ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី គ្រោង​រៀបចំ​ពិធី​បុណ្យ​ខួប​១​ឆ្នាំ​នៅ​ខេត្ត​តាកែវ

ដោយ ម៉ម មុនីរតន៍
2017.06.10
រូប​សំណាក កែម ឡី ៨៥៥ រូប​សំណាក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដាក់​តម្កល់​នៅ​ក្នុង​រោងបុណ្យ​ខួប ១០០​ថ្ងៃ នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ឲ្យ​ចូលរួម​បុណ្យ​ខួប ១​ឆ្នាំ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ទីតាំង​តម្កល់​សព​នៅ​ស្រុក​កំណើត​តែម្ដង។

គណៈកម្មការ​រៀបចំ​ចេតិយ​​តម្កល់​សព​លោក​​បណ្ឌិត កែម ឡី កំពុង​​តែ​ពិគ្រោះ​យោបល់​គ្នា​ពី​ការ​រៀបចំ​ពិធី​បុណ្យ​នេះ ហើយ​លទ្ធផល​ពិត​ប្រាកដ​នឹង​ចេញ​​ក្នុង​ពេល​ឆាប់ៗ​នេះ។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល ១១​ខែ​គត់​នៃ​ឃាតកម្ម​លើ​អ្នកស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព ប៉ុន្តែ​ក្រុម​គ្រួសារ​ចាត់​ទុក​ថា យុត្តិធម៌​ដែល​ទទួល​បាន​តាម​រយៈ​ការ​ជំនុំជម្រះ​នៅ​តុលាការ គឺ​មិន​ទាន់​ឃើញ​ពន្លឺ​នៅ​ឡើយ​ទេ។

ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី អះអាង​ថា គឺ​ស្មើ​នឹង​មាន​លិខិត​អញ្ជើញ​ចំពោះ​ពលរដ្ឋ​ដែល​ធ្លាប់​មាន​ភក្ដីភាព​ចំពោះ​លោក​បណ្ឌិត កែម ឡី ដើម្បី​បាន​ចូលរួម​ពិធី​បុណ្យ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ចំ​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ខែ​កក្កដា ខាង​មុខ​នេះ។

ម្ដាយ​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ភោគ សេ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា ពិធី​បុណ្យ​ដែល​គ្រោង​រៀបចំ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក​នៅ​ពេល​ខាង​មុខ​នេះ គឺ​ពុំ​មាន​គណៈកម្មការ​រៀបចំ​បុណ្យ​ចាត់ចែង​ដូច​មុន​ទៀត​ទេ។

ស្ថិត​ក្នុង​វ័យ​ ៧៨​ឆ្នាំ លោកស្រី​បន្ត​ថា ពិធី​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ​នឹង​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​៩ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា៖ «ធ្វើ​តាម​ស្រុក​ស្រែ​ទេ។ ប៉ុន្តែ​បើ​ភ្ញៀវ​អត់​បាន​ប្រាប់​ទេ ជួយ​ប្រកាស​តាម​វិទ្យុ​ផង»

ការ​អំពាវនាវ​នេះ ស្រប​ពេល​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ គឺ​ជា​រយៈពេល ១១​ខែ​គត់​ដែល​ឃាតកម្ម​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ទាំង​ព្រឹក​ព្រលឹម កណ្ដាល​ទី​ក្រុង​ភ្នំពេញ។ ទាំង​ក្រុម​គ្រួសារ និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​តែ​យល់​ឃើញ​ថា យុត្តិធម៌​ដែល​ទទួល​បាន​ពី​ការ​ជំនុំ​ជម្រះ គឺ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ថ្វី​បើ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស ជួប សម្លាប់ ដាក់​គុក​មួយ​ជីវិត​ហើយ​ក៏ដោយ។

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី លោស្រី ប៊ូ រចនា បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោកស្រី​ថា ពុំ​មាន​ទេ​យុត្តិធម៌​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មិថុនា ដែល​ជា​ខួប​គម្រប់ ១១​ខែ​នៃ​មរណភាព​ប្ដី​របស់​អ្នកស្រី។ លោកស្រី​បាន​ចោទ​សំណួរ​មួយ​ចំនួន​ថា តើ​យុត្តិធម៌​មាន​ទេ​សម្រាប់​អ្នក​ហ៊ាន​និយាយ​ការពិត អ្នក​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម អ្នក​ដែល​មិន​និយាយ​ការពារ? តើ​យុត្តិធម៌​នៅ​ឯ​ណា?

លោក សៅ កុសល សមាជិក​គណៈកម្មការ​រៀបចំ​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ចាត់​ទុក​ថា ការ​បំពេញ​កិច្ច​តាម​នីតិវិធី​តុលាការ​ក្នុង​ពេល​កន្លង​ទៅ​នេះ គឺ​មិន​មែន​ជា​ការ​ស្វែង​រក​ឃាតក​​ពិត​នោះ​ទេ។ លោក​បន្ត​ថា ទណ្ឌិត​ឈ្មោះ អឿត អាង ដែល​កំពុង​ជាប់​ទោស​សព្វ​ថ្ងៃ​នេះ​ទៀត​សោត គឺ​ជា​ឃាតកម្ម​សិប្បនិមិត្ត​ប៉ុណ្ណោះ ហើយ​ការ​បំបែក​សំណុំរឿង​ទៅ​ជា ២​នោះ​ថែម​ទៀត គឺ​មិន​ខុស​​អី​ពី​​ល្បែង​សៀក​រហស្សកម្ម​នោះ​ទេ៖ «យើង​គិត​ថា គ្រាន់​តែ​ជា​ឆាកល្ខោន​អី​ទេ បន្ត​អូស​បន្លាយ​រឿង​ក្ដី​នេះ​ត​ទៅ​មុខ​ទៀត​តែ​ប៉ុណ្ណឹង»

លោក លាង សំណាត់ ដែល​ជា​ចៅ​ក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា។ ជួប សម្លាប់ ដែល​មើល​ទៅ​ហាក់​មិន​តក់ស្លុត​នឹង​អំណាច​សាលក្រម​នេះ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២០០ និង​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។ ទាំង​លោកស្រី ប៊ូ រចនា ប្រពន្ធ​លោក​បណ្ឌិត កែម ឡី និង​លោក​ស្រី ភោគ សេ ដែល​​​ត្រូវ​ជា​ម្ដាយ សុទ្ធ​តែ​អះអាង​ថា ការ​ផ្ដន្ទាទោស​​​ត្រឹម ជួប សម្លាប់ ក្នុង​សំណុំរឿង​នេះ គឺ​មិន​ចាត់​ទុក​ថា ផ្ដល់​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី នៅ​ឡើយ​ទេ។ ពួក​គេ​អះអាង​ថា អឿត អាង នេះ​អាច​ជា​ឃាតក​ក្លែងក្លាយ​ច្រើន​ជាង។

សាលក្រម​ដែល​ស្ថិត​ក្រោម​ការ​​រិះគន់​ដ៏​ចម្រូងចម្រាស​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​បំបែក​រឿង​ក្ដី​នេះ​បន្ត​ទៀត។ សំណុំរឿង​ដែល​ញែក​ជា ២​ករណី ក្រោយ​ប្រកាស​សាលក្រម​ភ្លាមៗ​ក្នុង​ពេល​កន្លង​ទៅ គឺ​ជា​ការ​បើក​ផ្លូវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។ គិត​មក​ដល់​ពេល​នេះ មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ព្យាយាម​មិន​ឆ្លើយ​តប​រាល់​ការ​លើក​ឡើង​អំពី​ការ​ស៊ើបអង្កេត​នេះ​ដល់​ដំណាក់​កាល​ណា​ឲ្យ​ប្រាកដ ឬ​សំណុំ​រឿង​ដែល​បាន​បំបែក​រួច​ហើយ​នេះ បាន​បិទ​បញ្ចប់​ហើយ ឬ​នៅ។

កន្លង​ទៅ​អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ធ្លាប់​អះអាង​ថា សព្វថ្ងៃ​សំណុំរឿង​នេះ កំពុង​ត្រូវ​បាន​បន្ត​នីតិវិធី និង​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​លោក សេង លាង នៅ​ឡើយ។

ក្រៅ​ពី​នេះ​វិញ ក្រុម​សាច់​ញាតិ​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ​គម្រប​ខួប ១​ឆ្នាំ​នៃ​ឃាតកម្ម​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ស្រុក​កំណើត​នោះ ពិធី​សាងសង់​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ក៏​នឹង​ត្រូវ​ចាប់​ដំណើរ​ក្នុង​ពេល​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឌីជីថល​ដ៏​ធំ​របស់​ត្រកូល «ហ៊ុន» លាង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​ឱ្យ​​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​កូរ៉េ​ខាងជើង
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។