មន្ត្រីរាជការខេត្តកំពង់ស្ពឺមិនទាន់បើកប្រាក់ជិត៣ខែ
2013.03.22
មន្ត្រីរាជការនៅខេត្តកំពង់ស្ពឺ ត្អូញថា ជិត ៣ខែមកនេះ ប្រាក់ខែពួកគាត់មិនទាន់បានបើកនៅឡើយ។
មន្ត្រីក្រុមប្រឹក្សាស្រុកឧត្តុង្គ លោក សាន់ សំបូរ ថ្លែងនៅព្រឹកថ្ងៃទី២១ មីនា ថា តាំងពីចូលឆ្នាំ២០១៣ ប្រាក់ខែគាត់មិនបានបើកម្តងឡើយ ដោយមិនដឹងមូលហេតុនៃការយឺតបើកប្រាក់ខែនោះទេ៖ «សួរទៅខាងគណនេយ្យ ពេលប្រជុំក្រុមប្រឹក្សាអាណត្តិក្រុមប្រឹក្សាអីហ្នឹង គេចេះតែថា ថវិកាមានហើយៗ។ បើមានហើយ អត់បើកអត់អី ម្នាក់ៗរអ៊ូគ្រប់គ្នា ធ្វើការលែងចង់ទៅកន្លែងធ្វើការអស់ហើយ មិនដឹងជាយ៉ាងម៉េចគេគិតយ៉ាងម៉េចគេទេ»។
ចំណែកក្រុមប្រឹក្សាស្រុកសំរោងទង លោក សាយ ចំរើន ថ្លែងថា ការយឺតយ៉ាវទទួលប្រាក់ខែជិត ៣ខែមកនេះ បានប៉ះពាល់ដល់ការបំពេញការងារខ្លះដែរ ដោយខ្វះថវិកាចាក់សាំងធ្វើដំណើរ និងគ្មានកម្លាំងបំពេញការងារ ព្រោះក្រពះវាស្រែកឃ្លានដែរ៖ «ព្រោះការរស់នៅពឹងទាំងស្រុងលើប្រាក់ខែហ្នឹងឯង ហើយបើប្រាក់ខែក្នុង ១ខែ ៣០ថ្ងៃ បែរទៅប្រាក់ខែឡើងពី ១ខែ ទៅ ៦០ថ្ងៃ ទៅ ៧០ថ្ងៃ ដូចបច្ចុប្បន្ននេះ បានន័យថា ការរស់នៅពិបាក ព្រោះជីវភាពពឹងផ្អែកទៅលើប្រាក់ទាំងស្រុង»។
ឆ្លើយតបនឹងកង្វល់របស់មន្ត្រីរាជការនៅគ្រប់ស្រុកនៃខេត្តកំពង់ស្ពឺ អំពីភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែយឺត នៅដើមឆ្នាំ២០១៣ នេះ មន្ត្រីគណនេយ្យស្រុកឧត្តុង្គ លោក វ៉ាន លីដា ថ្លែងថា ការយឺតយ៉ាវបើកប្រាក់ខែនេះ បណ្ដាលមកពីថវិកាជាតិក្រអនុម័ត ទើបប្រាក់ខែមន្ត្រីរាជការទទួលបានមកខេត្តនេះយឺត នៅដើមឆ្នាំ២០១៣ នេះ៖ «ថ្ងៃច័ន្ទ ហ្នឹង នឹងបើកបានហើយ សប្ដាហ៍ក្រោយហ្នឹង បានទាំងពីខែមួយ និងខែពីរ ដោយសារថវិកាជាតិទើបអនុវត្តដំបូង ដល់អីចឹងវាយឺតយ៉ាវ ដោយសារឯកសារវាពាក់ព័ន្ធវាច្រើន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកំពង់ស្ពឺ លោក កង ហ៊ាន ជម្រាបសួរព័ត៌មានបញ្ហាប្រាក់ខែមន្ត្រីរាជការដើមឆ្នាំ២០១៣ បើកយឺតខុសប្រក្រតី នៅថ្ងៃទី២១ ខែមីនា បានទេ។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ សភាជាតិកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីថវិកាជាតិចំនួនជាង ៣ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយនៅឆ្នាំ២០១៣ បើទោះបីជាគណបក្សប្រឆាំងបានជំទាស់ និងបានរិះគន់ថា រដ្ឋាភិបាលខ្ចីលុយបរទេសជិត ១ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយនានានៅឆ្នាំ២០១៣ ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។