សាច់ញាតិលោកបណ្ឌិត កែម ឡី ថា នឹងធ្វើពិធីបុណ្យរំឭកខួបជូនលោកបណ្ឌិតធំជាងរាល់ឆ្នាំ
2023.07.07
សាច់ញាតិបណ្ឌិត កែម ឡី ប្រកាសរៀបចំធ្វើពិធីបុណ្យរំឭកខួបជូនបណ្ឌិត កែម ឡី ធំជាងរៀងឆ្នាំនៅស្រុកកំណើតក្នុងខេត្តតាកែវ និងបានអំពាវនាវប្រជាពលរដ្ឋនៅគ្រប់ទិសទីចូលរួមក្នុងពិធីបុណ្យគម្រប់ខួបនេះឱ្យបានច្រើនកុះករ។ ប៉ុន្តែក្រុមយុវជនខ្លះ ដែលស្ថិតនៅខេត្តឆ្ងាយៗ សម្រេចធ្វើពិធីជួបជុំគ្នាដាច់ដោយឡែក ដើម្បីរំឭកពីវីរភាពរបស់លោកបណ្ឌិត កែម ឡី។
នៅខួប ៧ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងអ្នកវិភាគនយោបាយដែលគោរពនិងស្រលាញ់លោក នាំគ្នារៀបចំពិធីរំឭកគុណនៅគ្រប់ទិសទីតាមទីតាំងរៀងៗ ខ្លួន ចំណែកនៅឯស្រុកកំណើតរបស់លោក នៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ ក៏នឹងមានពិធីបុណ្យធំដុំត្រូវបានប្រារព្ធធ្វើឡើងដែរ។
បងស្រីបណ្ឌិត កែម ឡី លោកស្រី កែម ថាវី ប្រាប់វិទ្យុអាស៊ីសេរីថា នៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ក្រុមសាច់ញាតិនឹងធ្វើពិធីបុណ្យគម្រប់ខួបឧទ្ទិសកុសលគោរពវិញ្ញាណក្ខន្ធឱ្យលោកបណ្ឌិតធំជាងរៀលឆ្នាំដោយសារនៅឆ្នាំនេះ ត្រូវធ្វើបុណ្យឆ្លងចេតិយឱ្យបណ្ឌិតទើបសាងសង់រួចផង និងធ្វើបុណ្យចម្រើនព្រះជន្មជូនម្ដាយលោកបណ្ឌិត កែម ឡី ផង។
លោកស្រី កែម ថាវី៖ «បងប្អូនយើងទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេសមកចូលរួមបុណ្យហ្នឹង ឱ្យបានកុះករ ហើយភាពយុត្តិធម៌នៅតែនឹកចង់រកអ៊ីចឹង នៅតែទាមទារអ៊ីចឹង ហើយជូនពរឱ្យសុខសប្បាយទាំងអស់គ្នា ទោះអ្នកមិនបានមក បានមកក៏ដោយ ឱ្យគាត់ទទួលជោគជ័យគ្រប់ការងារ សុខភាពល្អ»។
លោកស្រីបន្តថាចេតិយបណ្ឌិត កែម ឡី ទើបសាងសង់រួចរាល់ ក្រោយទទួលបានការជួយជ្រោមជ្រែងផ្ដល់ថវិកាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្រីបន្ថែមថា ចេតិយនោះ ត្រូវបានសាងសង់អស់ថវិកាជាង ៩ម៉ឺនដុល្លារ ក្នុងនោះទឹកប្រាក់ទទួលបានពីសប្បុរសជនជិតឆ្ងាយមានពី ៥ ទៅ ៦ពាន់ដុល្លារ ក្រៅពីនោះ ជាទឹកប្រាក់ទទួលបានពីលោក ហ៊ុន សែន ដើម្បីសាងសង់បង្ហើយចេតិយនេះ។
លោកស្រីបន្តថា ពិធីបុណ្យរំឭកខួបនេះ នឹងធ្វើឡើងដូចរាល់ឆ្នាំ គឺនៅល្ងាចថ្ងៃទី៩ ខែកក្កដា និមន្តព្រះសង្ឃសូត្រមន្ត និងសម្ដែងធម៌ទេសនា និងព្រឹកឡើងធ្វើពិធីរាប់បាត្រព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ លោកស្រីបញ្ជាក់ថាពិធីបុណ្យក្នុងឆ្នាំនេះ អាចនឹងប្រារព្ធឡើងដោយរលូនជាងរាល់ដងដែលកន្លងមកតែងត្រូវបានរារាំងរំខានពីអាជ្ញាធរ ដោយសារនៅឆ្នាំនេះលោក ហ៊ុន សែន ជាអ្នកជួយខ្នះខ្នែងផ្ដល់លុយសម្រាប់សាងសង់ចេតិយផង និងលុយចំណាយសម្រាប់ធ្វើបុណ្យផង។
ទោះជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលបានរៀបចំធ្វើពិធីដោយនិមន្តព្រះសង្ឃធ្វើដារបង្សុកូលនៅការិយាល័យរបស់ខ្លួន ដើម្បីសម្ដែងការចងចាំពីមរណភាព បណ្ឌិត កែម ឡី មុនពិធីបុណ្យរំឭកខួបលោកបណ្ឌិត ត្រូវបានរៀបចំដោយក្រុមគ្រួសារនៅឯស្រុកកំណើត។ កាលពីថ្ងៃទី៦ កក្កដា សិស្ស និស្សិត ប្រជាពលរដ្ឋ តំណាងមន្ត្រីស្ថានទូតប្រទេសប្រជាធិបតេយ្យ និងក្រុមមន្ត្រីអង្គការសង្គមស៊ីវិលជិត ១០០នាក់ បានធ្វើពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដោយមានរបៀបវារៈ អានកំណាព្យ និងអត្ថបទខ្លី រួមទាំងការចាក់បញ្ចាំងវីដេអូរបស់បណ្ឌិត កែម ឡី។
ដោយឡែកព្រះតេជព្រះគុណ ឡុង សុគា ប្រធានក្រុមពន្លកយុវជនមានថេរដីកាថា បណ្ដាញយុវជនចំនួន៥ក្រុមនៅខេត្តបាត់ដំបង នឹងជួបជុំគ្នានៅថ្ងៃទី៩ កក្កដា នៅក្នុងសណ្ឋាគារស្ទឹងសង្កែ ក្រុងបាត់ដំបងពីម៉ោង១ ដល់ ៥ល្ងាច ដើម្បីបង្សុកូលឧទ្ទិសកុសលដល់បណ្ឌិត កែម ឡី និងដើម្បីរំឭកពីមរតកគំនិត និងទស្សនវិស័យល្អរបស់លោកបណ្ឌិត កែម ឡី។
ព្រះតេជគុណ ឡុង សុគា៖ «យើងពិបាកចូលរួមនៅខេត្តតាកែវ ហើយជាធម្មតានៅខេត្តបាត់ដំបង ក៏ពិបាកទៅហើយ ព្រោះខេត្តតាកែវនៅឆ្ងាយដែរ។ ជាគោលបំណង ចង់រំលេចពីគុណតម្លៃ ឬទស្សនទានរបស់លោកបណ្ឌិត កែម ឡី ឱ្យយុវជននៅក្នុងខេត្តបាត់ដំបងទាំងមូល បានដឹង ហើយបានចាំពីវីរភាពរបស់លោកបណ្ឌិត កែម ឡី»។
ទោះបីជាបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់អស់រយៈពេល ៧ឆ្នាំហើយក្ដី ប៉ុន្តែអ្នកគោរពស្រលាញ់លោកនៅតែចងចាំពីការវិភាគរបស់លោក រួមទាំងនៅតែជំរុញឱ្យវែកមុខឃាតកពិតដែលបានបាញ់សម្លាប់លោក។
កាលពីដើមខែមិថុនា លោក ហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតថា លោកមិនមែនជាអ្នកនៅពីក្រោយករណីឃាតកម្មលើបណ្ឌិត កែម ឡី ឡើយ លោកថែមទាំងអះអាងថា អ្នកដែលខាតបង់ពិតប្រាកដពីការស្លាប់របស់អ្នកវិភាគរូបនេះ គឺរូបលោក និងគណបក្សប្រជាជនកម្ពុជានោះទេ។ ក្រៅពីប្រកាសបែបនេះ លោក ហ៊ុន សែន ក៏បញ្ជាក់ថា លោកជាអ្នកជួយចំណាយក្នុងការរៀបចំពិធីបុណ្យនានា និងសាងសង់ចេតិយឱ្យបណ្ឌិត កែម ឡី ទៀតផង។
លោក ហ៊ុន សែន៖ «អ៊ីចឹង! វាទៅ ហ៊ុន សែន សម្លាប់ កែម ឡី វាទៅអ៊ីចេះឆ្កុយទៅ។ តើនរណាទទួលផលប្រយោជន៍ពីការស្លាប់របស់ កែម ឡី? រាជរដ្ឋាភិបាល និងគណបក្សប្រជាជនជាអ្នកខាតបង់ដោយសារតែគេថា យើងជាអ្នកសម្លាប់»។
ការប្រកាសបែបនេះ ហាក់មានន័យថាលោក ហ៊ុន សែន កំពុងទទួលស្គាល់ថា លោក អឿត អាង ហៅ ជួប សម្លាប់ ដែលក្រុមអាជ្ញាធរចាប់ខ្លួនបាន ហើយត្រូវបានតុលាការរបស់លោកសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនោះ គ្រាន់តែជាឃាតកសិប្បនិម្មិត ដែលត្រូវបានគេប្រើប្រាស់ក្នុងនាមជាតួសម្ដែងជាប់គុកជំនួស ដើម្បីបំភាន់ភ្នែកមហាជន ដូចអ្វីដែលពលរដ្ឋទូទៅធ្លាប់នាំគ្នាលើកឡើងដែរ។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា ការស្លាប់របស់បណ្ឌិត កែម ឡី គឺលោក ហ៊ុន សែន ទទួលបានទាំងផលចំណេញ និងខាតបង់ ប៉ុន្តែលោកថា លោក ហ៊ុន សែន ទទួលបានផលចំណេញរយៈពេលខ្លី ហើយត្រូវប្រឈមការខាតបង់ធំធេង។
លោក គឹម សុខ៖ «ផលចំណេញអាចមានរយៈពេលខ្លី។ គឺទី១ បន្លាចអ្នកតស៊ូប្រជាធិបតេយ្យ ឱ្យញញើតញញើមក្នុងការធ្វើសកម្មភាពសកម្ម ដើម្បីបុព្វហេតុប្រជាធិបតេយ្យ។ ហើយទីពីរ អាចបំបែកកម្លាំង អ្នកប្រាថ្នាប្រជាធិបតេយ្យ ក្នុងស្ថានភាពចាំបាច់មួយក្នុងរយៈពេលខ្លី ដែលលោក ហ៊ុន សែន ត្រូវផ្ទេរអំណាចឱ្យកូនប្រុសរបស់គាត់។ បើបង កែម ឡី នៅមានជីវិត គាត់អាចប្រមូលកម្លាំងតទល់បាន»។
លោកបណ្ឌិត កែម ឡី ជាអ្នកសិក្សាពីបញ្ហាសង្គមដ៏ឆ្នើមម្នាក់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាពិសេសការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅតាមព្រំដែនទៅឱ្យក្រុមអ្នកវិនិយោគជនជាតិវៀតណាម ដែលលោកធ្លាប់បង្ហាញការព្រួយបារម្ភពីការបាត់បង់ទឹកដីទៅប្រទេសជិតខាង។ លោក ក៏ត្រូវបានពលរដ្ឋទូទៅទទួលស្គាល់ថា ជាអ្នកដែលហ៊ានចេញមុខរួតវាំងននបង្ហាញការពិតពីសង្គម តាមរយៈការលាតត្រដាងពីការជិះជាន់ ការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយរបស់ក្រុមអ្នកមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។