ឪពុកបង្កើតយុវជនតវ៉ាបញ្ហាជនជាតិវៀតណាមនៅកម្ពុជា បានចូលខ្លួនទៅបំភ្លឺ និងបដិសេធការចោទប្រកាន់របស់តុលាការខេត្តកណ្ដាលដែលថា កូនប្រុសលោកលួចលក់ទ្រព្យសម្បត្តិអ្នកដទៃ។ លោកនៅតែរក្សាគោលជំហរ និងអះអាងថា កូនប្រុសលោកជាមនុស្សស្អាតស្អំ មិនដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការចោទប្រកាន់លោក ធែល ធីលែន លើបទល្មើសព្រហ្មទណ្ឌ គ្រាន់តែជាការគំរាមកំហែងដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិតែប៉ុណ្ណោះ។
ឪពុកយុវជន ធែល ធីលែន ដែលតវ៉ាបញ្ហាជនជាតិវៀតណាមនៅកម្ពុជា នៅថ្ងៃទី២៤ តុលា បានចូលទៅបំភ្លឺតុលាការខេត្តកណ្ដាល ជុំវិញការចោទប្រកាន់លើកូនប្រុសលោកលើករណីលួចលក់ទ្រព្យសម្បត្តិអ្នកដទៃ កាលពីឆ្នាំ២០១៦។
ឪពុកបង្កើតលោក ធែល ធីលែន គឺលោក ផៃ ធែល ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹង នៅថ្ងៃទី២៤ តុលា ថា ក្រឡាបញ្ជី លោក ឡុក សាត បានសើរើឯកសារទាក់ទងនឹងជម្លោះដីធ្លី រួមមាន ប្លង់ដី និងលិខិតផ្ទេរកម្មសិទ្ធិ ពាក់ព័ន្ធជាមួយបងស្រីបង្កើតរបស់លោក ដែលជាដើមបណ្ដឹងមកពិនិត្យ។ លោកបន្តថា ក្នុងនោះមានឯកសារខ្លះក្លែងក្លាយ និងខ្លះជាឯកសារពិតប្រាកដ ប៉ុន្តែពុំមានកាលបរិច្ឆេទច្បាស់លាស់នោះឡើយ។ យ៉ាងណាលោកថា លោកមានសាក្សីច្រើននាក់ ដែលអាចអះអាងថា កូនប្រុសរបស់លោកជាម្ចាស់កម្មសិទ្ធិដី និងមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ លោកស្នើសុំតុលាការខេត្តកណ្ដាលឱ្យពិនិត្យ និងពិចារណាលើរឿងក្ដីនេះ ដោយយុត្តិធម៌ និងតម្លាភាព ដើម្បីសងភាពស្អាតស្អំឱ្យកូនប្រុសរបស់លោកវិញ៖
« សុំឱ្យក្រឡាបញ្ជី ឬច្បាប់ហ្នឹងមើលការខុសត្រូវឱ្យខ្ញុំផង កុំរំលោភសិទ្ធិពេក។ និយាយឱ្យចំបទល្មើសហ្នឹងកូនខ្ញុំអត់បានប្រព្រឹត្តមែន។ អ្នកដែលប្ដឹង និងចោទប្រកាន់ហ្នឹងហើយ ដែលជាជនល្មើស អ៊ីចឹងវាសទៅជាខ្មៅ ខ្មៅទៅជាស អយុត្តិធម៌ណាស់សម្រាប់កូនខ្ញុំ » ។
យុវជន ធែល ធីលែន ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួន កាលពីថ្ងៃទី៤ តុលា ហើយតុលាការខេត្តកណ្ដាលបានសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។ ការឃុំខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លោក ប្លុង វិសាល ក្រោមបទចោទ «លួចលក់អចលនវត្ថុរបស់អ្នកដទៃ» ដែលបានប្រព្រឹត្តតាំងពី ៦ឆ្នាំមុន។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងក្រឡាបញ្ជី លោក ឡុក សាត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លោក ប្លុង វិសាល ដើម្បីអត្ថាធិប្បាយជុំវិញរឿងបានទេ នៅថ្ងៃទី២៤ តុលា។
លោក ធែល ធីលែន ជាយុវជន ដែលតវ៉ាសកម្ម ពាក់ព័ន្ធជាមួយការចេញមុខតវ៉ារឿងបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា និងការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា។ ការចាប់ខ្លួនលោក ធ្វើឡើងក្រោយពេលលោកបានប្រកាសកៀរគរប្រជាពលរដ្ឋ គ្រោងជួបជុំសម្ដែងមតិដោយសេរី ទាក់ទងនឹងបញ្ហាសង្គមជាតិ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧ តុលា ។
ទាក់ទិនរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា មើលឃើញថា ការចោទប្រកាន់លោក ថែល ធីលែន លើបទល្មើសព្រហ្មទណ្ឌ គ្រាន់តែជាការគំរាមកំហែងដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិតែប៉ុណ្ណោះ។ លោកកត់សម្គាល់ឃើញថា រាល់ការចោទប្រកាន់បទផ្សេងៗ ទៅលើអ្នកងើបតវ៉ា តស៊ូមតិប្រឆាំងរដ្ឋាភិបាល ច្រើនតែជារឿងឯកជនផ្ទាល់ខ្លួនរបស់ពួកគេ ខណៈរឿងក្ដីខ្លះមានរយៈពេលយូរណាស់ទៅហើយ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រើប្រព័ន្ធយុត្តិធម៌គំរាមកំហែង បំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះ នឹងបណ្ដាលឱ្យមានការរិះគន់កាន់តែខ្លាំង និងបង្ហាញពីការមិនគោរពទៅតាមគោលការណ៍សិទ្ធិមនុស្ស ដែលរដ្ឋាភិបាលខ្លួនឯងផ្ទាល់បានធានា៖
« យើងអាចកត់សម្គាល់បានថា វាអាចជាការគំរាមកំហែងទៅដល់ការបិទ ( សិទ្ធិ ) សេរីភាពក្នុងការបញ្ចេញមតិ ទាក់ទងនឹងរឿង ដែលគាត់រិះគន់ ចំពោះការដាក់ដេប៉ាតឺម៉ង់ភាសាវៀតណាម » ។
មកទល់ពេលនេះ យុវជន ធែល ធីលែន បានជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាលអស់រយៈពេល ២០ថ្ងៃមកហើយ។ ឪពុកលោកឱ្យដឹងថា លោកមានសភាពស្គមស្គាំងជាងមុនដោយសារបញ្ហាចំណីអាហារ និងស្ថានភាពនៃការរស់នៅ។
មន្ត្រីសង្គមស៊ីវិល អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងសាច់ញាតិលោក ធែល ធីលែន ចាត់ទុកការចាប់ខ្លួនយុវជនរូបនេះដាក់ពន្ធនាគារថា ជាការគំរាមកំហែង និងបំភិតបំភ័យយុវជនដទៃទៀត មិនឱ្យចូលរួមកិច្ចការងារសង្គម និងប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។