ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្ត​ព្រះវិហារ​ នៅ​តែ​រក្សា​ប្រពៃណី​ធ្វើ​បុណ្យ​ផ្កា​ស្រូវ និង​បុណ្យ​ភូមិ

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ នាំ​គ្នា​ធ្វើ​បុណ្យ​ផ្កា​ស្រូវ និង​បុណ្យ​ភូមិ ក្រោយ​ពេល​ប្រមូល​ស្រូវ​រួច​រាល់។ ពួក​គាត់​ធ្វើ​ពិធី​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣០ ដល់​ថ្ងៃ​ទី១ កុម្ភៈ ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ​នៅ​ក្នុង​មូលដ្ឋាន។ អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ និង​សិល្ប យល់​ថា រឿង​នេះ​ជា​ការ​ល្អ ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ថែរក្សា​វប្បធម៌​ទាំង​នេះ​ឱ្យ​បាន​គង់វង្ស។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់​នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប លោក សឿន ថា រៀបរាប់​ប្រាប់​អាស៊ី​សេរី​ថា ក្នុង​រយៈ​ពេល ១ថ្ងៃ​ដំបូង គឺ​ជា​ថ្ងៃ​ធ្វើ​បុណ្យ​ផ្កា​ស្រូវ បន្ទាប់​មក​ចាប់​ថ្ងៃ​ទី៣១ មករា​ដល់​ថ្ងៃ​ទី១ កុម្ភៈ ជា​ពិធី​បុណ្យ​ភូមិ។ ពិធី​នេះ​មាន​និមន្ត​ព្រះសង្ឃ​សូធ្យ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា ដូច​ការ​ធ្វើ​បុណ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។ អ្នក​ភូមិ​បាន​នាំ​គ្នា​យក​ស្រូវ អង្ករ និង​ប្រាក់ ចូល​បុណ្យ​ដល់​គណៈកម្មការ​ភូមិ ដែល​ពួក​គាត់​បាន​ជ្រើសរើស​ឱ្យ​ដឹក​នាំ​ធ្វើ​បុណ្យ។ បុរស​វ័យ ២៦ឆ្នាំ​រូប​នេះ​បន្ថែម​ថា ពិធី​បុណ្យ​នេះ ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ ដែល​ពួក​គាត់​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​ដូន​តា​រហូត​មក ពុំ​ដែល​អាក់​ខាន​ឡើយ។ លោក​បញ្ជាក់​ថា គោល​បំណង​ក្នុង​ការ​ពិធី​បុណ្យ​នេះ ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​តំបន់​នោះ​ផង និង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បាន​ជួប​ជុំ​គ្នា​រាំ​លែង​កម្សាន្ត​​សប្បាយ​​​​ ក្រោយ​ពី​ធ្វើ​ស្រែចម្ការ​នឿយ​ហត់​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ផង។

ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ប្រើស​ក្អក ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​មាន​ជនជាតិ​ដើម​ភាគ​តិច​កួយ​ប្រមាណ ១០០នាក់​ចូល​រួម​នៅ​ថ្ងៃ​ដំបូង។ លោក សឿន ថា ប្រាប់​ថា នៅ​ពេល​រាត្រី​មាន​​ចាក់​ធុង​បាស ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រាំ​លែង​កម្សាន្ត​ជា​រៀងរាល់​យប់៖ «បើ​រាល់​ថ្ងៃ​ពេល​ថ្ងៃ​មាន​មនុស្ស​ច្រើន​ពេល​យប់ ក៏​មាន​មនុស្ស​ច្រើន​ដែរ។ បើ​ពេល​យប់​គឺ​ថា មាន​បងប្អូន​តាម​បណ្ដាល​ភូមិ​ផ្សេងៗ មក​ចូល​រួម​រាំ​លែង​សប្បាយ​ពេល​យប់​ច្រើន​ជាង​ពេល​ថ្ងៃ។ ប៉ុន្តែ​បើ​ពេល​ថ្ងៃ​មាន​ចាស់ៗ គាត់​មក​កំដរ​នៅ​លើ​សាលា​ឆ​ទាន អ្នក​ខ្លះ​រៀប​ចំ​បោសសំអាត​ជុំ​វិញ​ទីធ្លា​សាលា និង​ខ្លះ​ទៀត​រៀបចំ​ធុងបាស់​រៀប​ភ្លេង​ចាស់​អី​ជា​ដើម »

ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រើស​ក្អក​ម្នាក់​ទៀត លោក ភាន់ មេ ថ្លែង​ថា ពិធី​បុណ្យ​ភូមិ​ឆ្នាំ​នេះ​មិន​សូវ​មាន​មនុស្ស​ច្រើន​ដូច​ឆ្នាំ​មុនៗ នោះ​ទេ ដោយសារ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ បណ្ដាល​មក​ពី​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​ដូច​ឆ្នាំ​មុនៗ នោះ​ឡើយ។ អ្នក​ចូល​រួម​បុណ្យ​នេះ​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ចម្រុះ​វ័យ​រស់​នៅ​ក្នុង​មូលដ្ឋាន ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ។ លោក ភាន់ មេ បន្ថែម​ថា ពួកគាត់​មិន​អាច​លុប​បំបាត់​ពិធី​បុណ្យ​នេះ​ទេ ព្រោះ​ជា​ឱកាស​មួយ​ឆ្នាំ​ម្ដង ដែល​ពួក​គាត់​បាន​លេង​កម្សាន្ត​សប្បាយ​ជុំ​គ្នា៖ «យើង​ធ្វើ​យើង​សុំ​សេចក្ដី​សុខ​ចម្រើន ហើយ​ពេល​ដែល​ប្រមូល​ផល​ស្រូវ​ឆ្នាំ​ក្រោយ​ទៀត យើង​បួងសួង​ឱ្យ​វា​កើន​ផល​ជា​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អីចឹង​ហើយ​ពួក​ខ្ញុំ​ពេញ​ចិត្ត​សប្បាយ​ហ្នឹង ព្រោះ​អី​ជា​ប្រពៃណី​របស់​ពួក​ខ្ញុំ​បាទ។ សម្រាប់​ពួក​ខ្ញុំ​ដែល​ជា​ជនជាតិ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង​ហ្នឹង​ឯង​ដែល​បាន​ធ្វើ​បុណ្យ​នេះ ពីព្រោះ​ថា នេះ​ជា​មោទនភាព​មួយ ដែល​ភូមិ​ខ្ញុំ​បាន​រក្សា​នូវ​ប្រពៃណី​វប្បធម៌​របស់​ភូមិ​ខ្ញុំ​តាំង​ពី​ដើម​រហូត​មក​ទល់​បច្ចុប្បន្ន »

កាល​ពី​ប្រមាណ ១០ឆ្នាំ​មុន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រើស​ក្អក តែង​តែ​នាំ​គ្នា​លែង​ភ្លេង​បុរាណ​ដោយ​ផ្ទាល់​ដៃ​ រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​នេះ ប៉ុន្តែ​ក្រោយ​មក​ដោយសារ​តែ​កំណើន​ពលរដ្ឋ​ពី​តំបន់​ផ្សេង​ចូល​ទៅ​រស់​នៅ​ច្រើន ពួក​គាត់​បាន​ប្ដូរ​ទម្លាប់​មក​ចាក់​ធុងបាស​រាំង​កម្សាន្ត​វិញ​ម្ដង។

ទាក់ទង​នឹង​ការ​ធ្វើ​បុណ្យ​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ​នេះ មេ​ឃុំ ម្លូព្រៃ២ លោក កាន់ សុវណ្ណគា ប្រាប់​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ ដែល​លោក​គ្រប់គ្រង តែង​នាំ​គ្នា​ធ្វើ​បុណ្យ​ផ្កា​ស្រូវ នៅ​គ្រប់​ភូមិ ដោយ​ចាប់​ផ្ដើម​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំ។ លោក​បន្ត​ថា នៅ​ក្នុង​ភូមិ​ប្រើស​ក្អក មាន​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ប្រមាណ ១៤០គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ២០០គ្រួសារ ដែល​បាន​ផ្ដើម​ធ្វើ​បុណ្យ​នេះ​មុន​គេ៖ «ពួក​គាត់​ហ្នឹង​ចេះ​សហការ​គ្នា​ចង់​និយាយ​ថា ធ្វើ​អ្វី​មួយ​គាត់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ស្រុះ​គ្នា។ ទំនៀមទម្លាប់​រស់​នៅ​សព្វ​ថ្ងៃ​វា​ដូច​តែ​គ្នា​យើង​ខ្មែរ​ហ្នឹង​ឯង។ ខាង​ឃុំ​យើង​សហការ​ជួយ​លើក​ទឹក​ចិត្ត​គាត់ ហើយ​យើង​តែង​តែ​ផ្សព្វផ្សាយ​ឱ្យ​គាត់​ថែរក្សា​វប្បធម៌​របស់​យើង។ យើង​ជន​ជាតិ​ភាគ​តិច​យើង​គួរតែ​ថែរក្សា​ពាក្យ​សំដី​ដែល​យើង​និយាយ និង​ឱ្យ​គាត់​ចេះ​សាមគ្គី​គ្នា ដោយ​រក្សា​ភាព​ដើម ដែល​គាត់​ធ្វើ​អ្វី​មួយ​គាត់​តែង​ជួយ​គ្នា​រហូត​នោះ »

ក្រៅ​ពី​នេះ អ្នក​ភូមិ​ប្រើស​ក្អក​បាន​រក្សា​ប្រពៃណី​ការ​បញ្ចូល​អារក្ខ​បន់ស្រន់​សុំ​សេចក្ដី​សុខ​ជា​ញឹកញាប់​ផង​ដែរ។

អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​និង​សិល្ប​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក ធុយ ចាន់ធួន ប្រាប់​អាស៊ី​សេរី​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ការ​សាមគ្គី​គ្នា​បាន​ល្អ​ជាង​ជន​ជាតិ​ដើម​ដទៃ​ទៀត​នៅ​កម្ពុជា។ លោក​ថា បច្ចុប្បន្ន​ជន​ជាតិ​កួយ ច្រើន​រស់​នៅ​ខេត្ត​កំពង់ធំ ព្រះវិហារ និង​ បន្ទាយមានជ័យ​ជា​ដើម។ លោក​បន្ថែម​ថា ការ​បញ្ចូល​អារក្ខ និង​ការ​ធ្វើ​បុណ្យ​ភូមិ គឺ​ជា​ការ​ធ្វើ​បុណ្យ​សុំ​សេចក្ដី​សុខ​សប្បាយ និង​ការ​ឧទ្ទិស​កុសល​ឱ្យ​ដល់​ជីដូនជីតា​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ៖ «លក្ខណៈ​សាមគ្គី​ហ្នឹង ជា​ពិសេស ខ្ញុំ​ចូល​រួម​ម្ដង នៅ​ពេល​ដែល​គេ​ធ្វើ​ពិធី​ការ។ ពិធី​រៀប​ការ​ហ្នឹង គឺ​សែន​របៀប​ឡើង​អារក្ខ​ហៅ​អន្ទង​ស្អីៗ គេ​ចង​ដៃ​ដូច​តែ​ខ្មែរ​យើង​ដែរ​ហ្នឹង។ ប៉ុន្តែ​គេ​មិន​ចោល​ទេ​សម្ល​គេ​ភីភ្លា។ គេ​ដាក់​ពោះ​គោ ហើយ​និង​ប្រមាត់​គោ​ឱ្យ​យើង​ញាំ ភ្ញៀវ​ពិសេស​ហ្នឹង បាន​ញាំ​ប្រមាត់​គោ​ជា​មួយ​ហ្នឹង​សម្ល បើ​យើង​អត់​ចេះ។ ពិធី​រៀប​ការ​គេ​ឥឡូវ​ហ្នឹង សឹង​តែ​ក្លាយ​ដូច​ខ្មែរ​យើង​អស់​ហើយ ធ្វើ​ដូច​តែ​ខ្មែរ​យើង​អស់​ហើយ »

បណ្ឌិត ធុយ ចាន់ធួន សំណូមពរ​ដល់​ជនជាតិ​ដើម​ភាគ​តិច​កួយ បន្ត​ថែរក្សា​ប្រពៃណី​របស់​ខ្លួន​ឱ្យ​បាន​គង់វង្ស​ទៅ​មុខ​ទៀត។ បន្ថែម​ពី​នេះ​លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ចូល​រួម​អភិរក្ស​ឧបករណ៍​ប្រើប្រាស់ និង​វប្បធម៌​ទាំង​ឡាយ​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ និង​ទុក​ជា​កេរ្តិ៍​ដំណែល​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង​និង​បាន​សិក្សា​បន្ត៕

Kui_villagers_in_Preah_Vihear_Celebrate_Bon_Pka_Srov_013121_1.jpg
ជនជាតិ​ដើម​ភាគ​តិច​កួយ ធ្វើ​បុណ្យផ្កា​ស្រូវ​នៅ​ភូមិ ប្រើស​ក្អក ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣០ ខែមករា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។