ព្រះ​មហាក្សត្រ​​គ្រោង​យាង​ចូលរួម​ការ​ប្រារព្ធ​ខួប ​៧៥​ឆ្នាំនៃ​អង្គការ​យូណេស្កូ (UNESCO) នៅ​ប្រទេស​បារាំង​

0:00 / 0:00

ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី គ្រោង​យាង​ទៅ​ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ដើម្បី​ចូលរួម​ក្នុង​សម័យ​ប្រជុំ​មហាសន្និបាត លើក​ទី៤១ ក្នុង​ឱកាស​ប្រារព្ធ​ខួប លើក​ទី៧៥ នៃ​អង្គការ​យូណេស្កូ (UNESCO)។

ព្រះអង្គ​នឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា នៅ​ក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ដោយ​ផ្ដោត​លើ​សមិទ្ធផល​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​អរូបី​មនុស្ស​ជាតិ របស់​អង្គការ​យូណេស្កូ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ចំពោះ​វត្តមាន​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​ពិភពលោក​ដែល​មក​ចូលរួម។
ការ​យាង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ គឺ​តប​ទៅ​តាម​ការ​អញ្ជើញ​របស់​អគ្គនាយិកា​នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ (យូណេស្កូ) អ្នកស្រី អូដ្រេ អាហ្សូឡេ (Audrey Azoulay)។
ព្រះមហាក្សត្រ ចាត់​តាំង​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ ជា​តំណាង​ព្រះអង្គ ក្នុង​ពិធី​ពន្លត់​ទៀន​ជ័យ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី១១ ខែវិច្ឆិកា ខាងមុខ នៅ​វិមាន​ឯករាជ្យ ពេល​អវត្តមាន​របស់​ព្រះអង្គ។

អង្គការ​យូណេស្កូ បង្កើត​ឡើង​កាល​ឆ្នាំ១៩៤៥ បាន​រួមចំណែក​យ៉ាង​សំខាន់ ​ដល់​ការ​លើក​តម្កើង​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​ក្នុង​ពិភពលោក តាម​រយៈ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ពហុភាគី។ ក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ក្នុង​ពិភពលោក បាន​មក​ចូលរួម ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។