កូន​ប្រុស​ច្បង​ទាំង​៤​រូប​របស់​បណ្ឌិត កែម ឡី ចុះ​ឈ្មោះ​ចូល​រៀន​នៅ​អូស្ត្រាលី

ដោយ មាន ឫទ្ធិ
2018.02.26
កូន​ប្រុស កែម ឡី ៦២២ កូន​ប្រុស ៤​នាក់ ក្នុង​ចំណោម ៥​នាក់ របស់​លោក​បណ្ឌិត កែម ឡី ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលារៀន​រដ្ឋ​មួយ​កន្លែង ក្នុង​ក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
រូបថត​ពី​ហ្វេសប៊ុក ម៉ាលី ម៉ាលី

កូន​ប្រុស ៤​នាក់ ក្នុង​ចំណោម ៥​នាក់ របស់​លោក​បណ្ឌិត កែម ឡី ដែល​ទើប​តែ​បាន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ម្តាយ គឺ​អ្នកស្រី ប៊ូ រចនា បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលារៀន​រដ្ឋ​មួយ​កន្លែង​ក្នុង​ក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ម្នាក់ និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ការ​មក​តាំង​ទី​លំនៅ​ថ្មី​របស់​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី នៅ​អូស្ត្រាលី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ដែល​មាន​គណនី​ឈ្មោះ «ម៉ាលី ម៉ាលី» ឲ្យ​ដឹង​ថា "កូនៗ​របស់​លោក​បណ្ឌិត កែម ឡី បាន​មក​ដល់​សាលា​ហើយ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨"។ ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​បាន​សរសេរ​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​របស់​ខ្លួន​ថា "កូន​ប្រុស​ច្បង​របស់​គាត់​ពីរ​នាក់ អាច​ជជែក​ជាមួយ​នាយក​សាលា​ជា​ភាសា​អង់គ្លេស​បាន​ដោយ​មិន​ចាំបាច់​មាន​អ្នក​ជួយ​បក​ប្រែ" ហើយ​ថា "ឥឡូវ​ពួក​គេ​កំពុង​តែ​ធ្វើ​តេស្ត​ថា​ត្រូវ​ចូល​រៀន​ថ្នាក់​ទី​ប៉ុន្មាន"។

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កុម្ភៈ សហគមន៍ និង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​ដើម្បី​ធ្វើ​ពិធី​ស្វាគមន៍ និង​សាទរ​យ៉ាង​កក់ក្តៅ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី មក​តាំង​ទីលំនៅ និង​ជីវិត​ថ្មី​នៅ​ទីក្រុង​ស្ព្រីងវែល ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​វ៉ិកតូរីយ៉ា នេះ។

ពាក់ព័ន្ធ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី បាន​មក​តាំង​ទីលំនៅ​ប្រកប​ដោយ​ជោគជ័យ​នៅ​ប្រទេស​អូស្ត្រាលី​នេះ ប្រធាន​សមាគមន៍​ក្រុមប្រឹក្សា​ព្រះសង្ឃ​ខ្មែរ​សាជីវកម្ម-​អូស្ត្រាលី-​ណូវែលហ្សេឡង់ដ៍ (Cambodian Buddhist Monk Council of Australia & New Zealand Inc.) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស្ព្រីងវែល រដ្ឋ​វ៉ិកតូរីយ៉ា ព្រះតេជព្រះគុណ ស្រី សុវណ្ណ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការ​តាំង​ទីលំនៅ​ថ្មី​ដោយ​ជោគជ័យ​សម្រាប់​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ពេល​នេះ។ ប្រធាន​សមាគមន៍​អង្គ​នេះ គូស​បញ្ជាក់​ថា សហគមន៍​ខ្មែរ-​អូស្ត្រាលី និង​សហគមន៍​ខ្មែរ​នៅ​ទូទាំង​ពិភពលោក បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​គាំទ្រ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ឲ្យ​បាន​មក​តាំងទី​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី​នេះ បាន​ប្រកប​ដោយ​ជោគជ័យ ដោយសារ​តែ​ពួកគេ​ចាត់​ទុក​ថា ក្រុម​គ្រួសារ​លោក កែម ឡី គឺ​ជា​គ្រាប់​ពូជ​របស់​បុព្វបុរស​ជនជាតិ​ខ្មែរ។

​ក្រៅ​ពី​ប្រកាស​ទទួល​ស្គាល់ និង​ថ្លែង​អំណរ​គុណ​ដល់​ឥស្សរជន​ខ្មែរ​អូស្ត្រាលី ចំនួន​បី​រូប​ដែល​បាន​ជួយ​ខ្នះខ្នែង​ជ្រោមជ្រែង​ឲ្យ​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី បាន​មក​តាំងទី​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី ដោយ​ជោគជ័យ​នេះ រួម​មាន​លោក ហុង លីម តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ជា យូហន ប្រធាន​សមាគមន៍​ខ្មែរ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា និង​ជា​ចៅហ្វាយ​ក្រុង Greater Dandenong និង​លោក តាក់ ម៉េងហៀង បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ក្រុង​ខ្លែរិនដា ប្រធាន​សមាគម​ក្រុមប្រឹក្សា​ព្រះសង្ឃ​ខ្មែរ​សាជីវកម្ម​អូស្ត្រាលី-​ណូវែលហ្សេឡង់ដ៍ ព្រះតេជព្រះគុណ ស្រី សុវណ្ណ ក៏​មិន​ភ្លេច​លើក​ឡើង​ពី​គុណសម្បត្តិ​របស់​មនុស្ស​សំខាន់ៗ​ចំនួន​បី​រូប​ទៀត ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​រៀបចំ​សំណុំ​រឿង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ឲ្យ​បាន​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នេះ ប្រកប​ដោយ​ជោគជ័យ ក្នុង​នោះ​មាន​លោក យីម ថៃហ៊ន ប្រធាន​កិច្ចការ​ទំនាក់ទំនង​សាធារណៈ និង​ជា​លេខាធិការ​សមាគមន៍​ក្រុមប្រឹក្សា​ព្រះសង្ឃ​ខ្មែរ​សាជីវកម្ម​អូស្ត្រាលី-​ណូវែលហ្សេឡង់ដ៍ អ្នកស្រី អ៊ីហ្សាបែល ស្កាបឺរស្គី (Isabelle Skaburskis) ដែល​បម្រើ​ការងារ​ឲ្យ​តុលាការ​កំពូល ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា និង​ជា​លេខាធិការ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​អន្តរជាតិ ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា  (ICJV) និង​លោក ក្រិក ហានសុន (Greg Hanson) ជា​មេធាវី និង​ជាម​ន្ត្រី​ផ្នែក​គោលនយោបាយ​សម្រាប់​មជ្ឈមណ្ឌល​កិច្ចការ​ជនភៀសខ្លួន (Refugee Legal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។