ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី២១ ខែមីនា បានយាងប្រទានភ្លើងជ័យកីឡា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
ភ្លើងជ័យកីឡា ឬព្រះអគ្គីជ័យកីឡា នេះសម្រាប់ប្រើប្រាស់ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) នៅក្នុងខែឧសភា ខាងមុខ។
ជាមួយគ្នានេះបន្ទាប់ពីទទួលបានភ្លើងជ័យកីឡាពីព្រះមហាក្សត្រ អត្តពលិក ៧ រូប បានប្ដូរវេនគ្នារត់តិចៗ កាន់ភ្លើងគប់កីឡា ហែជុំវិញវង់តូច នៃតំបន់អង្គរ រួចយកទៅតម្កល់នៅក្នុងព្រះវិហារវត្តរាជបូណ៍ មុននឹងដង្ហែបន្តទៅបណ្ដាប្រទេសជាសមាជិកចូលរួមប្រកួតកីឡាស៊ីហ្គេម។
ការហែភ្លើងគប់កីឡាទៅកាន់បណ្ដាប្រទេសជាសមាជិកនឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែមីនា ហើយភ្លើងគប់កីឡានេះនឹងវិលមកដល់កម្ពុជាវិញ នៅថ្ងៃទី២៧ ខែមេសា។
មកដល់ពេលនេះ ប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន១១ បានបញ្ជូនកីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេមនេះ ដែលមានកីឡាករសរុបចំនួនជាង ១ម៉ឺន ១ពាន់នាក់ (១១.៤៥៣)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។