កម្មករខ្មែរក្រោមនិងមន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមរិះគន់រដ្ឋាភិបាលកុម្មុយនីស្ដវៀតណាមដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោមអាចឈប់សំរាក រយៈពេលបីថ្ងៃដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបាន។ ពួកគេថាវៀតណាមមានចេតនាមិនចង់ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ទើបមិនចេញច្បាប់ឲ្យខ្មែរក្រោមអាចឈប់សំរាកពេលចូលឆ្នាំ។
យុវជនខ្មែរក្រោមនិងជាកម្មកររោងចក្រមិនហ៊ានសុំច្បាប់ថៅកែជាជនជាតិវៀតណាមដើម្បីធ្វើដំណើរទៅស្រុកកំណើតជួបជុំឪពុកម្តាយបងប្អូនដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះទេពីព្រោះខ្លាចថៅកែចេញចោល។ ពួកគេស្នើសុំឲ្យអាជ្ញាធរវៀតណាមចេញច្បាប់អនុញ្ញាតឲ្យកម្មករ មន្រ្តីរាជការ ខ្មែរក្រោមអាចឈប់សំរាករយៈពេលបីថ្ងៃដើម្បីរួមពិធីចូលឆ្នាំថ្មី នៅទូទាំងប្រទេស។
មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល គ. ស. ឆ្នាំ២០២២ នេះ មានរយៈពេល ៤ថ្ងៃ។ តាមការគ្រោងទុកសង្ក្រាន្តឆ្នាំថ្មីនេះនឹងចូលមកដល់នៅវេលាម៉ោង ១០:០០នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣ កើត ខែចេត្រ ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ. ស. ២០២២។
យុវជនខ្មែរក្រោមនិងជាកម្មកររោងចក្រលោក យឿង ខាយ សោកស្តាយដែលមិនហ៊ានសុំរោងចក្រឈប់សំរាកដើម្បីចូលឆ្នាំថ្មី។ លោកសំណូមពរឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមនិងប្រកាសឲ្យខ្មែរក្រោមឈប់សំរាកក្នុងពេលពិធីបុណ្យជាតិខ្មែរសំខាន់ដូចជា បុណ្យចូលឆ្នាំថ្មីជាដើម៖ «បើយើងមិនសុំគេមិនឲ្យឈប់ទេ ។ បើយើងឈប់លើសពីហ្នឹង ជួនកាលគេដេញយើងចេញពីការងារ ។ ឈប់បីថ្ងៃអត់មានប្រាក់ខែទេបង»។
យុវជនខ្មែរក្រោមលោក យឿង ខាយ ឲ្យដឹងថាលោកកំពុងពិចារណាចុះឈ្មោះបង្កើតជាសហជីពដើម្បីការពារផលប្រយោជន៍កម្មករឲ្យមានការគោរពច្បាប់ការងារនិងឲ្យពួកគេអាចឈប់សំរាកពេលមានពិធីបុណ្យទានសំខាន់របស់ខ្មែរ៖ « សម្រាប់ឆ្នាំ២០២២ នេះ គំរោងទីមួយគឺបង្កើតសហជីពឯករាជ្យ តំណាងឲ្យពលរដ្ឋខ្មែរក្រោមនៅដីសណ្តទន្លេមេគង្គ ។ គំរោងទីពីរ ប្អូនចង់ឲ្យ ក្បាលម៉ាស៊ីន វៀតណាមហ្នឹងទទួលស្គាល់ខ្មែរជាជនជាតិដើម ពីព្រោះអី គាត់មិនទទួលស្គាល់យើងជាជនជាតិដើមទេ ។ គាត់ថា យើងជាខ្មែរជនជាតិភាគតិច»។
សំណើរបស់កម្មករខ្មែរក្រោមនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិន ជិន (Phạm Minh Chính) បានចេញលិខិតជូនពរឆ្នាំថ្មីពលរដ្ឋខ្មែរក្រោម ប៉ុន្តែ មិនបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោមបានឈប់សម្រាកទៅស្រុកកំណើតចូលឆ្នាំថ្មីនោះទេ។
ពាក់ព័ន្ធនឹងលិខិតជូនពររបស់នាយករដ្ឋមន្ត្រីវៀតណាមនេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្តខេមររង្សីនៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) និងជាប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោមមានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៩ ខែមេសាថា វៀតណាមប្រើល្បិចបោកប្រាស់ខ្មែរក្រោម ធ្វើជាមនុស្សល្អ ប៉ុន្តែធាតុពិត គឺមានមហិ្ឆតាលុបបំបាត់វប្បធម៌ ប្រពៃណីនិងរើសអើងពូជសាសន៍ខ្មែរក្រោម៖ «រដ្ឋាភិបាលវៀតណាមចេញលិខិតគ្រាន់តែជាការលួងលោមទឺកចិត្តពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោម ធ្វើហាក់ជាវៀតណាមចាប់អារម្មណ៍នឹងពលរដ្ឋខ្មែរក្រោម ។ ប៉ុន្តែផ្ទុយទៅវិញហ្នឹងរដ្ឋាភិបាលគ្រាន់តែស្ពិនភ្នែកបរទេសទេ»។
ទោះបីវៀតណាមមិនអនុញ្ញាតឲ្យខ្មែរឈប់សំរាកក្នុងពិធីចូលឆ្នាំថ្មីខ្មែរក៏ដោយ ក៏ព្រះភិក្ខុ សឺង យ៉ឹងរតនា អះអាងថាយុវជនខ្មែរក្រោម ជាកម្មករ និងមន្រ្តីរាជការនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីអាចវិលត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំ ឪពុកម្តាយ សាច់ញាតិ និងក្រុមគួ្រសារ។
បច្ចុប្បន្នខ្មែរក្រោមមានចំនួនប្រមាណ ៧លាននាក់កំពុងរស់នៅក្នុងខេត្តចំនួន២១ជាស្រុកកំណើតរបស់ពួកគេ។ កម្ពុជាក្រោមមាន វត្តចំនួន ៤៦១វត្ត និងមានព្រះសង្ឃជិត ៨ពាន់អង្គ។ ក្នុងពេលឆ្នាំថ្មីនេះព្រះភិក្ខុ សឺង យ៉ឹងរតនា ជូនពរខ្មែរក្រោមឲ្យឆាប់ទទួលបានសិទ្ធិសេរីភាព និងសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត៖ «ក្នុងនាមសហព័ន្ធនិងក្នុងនាមអាត្មាផ្ទាល់ សូមប្រសិទ្ធិពរជ័យដល់ពលរដ្ឋខ្មែរក្រោមសូមឲ្យចាប់បានមានសិទ្ធិសេរីភាព ឆាប់បានឃើញពន្លឺនៃសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនឯង»។
អាណានិគមនិយមបារាំងបានកាត់ទឹកដីខ្មែរក្រោម មានចំនួន ២១ខេត្ត ទៅឲ្យវៀតណាមទាំងខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការយល់ព្រមពីកម្ពុជា។មកទល់ពេលនេះ រយៈពេល ៧៣ឆ្នាំមកហើយ។ បច្ចុប្បន្នខ្មែរក្រោមនៅទូទាំងពិភពលោកកំពុងធ្វើយុទ្ធនាការអហិង្សាដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងពីវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។