ស្ថានភាព​ថ្ងៃ​ទី២ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​សភាព​ស្ងប់ស្ងាត់

0:00 / 0:00

ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ថ្ងៃ​ទី​២​នេះ ​ប្រព្រឹត្ត​ទៅ​​ក្នុង​​​​សភាព​ស្ងប់ស្ងាត់​ដូច​​ថ្ងៃ​​ដំបូង។​​ពលរដ្ឋ​​មិន​សូវ​ចេញ​ដើរលេង​កម្សាន្ត​ក្រៅ​ផ្ទះ​ ឬ​​ទៅ​ធ្វើ​ទៅ​បុណ្យ​​ទាន​តាម​វត្តអារាម​ដូច​ឆ្នាំ​មុន​ឡើយ​​។​ ឯ​តំបន់​ទេសចរណ៍​ខេត្ត​កំពត កែប ព្រះសីហនុ និង​សៀមរាប ស្ងាត់​ជ្រងំ ព្រោះ​គ្មាន​អ្នក​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ចូល​ឆ្នាំ។

ប្រជាពលរដ្ឋ​​នៅ​តាម​បណ្ដា​ខេត្ត​ និង​រាជធានី​ភ្នំពេញ ​​លើក​ឡើង​ស្រដៀងគ្នា​ថា ​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​ មាន​សភាព​សោះកក្រោះ​​ ដូច​ថ្ងៃ​ធម្មតា​ សឹង​តែ​មិន​ដឹង​ថា ជា​ថ្ងៃ​បុណ្យ​​សំខាន់​របស់​ជាតិ។​​​ ពលរដ្ឋ​ មិន​នាំ​គ្នា ដើរ​លេង​​​កម្សាន្ត​ ឬ​ទៅ​ធ្វើ​បុណ្យ​តាម​ទី​វត្តអារាម ឲ្យ​គគ្រឹក​គគ្រេង​ដូច​រាល់​ឆ្នាំ​ទេ។

អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក តារា វិច្ឆ័យ ឲ្យ​ដឹង​​ថា ទូទាំង​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់​ស្ងាត់​ធម្មតា​ដូច​រាល់​ថ្ងៃ គឺ​មនុស្ស​ជុំ​គ្នា​តែ​នៅ​តាម​ហាង​កាហ្វេ ជជែក​គ្នា តែ​ប្រុង​ប្រយ័ត្ន​រៀងៗ​ខ្លួន។ ការ​ដើរ​ផ្សារ​ និងទៅ​វត្តអារាមក៏​មិន​សូវ​អ៊ូអរ​ ប៉ុន្តែលោកមើល​ឃើញ មនុស្ស​ច្រើន​កកកុញ​ ដើរ​ប្រជ្រៀត​គ្នា​ នៅ​តាម​​មុខ​រោងចក្រ ពេល​កម្មករ​ចេញ​ពី​ធ្វើការ ដោយ​កម្មករ​ទាំង​នោះ បាន​​ឆ្លៀត​ឆៀង​ចូល​ផ្សារ​ ក្បែរ​រោងចក្រ​ទិញ​ម្ហូប​អាហារ​ផង​ដែរ។

ឯ​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​​វិញ លោក​ឃើញ តា​អាចារ្យ​ជា​អ្នក​កាន់​ម៉ាស៊ីន​វាស់​កម្ដៅ​ និង​ដាក់​អាកុល ឲ្យ​ពុទ្ធិ​បរិស័ទ​លាង​ដៃ មុន​យក​ចង្ហាន់​​ប្រគេន​ព្រះ​សង្ឃ​។ លោក​បន្តថា តាម​វត្តអារាម​នៅក្នុង​ក្រុង​ភ្នំពេញ ស្ងាត់​ជ្រងំ មិន​ធ្លាប់​មាន​ទេ ហើយ​គ្មាន​ការ​រៀបចំ​ពិធី​ពូន​ភ្នំ​ខ្សាច់ ស្រង់​ព្រះ លេង​ល្បែង​ប្រជាប្រិយ ឬ​រាំ​វង់​កម្សាន្ត​ដូច​រាល់​ឆ្នាំ​ឡើយ។

ទោះ​យ៉ាង​ណា លោកថា ពលរដ្ឋ​ខ្មែរ បាន​រក្សា​ប្រពៃណី​ចូល​ឆ្នាំ​ក្នុង​ចិត្ត ដោយ​នៅ​តែ​​នាំ​គ្នា​រៀបចំ​រណ្ដាប់​ទទួល​ទេវតា​តាម​ផ្ទះ​រៀង​ខ្លួន ជូន​លុយ​កាក់ សំលៀក​បំពាក់​ជូន​ម្ដាយ​ឪពុក សម្រាប់​ចូល​ឆ្នាំ និង​ការ​ជួប​ជុំ​គ្នា​ជា​ទ្រង់​ទ្រាយ​តូច ក្នុង​ក្រុម​គ្រួសារ​រៀង​ខ្លួន។ ឯ​ការ​ជួបជុំ​គ្នា ទទួលទាន​គ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ក៏​មិន​សូវ​ឃើញ​​មាន​ច្រើន​ដែរ៖ « ការ​ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ី ដូចជា​កាត់​បន្ថយ​ខ្លះ​ដែរ។ តែ​ជាក់​ស្ដែង​​អ្នក​មិន​ស្ដាប់​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នៅ​តែ​មាន​អ៊ីចឹង​ណា ហើយ​នៅ​វត្ត ព្រឹក​មិញ ខ្ញុំ​បាន​ទៅ​វត្ត ហើយ​ស្ងាត់​ជ្រងំ​ល្អ​ណាស់។ នៅ​វត្ត​ជើង​ឯក​ហ្នឹង​មួយ​កន្លែង​ទៅ​ ហើយ​វត្ត​ព្រែក​ជ្រៃ​ហ្នឹង​មួយ​កន្លែង​ ស្ងាត់​ល្អ​ណាស់ អាណិត​លោក​ដែរ»

ចំណែក​​នៅ​តាម​ខេត្ត​វិញ ​ក៏​ដូច​គ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ។ តាម​ដង​ផ្លូវ​​​​ឆ្លង​ទៅ​ខេត្ត សមត្ថកិច្ច​បន្ត​ដាក់​បារ៉ាស់ ហាម​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើយ។ រមណីយដ្ឋាន កន្លែង​ទេសចរណ៍ ដែល​ធ្លាប់​មាន​ភ្ញៀវ​ទៅ​លេង​អ៊ូអរ​ពេល​ចូល​ឆ្នាំ ប្រែ​ជា​មាន​​សភាព​ស្ងប់ស្ងាត់​គ្មាន​ពលរដ្ឋ​ទៅ​កម្សាន្ត​ទេ។

លោក គឹម សុខ គឺជា​ម្ចាស់​តូប​​​លក់​​ម្ហូប​អាហារ នៅ​ឆ្នេរ​អូរ​ឈើ​ទាល ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា រយៈ​ពេល​២​ថ្ងៃ​​មក​នេះ មិន​សូវ​មាន​ទេសចរណ៍ ​ទៅ​លេង​សមុទ្រ​ ដូច​រាល់​ឆ្នាំ​ទេ។ លោក​ថា តូប​ជា​ច្រើន​នៅ​ឆ្នេរ​អូ​ឈើ​ទាល បាន​បិទ​ចោល​ នៅ​ថ្ងៃ​ចូល​ឆ្នាំ។ ឯ​លោក ក៏​នៅ​លក់​​បាយ​ម្ហូប កំដរ​តូប ព្រោះ​មិន​ដឹង​ទៅ​ណា។

អាជីវករ​រូប​នេះ ប្រាប់​ថា ២​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នេះ ភ្ញៀវ​ទៅ​លេង​សមុទ្រ ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​ទៅ​ទៀត។ លោក​ថា សឹង​តែ​មិន​ឃើញ ទេសចរណ៍​ជនជាតិ​ខ្មែរ​ទៅ​លេង គឺ​ឃើញ​តែ​ជនជាតិ​ចិន មួយ​ចំនួន ទៅ​មុជ​ទឹក​លេង។ ឯ​ស្ថានភាព​ ក្នុង​ក្រុង​ព្រះសីហនុ ក៏​ស្ងាត់​ជ្រងំ​ដែរ។ មនុស្ស​ម្នា នាំ​គ្នា​នៅ​ក្នុង​ផ្ទះ ជួប​ជុំ​គ្រួសារ​រៀងៗ​ខ្លួន៖ « បើ​លក្ខណៈ​គ្រួសារ​សម្រាប់​ជនជាតិ​ខ្មែរ​យើង​អត់​មាន​ទេ​។ តើ​បើ​ជនជាតិ​ចិន​ អា​ហ្នឹង​មាន មាន​មក​មួយ​ៗ​ដែរ មិន​ថា អត់​សោះ​ទេ មួយ​តុ ពីរ​តុ អ៊ីចឹង​ណា។ ប៉ុន្តែ​ភាគច្រើន គឺ​សម្រាប់​ជនជាតិ​ចិន​បង ដែល​ជនជាតិ​ចិន គាត់​នៅ​ក្នុង​ក្រុង​កំពង់សោម គាត់​ដើរ​លេង។ ដូច​ថា គេ​បិទ​កាស៊ីណូ បិទ​អ្វី​អស់​ទៅ នៅ​សល់​តែ​ការងារ គាត់​រកស៊ី​នៅ​ក្នុង​ស្រុក​ហ្នឹង គាត់​នាំ​មិត្តភក្ដិ​មក​ដើរ​កម្សាន្ត​នៅ​ក្នុង​ស្រុក​ហ្នឹង មិន​មែន​អត់​សោះ​នោះ​ទេ»

នៅ​ខេត្ត​ទេសចរណ៍​ កំពត និង​កែប ក៏​ពលរដ្ឋ​មិន​ធ្វើ​ដំណើរ​លេង​កម្សាន្ត​​ដែរ។ រមណីយដ្ឋាន​​​​កែច្នៃ​ជាប់​មាត់​សមុទ្រ ​ដៃ​ព្រែក​ នៅ​ខេត្ត​កំពត ភ្នំ​បូក​គោ ទឹកឈូ និង​ឆ្នេរ​កែប មិន​ទទួល​បាន​អ្នក​ទេសចរណ៍​ដើរ​កម្សាន្ត​ដូច​រាល់​ឆ្នាំ​ទេ។ លោក ហេង សឿន ជា​អ្នក​ខេត្ត​កំពត ប្រាប់​ថា តាម​ផ្លូវ​ស្ងាត់​ជ្រាប ផ្សារ​បើក​លក់​ធម្មតា តែ​មិន​សំបូរ​មនុស្ស​ចូលទិញ​ឡើយ។ ឯ​ហាង​​នៅ​ជាប់​មាត់​ព្រែក​កំពង់​បាយ ម្ដុំ​សាលា​ខេត្ត ដែល​ជា​ទីប្រជុំជន​អ្នក​ទេសចរណ៍​ក៏​បាន​បិទ​អស់។ រីឯសួន​ច្បារ​ ជាប់​មាត់​ព្រែក ដែល​តែងតែ​មាន​មនុស្ស​ម្នា ទៅ​ជួបជុំ​ហាត់​ប្រាណ​និង​លំហែកាយ​ក៏​គ្មាន​មនុស្ស​ទៅ​រត់​ដែរ នៅ​ថ្ងៃ​ចូល​ឆ្នាំ​នេះ៖ « នៅ​ថ្ងៃ​ចូល​ឆ្នាំ​ហ្នឹង បើ​ពី​ម្សិលមិញ​ ពេល​ព្រឹក​ហ្នឹង​ដូចជា​មិន​មាន​អ្វី​ទេ​​ស្ងាត់​ស្ងៀម​ធម្មតា ដូចជា​អត់​មាន​កម្មវិធី​បុណ្យ​អ្វី​អ៊ីចឹង​ណា ហើយ​ចាប់​ផ្ដើម​ទេវតា​ចុះ​អ៊ីចឹង​ យើង​ឃើញ​ការ​រៀបចំ ទទួល​ទេវតា​អ្វី​អ៊ីចឹង​ដែរ ហើយ​មាន​ការ​អុជ​អូប អុជ​ទៀន ទទួល​ទេវតា​អ្វី​អ៊ីចឹង​ដែរ ហើយ​មាន​​បាញ់​ផាវ បាញ់​អ្វី​ខ្លះៗ​ដែរ។ តែ​មិន​សូវ​ជា​អ៊ឹកធឹក អ្វី​ប៉ុន្មាន​ទេ​ អ៊ីចឹង​ណា​ ហើយ​នៅ​ពេល​ព្រឹក​ថ្ងៃ​នេះ អត់​មាន​អ្វី​ដែរ ស្ងាត់ស្ងៀម​ធម្មតា។ តាម​វត្ត​តាម​វ៉ា ក៏​ធម្មតា និយាយ​ទៅ​ ដូច​អត់​មាន​ចូល​ឆ្នាំ​អ្វី​អ៊ីចឹង​ណា»

ចំណែក​នៅ​ខេត្ត​បាត់ដំបង កំពង់ធំ និង​កំពង់ចាម​វិញ ក៏​មិន​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​ដែរ​ ។អ្នក​ភូមិ​ខ្លះ​ ឲ្យ​ដឹង​ថា មនុស្សម្នា នាំ​គ្នា​ទៅ​ថែ​ស្រែ ចម្ការ​ ដូច​សព្វ​ថ្ងៃ ដោយ​មិន​សូវ​ធ្វើ​ដំណើរ​ទៅ​មក ឬ​ជួបជុំ​គ្នា នៅ​តាម​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដូច​រាល់​ឆ្នាំ​ទេ។ ឯ​យុវជន ដែល​ធ្លាប់​តែ​មក​លេង​ស្រុក​កំណើត ក៏​អវត្តមាន​ដែរ ដោយសារ​ជាប់​ធ្វើការ​នៅ​ភ្នំពេញ និង​អ្នក​ខ្លះ​ជា​ពលករ​​នៅ​ប្រទេស​ថៃ មិន​បាន​ឈប់​សម្រាក​ទៅ​លេង​ស្រុក​កំណើត​នៅ​ឆ្នាំ​នេះ​ទេ។

សម្រាប់​តំបន់​ទេសចរណ៍​អង្គរ​នៅ​ខេត្ត​សៀមរាប​វិញ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​ខ្លះ​ដែរ នៅ​ថ្ងៃ​ទី២ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ។ អ្នក​ធ្វើការ​​វិស័យ​​ទេសចរណ៍​ និង​សណ្ឋាគារ​ នៅ​ខេត្ត​សៀមរាប លោក ហាំង រ៉ុន ប្រាប់​ថា អ្នក​នៅ​តាម​ស្រុក​ ក្នុង​ខេត្ត​សៀមរាប​ខ្លះ បាន​នាំ​គ្នា​មក​ដើរ​មើល​ប្រាសាទ ​នៅ​ថ្ងៃ​ចូល​ឆ្នាំ តែ​ដើរ​ដោយ​ពាក់​ម៉ាស់​គ្រប់​គ្នា ដើរ​ឆ្ងាយៗ​ពី​គ្នា និង​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​​ផ្ទាល់​ខ្លួន ព្រោះ​អ្នក​រត់​រម៉ក ម៉ូតូ​ឌុប​ រថយន្ត​ឈ្នួល​បាន​ផ្អាក​ទាំង​អស់ សឹង​តែ​គ្មាន​អ្នក​បន្ត​អាជីព​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ។ លោក ហាំង រ៉ុន បន្ត​ថា នៅ​ក្រៅ​តំបន់​អង្គរ​វិញ អ្នក​សៀមរាប នៅ​តែ​ធ្វើ​ដំណើរ​​ធម្មតា ​តែ​មាន​មនុស្ស​ម្នា​តិច​តួច ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ៖ « អត់​សូវ​ច្រើន​ទេ​បង គឺ​មាន​លក្ខណៈ គ្រាន់​តែ​ថា​ច្រើន​ជាង​ថ្ងៃ​ធម្មតា​តិច។ សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ រាង​ច្រើន​ជាង​ថ្ងៃ​ធម្មតា​បន្តិច ដោយសារ​គាត់​មក​ជា​លក្ខណៈ​គ្រួសារ គាត់​មក​លេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ។ ( ហាង )​ នៅ​សៀមរាប​ភាគ​ច្រើន​ត្រូវ​បាន​បិទ​អស់​ហើយ មិន​ថា Restaurant ឬ​ក៏​សណ្ឋាគារ​ទេ​ ភាគច្រើន​ត្រូវ​បាន​ព្យួរ​ ព្យួរ​ការងារ ព្យួរ​ Hotel ព្យួរ​អ្វី​អ៊ីចឹង​ណា ហើយ​កម្មករ​របស់​យើង​ធ្វើការ​អ៊ីចឹង នៅ​ឆ្ងាយ​ពី​ខេត្ត​ គាត់​ទៅ​នៅ​ផ្សេង»

ថ្វី​ដ្បិត​ពលរដ្ឋ​មិន​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​វត្ត​អារាម និង​លេង​កម្សាន្ត​ដូច​រាល់​ឆ្នាំ​ក្ដី ប៉ុន្តែ​ព្រះ​សង្ឃ​ផ្ដល់​ឱវាទ​ថា ​ពុទ្ធបរិស័ទ​ អាច​ធ្វើ​ពិធី​ចូល​ឆ្នាំ​នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន​បាន​ ដោយ​សំខាន់​ត្រូវ​តាំង​ចិត្ត​ឱ្យ​បាន​ស្ងប់​ ហើយ​លះបង់​អំពើ​អាក្រក់​ពី​ឆ្នាំ​ចាស់​ចោល ប្រព្រឹត្តិ​អំពើ​ល្អ​ជំនួស​វិញ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ព្រះ​សង្ឃ​ លួន សាវ៉ាត​ ដែល​តែង​ចូលរួម​សកម្មភាព​សង្គម ផ្ដល់​ឱវាទ​ថា បើ​ក្នុង​ឆ្នាំ​កន្លង​ផុត​ទៅ​ ចិត្ត​ធ្លាប់​មាន​លោភៈ​គឺ​ការ​លោភលន់ ​យក​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​លួច​ប្លន់​ដីធ្លី​ ផ្ទះសម្បែង ឬ​ក៏​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​សម្បត្តិ​ធនធាន​ធម្មជាតិ​មក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ចូរ​​លះបង់​កំហុស​ទាំង​អស់​​​ចោល​ហើយ​ធ្វើ​អ្វី​ដែល​ល្អ​ អ្វី​ដែល​មាន​ប្រយោជន៍​ដែល​នាំ​មក​សេចក្ដី​សុខ​​ដល់​ខ្លួន​ក្រុម​គ្រួសារ​និង​ដល់​អ្នក​ដទៃ នោះ​ហើយ​ជា​អត្ថន័យ​ការ​ចូល​ឆ្នាំ​ពិតប្រាកដ។

ព្រះអង្គ​ជំរុញ​ពលរដ្ឋ​គួរតែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ឱ្យ​បាន​​ខ្ជាប់ខ្ជួន​ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព លាង​សម្អាត​អនាម័យ​ខ្លួន​ប្រាណ​ឱ្យ​បាន​ញឹកញាប់ ជៀសវាង​ការ​ធ្វើ​ដំណើរ ​ឬ​នៅ​កន្លែង​ ដែល​មាន​មនុស្ស​ច្រើន ​គួរ​​ពាក់​ម៉ាស់​ការពារ​​មាត់​និង​ច្រមុះ ជា​ពិសេស ត្រូវ​នៅ​ក្នុង​ផ្ទះ​ឱ្យ​បាន​ច្រើន និង​មិន​ត្រូវ​​ប្រមូល​ផ្ដុំ​គ្នា​ទទួលទាន​គ្រឿងស្រវឹង​ជា​ក្រុម​ និង​ដើរ​​លេង​នៅ​ទី​កន្លែង​ដែល​មាន​មនុស្ស​កុះករ​ឡើយ ដើម្បី​រួម​ចំណែក​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19) ទាំង​អស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។