អាជ្ញាធរខេត្តកែប និងរដ្ឋាភិបាលនៅតែគ្មានភាពប្រាកដប្រជាក្នុងការអភិវឌ្ឍតំបន់ឆ្នេរផ្សារក្ដាមក្រោយអាជ្ញាធរបានចាក់ដីលុបឆ្នេរទំហំប្រមាណ ៣៥ហិកតារក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ។ ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តកែបក៏រងការចោទប្រកាន់ថា ឃុបឃិតគ្នាជាមួយក្រុមអ្នកមានលុយមានអំណាច ពុះច្រៀកដីក្នុងតំបន់ឆ្នេរដែលត្រូវចាក់ដីលុបនោះ ដើម្បីសាងសង់អគារបម្រើប្រយោជន៍ឯកជន។ រីឯ អ្នកនេសាទដែលធ្លាប់រកត្រីក្ដាមក្បែរតំបន់នោះក៏រកចំណូលមិនបានទៀតនោះដែរ។
អាជ្ញាធរខេត្តកែបមិនបានអភិវឌ្ឍស្របតាមគម្រោងផែនការដែលបង្ហាញប្រាប់សាធារណជននៅតំបន់ឆ្នេរផ្សារក្ដាមនោះទេ ក្រោយបានចាក់ដីលុបឆ្នេរអស់រយៈពេលជិត ៥ឆ្នាំចុងក្រោយនេះ។ លើសពីនេះទៀត អគារសំណង់រឹងរបស់ក្រុមហ៊ុនឯនជនក៏បន្តលេចរូបរាងជាបន្តបន្ទាប់ ហើយនៅតំបន់ខ្លះទៀតនៃកន្លែងដែលត្រូវចាក់ដីលុបឆ្នេរនោះក៏ត្រូវបានគេហ៊ុមព័ទ្ធដោយស័ង្កសី បោះបង្គោលពុះច្រៀកជាដីឡូត៍ និងព័ទ្ធរបងភ្ជាប់នឹងសណ្ឋានដីរបស់ម្ចាស់ផ្ទះសំណាក់ រីសត និងសណ្ឋាគារ។
អាជ្ញាធរក៏មិនបានកាប់ឆ្ការព្រៃ និងជម្រះស្មៅដែលដុះច្រូងច្រាងនៅតាមតំបន់មួយចំនួននោះដែរ រីឯប្រជាពលរដ្ឋ និងទេសចរអន្តរជាតិក៏មិនសូវទៅអង្គុយ ឬដើរលេងកម្សាន្តនៅទីកន្លែងអាជ្ញាធរចាក់ដីលុបឆ្នេរច្រើនកុះករនោះទេ។
ក្នុងចំណោមគម្រោងដែលហ៊ុមព័ទ្ធរបង និងមានបង្គោលច្រៀកជាដីឡូត៍ពលរដ្ឋទូទៅដែលរកស៊ីក្បែរតំបន់នោះបញ្ជាក់ថា ភាគច្រើនជាកម្មសិទ្ធរបស់ក្រុមអ្នកមានអំណាច ក្នុងនោះក៏មានចំណែករបស់អ្នកជំនួញដែលល្បីល្បាញខាងរឿងអាស្រូវពុករលួយគឺអ្នកឧកញ៉ា ទ្រី ភាព ដែរ។ បច្ចុប្បន្ន អាជ្ញាធរខេត្តកែបហៅតំបន់ឆ្នេរផ្សារក្ដាមនេះថា «ឆ្នេរតេជោសន្តិភាព» ដែលកំពុងស្ថិតក្នុងគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់។ រយៈពេលជិត ៥ឆ្នាំមកនេះ អាជ្ញាធរមិនបានរៀបចំប្រព័ន្ធទឹកភ្លើង និងហេដ្ឋារចនាសម្ពន្ធសម្រាប់បម្រើសាធារណជនឡើយ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាខេត្តកែបលោក ឈុន ច័ន្ទវ៉ាន់ថុន និងលោក វ៉ោ សុខា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះប៉ុន្តែមិនអាចទាក់ទងបានឡើយនៅថ្ងៃទី១២ ខែកុម្ភៈ។ ចំណែក អ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត ក៏មិនអាចទាក់ទងបានដែរ។
ពាក់ព័ន្ធនឹងការទាញចំណូលរបស់ពលរដ្ឋវិញអាជីវករប្រកបរបរលើគោកមួយចំនួនយល់ឃើញថា ការចាក់ដីលុបបំពេញឆ្នេរនេះក៏ជាមធ្យោបាយ ដើម្បីអាចឱ្យពួកគាត់ទាញចំណូលពីភ្ញៀវទេសចរបានដែរ។ អ្នកខ្លះទៀតយល់ថា គម្រោងអភិវឌ្ឍតំបន់ឆ្នេរនេះហាក់ជាប់គាំង និងគ្មានសោភណភាពសម្រាប់ទាក់ទាញឱ្យភ្ញៀវទេសចរមកលេងកម្សាន្តនោះទេ។
អ្នកលក់ការ៉េមតាមរទេះលោក គឹម ឆន លើកឡើងថា ទីតាំងឆ្នេរដែលអាជ្ញាធរបានចាក់លុបអាចមានរថយន្តចត ហើយនៅថ្ងៃសៅរ៍ អាទិត្យក៏មានភ្ញៀវទេសចរច្រើនគួរសម ហើយលោកក៏អាចរកចំណូលសម្រាប់ទប់ទល់នឹងជីវភាពគ្រួសារ។ លោកបញ្ជាក់ថា ក្រៅពីថ្ងៃចុងសប្ដាហ៍នៅតំបន់ឆ្នេរផ្សារក្ដាមមិនសូវមានភ្ញៀវទេសចរច្រើននោះទេ។ លោកយល់ឃើញថា ប្រសិនអាជ្ញាធររៀបចំប្រព័ន្ធទឹកភ្លើង សួនច្បារ និងចាក់ខ្សាច់តាមមាត់ឆ្នេរឱ្យបានត្រឹមត្រូវតំបន់ឆ្នេរនេះអាចជាទីកន្លែងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរដែរ។
លោក គឹម ឆន៖«ភ្ញៀវមានតែថ្ងៃសៅរ៍អាទិត្យទេ ថ្ងៃធម្មតាមានមួយៗមួយថ្ងៃរកអត់ទៀងជូនបាន ៤ម៉ឺន ៥ម៉ឺន ៦ម៉ឺន ថ្ងៃសៅរ៍អាទិត្យបាន ១០ម៉ឺនជាងអីដែរ។ យើងលក់បានតាំងពីព្រឹកដល់ល្ងាចមានភ្ញៀវទិញហូរហែដែរ ខ្ញុំថា បើមានកន្លែងឡានចតអីភ្ញៀវដើរលេងយើងអាចលក់បាន»។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ ប្រកាសថា គម្រោងចាក់ដីលុបបំពេញឆ្នេរប្រវែងជិត ៣ពាន់ម៉ែត្រពីចំណុចផ្សារក្ដាមទៅដល់តំបន់ព្រៃកោងកាងស្ថិតក្នុងភូមិថ្មី ឃុំព្រៃធំ ខេត្តកែប អាជ្ញាធរនឹងចាក់ដីខ្សាច់ពង្រីកតំបន់ឆ្នេរកម្សាន្ត ដាំដើមឈើ និងរៀបចំសួនច្បារជាដើម។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តកែបថា គម្រោងនេះនឹងផ្ដល់ប្រយោជន៍ដល់វិស័យទេសចរណ៍ ផ្តល់សេវាសាធារណៈ សម្រួលដល់ការបង្ក្រាបបទល្មើសនានា និងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្តកែប។
ទោះជាយ៉ាងណា ប្រជានេសាទ និងកម្មករស៊ីឈ្នួលចុះទូកត្អូញត្អែរថា ក្រោយអាជ្ញាធរចាក់ដីលុបឆ្នេរ ពពួកត្រី និងក្ដាម មឹកបង្គាដែលធ្លាប់រស់នៅតាមទឹករាក់ៗ និងក្រាបក្រោមថ្ម ពួកវាបានបន្លាស់ទីទៅទឹកជ្រៅ។ ប្រជានេសាទដែលធ្លាប់ប្រកបរបរតាមផ្ទៃទឹកលក្ខណៈគ្រួសារខ្លះទៀតក៏បោះបង់មុខរបរនេះចោល និងសម្រេចចិត្តធ្វើជាកម្មករស៊ីឈ្នួលឱ្យគេវិញ ដោយសារតែរកចំណូលមិនសូវបាន និងគ្មានលទ្ធភាពទិញទូកខ្នាតធំរកស៊ីនេសាទនៅតំបន់ឆ្ងាយៗ។
កម្មករនេសាទលោក ឆែន រឹម រៀបរាប់ថា ក្រោយអាជ្ញាធរចាក់ដីលុបឆ្នេរប្រជានេសាទភាគច្រើនជិះទូកទៅនេសាទនៅតាមតំបន់ឆ្ងាយក្បែរកោះទន្សាយ និងកោះត្រល់ជាដើម។ លោកបញ្ជាក់ថា ប្រជានេសាទដែលមានទូកខ្នាតធំទើបអាចទៅនេសាទនៅតំបន់ឆ្ងាយៗបាន ព្រោះទូកខ្នាតតូចអាចប្រឈមគ្រោះថ្នាក់ខ្ពស់ដោយសារតែផ្ទៃទឹកសមុទ្រមានខ្យល់បក់បោក និងរលកខ្លាំង។ លោក ឆែន រឹម បានប្រកបរបរជាអ្នកនេសាទអស់រយៈពេលជិត ២០ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្នលោកសម្រេចចិត្តស៊ីឈ្នួលធ្វើជាកម្មករឱ្យគេដែលក្នុងមួយថ្ងៃទទួលបាន ៦ម៉ឺនរៀល។
លោក ឆែន រឹម៖«ម្ចាស់ទូកផូងផាង[ផូងផាងគឺជាឧបករណ៍ដាក់ក្ដាម]នេះគេថា វាយនៅម្ដុំៗគោក តែទូកនេះវាយអត់បានទេ ទូកលបយើងវាអត់មានក្ដាមនៅក្បែរគោក ហើយឥឡូវចេញទៅវាយនៅក្រៅអស់ហើយហ្នឹងនៅនេះអត់សូវមានអ្នកណារកទេ តាំងពីចាក់ដីមក។ ខ្ញុំថា សំណង់ពិបាកជាងនេះ ព្រោះចុះទូកនេះពិបាកនៅពេលមានខ្យល់មានរលកក្រៅពីហ្នឹងស្រូលធ្វើការអត់អីទេ»។
ចំណែក កម្មករនេសាទម្នាក់ទៀតគឺលោក ឈៀន ដន ឱ្យដឹងដែរថា លោកចង់មានទូកខ្នាតធំផ្ទាល់ខ្លួនមួយដែរ ដើម្បីអាចរកស៊ីនៅតំបន់ឆ្ងាយៗដែរ ប៉ុន្តែមិនទាន់មានលទ្ធភាពនោះទេ។ លោកបញ្ជាក់ថា ជាកម្មករនេសាទថ្វីត្បិតប្រើកម្លាំងដូចជាកម្មករសំណង់ ប៉ុន្តែលោករីករាយធ្វើវា ដោយសារតែអាចមានពេលវេលាច្រើន និងទទួលបានថ្លៃកម្លាំងពលកម្មពីថៅកែទៀងទាត់។
លោក ឈៀន ដន៖«ថ្ងៃណាបាន[គ្រឿងសមុទ្រ]ច្រើនអរអ៊ីចឹងទៅ ថៅកែក៏បានយើងក៏បាន ថ្ងៃអត់អន់ចិត្តដែរហ្នឹង។ ថ្ងៃណាហត់ក៏ហត់ ថ្ងៃណាអត់ក៏អត់ វាធម្មតា។ ជួនណាសម្រាក អត់ទៀងទេទូកនេះ ជួនណាចុះបាន ១ខែជាង ចុះបាន ១០ថ្ងៃសម្រាក ជួនណាមក ២ថ្ងៃសម្រាកក៏មាន»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកែប លោក ប៉ែន វុទ្ធា លើកឡើងថា ប្រជានេសាទរាប់រយគ្រួសារគឺជាអ្នករងគ្រោះ បន្ទាប់ពីអាជ្ញាធរចាក់ដីលុបឆ្នេរ។ លើសពីនេះ លោកខកចិត្តនឹងអាជ្ញាធរដែលគ្មានភាពច្បាស់លាស់អភិវឌ្ឍតំបន់ឆ្នេរដែលត្រូវបានចាក់លុប និងបណ្ដែតបណ្ដោយឱ្យមានសំណង់អគារឯកជនទៅវិញ។
លោក ប៉ែន វុទ្ធា៖«ឆ្នេរនេះប្រសិនជារដ្ឋាភិបាលយកចិត្តទុកដាក់ ហើយធ្វើការអភិវឌ្ឍឱ្យមានភាពពិតប្រាកដចំពោះការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋអ្នកនៅមូលដ្ឋានក៏ជាចំណែកមួយក្នុងការចូលរួមឱ្យពួកគាត់ចេញរកមុខរបរផ្សេងទៀតនៅលើគោក ដើម្បីទទួលបានចំណូលជាដើម ជាជាងការអភិវឌ្ឍនេះបម្រើផលប្រយោជន៍ដល់អ្នកមានលុយមានអំណាចក្នុងការសាងសង់សំណង់រឹងមាំនៅក្បែរតំបន់មាត់សមុទ្រជាដើម។ សម្រាប់រដ្ឋាភិបាលគួរតែបង្ហាញការអភិវឌ្ឍហ្នឹងឱ្យបានច្បាស់លាស់ពិតប្រាកដជូនសាធារណជនទូទៅជាងលាក់កំបាំងលើការអភិវឌ្ឍ។ យើងឃើញថា មានការប្រកាសថា មានការអភិវឌ្ឍបម្រើសាធារណជនទូទៅ ប៉ុន្តែបែរជាលេចចេញជារូបភាពនៃការបម្រើផលប្រយោជន៍ទៅដល់អ្នកមានលុយមានអំណាច»។
បច្ចុប្បន្នគម្រោងដែលអាជ្ញាធរខេត្តកែបធ្លាប់អះអាងថា ជាទីកន្លែងបម្រើសេវាកម្មសាធារណជននោះមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ។ ក្រោយចាក់ដីលុបបំពេញឆ្នេរអាជ្ញាធរបានចាក់ក្រាលគ្រួស ដើម្បីឱ្យងាយស្រួលធ្វើដំណើរ ប៉ុន្តែនៅតាមជម្រាលឆ្នេរអាជ្ញាធរមិនបានចាក់ខ្សាច់លុបបំពេញនោះទេ ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនអាចចុះលេងទឹកកម្សាន្តបានឡើយដោយសារតែមានដុំថ្មធំៗផុសតាមបណ្ដោយឆ្នេរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។