តុលាការ​ខេត្ត​កណ្ដាល​សាកសួរ ឪពុក​យុវជន ធែល ធីលែន រឿង​បដិសេធ​​ថា កូន​លោក​​មិន​បាន​លួច​លក់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ

ដោយ ឡេង ម៉ាលី
2022.10.24
Share on WhatsApp
Share on WhatsApp
តុលាការ​ខេត្ត​កណ្ដាល​សាកសួរ ឪពុក​យុវជន ធែល ធីលែន រឿង​បដិសេធ​​ថា កូន​លោក​​មិន​បាន​លួច​លក់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ លោក ធែល ធីលែន ថតមុនពេលគេ​បញ្ចូលទៅក្នុងពន្ធនាគារខេត្តកណ្តាល ក្រោយ​ពី​សមត្ថកិច្ច​​ចាប់ខ្លួន​ ហើយ​តុលាការ​ខេត្ត​កណ្ដាល​សម្រេច​ឃុំខ្លួន​លោក​បណ្ដោះអាសន្ន​ នៅថ្ងៃទី​៤ ខែ​តុលា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក

ឪពុក​បង្កើត​យុវជន​តវ៉ា​បញ្ហា​ជនជាតិ​វៀតណាម​នៅ​កម្ពុជា បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ និង​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កណ្ដាល​ដែល​ថា កូន​ប្រុស​លោក​លួច​លក់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ លោក​នៅតែ​រក្សា​គោលជំហរ និង​អះអាង​ថា កូន​ប្រុស​លោក​ជា​មនុស្ស​ស្អាតស្អំ មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​លោក ធែល ធីលែន លើ​បទ​ល្មើស​ព្រហ្មទណ្ឌ គ្រាន់តែ​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។

ឪពុក​យុវជន ធែល ធីលែន ដែល​តវ៉ា​បញ្ហា​ជនជាតិ​វៀតណាម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៤ តុលា បាន​ចូល​ទៅ​បំភ្លឺ​តុលាការ​ខេត្តកណ្ដាល ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​កូន​ប្រុស​លោក​លើ​ករណី​លួច​លក់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ កាល​ពី​ឆ្នាំ២០១៦​។

ឪពុក​បង្កើត​លោក ធែល ធីលែន គឺ​លោក ផៃ ធែល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី២៤ តុលា ថា ក្រឡាបញ្ជី លោក ឡុក សាត បាន​សើរើ​ឯកសារ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី រួមមាន ប្លង់ដី និង​លិខិត​ផ្ទេរ​កម្មសិទ្ធិ ពាក់ព័ន្ធ​ជាមួយ​បង​ស្រី​បង្កើត​របស់​លោក ដែល​ជា​ដើម​បណ្ដឹង​មក​ពិនិត្យ។ លោក​បន្ត​ថា ក្នុង​នោះ​មាន​ឯកសារ​ខ្លះ​ក្លែងក្លាយ និង​ខ្លះ​ជា​ឯកសារ​ពិតប្រាកដ ប៉ុន្តែ​ពុំ​មាន​កាល​បរិច្ឆេទ​ច្បាស់លាស់​នោះ​ឡើយ។ យ៉ាង​ណា​លោក​ថា លោក​មាន​សាក្សី​ច្រើន​នាក់ ដែល​អាច​អះអាង​ថា កូន​ប្រុស​របស់​លោក​ជា​ម្ចាស់​កម្មសិទ្ធិ​ដី និង​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។ លោក​ស្នើសុំ​តុលាការ​ខេត្ត​កណ្ដាល​ឱ្យ​ពិនិត្យ និង​ពិចារណា​លើ​រឿង​ក្ដី​នេះ ដោយ​យុត្តិធម៌ និង​តម្លាភាព ដើម្បី​សង​ភាព​ស្អាតស្អំ​ឱ្យ​កូន​ប្រុស​របស់​លោក​វិញ៖

«សុំ​ឱ្យ​ក្រឡាបញ្ជី ឬ​ច្បាប់​ហ្នឹង​មើល​ការ​ខុស​ត្រូវ​ឱ្យ​ខ្ញុំ​ផង កុំ​រំលោភ​សិទ្ធិ​ពេក។ និយាយ​ឱ្យ​ចំ​បទ​ល្មើស​ហ្នឹង​កូន​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​មែន។ អ្នក​ដែល​ប្ដឹង និង​ចោទ​ប្រកាន់​ហ្នឹង​ហើយ ដែល​ជា​ជន​ល្មើស អ៊ីចឹង​វា​ស​ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជា​ស អយុត្តិធម៌​ណាស់​សម្រាប់​កូន​ខ្ញុំ»

យុវជន ធែល ធីលែន ត្រូវបាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ តុលា ហើយ​តុលាការ​ខេត្ត​កណ្ដាល​បាន​សម្រេច​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត។ ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល លោក ប្លុង វិសាល ក្រោម​បទ​ចោទ «លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ» ដែល​បាន​ប្រព្រឹត្ត​តាំង​ពី ៦ឆ្នាំ​មុន។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​ក្រឡាបញ្ជី លោក ឡុក សាត និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល លោក ប្លុង វិសាល ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​បាន​ទេ នៅ​ថ្ងៃ​ទី២៤ តុលា។

លោក ធែល ធីលែន ជា​យុវជន ដែល​តវ៉ា​សកម្ម ពាក់ព័ន្ធ​ជាមួយ​ការ​ចេញ​មុខ​តវ៉ា​រឿង​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​កម្ពុជា និង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា។ ការ​ចាប់​ខ្លួន​លោក ធ្វើឡើង​ក្រោយ​ពេល​លោក​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ គ្រោង​ជួបជុំ​សម្ដែង​មតិ​ដោយ​សេរី ទាក់ទង​នឹង​បញ្ហា​សង្គម​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ នៅថ្ងៃទី៧ តុលា ។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក នី សុខា មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​លោក ថែល ធីលែន លើ​បទ​ល្មើស​ព្រហ្មទណ្ឌ គ្រាន់តែ​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ លោក​កត់​សម្គាល់​ឃើញ​ថា រាល់​ការ​ចោទ​ប្រកាន់​បទ​ផ្សេងៗ ទៅ​លើ​អ្នក​ងើប​តវ៉ា តស៊ូ​មតិ​ប្រឆាំង​រដ្ឋាភិបាល ច្រើន​តែ​ជា​រឿង​ឯកជន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ខណៈ​រឿង​ក្ដី​ខ្លះ​មាន​រយៈ​ពេល​យូរ​ណាស់​ទៅ​ហើយ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ប្រើ​ប្រព័ន្ធ​យុត្តិធម៌​គំរាម​កំហែង បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​នោះ នឹង​បណ្ដាល​ឱ្យ​មាន​ការ​រិះគន់​កាន់តែ​ខ្លាំង និង​បង្ហាញ​ពី​ការ​មិន​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់​បាន​ធានា៖

«យើង​អាច​កត់​សម្គាល់​បាន​ថា វា​អាច​ជា​ការ​គំរាម​កំហែង​ទៅ​ដល់​ការ​បិទ (សិទ្ធិ) សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ទាក់ទង​នឹង​រឿង ដែល​គាត់​រិះគន់ ចំពោះ​ការ​ដាក់​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម»

មក​ទល់​ពេល​នេះ យុវជន ធែល ធីលែន បាន​ជាប់​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​អស់​រយៈ​ពេល ២០ថ្ងៃ​មក​ហើយ។ ឪពុក​លោក​ឱ្យ​ដឹង​ថា លោក​មាន​សភាព​ស្គមស្គាំង​ជាង​មុន​ដោយសារ​បញ្ហា​ចំណីអាហារ និង​ស្ថានភាព​នៃ​ការ​រស់នៅ។

មន្ត្រី​សង្គម​ស៊ីវិល អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស និង​សាច់ញាតិ​លោក ធែល ធីលែន ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​រូប​នេះ​ដាក់​ពន្ធនាគារ​ថា ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​យុវជន​ដទៃ​ទៀត មិន​ឱ្យ​ចូលរួម​កិច្ច​ការងារ​សង្គម និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។