ពលរដ្ឋខ្មែរ-អាមេរិកាំង នៅតំបន់រដ្ឋធានីវ៉ាស៊ីនតុន បាននាំគ្នាធ្វើពិធីបុណ្យគម្រប់ ៧ថ្ងៃ ដល់លោកបណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា។
ក្រៅពីធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ ពួកគេបានរៃអង្គាសថវិកាជាច្រើនដើម្បីជួយដល់គ្រួសាររបស់លោកបណ្ឌិត កែម ឡី ដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ជុន ច័ន្ទបុត្រ៖
ពលរដ្ឋខ្មែរនៅក្រៅប្រទេសផ្សេងទៀតប្រារព្ធពិធីបុណ្យ៧ថ្ងៃសពលោក កែម ឡី
ក្រៅពីពលរដ្ឋខ្មែរ-អាមេរិកាំង នៅតំបន់រដ្ឋធានីវ៉ាស៊ីនតុន ក៏មានពលរដ្ឋខ្មែរ-អាមេរិកាំង នៅតំបន់ផ្សេងទៀតក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសផ្សេងទៀត រួមមានប្រទេសកាណាដា ព្រមទាំងប្រទេសមួយចំនួនទៀតនៅសហភាពអឺរ៉ុប ក៏ធ្វើពិធីបុណ្យគម្រប់ ៧ថ្ងៃនៅតាមវត្តអារាមនានា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងរំលឹកដឹងគុណនូវវីរភាពរបស់លោកបណ្ឌិត កែម ឡី និងប្រមូលថវិកាជូនគ្រួសារសព។ សហគមន៍ខ្មែរក្នុងរដ្ឋខ្លះ បានរៀបចំប្រារព្ធបុណ្យនេះ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ថវិកាដែលប្រមូលបានទាំងនោះ គណៈកម្មការចាត់ចែងពិធីបុណ្យនៅតាមរដ្ឋនីមួយៗ បានទាក់ទងដោយផ្ទាល់ប្រគល់ទៅឲ្យគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី នៅប្រទេសកម្ពុជា៖ «សហគមន៍ខ្មែរយើងទូទាំងសហរដ្ឋអាមេរិក ក៏ដូចជានៅកាណាដា និងប្រទេសផ្សេងៗ បានធ្វើពិធីបុណ្យបង្សុកូល ឧទ្ទិសកុសលដល់លោកបណ្ឌិត កែម ឡី។ ថវិកាដែលប្រមូលបាននោះ បងប្អូនយើងនៅតាមតំបន់នីមួយៗ គាត់បានធ្វើទំនាក់ទំនងដោយផ្ទាល់ទៅគណៈកម្មការបុណ្យសពនៅឯភ្នំពេញ ដើម្បីយកថវិកានោះជូនដល់ក្រុមគ្រួសារសព។ ខ្ញុំមិនអាចប៉ាន់ស្មានបានទាំងអស់ទេ ប៉ុន្តែនៅរដ្ឋណស្ស៍ ឃែរ៉ូឡាញណា (North Carolina) យើងធ្វើពីថ្ងៃអាទិត្យ (១៧ កក្កដា) យើងប្រមូលបាន ៥ពាន់ដុល្លារ ហើយនៅក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) កាលពីថ្ងៃសៅរ៍ ( ១៦ កក្កដា) បានជាង ៤ពាន់ដុល្លារផងដែរ។ ដូច្នេះតួលេខពិតប្រាកដនៃថវិកា យើងអត់ទាន់បានទទួលជាក់ស្ដែងនៅឡើយទេ...»។
ចំណែកប្រជាពលរដ្ឋខ្មែរនៅរដ្ឋម៉ាសាឈូសេត (Massachusetts) វិញ ប្រមាណជាង ៧០០នាក់ កាលពីថ្ងៃអាទិត្យទី១៧ ខែកក្កដា ក៏បានរៀបចំពិធីបុណ្យ ៧ថ្ងៃ ជូនសពលោកបណ្ឌិត កែម ឡី និងរៃអង្គាសថវិកាបានជាង ២ម៉ឺនដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់គ្រួសាររបស់សព។ ក្នុងពិធីបុណ្យនោះ ពលរដ្ឋសហគមន៍ខ្មែរពីក្រុងវូស្ទ័រ (Worcester) ក្រុងលីន (Lynn) ប្រ៉ូវីដិន (Providence) និងក្រុងឡូវែល (Lowell) ក៏បានរំលឹកគុណដល់អ្នកស្នេហាជាតិខ្មែរដទៃទៀត ដែលត្រូវឃាតកបាញ់សម្លាប់ ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងព្រះតេជព្រះគុណ សម ប៊ុនធឿន ជាដើម។
សមាជិកគណៈកម្មការបុណ្យ លោក អ៊ុន តូនី មកពីក្រុងវូស្ទ័រ បានបញ្ជាក់អំពីគោលបំណងនៃពិធីបុណ្យនេះថា បងប្អូនខ្មែរនៅគ្រប់ទិសទីមានក្តីរន្ធត់ និងសោកស្ដាយជាពន់ពេកចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ដែលជាវីរបុរសមួយរូបសុខចិត្តស្លាប់ខ្លួនដើម្បីជាតិរស់។ លោកបន្តថា ពិធីបុណ្យនេះប្រារព្ធឡើងជាការរលឹកនឹកគុណដល់ពលិកម្មរបស់លោកបណ្ឌិត កែម ឡី និងបង្ហាញអំពីការស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត។
លោក ប៉ែន សុផល ពីក្រុងឡូវែល ដែលបានចូលរួមក្នុងពិធីបុណ្យនេះដែរ សម្ដែងការឈឺចាប់យ៉ាងខ្លាំង និងអំពាវនាវឲ្យកូនខ្មែររួបរួមគ្នាដើម្បីជាតិខ្មែរឲ្យសមតាមបណ្ដាំលោកបណ្ឌិត កែម ឡី ដែលផ្ដាំថា “សូមជូតទាំងភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។