លោក សម រង្ស៊ី ចូលរួមបាតុកម្មជាមួយកម្មករនៅខេត្តស្វាយរៀង
ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងក្រុមការងារមួយចំនួន នៅតែបន្តចូលរួមធ្វើបាតុកម្មជាមួយក្រុមកម្មករកម្មការិនីរោងចក្ររាប់រាយនាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត នៅថ្ងៃទី២៥ ធ្នូ ដែលបាតុកម្មនេះឈានដល់ថ្ងៃទី៣ ហើយ ដើម្បីដាក់សម្ពាធទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករមួយខែ ១៦០ដុល្លារម្នាក់។ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឡើងថ្លែងសារទៅកាន់ក្រុមកម្មករនៅតំបន់ពិសេសក្រុងបាវិត នៅថ្ងៃទី២៥ ធ្នូ ដោយបញ្ជាក់ពីគោលជំហររបស់ខ្លួនថា នឹងជួយទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែកម្មករឲ្យបានរស់សមរម្យ។
លោក សម រង្ស៊ី គូសបញ្ជាក់ថា មានតែកម្លាំងសាមគ្គីរបស់កម្មករទេ ដែលអាចទាមទារលើសេចក្ដីសម្រេចនៃការកំណត់ប្រាក់ខែគោលឲ្យកម្មករនោះបាន។
ចំពោះក្រុមកម្មករដែលបានចូលរួមធ្វើបាតុកម្មជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំងថ្លែងនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ថា ពួកគេចូលរួមធ្វើបាតុកម្ម ដើម្បីជំទាស់នឹងសេចក្ដីប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានកំណត់ប្រាក់ខែគោលឲ្យកម្មករត្រឹម ៩៥ដុល្លារ ដែលចំនួននេះខុសពីការចង់បានរបស់កម្មករនៅពេលកន្លងមក។
កម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន កញ្ញា យន្ត ផល្លី ថ្លែងថា កញ្ញាចូលរួមធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលកម្មករឲ្យបាន ១៦០ដុល្លារនេះ គឺពុំមែនជាការទាមទារពេកនោះទេ។
កញ្ញាបញ្ជាក់ថា ការទាមទារនេះគឺដើម្បីឲ្យសមស្របទៅតាមតម្លៃទំនិញទីផ្សារសព្វថ្ងៃ៖ «ព្រោះអីវាអត់សមស្របនឹងពួកខ្ញុំ ណាមួយរបស់របរវាឡើងថ្លៃបានប៉ុនហ្នឹងៗ មកចាយអត់គ្រប់គ្រាន់ ហើយជីវភាពគ្រួសារក៏អត់សូវធូរធារអីប៉ុន្មាន អ៊ីចឹងទៅគេក៏ត្រូវការប្រាក់ខែច្រើនៗ»។
ស្រដៀងគ្នានេះដែរ កម្មករម្នាក់ទៀត គឺលោក នាង ឆាយ ថ្លែងនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ថា ក្រុមកម្មករមានបំណងមកចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ រាប់ម៉ឺននាក់ ដើម្បីទាមទារដំឡើងប្រាក់ខែរបស់ខ្លួនឲ្យបាន ១៦០ដុល្លារ។ ប៉ុន្តែក្នុងដំណើរចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិថ្ងៃដដែលនេះ ក្បួនរថយន្តរបស់ពួកគេរាប់រយគ្រឿងត្រូវបានអាក់ខានមិនបានទៅចូលរួមធ្វើបាតុកម្មទេ ដោយសារមានការរារាំងរំខានតាមផ្លូវពីសំណាក់អាជ្ញាធរ។
លោក នាង ឆាយ៖ «តាមផ្លូវដែលកម្មករត្រូវមកធ្វើការត្រូវបានគេបិទផ្លូវទាំងអស់ មិនឲ្យកម្មករកូដកម្មចូលរួមទាមទារប្រាក់ខែ ១៦០ដុល្លារ។ ធម្មតាកម្មករមកច្រើនរាប់ពាន់ រាប់សែនរាប់ម៉ឺននាក់ដែលមកទាមទាររកប្រាក់គោល ១៦០ដុល្លារតាមតម្រូវការដោះស្រាយជីវភាពពួកគេរៀងៗខ្លួន។ តែដឹងជាមូលហេតុអីថ្ងៃហ្នឹងបានជាគេបិទអត់ឲ្យកម្មករមកតាមអ្វីជាធម្មតាដូចរាល់ថ្ងៃ»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងអភិបាលខេត្តនិងមន្ត្រីស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេ នៅរសៀលថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣។
តែយ៉ាងណា ក្រុមកម្មករបង្ហើបថា ពួកគេនឹងបន្តចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែរបស់ខ្លួនបន្តទៀតនៅថ្ងៃបន្ទាប់។
មកទល់ពេលនេះនៅខេត្តស្វាយរៀង មានរោងចក្រប្រហែលជាង ៣០រោងចក្រហើយ ដែលបានបិទទ្វារមិនដំណើរការ ហើយការបិទទ្វារនេះ ដោយសារកម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ។
លោក កឹម សុខា ចូលរួមបាតុកម្មជាមួយកម្មករកំពង់ចាម
ចំណែកឯអនុប្រធានគណបក្សសង្គ្រោះជាតិ បានចូលរួមជាមួយកម្មករនៅខេត្តកំពង់ចាម ដើម្បីទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឱ្យកម្មករបានចំនួន ១៦០ដុល្លារដូចគ្នាដែរ។ ថ្លែងនៅក្នុងឱកាសនោះ លោក កឹម សុខា បានលើកឡើងពីប្រាក់ខែគោលនៅប្រទេសជិតខាង ដែលភាគច្រើន គឺមានចំនួនច្រើនជាងប្រទេសកម្ពុជាទាំងអស់។ ប្រសិនបើមិនមានចំណាត់ការចំពោះកម្មករទេ គឺសូមឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។ លោកបញ្ជាក់ថា លោកនឹងបន្តចូលរួមជាមួយកម្មករទាំងអស់នៅកំពង់ចាម ជារៀងរាល់ថ្ងៃរហូតដល់មានដំណោះស្រាយ។
ក្រុមកម្មករបានស្រែកទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលជូនពួកគាត់យ៉ាងហោច ១៦០ដុល្លារក្នុងមួយខែ ទើបអាចធានានូវការចំណាយនៅពេលបច្ចុប្បន្នបាន។ អ្នកតវ៉ាបានដាក់កំហិតថា ប្រសិនបើមិនអាចផ្តល់ជូនកម្មករទាំងអស់បានទេ កម្មករសូមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងតែម្តង។
តំណាងកម្មករនៅរោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co.,Ltd.) កញ្ញា កឹម ស្រីអូន បានលើកឡើងថា ការតវ៉ារបស់ពួកគាត់នៅពេលនេះ គឺមិនមែនមកសុំការដំឡើងប្រាក់ខែពីសំណាក់ថៅកែរោងចក្រនោះទេ ប៉ុន្តែគឺទាមទារពីសំណាក់រដ្ឋាភិបាលតែម្តង៖ «ខ្ញុំទាមទារហ្នឹងរដ្ឋាភិបាលបានឱ្យខ្ញុំដែរ។ ពីខែមុនហ្នឹងគាត់ថាឱ្យកម្មកររោងចក្រគ្រប់តំបន់ គ្រប់ខេត្ត គ្រប់ផ្នែកហ្នឹង ឱ្យប្រាក់ខែដំឡើងខែមួយ ប៉ុន្តែគាត់បានប្រជុំចរចាជាមួយខ្ញុំថ្ងៃមិញម៉ោង ១២ចប់។ ខ្ញុំមកពីភ្នំពេញហ្នឹង គាត់ឱ្យបានតែ ១៥រៀល (ដុល្លារ) គោលការណ៍របស់ខ្ញុំ ១៦០ ដល់ពេល ៨០ និង ១៥ ហ្នឹង វាបានតែ ៩៥ ពួកខ្ញុំអត់ទទួលយកអត់បានទេ។ មូលហេតុដែលស្រែក ហ៊ុន សែន អើយចុះចេញ ពីព្រោះគាត់ជាអ្នកឱ្យប្រាក់ខែឡើង ប្រសិនបើគាត់ហ៊ានឱ្យដល់ ១៦០ដុល្លាពួកគាត់ក៏អត់មានប្រតិកម្មបាតុកម្មដែរ»។
ចំណែកឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងតំណាងរាស្ត្រខេត្តកំពង់ចាម ផ្សេងទៀត បានចូលរួមធ្វើបាតុកម្មជាមួយកម្មករដើម្បីទាមទារប្រាក់ខែគោលដូចការទាមទាររបស់ពួកគាត់។ ក្នុងនោះ លោក កឹម សុខា បានថ្លែងសារទៅកាន់កម្មកររាប់ពាន់នាក់ឱ្យរាជរដ្ឋាភិបាលត្រូវមានដំណោះស្រាយជូនកម្មករទូទាំងប្រទេស បើមិនអាចដោះស្រាយបានចុះចេញពីតំណែង មិនតែប៉ុណ្ណោះ លោកបានលើកឡើងថា ប្រទេសជិតខាងសុទ្ធតែមានប្រាក់ខែគោលសមរម្យ ប៉ុន្តែដោយឡែកនៅកម្ពុជា មិនអាចផ្ដល់ជូននូវប្រាក់ខែសមរម្យបាន ដោយសារតែមានរដ្ឋាភិបាលពុករលួយ។
លោក កឹម សុខា៖ «យើងគ្រាន់តែបំបាត់អំពើពុករលួយទៅបានហើយ ព្រោះពួកក្រុមហ៊ុនសព្វថ្ងៃនេះ គេត្អូញបងប្អូន ពេលគេធ្វើរោងចក្រតភ្លើងអគ្គិសនី ក៏ត្រូវសូកប៉ាន់ខាងអគ្គិសនី ពេលគេតទឹកក៏ត្រូវសូកប៉ាន់ខាងទឹក។ បន្តិចក្រុមនេះមកទារលុយ បន្តិចក្រុមនោះមកទារលុយថៅកែ ហើយជិតបោះឆ្នោតគណបក្សប្រជាជនហ្នឹង ក៏មកទាក់ទងឧញ៉ាដែលជាថៅកែរោងចក្រហ្នឹង ដើម្បីជួយលុយគាត់ទិញសារុង ទិញប៊ីចេង ទិញសន្លឹកឆ្នោតទៀត។ អ៊ីចឹងហើយបានជាគេយកចំណាយទៅលើអ្នកអស់ហ្នឹងច្រើនពេក បានជាគេប្រាក់ចំណាយទៅលើបងប្អូនអ៊ីចឹង»។
សម្រែកឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងរបស់លោក កឹម សុខា និងកម្មកររាប់ពាន់នាក់បានចាប់ផ្ដើម ដោយលោកលើកឡើងថា ការលួចសន្លឹកកម្មករដូចជាការលួចប្រាក់ខែកម្មករអ៊ីចឹងដែរ។ លោក កឹម សុខា បានមានប្រសាសន៍ទៅកាន់កម្មករទាំងនោះឱ្យប្រកាន់នូវ ធម៌អហិង្សា ក្នុងការធ្វើបាតុកម្មពេលនេះ ប្រសិនបើមានសមត្ថកិច្ចណាបាញ់ប្រហារមកលើកម្មករ នោះរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវប្រឈមមុខនឹងអន្តរជាតិមួយពូជតែម្ដង។
លោក កឹម សុខា៖ «បើមិនហ៊ានបោះឆ្នោតឡើងវិញហ្នឹងមានន័យថា គណបក្សប្រជាជនហ្នឹងចាញ់ហើយបងប្អូន! គឺលួចមែនហើយ! ដូច្នេះហើយអស់ផ្លូវរើហើយ ប្រជាជនងើបឡើងរាប់លាននាក់ហើយ ហើយចង់បង្រ្កាប ចង់បាញ់ ក៏បាញ់មិនអស់ដែរ។ ហើយបើហ៊ានបាញ់ប្រជារាស្រ្តម្តងនេះ ខ្ញុំបានទៅប្រាប់អង្គការសហប្រជាជាតិ ខ្ញុំបានទៅប្រាប់មេដឹកនាំអាមេរិករួចហើយ ហ៊ានតែបាញ់កម្មករម្តងនេះ ហ៊ានតែបាញ់ប្រជារាស្រ្តម្ដងនេះ គឺយកគាត់ទៅកាត់ទោសមួយពូជតែម្ដងបងប្អូន»។
លោកថ្លែងបន្តថា លោកសន្យានឹងបន្តចូលរួមក្នុងការទាមទាររបស់កម្មករនៅកំពង់ចាម រហូតដល់បានសម្រេចគឺធ្វើជារៀងរាល់ថ្ងៃ ដោយគ្រាន់តែដូរគ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាម ចូលរួមបាតុកម្មនេះថែមទៀត។
ចំពោះបញ្ហាធ្វើបាតុកម្មជារៀងរាល់ថ្ងៃនេះ ត្រូវបានអភិបាលរងខេត្តកំពង់ចាម និងជាប្រធានទទួលបន្ទុកដោះស្រាយបញ្ហាបាតុកម្មនិងកូដកម្ម លោក ជឹម លាវ បានមានប្រសាសន៍នៅថ្ងៃទី២៥ ធ្នូ ថា ខាងអាជ្ញាធរខេត្តបានត្រៀមខ្លួនសហការជាមួយកម្មករនិងបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែខាងកម្មករនិងខាងបក្សសង្រ្គោះជាតិ មិនបានសហការជាមួយខេត្តនោះទេ ពោលគឺធ្វើបាតុកម្មបិទផ្លូវដោយមិនបានជម្រាបជូនខាងខេត្តជាមុននោះឡើយ។
លោកស្នើសុំឱ្យខាងកម្មករ និងគណបក្សសង្គ្រោះជាតិ គប្បីមានការជូនដំណឹងដល់អាជ្ញាធរខេត្តជាមុនដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ៖ «ខ្ញុំបាទសូមអំពាវនាវតាមរយៈអាស៊ីសេរី ដែលថា សូមឱ្យគណបក្សសង្គ្រោះជាតិ ក៏ដូចជាតំណាងកម្មករ មេត្តាជួយសហការទាំងអស់គ្នា ដើម្បីរក្សាស្ថិរភាពសង្គម ដើម្បីរក្សាសន្តិសុខសង្គម ដើម្បីកុំឱ្យមានផលលំបាក។ គោរពច្បាប់ទៅវិញទៅមក ឱ្យប្រជាពលរដ្ឋប្រកបមុខរបររកស៊ីជាធម្មតា ឱ្យគាត់ខិតខំសហការគ្នាឱ្យបានល្អប្រសើរ បាទ!»។
កម្មកររោងចក្រនៅខេត្តកំពង់ចាម បាននាំគ្នាធ្វើបាតុកម្មចំនួនពីរថ្ងៃមកហើយ។ នៅថ្ងៃទី២៥ ធ្នូ ពួកគេបាននាំគ្នាបិទផ្លូវនៅផ្តុំរង្វង់មូលគល់ស្ពានគីហ្សូណា ដោយមានមនុស្សរាប់ពាន់នាក់ចាប់ផ្ដើមនៅម៉ោងជាង ៩ព្រឹក និងចាប់ផ្ដើមហែលក្បូនជុំវិញទីរួមខេត្តនៅម៉ោងជាង ១១ បន្ទាប់ពីលោក កឹម សុខា បានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ ហើយកម្មករទាំងអស់បានរំសាយនៅម៉ោងប្រមាណជា ២រសៀល ថ្ងៃទី២៥ ធ្នូ នឹងចាប់ផ្តើមបន្តនៅថ្ងៃបន្តបន្ទាប់រហូតមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕