ពិធី​​បុណ្យ​ចូល​ឆ្នាំ​​របស់​​សហគមន៍​​ខ្មែរ​​នៅ​​អូស្ត្រាលី

0:00 / 0:00

ប្រជាពលរដ្ឋខ្មែរ​ក្មេង​ចាស់​ប្រុសស្រី​ដែល​រស់នៅ​តំបន់​ស្ព្រីងវែល​ (Springvale) ជាយ​ក្រុងមែលបួន ​(Melbourne) ​រដ្ឋវិចតូរីយ៉ា ​នៅថ្ងៃទី៩​ ខែមេសា ​បាន​ជួប​ជុំគ្នា​នៅ​ក្នុង​​ឧទ្យាន​​ប៊ឺតឌិន ​(Burden Park) ដើម្បី​ចូលរួម​កម្សាន្តសប្បាយ​អបអរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​។ ពិធីនេះ​ ក៏មាន​ការ​ចូលរួម​ពី​ពលរដ្ឋខ្មែរ​ក្រោម​ និង​ពលរដ្ឋ​នៃ​ប្រទេស​សី្រ​លង្កា (Sri slanka)។ កាលពីសប្តាហ៍មុន សមាគមខ្មែររដ្ឋវិចតូរីយ៉ា ក៏បានរៀបចំពិធីបុណ្យចូលឆ្នាំដែរ។

ចាប់​តាំងពី​ព្រឹកមក ​ប្រជា​ពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ ស្លៀក​សំលៀក​បំពាក់​តាម​បែប​ប្រពៃណីខ្មែរ​ ​ប៉ុន្តែ​ពាក់​អាវក្រាស់ៗ ​ពីលើ ​ដើម្បី​ទប់ទល់​នឹង​អាកាស​ធាតុត្រជាក់ ​បាន​កាន់​ម្ហូប​អាហារ ​នំចំ​ណី​មកដល់​ និង​អង្គុយ​ជជែក​សួរសុខទុក្ខ​គ្នា​ជាក្រុមៗ ​នៅក្រោម​ដើម​ឈើ ​ដើម្បី​រងចាំ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។

ក៏ជួបជុំគ្នានៅថ្ងៃនេះ​ មិនមែន​គ្រាន់តែ​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំទេ ​ប៉ុន្តែ​ក៏ជា​វេទិកា​មួយ​សម្រាប់​តំណាង​សហគមន៍ខ្មែរ​ល្បីៗ​ មក​ជួបជុំ​ជជែកគ្នា​ដែរ ​ដូចជា​ប្រធាន​សមាគមខ្មែរ​វិចតូរីយ៉ា​ លោក ជា ​យូហ៊ន ​សមាជិក​​ក្រុមប្រឹក្សា​ក្រុង​​គ្រីតធើរដង់ដឺណង់​ (Greater ​Dangdenong) លោកឱសថការី​ លឹម សួរ ​និង​សមាជិក​សភា​រដ្ឋវិចតូរីយ៉ា​​ លោក ​តាក់ ម៉េងហ៊ាង​ ព្រមទាំង​តំណាងសមាគមន៍ខ្មែរ​កម្ពុជាក្រោមលោក យ៊ាញ់ បូណាត ​ជាដើម។​

ពិធីនេះ ​ក៏មាន​ធម្មកថិក​ដ៏ល្បី​មួយ​អង្គ​ គឺ​ព្រះ​តេជ​ព្រះគុណ ​សាន សុជា ​បាន​ផ្តល់ឱវាទ​ដល់​ពុទ្ធបរិស័ទឲ្យ​ចេះ​អង្គុយ​ជជែក​គ្នា​ដោយ​សន្តិវិធី ​និង​​រួបរួម​សាមគ្គីគ្នា ​ទោះបីជា​មកពី​គណបក្ស​នយោបាយ​ ឬក្រុម​ណា​ក៏ដោយ៖ «សូម្បីតែ​ខ្មែរ​យើង​មករស់នៅ​ទីនេះ​ក៏ពិតមែន​ ប៉ុន្តែ​និន្នាការ​ យើង​អត់​ដូចគ្នាទេ​ ប៉ុន្តែ​គួរមាន​ពេលមួយ​ដែល​យើង​គួរអង្គុយ​ជាមួយ​គ្នាបាន​ មិនមែន​ អង្គុយ​ជាមួយ​សុទ្ធតែ​ចូល​បក្សសម្ព័ន្ធទេ​តែត្រូវតែ​អង្គុយ​ បាន​យើង​ស្គាល់​គ្នា »

ក្រោយមក​ ​ប្រជាពលរដ្ឋ ​ក៏បន្ត​លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ​ រហូត​ដល់​ម៉ោង​ ៥​ល្ងាច​។

បុរសខ្មែរ​វ័យកណ្តាល​ម្នាក់​ពាក់អាវ​ស​បង់កក្រមាលោក រឹម ឡុច​ ថ្លែងថា ​ការ​ជួបជុំគ្នា​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ ​ដើម្បី​ថែរក្សា​ប្រពៃណីជាតិ ​និងទុកជាគំរូ​ដល់កូនខ្មែរ​​ជំនាន់​ក្រោយៗទៀត។ បុរសរូបនេះ ​ក៏បង្ហាញក្តី​នឹក​រលឹក​ដល់​បងប្អូន​និង​ប្រជាពលរដ្ឋខ្មែរ​នៅរស់​ប្រទេសកម្ពុជា​ដែរ៖ « ក្រុមយុវជន​សមាគមខ្មែរ​ ដែល​បាន​រៀប​ចំ​នេះ ​គឺថា ល្អមែនទែន ​ដើម្បី​ជួយ​កូនខ្មែរ​យើងឲ្យ​គ្នារៀនល្បែងប្រជាប្រិយខ្មែរពីដើម។ ដូចថា ក្មេងៗ ស្រុកនេះគ្នាអត់ដែលស្គាល់ទេ ដូចជាល្បែងលាក់កន្សែង បោះអង្គុញ ចោលឈួង គឺជាការសប្បាយមួយទេ »។

ស្ត្រីម្នាក់ទៀត ​រៀបរាប់ថា ​លោកស្រី ​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំនេះ​ ប៉ុន្តែ​លោកស្រី ​ហាក់​មិន​សូវនឹក​រលឹក​ដល់​ស្រុកខ្មែរ​ប៉ុន្មានទេ​ ព្រោះ​ប្រទេស​កំណើត​របស់​ខ្លួន​ ហាក់មាន​បញ្ហាច្រើន​ពេក​ ខុសប្លែក​ពី​ពេលមុន​៖ « ខ្ញុំមកនេះ​យូរ​ហើយ​ឈប់​នឹក​ហើយ​។ ឥឡូវ​ភ្លេច​ហើយ​ ដោយសារ​ស្រុកយើង​អត់សូវ​សប្បាយ​អីដូច​ពីដើមៗ​ អ៊ីចឹង »

ចំណែក​ព្រះសង្ឃវិញ​ គឺ​ព្រះតេជគុណ​ ឡឹម ​ស៊ីសុផល​ ក៏​មាន​សារ​ផ្ដាំ​ផ្ញើ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដែរ៖ «ឆ្លៀត​ក្នុងឱកាសនេះ​ផងដែរ ​អាត្មាភាព ​ក៏​សូមជូនពរ​ឲ្យ​ប្រសិទ្ធិពរ​ឲ្យ​ប្រជាពលរដ្ឋ ​ពុទ្ធបរិស័ទ្ធខ្មែរ​យើង​នៅ​ទូទាំងសកល​លោក​ទាំងអស់​ សូម​ឲ្យ​ទទួល​នូវ​ពុទ្ធពរ​៤ប្រការ​និង​សម្បត្តិបី ​គឺ ​សម្បត្តិមនុស្ស​ ទេវតា​និង​សម្បត្តិ​ព្រះនិព្វាន​ ​កុំបីឃ្លៀនឃ្លាត​ឡើយ​។សូម​ឲ្យ​មាន​សេរីសួរ​ស្តីឆ្នាំថ្មី »៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។