ភរិយា​ជន​ជាប់​ចោទ ជួប សម្លាប់ មិន​ខ្វល់​នឹង​តុលាការ​បើក​ការ​ជំនុំ​ជម្រះ​ប្ដី

ដោយ ហង្ស សាវយុត
2017.02.28
ប្រពន្ធ ជួប សម្លាប់ ៨៥៥ ប្រពន្ធ​ ជួប សម្លាប់ លោកស្រី ហឿម ហ៊ត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Hang Savyouth

ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្តី​ឃាតកម្ម​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម នៅ​ថ្ងៃ​ពុធ ទី​១ មីនា ប្រជាពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ អន្ទះសា​ចង់​បាន​យុត្តិធម៌​ដ៏​ត្រឹមត្រូវ​មួយ។

ចំណែក​ឯ​ភរិយា​របស់​ជន​សង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី វិញ​ហាក់​ដូចជា​មិន​ខ្វល់ខ្វាយ និង​មិន​ចាប់​អារម្មណ៍​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ទៅ​លើ​ប្ដី​របស់​គាត់​ទេ។

ភរិយា​របស់​ជន​សង្ស័យ​បាន​បង្ហាញ​ភាព​មិន​ខ្វល់ខ្វាយ​ទៅ​លើ​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​ប្ដី​របស់​គាត់ ជុំវិញ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​នយោបាយ និង​សង្គម នៅ​ថ្ងៃ​ពុធ ទី​១ មីនា នោះ​ទេ។

លោកស្រី ហឿម ហ៊ត ជា​ភរិយា​របស់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​កំពុង​រស់នៅ​តែ​ម្នាក់​ឯង​ក្នុង​ភូមិ​នគរភាស ឃុំ​នគរភាស នៃ​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប មាន​ប្រសាសន៍​កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កុម្ភៈ ថា បច្ចុប្បន្ន លោកស្រី​ខ្វល់ខ្វាយ​តែ​ពី​រឿង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ មិន​បាន​ខ្វល់ខ្វាយ​រឿង​ប្ដី​ដែល​ជាប់​សង្ស័យ​ក្នុង​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​កំពុង​តែ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ឯ​ទីក្រុង​ភ្នំពេញ​នោះ​ទេ។

លោកស្រី ហឿម ហ៊ត បញ្ជាក់​ទៀត​ថា គាត់​ទើប​តែ​រៀបការ​ជាមួយ​នឹង អឿត អាង ហៅ ជួប សម្លាប់ បាន​រយៈពេល ២​ខែ​ប៉ុណ្ណោះ ហើយ​កាល​ពី​ប្ដី​រស់នៅ​ជាមួយ ក៏​មិន​ដែល​ជួយ​រក​ស៊ី​ទេ មាន​តែ​ដើរ​លេង​ល្បែង​ស៊ី​សង។ ក្រោយ​ពី​ប្ដី​របស់​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ឯ​ទីក្រុង​ភ្នំពេញ ដោយ​សង្ស័យ​ថា​ជា​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម​មក គឺ​លោកស្រី​រស់នៅ​ម្នាក់​ឯង​យ៉ាង​លំបាក។

ស្ត្រី​ដដែល​បញ្ជាក់​ថា បើ​ទោះ​បី​ជា​តុលាការ​ក្រុង​ភ្នំពេញ គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ករណី​ប្ដី​របស់​គាត់​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ក៏ដោយ ក៏​គាត់​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ជួប​មុខ​ទេ៖ «អូយ! ស្រេច​លើ​តុលាការ បើ​ប្ដី​របស់​ខ្ញុំ​ខុស ក៏​មិន​ដឹង​ធ្វើ​ម៉េច! បើ​ប្ដី​ខ្ញុំ​ត្រូវ ស្រេច​លើ​តុលាការ​កាត់​សេចក្តី​ចុះ។ ខ្ញុំ​មិន​បាន​ទៅ​មើល​គាត់​ទេ ពីព្រោះ​ខ្ញុំ​គ្មាន​លុយ​កាក់ ហើយ​មាន​ជំងឺ​ផង»

លោកស្រី ហឿម ហ៊ត បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា បើ​សិន​ជា​ប្ដី​របស់​គាត់​ត្រូវ​តុលាការ​រក​ឃើញ​ថា​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ រួច​មក​រួម​រស់​ជាមួយ​គាត់​ជា​ថ្មី​ក៏ដោយ ក៏​លោកស្រី​មិន​ងាយ​ទទួល​យក​ប្ដី​នោះ​វិញ​ទេ ទាល់​តែ​មាន​ការ​ជជែក និង​ធានា​ពី​ចាស់ៗ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន។

ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ពេល​ដែល​ឮ​ថា តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នោះ គឺ​ពួក​គេ​អន្ទះសា​ចង់​បាន​យុត្តិធម៌​យ៉ាង​ខ្លាំង។

អ្នក​ឃុំ​បេង នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ លោក កើត ម៉ាប់ មាន​ប្រសាសន៍​ថា រូប​គាត់​មិន​ដែល​បាន​ជួប​មុខ​លោក​បណ្ឌិត កែម ឡី ផ្ទាល់​ទេ ប៉ុន្តែ​គាត់​ស្គាល់​តាម​រយៈ​ការ​ស្ដាប់​វិទ្យុ និង​មើល​ទូរទស្សន៍។ ទោះ​យ៉ាង​ណា លោក​ចង់​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ចំពោះ​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​កាត់​ទោស​ជន​ដៃ​ដល់​ពិត​ប្រាកដ៖ «បើ ជួប សម្លាប់ ជា​ជន​ដៃ​ដល់​ពិត​ប្រាកដ សូម​ឲ្យ​តុលាការ​ដាក់​ទោស ប៉ុន្តែ​បើ​មិន​មែន​ទេ សូម​ឲ្យ​រដ្ឋាភិបាល​រក​ជន​ដៃ​ដល់​ពិត​មក​កាត់​ទោស»

ចំណែក​លោកស្រី នួន ម៉ុន ជា​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា អ្នក​ភូមិ​របស់​គាត់​បាន​ស្គាល់​លោក​បណ្ឌិត កែម ឡី ច្បាស់​ដោយសារ​តែ​ធ្លាប់​ទៅ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី។ លោកស្រី នួន ម៉ុន ចង់​ឃើញ​តុលាការ​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​លោក​បណ្ឌិត កែម ឡី៖ «សោកស្ដាយ​ណាស់​ចំពោះ​លោក​បណ្ឌិត កែម ឡី គាត់​បាន​មក​ផ្សព្វផ្សាយ​អំពី​ច្បាប់ អំពី​អី ពួក​ខ្ញុំ​ស្រឡាញ់​គាត់​ណាស់»

លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​ស្តារម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​មក សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា​ជន​នោះ​អាច​ជា​អ្នក​ដៃ​ដល់​ក្នុង​អំពើ​ឃាតកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ការ​អំពាវនាវ​ឱ្យ​ប្រើ CoolApp ជា​ការ​«ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​បក្ស​ និង​មន្ត្រី​រាជការ​សាធារណៈ »
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។