាក់វិន័យលើអ្នកសារព័ត៌មានណា ឬក៏ស្ថាប័នព័ត៌មានណា បើសិនជាមិនមានការជជែកពិភាក្សាជាមួយសមាជិករបស់គណៈកម្មការទាំងអស់នោះទេ ខ្ញុំគិតថា នៅតែមិនអាចមានប្រសិទ្ធភាព និងមានសម្ពាធមកលើសារព័ត៌មានឯករាជ្យមួយចំនួនដដែល»។
កង្វល់អ្នកសារព័ត៌មានបែបនេះក្រោយពេលក្រសួងព័ត៌មានសម្រេចបង្កើតគណៈកម្មការមួយកាលពីថ្ងៃទី២ ខែសីហា ដើម្បីតាមដាន វាយតម្លៃ និងលើកសរសើរចំពោះអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានដែលបានអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។គណៈកម្មការនេះក៏មានសិទ្ធិដាក់វិន័យចំពោះអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានណាដែលខ្លួនរកឃើញថា ប្រព្រឹត្តល្មើសនឹងក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។
ក្រុមការងារនេះដឹកនាំដោយរដ្ឋលេខាធិការក្រសួងព័ត៌មានលោក ប៊ុត បូវុត និងមានសមាសភាពច្រើនលើសលប់ចេញពីមន្រ្តីជាន់ខ្ពស់និងទីប្រឹក្សាក្រសួងព័ត៌មាន ក្រៅពីនេះក៏មានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតចូលរួមដែរ។
ឆ្លើយតបនឹងក្ដីបារម្ភនេះអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភណ្ឌ មានប្រសាសន៍ថាការព្រួយបារម្ភនេះគឺដោយសារតែមិនបានយល់ច្បាស់ពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការថ្មីនេះ។លោកថាគណៈកម្មការនេះជាអ្នកតម្រង់ទិសអ្នកសារព័ត៌មានឱ្យអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈទៅវិញទេ៖ « គឺយើងនឹងផ្ដល់នូវការសរសើរលើកទឹកចិត្តចំពោះអ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ ចំពោះអ្នកដែលប្រព្រឹត្តមិនត្រឹមត្រូវ ប្រាសចាកក្រមសីលធម៌ គណៈកម្មការនេះនឹងពិនិត្យក្នុងការដាក់វិន័យក្នុងគោលបំណងតម្រង់ទិសទៅដល់អ្នកសារព័ត៌មានទាំងអស់នោះ ឱ្យគាត់ប្រកបវិជ្ជាជីវៈរបស់គាត់ឱ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។ អ៊ីចឹងហើយវាមិនមែនជាការដាក់គំនាបអីទៅលើអ្នកសារព័ត៌មាន ហើយក៏មិនមែនបង្កើតឡើងសម្រាប់យកអ្នកសារព័ត៌មានជាគោលដៅនៅក្នុងការដាក់ពិន័យនោះដែ។ ប៉ុន្តែយើងត្រូវចាំថា ក្នុងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានគឺ យើងត្រូវតែទទួលខុសត្រូវទៅតាមច្បាប់បទដ្ឋានគតិយុត្តិ ដែលមានជាធរមាន»។
ចំណែកនាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBO-JA) លោក ណុប វី ដែលបានចូលរូមជាសមាជិកនៃគណៈកម្មការឃ្លាំមើលការងារអ្នកសារព័ត៌មាននេះយល់ថាការបង្កើតគណៈកម្មការនេះមានសារៈសំខាន់ក្នុងការជួយពង្រឹងសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានជាពិសេសស្ថាប័នព័ត៌មានទើបបង្កើតថ្មី។ទោះយ៉ាងណាលោក ណុប វី ប្រាប់ថាមកដល់ពេលនេះលោកមិនទាន់ដឹងពីបែបបទ និងរបៀបធ្វើការងាររបស់គណៈកម្មការនេះនៅឡើយទេ។ លោករំពឹងថាការក្រុមការងារនឹងជួយតម្រង់ទិសអ្នកសារព័ត៌មានយល់ដឹងពីច្បាប់។ ជាងនេះទៅទៀតលោកសង្ឃឹមថាក្រុមការងារនេះមុនធ្វើការសម្រេចដាក់វិន័យលើ អ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានណាមួយត្រូវមានការជជែកវែកញែក ត្រឹមត្រូវ និងដោយតម្លាភាព៖ « បើសិនជាគណៈក ម្មការធ្វើការដោយមិនមានមូលដ្ឋានមិនមានគោលការណ៍អីច្បាស់លាស់នោះគណៈកម្មការនោះនឹងប្រើប្រាស់នូវការដោះស្រាយនិងការចាត់វិធានការផ្សេងៗពឹងផ្អែកទៅលើតែអារម្មណ៍ព្រោះយើងដឹងហើយថា សមាសភាពគណៈកម្មការនេះក៏មានច្រើនមកពីខាងរដ្ឋាភិបាលផងដែរ»។
ទោះយ៉ាងណា អ្នកសារព័ត៌មានសេរីលោក មិន ពៅ ជំរុញទៅក្រសួងព័ត៌មានគួរពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ជាជាងការបង្កើតគណៈកម្មការនេះ។លោកសង្កេតឃើញថា រដ្ឋាភិបាលឬក្រសួងព័ត៌មានបានរឹតត្បិតអង្គភាពព័ត៌មានឯករាជ្យដូច្នេះលោកព្រួយបារម្ភថាគណៈកម្មការថ្មីនេះអាចនឹងដាក់បន្ទុកបន្ថែមលើអ្នកសារព័ត៌មានឬអង្គភាពសារព័ត៌មានដែលហ៊ានផ្សព្វដំណឹងពីបញ្ហាសង្គមឬភាពអសកម្មរបស់រដ្ឋាភិបាល៖ «បើសិនយើងធ្វើច្បាប់បានល្អហើយយើងពង្រឹងការអនុវត្តច្បាប់ឱ្យបានល្អទៅកាន់តែប្រសើរទៀត»។
ប្រទេសកម្ពុជាតែងទទួលបានចំណាត់ថ្នាក់ទាបក្នុងការផ្ដល់សេរីភាពសារព័ត៌មាន។កាលពីឆ្នាំ២០២០ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporters Without Borders រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។ អង្គការដដែលឱ្យដឹងទៀតថាសេរីភាពសារព័ត៌មានបន្តស្ថិតក្រោមការរឹតត្បិត ការគំរាមកំហែង ការចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារពីបទព្រហ្មទណ្ឌនិងការបង្កើតច្បាប់ថ្មី។
ថ្មីៗនេះដែរ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) រកឃើញថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាប្រឈមការគាបសង្កត់កាន់តែខ្លាំងឡើងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។