ក្រសួង​ការងារ​បញ្ចប់​ដោះស្រាយ​វិវាទ​ការងារ​រវាង​សហជីព​និង​ក្រុមហ៊ុន​ណា​ហ្គាល​វើល​ ដោយ​គ្មាន​ចំណុច​រួម

ដោយ ម៉ៅ សុធានី
2021-06-30
Share
ក្រសួង​ការងារ​បញ្ចប់​ដោះស្រាយ​វិវាទ​ការងារ​រវាង​សហជីព​និង​ក្រុមហ៊ុន​ណា​ហ្គាល​វើល​ ដោយ​គ្មាន​ចំណុច​រួម បុគ្គលិកកាស៊ីណូ ណាហ្គាវើលដ៍ (Naga World) ធ្វើយុទ្ធនាការតស៊ូមតិប្រឆាំងនឹងការសម្រេចរបស់ក្រុមហ៊ុនក្នុងការបញ្ឈប់បុគ្គលិកជាង ១ពាន់៣រយនាក់។
រូប៖ ហ្វេសប៊ុក

ការ​ស្វែង​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ រវាង​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាលវើលដ៍ (NAGA WORLD) និង​ភាគី​ក្រុមហ៊ុនទាំង​ពីរ​លើក​ នៅ​ក្រសួង​ការងារ​ មិន​មាន​លទ្ធផល​ដែល​អាច​ទទួល​យក​បាន​ណាមួយ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​តំណាង​ក្រុមហ៊ុន​ នៅ​តែ​មិន​ព្រម​ទទួល​យក​ការ​ទាមទារ​របស់​សហជីព ដើម្បី​បញ្ចប់​ជម្លោះ​នោះ​ទេ។

​​ប្រ​ធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ ​នៃ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ (NAGA WORLD) កញ្ញា​ ឈឹម​ ស៊ី​ថរ​ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ថាកិច្ចប្រជុំ​រក​ដំណោះស្រាយ​ត្រូវ​បន្លាយ​អស់​រយៈពេល​ជាង ​៦ ​ម៉ោង​ ដោយ​មន្ត្រី​ក្រសួង​ធ្វើ​កំណត់​ហេតុរួម មិន​ដាក់​ការ​លើក​ឡើង និង​ការ​ទាមទារ​លក្ខខណ្ឌ​ ៥ ​ចំណុច​របស់​សហជីព​ ចូល​ក្នុង​របាយការណ៍ឡើយ​។

កញ្ញាបន្ត​ថា មន្ត្រី​ទទួល​ដោះស្រាយ​វិវាទ បាន​ត្រឹមតែ​និយាយ​ឲ្យ​ភាគី​ទាំង​ពីរ​និយាយ​ចរចា​គ្នា តែមិន​ហ៊ាន​លើកឡើងអំពី​ច្បាប់​ការងារ​ជាតិ និង​អន្តរជាតិ​ពន្យល់​ក្នុង​​កិច្ច​ប្រជុំ ករណី​ភាគី​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​ហេតុផល​សមរម្យ ​បែរ​ជា​លើក​យក​ដំណោះស្រាយ​នៅ​តាម​បណ្ដា​រោងចក្រ​ផ្សេង​ៗ មក​ប្រៀប​ធៀប​ថា ករណី​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាលវើលដ៍ (NAGA WORLD) នេះ ទទួល​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ល្អ​ជាង​គេ​ទៅ​វិញ។

កញ្ញាខក​ចិត្ត​នឹង​នីតិវិធី​របស់​ក្រសួង​ការងារ ដែល​មិន​ឈរ​លើ​គោលការណ៍​ច្បាប់​ ដោយ​ឯករាជ្យ យុត្តិធម៌ និងតម្លាភាព​ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ បែរ​ជា​មាន​ទំនោរ​ទៅ​ខាង​ភាគី​ក្រុមហ៊ុន ​ដែល​រំលោភ​សិទ្ធិ​ការងារ និង​បញ្ឈប់​បុគ្គលិក​ជាង​១​ពាន់​នាក់​ទៅ​វិញ។

ប្រធាន​សហជីព​រូប​នេះថា ការ​ទាមទារ​រក​ដោះស្រាយ​សម្រាប់​បុគ្គលិក​ជាង​ ១​ពាន់​នាក់ នៅ​តែ​បន្ត​ធ្វើជានិច្ច ដរាប​ណា​ភាគី​ក្រុមហ៊ុនមិនព្រម​ទទួល​យក​ពួកគាត់​ចូល​ធ្វើការ​វិញ៖ «យើង​សោកស្ដាយ​ចំពោះ​នីតិវិធី​មួយ​ហ្នឹង​ ដែល​គ្មាន​យុត្តិធម៌​អ្វី​សម្រាប់​កម្មករ​ទេ មាន​តែ​ព្យាយាម​ពន្យារ​ពេល​កម្មករ​តែ​ប៉ុណ្ណឹង​ឯង​។ ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ទៅ​ទាមទារ​អ្វី​ទេ ព្រោះ​ថា អ្វី​ដែល​យើង​ទាមទារ​ គឺ​ទាមទារ​ឲ្យ​ភាគី​ទាំង​អស់​គោរព​ច្បាប់​។ អ្នក​ដែល​មាន​តួ​នាទី​ការពារ​ច្បាប់​ត្រូវ​ការ​ពារ​ច្បាប់​ តែ​ក្រសួង​អត់​បាន​ការពារ​សូម្បី​តែ​ប្រទេស​ខ្លួន​ឯង។ អ៊ិចឹង​! ខ្ញុំ​មិន​ដឹង​ថា ​ទាមទារ​អ្វី​ដែរ ក៏​ប៉ុន្តែ​ចង់​បញ្ជាក់​ថា យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​កម្មករ​និយោជិក​ហើយ​ កម្មករ​ទាំង​អស់​អត់​បោះបង់​ចោល​ការ​តស៊ូ​មតិ​ហ្នឹង​ទេ។ គាត់​ទាមទារ​រហូត​ដល់​មាន​យុត្តិធម៌​សម្រាប់​ពួកគាត់»។ 

ក្រោយ​ពី​គ្មាន​​ដំណោះស្រាយ​​នៅ​ក្រសួង​ការងារ ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាលវើលដ៍ (NAGA WORLD) ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​បង្ហោះ​រូប​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ​ដោយ​ឈរ​លើក​បដា​នៅ​ខាង​មុខ​ក្រុមហ៊ុន ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​ពួកគាត់​ចូល​ធ្វើ​ការ​វិញ។

សហជីព​ឲ្យ​ដឹង​ថា គិត​មក​ដល់​នេះ ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​រួម​ទាំង​តំណាង​សហជីព​ បាន​ជាង ​១ពាន់ (១០១០) ​នាក់​ហើយ នៅ​សល់​បុគ្គលិក​ជិត ៣​រយ​នាក់​ទៀត ខាង​ក្រុមហ៊ុន​នឹង​បញ្ឈប់​ជា​បន្ត​បន្ទាប់​ទៀត​។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​មន្ត្រី​នៃ​នាយកដ្ឋាន​វិវាទ​ការងារ​ ដែល​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​នេះ គឺ​លោក ពិន ណិត និង​ប្រធាន​ប្រតិបត្តិ​បុគ្គលិក​របស់​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ លោក ម៉ៃ ង៉ៃ (Mike Ngai) បាន​ទេ ដោយ​លេខ​​ទូរស័ព្ទ​របស់​លោក​ទាំង​ពីរ ​មិន​អាច​ទាក់ទង​បាន។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា នីតិវិធី​ដោះស្រាយ​វិវាទ គឺ​ដំណើរ​ការ​មួយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​អាច​ទទួល​បាន​។ លោកបន្ត​ថា​ បើ​ខាង​ក្រសួង​មាន​ចេតនា​​អូស​បន្លាយ​ពេល​វេលា​ដោះស្រាយ​វិវាទ​នេះ​ នោះ​នឹង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ភាគី​សហជីព ច្រើន​ជាង​ភាគី​ក្រុមហ៊ុន។

មន្ត្រី​ផ្នែក​ច្បាប់​រូប​នេះយល់​ថា​ មន្ត្រី​ក្រសួង​ការងារ​គួរ​ឈរ​លើ​គោលការណ៍​ឯករាជ្យ​ ដោយ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​បញ្ជូន​កំណត់ហេតុ​រួម​ទៅ​រដ្ឋមន្ត្រី ដើម្បី​សម្រេច​បញ្ជូន​រឿង​នេះ​ទៅ​​ដោះស្រាយ​បន្ត​នៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល៖ «និយោជក​អត់​ខាត​ប្រយោជន៍​អ្វី​ច្រើន​ទេ ហើយ​បើ​សិន​ជា​គាត់​ផ្អែក​ទៅ​លើ​ហេតុផល​ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​កូវីដ ចុះ​ប្រាក់​ដែល​មាន​ទំហំ​រាប់​លាន​ដុល្លារ​ទៅ​ឲ្យ​បុគ្គលិក​ជាង​ ១​ពាន់​នាក់ សួរ​ថា​ ក្រុមហ៊ុន​ហ្នឹង បាន​លុយ​មក​ពី​ណា។ អ៊ីចឹង! វា​បង្ហាញ​ពី​ទម្រង់​នៃ​ការ​រើសអើង​សហជីព​ហ្នឹងហើយ។ វា​បង្ហាញ​ចេតនា​ថា មិន​ព្យាយាម​ដោះស្រាយ​ បែរ​ជា​ប្រកាន់​ជំហរ​មួយ​ដោយ​យក​ហេតុផល​មិន​សមស្រប​ណាមួយ។ ចឹង! វា​បង្ហាញ​ច្បាស់​លាស់​អំពី​ទម្រង់​នៃ​ការ​រើស​អើង​សហជីព​ហើយ»។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៏ (NAGA WORLD) ​ដែល​ធ្លាប់​ជាប់​ឈ្មោះ​មិន​ល្អ​ ក្នុង​បញ្ជី​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារអះអាង​ថា ខ្លួន​មាន​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ទើប​ឈាន​ដល់​ការ​បញ្ឈប់​បុគ្គលិក​ជាង ​១​ពាន់​ ៣​រយ​នាក់ ឬ​ជិត​២០% ​នៃ​បុគ្គលិក​ក្រុមហ៊ុនបែបនេះ។

ផ្ទុយ​ពី​ការ​អះអាង​នេះ ខាង​សហជីព​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍(NAGA WORLD) នៅ​តែ​អាច​រក​បាន​ប្រាក់​ចំណូល​ជាង ​៩០០ ​លាន​ដុល្លារ ហើយ​ចំណេញ​បាន​ជាង​ ១០០​ លាន (១០២) ដុល្លារ ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩។

សហជីព​ថា ការ​លើកឡើង​របស់​ក្រុមហ៊ុន​នេះ ជា​រឿង​មិន​សម​ហេតុ​ផល និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ សហជីព​យល់​ថា​ ការបញ្ឈប់​បុគ្គលិក​ជា​សមាជិក​សហជីព និ​ង​មេដឹកនាំ​សហជីព​​ដែរ​នោះ គឹ​ជា​ការ​រើស​អើង​ និង​មិន​ចង់​ឲ្យ​មាន​វត្ត​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​តទៅ​ទៀត​ ព្រោះ​ធ្វើ​ឲ្យ​បុគ្គលិក​ទទួល​បាន​ប្រយោជន៍​ការងារ​ច្រើន​ពី​ក្រុមហ៊ុន។ ​ខាង​សហជីព​នៅ​ប្រកាន់​ជំហរ​តវ៉ា​តាម​ផ្លូវ​ច្បាប់ លុះ​ត្រាតែ​ភាគី​ក្រុមហ៊ុន​ព្រម​ទទួល​សំណើ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល