ពលរដ្ឋក្រុងសៀមរាបស្នើក្រសួងធ្វើផ្លូវក្នុងក្រុងឲ្យមានគុណភាពខ្ពស់និងគ្មានអំពើពុករលួយ
2018.11.24
ពលរដ្ឋរស់នៅក្រុងសៀមរាប ខេត្តសៀមរាប អំពាវនាវឲ្យអាជ្ញាធរខេត្តនេះ និងក្រសួងសាធារណការស្ថាបនាផ្លូវ ក្នុងក្រុងសៀមរាប មាននិរន្តរភាព គ្មានអំពើពុករលួយ និងមានការទទួលខុសត្រូវខ្ពស់។ ការលើកឡើងបែបនេះ ស្របពេលដែលក្រសួងសាធារណការបានប្ដេជ្ញាចិត្តស្ថាបនាផ្លូវក្នុងក្រុងសៀមរាបទាំងអស់ឡើងវិញឲ្យបានស្អាត។
ពលរដ្ឋរស់នៅក្រុងសៀមរាប ឲ្យដឹងថា ទោះបីជាខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញ និងមានភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗក្តី ក៏ប៉ុន្តែគុណភាពផ្លូវ មិនបានឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋនៅតែឡើយទេ ខណៈមានផ្លូវលំជាច្រើនខ្សែក្នុងក្រុងសៀមរាបលំបាកធ្វើដំណើរ និងមានធូលីដីហុយសំពោង។
អ្នករត់ម៉ូតូឌុប រស់នៅក្នុងក្រុងសៀមរាប លោក គុម ណៃ អង្កេតឃើញថា ផ្លូវច្រើនខ្សែដែលអាជ្ញាធរស្ថាបនាក្នុងក្រុងសៀមរាបកន្លងទៅ គ្មានមានគុណភាពនោះទេ និងមានផ្លូវខ្លះដាច់ជាកង់ៗ គ្រហិកគ្រហុក លំបាកធ្វើដំណើរជាច្រើនឆ្នាំមកហើយ។ លោកអំពាវនាវឲ្យក្រសួងសាធារណៈអភិវឌ្ឍន៍ផ្លូវក្នុងក្រុងសៀមរាប មានគុណភាពខ្ពស់ ស្តង់ដារ គ្មានអំពើពុករលួយ និងផ្តល់សិទ្ធិឲ្យពលរដ្ឋចូលរួមសម្រេចចិត្តលើគម្រោងអភិវឌ្ឍន៍ផង៖ «ផ្លូវក្នុងក្រុងសៀមរាប ១០ផ្លូវ អត់ទាំង ១០ផ្លូវ គឺគ្មានគុណភាពទេ គាត់ចាក់កៅស៊ូ គាត់ឈូសឆាយរួច រោយកៅស៊ូ រួចបានគាត់រោយថ្ម ហើយអាហ្នឹងមានអីជាប់ មានគុណភាពអី។ ពេលរត់ឌុបគេត្អូញច្រើន រឿងផ្លូវ ល្អតែផ្លូវទៅអង្គរ និងផ្លូវជាតិលេខ ៦ហ្នឹង ក្រៅពីហ្នឹងមិនបាច់ជិះទេ ផ្លូវក្រឡុកចង់ទាំងអស់»។
បុរសដដែលបន្ថែមថា ពួកគេធុញទ្រាំនិងការស្ថាបនាផ្លូវរបស់អាជ្ញាធរខេត្តនេះជាយូរមកហើយ និងចង់ឲ្យមានប្រព័ន្ធកែលំអឡើងវិញ ធ្វើយ៉ាងណា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋ និងភ្ញៀវទេសចរ៖ «គេដាក់ឲ្យធ្វើមួយតឹកកន្លះ ដល់ ២តឹកកៅស៊ូ តែនេះគាត់ធ្វើតែ ៥ហ៊ុន តែកន្លងមកមានជញ្ជីងថ្លឹងឡានមែន តែសុទ្ធតែជញ្ជីងស៊ីលុយ មិនដឹងនិយាយថា ម៉េច!»។
កាលពីដើមខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងកិច្ចប្រជុំមួយ នៅខេត្តសៀមរាប ដោយពិភាក្សាពីការជួសជុលផ្លូវ និងថែទាំផ្លូវឡើងវិញ។ លោក ស៊ុន ចាន់ថុល ប្ដេជ្ញាថា នឹងជួសជុលផ្លូវក្នុងក្រុងសៀមរាបឲ្យស្អាតទាំងអស់ ដោយប្រើថវិកាជាតិ ១៥លានដុល្លារ។ លោកបន្ថែមថា ផ្លូវដែលជួសជុលបន្ទាន់ជាប់ផ្លូវជាតិ លេខ៦ ចំនួន ៥២ខ្សែ និងផ្លូវក្នុងក្រុងមាន ១១ ខ្សែ ដោយត្រូវចំណាយថវិកា ១៥លានដុល្លារ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងអភិបាលក្រុងសៀមរាប ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេនៅថ្ងៃទី២៤ វិច្ឆិកា។ ក៏ប៉ុន្តែ លោក ស៊ុន ចាន់ថុល អះអាងថា រដ្ឋបាលក្រុងសៀមរាប ពុំមានថវិកាគ្រប់គ្រាន់ជួសជុលផ្លូវក្នុងក្រុងនោះទេ ហេតុនេះក្រសួងសាធារណការ នឹងធ្វើរបាយការណ៍បន្ទាន់ទៅលោក ហ៊ុន សែន ដើម្បីទទួលបានថវិកាភ្លាមៗ ដោះស្រាយបញ្ហាប្រឈម។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ចង់ឃើញក្រសួងសាធារណការប្រើប្រាស់កញ្ចប់ថវិកាជាតិ ត្រូវពិគ្រោះយោបល់ពីដៃគួរពាក់ព័ន្ធក្នុងខេត្តរួមមាន ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងពលរដ្ឋមូលដ្ឋាន ដើម្បីកៀរគរថវិកាបន្ថែមទៀត បំណងផ្សព្វផ្សាយ ពីគម្រោងអភិវឌ្ឍន៍ផ្លូវឲ្យមានតម្លាភាព គុណភាព និងការទទួលខុសត្រូវខ្ពស់៖ «ឈ្មួញម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ពួកគេអាចមានលទ្ធភាពជួយ ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ បើយន្តការតម្លាភាព ត្រូវបានស្នើឡើង និងពិគ្រោះយោបល់បានល្អិតល្អន់ តែបើសិនជាមិនមានយន្តការហ្នឹងទេ ខ្ញុំមិនសង្ឃឹមថា នឹងមានយន្តការហ្នឹងទេ ហើយរឿងមន្ទិលពីពលរដ្ឋគុណភាពផ្លូវ និងពុករលួយ ដែលគេសង្ស័យកន្លងមក នៅតែបន្តកើតមានដដែរ»។
លោក សន ជ័យ អង្កេត ឃើញថា ក្រុងសៀមរាបជាតំបន់ទេសចរប្រវត្តិសាស្ត្រ គួរមានការអភិវឌ្ឍន៍ខ្លាំងក្លា ក៏ប៉ុន្តែក្តីសង្ឃឹមបែបនេះគឺខុសស្រឡះពីការរំពឹងទុក ព្រោះល្បឿនអភិវឌ្ឍន៍ក្នុងខេត្តនេះកន្លងទៅយឺតយ៉ាវ ផ្លូវគ្មានគុណភាព និងមិនបានឆ្លើយតបសេចក្តីត្រូវការរបស់ពលរដ្ឋនោះទេ ខណៈ ពេលដែលផ្លូវក្នុងក្រុងជាច្រើនកន្លែង ដែលជាតំបន់ទីប្រជុំជន លំបាកធ្វើដំណើរ បង្កប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋ និងអារម្មណ៍ភ្ញៀវទេសចរ៕