កម្មករធ្វើការងារនៅរោងចក្រ កៅវ៉េ (Kaoway) ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោយបញ្ចេញមតិថា រោងចក្រមួយនេះ មិនសូវគិតគូរដល់សុខភាព និងសុវត្ថិភាពកម្មករ ពាក់ព័ន្ធនឹងការរាតត្បាតជំងឺកូវីដ-១៩។ មន្ត្រីសង្គមស៊ីវិល ស្នើសុំឲ្យរោងចក្រពិចារណាទទួលយកកម្មករចូលធ្វើការវិញ។
កម្មកររោងចក្រកៅវ៉េ លោក កែវ ភន់ ថ្លែងថា រោងចក្រ បានបញ្ឈប់លោកពីការងារដោយអយុត្តិធម៌ ក្រោយពីលោកបញ្ចេញមតិតាមរយៈវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣០ ខែមីនាថា រោងចក្រ នៅតែឲ្យកម្មករស្គែនមេដៃពេលចូលធ្វើការ ផ្ទុយពីការណែនាំរបស់រដ្ឋាភិបាល និងស្នើសុំឲ្យរោងចក្រផ្អាកការងារបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពកម្មករពីជំងឺកូវីដ-១៩ជាដើម។ លោក ឲ្យដឹងថា ដំបូងឡើយ គឺនៅថ្ងៃទី១ ខែមេសា តំណាងរោងចក្រ បានហៅលោកទៅសួរនាំអំពីមូលហេតុដែលលោកបាននិយាយ ជាមួយអាស៊ីសេរី ហើយបន្ទាប់មកនៅថ្ងៃទី៣ ខែមេសា ស្រាប់តែខាងរោងចក្របណ្តេញលោកចេញពីការងារតែម្ដង៖ « អ្វីដែលខ្ញុំមិនសុខចិត្តនោះគឺនៅថ្ងៃទី៣ មេសា ខ្ញុំកំពុងធ្វើការសុខៗ ស្រាប់តែរដ្ឋបាលហៅខ្ញុំទៅជួប ហើយគេហុចក្រដាសមួយឲ្យ ដោយបញ្ជាក់ថា ខ្ញុំត្រូវបានបញ្ឈប់ចាប់ពីថ្ងៃទី៣នេះទៅ ហើយចាំមកបើកលុយថ្ងៃទី៦ មេសា។ ពេលនោះ គេបានដេញខ្ញុំចេញទៅក្រៅ សូម្បីតែឥវ៉ាន់ខ្ញុំ កាតាបរបស់ខ្ញុំ ឌុយទូរស័ព្ទរបស់ខ្ញុំ ដែលនៅកន្លែងខ្ញុំអង្គុយធ្វើការនោះ គឺឲ្យសន្តិសុខឡើងទៅយកជំនួសទៀត ហើយមើលទៅដូចជាខ្ញុំមានកំហុសធំដុំណាស់អ៊ីចឹង » ។
កាលពីថ្ងៃទី៣០ ខែមីនា កម្មកររូបនេះ បានផ្តល់បទសម្ភាសន៍ជាមួយអាស៊ីសេរីថា លោក មានការព្រួយបារម្ភអំពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដោយសាររោងចក្រ មិនអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ឬក្រសួងសុខាភិបាល ដូចជារោងចក្រ នៅតែតម្រូវឲ្យកម្មករតម្រង់ជូស្កែនមេដៃ ហើយគ្មានការជួតសម្អាតម៉ាស៊ីនស្កែនជាមួយទឹកអាល់កុល ។លើសពីនេះ កម្មករនៅតែថៅកែ តម្រូវឲ្យអង្គុយធ្វើការនៅក្បែៗ គ្នាដដែល កម្មករភាគច្រើន គ្មានពេលលាងសម្អាតដៃញឹកញាប់ ការប្រើប្រាស់បន្ទប់ទឹករួមគ្នាដោយគ្មានអនាម័យ និងសាប៊ូគ្រប់គ្រាន់ជាដើម។ ទន្ទឹមគ្នានោះ លោក ក៏ស្នើសុំឲ្យថៅកែរោងចក្រ ពិចារណាផ្អាកការងារបណ្តោះអាសន្នដែរ ដើម្បីសុវត្ថិភាពកម្មករ។
ឆ្លើយតបចំពោះការលើកឡើងនេះ បុគ្គលិកផ្នែកទំនាក់ទំនងនៃរោងចក្រកៅវ៉េ អ្នកស្រី នី ស្រីពៅ ថ្លែងថា ខាងរដ្ឋបាលរោងចក្រ ពិតជាបានហៅកម្មករឈ្មោះ លោក កែវ ភន់ ទៅសួរនាំអំពីមូលហេតុ ដែលនិយាយជាមួយវិទ្យុអាស៊ីសេរីមែន ប៉ុន្តែមិនបានស្តីបន្ទោសអ្វីនោះទេ។ អ្នកស្រី បញ្ជាក់ថា មូលហេតុនៃការបញ្ឈប់ពីការងារទៀតសោត គឺដោយសារតែលោក កែវ ភន់ គឺជាគ្រាន់តែជាបុគ្គលិកសាកល្បង ហើយបំពេញការងារបានល្អ៖ « ពេលដែលគាត់ខលចូលប៉ុស្តិ៍វិទ្យុនោះ គឺគាត់អត់មានជូនដំណឹងមកខាងពួកខ្ញុំថា ស្នើសុំអីយ៉ាងម៉េចទេ ដល់ពេលចឹងខាងរោងចក្រ អត់មាន ទទួលបានដំណឹងថា តើកម្មករគាត់ចង់បានអីមុននឹងឈានដល់ដំណាក់កាលនឹង។ខ្ញុំសូមបញ្ជាក់រឿងដែលគាត់និយាយថា ខាងរោងចក្របញ្ឈប់គាត់ គឺតាមពិតមិន មែនចឹងទេ។តាមពិតតាមដែលខ្ញុំដឹង គឺខាងប្រធានផ្នែករបស់គាត់នោះ ប្រាប់មកខាងរដ្ឋបាលថា ម្នាក់នឹងបំពេញការងារអត់សូវបានល្អ ព្រោះអីគាត់មិនមែនជាបុគ្គលិកពេញសិទ្ធិទេ។ រយៈពេលនេះ គឺគាត់ត្រឹមជាបុគ្គលិកសាកល្បង។ ដូច្នេះ ខាងក្រុមហ៊ុន ចំពោះបុគ្គលិកសាកល្បងនេះ បើសិនជាគាត់ បំពេញការងារមិនបានល្អ គេបញ្ឈប់ពេលណាក៏បានដែរ » ។
ផ្ទុយពីការលើកឡើងនេះ កម្មករដែលរងការបញ្ឈប់ពីការងារ លោក កែវ ភន់ និយាយថា ការលើកមូលហេតុបញ្ឈប់លោកថា ដោយសារតែបំពេញការងារមិនល្អក្នុងអំឡុងពេលការងារសាកល្បងនេះ គឺគ្រាន់តែជាលេសដោះសារ ពីព្រោះការងារសាកល្បងនេះ ត្រូវមានរយៈពេល២ខែ ប៉ុន្តែលោកទើបតែបំពេញការងារបានរយៈពេលមួយខែប៉ុណ្ណោះ៖ « គ្រាន់តែទាក់ទងទៅអាស៊ីសេរី ហើយខ្ញុំមានកំហុសប៉ុណ្ណឹង គេមិនហៅទៅណែនាំឬម៉េចទេ តែគេយកលេសការងារសាកល្បងនេះ ដើម្បីបញ្ឈប់ខ្ញុំ ហើយជាការពិត ការបញ្ឈប់ខ្ញុំនេះ គឺមិនពាក់ព័ន្ធនឹងការសាកល្បងការងារពីរខែនេះទេ ព្រោះការងារខ្ញុំធ្វើរាល់ថ្ងៃនេះ គឺគ្មានកំហុសអីទេ សូម្បីតែ អ្នកបង្រៀនខ្ញុំក៏គេបានសរសើរដែរ » ។
ពាក់ព័ន្ធនឹងបញ្ហាស្កែនមេដៃ និងបញ្ហាកម្មករអង្គុយធ្វើការជាប់ៗគ្នានោះ តំណាងភាគីរោងចក្រ គឺអ្នកស្រី នី ស្រីពៅ ទទួលស្គាល់ថា ពិតជាមានស្ថានភាពដូច្នេះមែន។ អ្នកស្រី ឲ្យដឹងថា មកដល់ពេលនេះ រោងចក្រនៅតែតម្រូវឲ្យកម្មករស្កែនមេដៃ និងអង្គុយធ្វើការក្បែៗគ្នាដដែល៖ « តាមរោងចក្រ សឹងតែដូចគ្នាទាំងអស់ហើយពូ គម្លាតមនុស្សនៅកន្លែងធ្វើការ យើងមិនមែនកើតជំងឺនេះមក យើងមិនមែនកំណត់ឲ្យ គាត់ត្រូវអង្គុយឆ្ងាយគ្នាមួយម៉ែត្រពីរម៉ែត្រអី យើងធ្វើម៉េចកើត ដូចកាលគាត់រាយការណ៍កាលពីវីដេអូដំបូងចឹង គាត់ថា ដោយសារតែរោងចក្រមានអាគារវាតូចផង ហើយ ធម្មតាខ្សែផលិតកម្មគេរៀបរួចហើយ មិនមែនរៀបមួយថ្ងៃពីរថ្ងៃហើយ ផ្លាស់ប្ដូរវិញភ្លាមៗ បានទេ។ខាងកែវ ភន់ ក៏គាត់អាចយល់ដែរ កន្លែងត្រង់នឹង។ ហើយចំពោះការ ស្កែនម្រាមដៃ ខាងរោងចក្រនៅតែបន្តស្កែនម្រាមដៃ ប៉ុន្តែពួកខ្ញុំ បានរៀបចំដាក់ទឹកអាល់ កុល ហើយក៏ចាត់តាំងមនុស្សសម្រាប់បាញ់ទឹកអាល់កុលសម្រាប់កម្មករនិយោជិតដែរ បន្ទាប់ពីស្កែនរួច » ។
អាស៊ីសេរី មិនទាន់អាចទាក់ទងប្រធានមន្ទីរការងារខេត្តស្វាយរៀងបាននៅឡើយទេនៅថ្ងៃទី៥ ខែ មេសា។ចំណែក អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ពុំទទួលទូរស័ព្ទនោះទេ។
កាលពីព្រឹកថ្ងៃទី២៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ត្រូវគិតគូរពីបញ្ហាសុខភាពរបស់បុគ្គលិកជាធំ ហើយលោកបានណែនាំ ឲ្យបញ្ឈប់ការស្កែនមេដៃពេលចូល និងពេលចេញពីការងារ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៖ « អារឿងស្គែនមេដៃស្អីៗ ហ្នឹង ផ្អាកសិនទៅព្រោះគេហាម ប៉ះអាកន្លែងស្គែនហ្នឹងទៀត គួតែស្ថាប័នរដ្ឋទាំងអស់ និងក្រុមហ៊ុននានា ផ្អាកទៅអាស្គែនមេដៃនោះ ព្រោះថាអាហ្នឹងជាតំបន់ឆ្លងរោគ ព្រោះគេហាមឥឡូវគេឲ្យយកកែងដៃទៅចុច » ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុនបញ្ឈប់កម្មករ ដោយសារតែការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ គឺគួរតែពិចារណាទទួលយកគាត់ចូលធ្វើការវិញ ព្រោះការបញ្ចេញមតិនោះ គឺស្របទៅនឹងគោលការណ៍របស់រដ្ឋាភិបាល៖ « អ្វីដែលគាត់បាននិយាយបើយើងគិតទៅ គឺមិនមានទោសកំហុសអីធ្ងន់ធ្ងរទេ ព្រោះអ្វីដែលគាត់និយាយ គឺដើម្បីផលប្រយោជន៍កម្មករទាំងមូល ហើយអ្វីដែលគាត់និយាយនោះ គឺដោយសារគោលការណ៍រាជរដ្ឋាភិបាលដាក់មកអ៊ីចឹងដែរ » ។
លោក កែវ ភន់ ស្នើសុំឲ្យភាគីរោងចក្រ ទទួលយកលោកចូលធ្វើការវិញ ព្រោះការបញ្ចេញមតិរបស់លោកគ្មានចេតនាចង់ឲ្យប៉ះពាល់ដល់រោងចក្រនោះទេ គឺគ្រាន់តែចង់ឲ្យរោងចក្រគិតគូរអំពីសុវត្ថិភាព និងសុខភាពរបស់កម្មករជាងពីរពាន់នាក់ប៉ុណ្ណោះ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតគួរឲ្យភ័យខ្លាច។ ម្យ៉ាងទៀត លោកកត់សម្គាល់ថា ក្រោយលោកបញ្ចេញមតិនោះ គឺខាងរោងចក្រ ក៏បានដាក់ចេញវិធានការមួយចំនួន ដើម្បីបង្ការការពារជំងឺឆ្លងមួយនេះដែរ៖ « គឺក្រុមហ៊ុន ដូចជា មានវិធានការបន្ថែម ដូចជាបាញ់អាល់កុល ទិញសាប៊ូដាក់បន្ទប់ទឹក ហើយមានបាញ់នៅបន្ទប់ទឹក បាញ់អាល់កុល នៅខ្សែដេ និងដាក់សាប៊ូនៅតាមច្រក ដែលពីមិនមានដាក់នោះទេ។ម្យ៉ាងទៀត ពីមុនមិនមានការតឹងរ៉ឹងពាក់ម៉ាស់ទេ តែពេលខ្ញុំនិយាយរួចឃើញមានការតឹងរ៉ឹងមួយទៀត ដោយអ្នកណាមិនពាក់ម៉ាស់ គឺមិនឲ្យចូលនោះទេ » ។
រោងចក្រ កៅវ៉េ (Kaoway) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចមេនហាធេន នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ រោងចក្រមួយនេះ មានកម្មករជាង ២ពាន់ ៣រយនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។