ការស្វែងរកដំណោះស្រាយក្នុងវិវាទការងារដ៏រ៉ាំរ៉ៃ រវាងក្រុមថ្នាក់ដឹកនាំសហជីពណាហ្គាលវើលដ៍ (NAGA WORLD) និងភាគីក្រុមហ៊ុនទាំងពីរលើក នៅក្រសួងការងារ មិនមានលទ្ធផលដែលអាចទទួលយកបានណាមួយនៅឡើយទេ ដោយសារតែតំណាងក្រុមហ៊ុន នៅតែមិនព្រមទទួលយកការទាមទាររបស់សហជីព ដើម្បីបញ្ចប់ជម្លោះនោះទេ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើល (NAGA WORLD) កញ្ញា ឈឹម ស៊ីថរ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣០ ខែមិថុនា ថាកិច្ចប្រជុំរកដំណោះស្រាយត្រូវបន្លាយអស់រយៈពេលជាង ៦ ម៉ោង ដោយមន្ត្រីក្រសួងធ្វើកំណត់ហេតុរួម មិនដាក់ការលើកឡើង និងការទាមទារលក្ខខណ្ឌ ៥ ចំណុចរបស់សហជីព ចូលក្នុងរបាយការណ៍ឡើយ។
កញ្ញាបន្តថា មន្ត្រីទទួលដោះស្រាយវិវាទ បានត្រឹមតែនិយាយឲ្យភាគីទាំងពីរនិយាយចរចាគ្នា តែមិនហ៊ានលើកឡើងអំពីច្បាប់ការងារជាតិ និងអន្តរជាតិពន្យល់ក្នុងកិច្ចប្រជុំ ករណីភាគីក្រុមហ៊ុនបញ្ឈប់បុគ្គលិកដោយគ្មានហេតុផលសមរម្យ បែរជាលើកយកដំណោះស្រាយនៅតាមបណ្ដារោងចក្រផ្សេងៗ មកប្រៀបធៀបថា ករណីបុគ្គលិកក្រុមហ៊ុនណាហ្គាលវើលដ៍ (NAGA WORLD) នេះ ទទួលបានដំណោះស្រាយពីក្រុមហ៊ុន ល្អជាងគេទៅវិញ។
កញ្ញាខកចិត្តនឹងនីតិវិធីរបស់ក្រសួងការងារ ដែលមិនឈរលើគោលការណ៍ច្បាប់ ដោយឯករាជ្យ យុត្តិធម៌ និងតម្លាភាព ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនេះ បែរជាមានទំនោរទៅខាងភាគីក្រុមហ៊ុន ដែលរំលោភសិទ្ធិការងារ និងបញ្ឈប់បុគ្គលិកជាង១ពាន់នាក់ទៅវិញ។
ប្រធានសហជីពរូបនេះថា ការទាមទាររកដោះស្រាយសម្រាប់បុគ្គលិកជាង ១ពាន់នាក់ នៅតែបន្តធ្វើជានិច្ច ដរាបណាភាគីក្រុមហ៊ុនមិនព្រមទទួលយកពួកគាត់ចូលធ្វើការវិញ៖ «យើងសោកស្ដាយចំពោះនីតិវិធីមួយហ្នឹង ដែលគ្មានយុត្តិធម៌អ្វីសម្រាប់កម្មករទេ មានតែព្យាយាមពន្យារពេលកម្មករតែប៉ុណ្ណឹងឯង។ ខ្ញុំមិនដឹងថា ត្រូវទៅទាមទារអ្វីទេ ព្រោះថា អ្វីដែលយើងទាមទារ គឺទាមទារឲ្យភាគីទាំងអស់គោរពច្បាប់។ អ្នកដែលមានតួនាទីការពារច្បាប់ត្រូវការពារច្បាប់ តែក្រសួងអត់បានការពារសូម្បីតែប្រទេសខ្លួនឯង។ អ៊ិចឹង ! ខ្ញុំមិនដឹងថា ទាមទារអ្វីដែរ ក៏ប៉ុន្តែចង់បញ្ជាក់ថា យុត្តិធម៌ត្រូវតែមានសម្រាប់កម្មករនិយោជិកហើយ កម្មករទាំងអស់អត់បោះបង់ចោលការតស៊ូមតិហ្នឹងទេ។ គាត់ទាមទាររហូតដល់មានយុត្តិធម៌សម្រាប់ពួកគាត់»។
ក្រោយពីគ្មានដំណោះស្រាយនៅក្រសួងការងារ ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាលវើលដ៍ (NAGA WORLD) ចាប់ផ្ដើមធ្វើយុទ្ធនាការបង្ហោះរូបតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយឈរលើកបដានៅខាងមុខក្រុមហ៊ុន ទាមទារឲ្យថៅកែទទួលយកពួកគាត់ចូលធ្វើការវិញ។
សហជីពឲ្យដឹងថា គិតមកដល់នេះ ក្រុមហ៊ុនបញ្ឈប់បុគ្គលិករួមទាំងតំណាងសហជីព បានជាង ១ពាន់ (១០១០) នាក់ហើយ នៅសល់បុគ្គលិកជិត ៣រយនាក់ទៀត ខាងក្រុមហ៊ុននឹងបញ្ឈប់ជាបន្តបន្ទាប់ទៀត។
អាស៊ីសេរីមិនអាចសុំការបំភ្លឺមន្ត្រីនៃនាយកដ្ឋានវិវាទការងារ ដែលទទួលបន្ទុកដោះស្រាយវិវាទនេះ គឺលោក ពិន ណិត និងប្រធានប្រតិបត្តិបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ លោក ម៉ៃ ង៉ៃ (Mike Ngai) បានទេ ដោយលេខទូរស័ព្ទរបស់លោកទាំងពីរ មិនអាចទាក់ទងបាន។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នីតិវិធីដោះស្រាយវិវាទ គឺដំណើរការមួយក្រៅប្រព័ន្ធតុលាការ ដែលធ្វើឲ្យភាគីទាំងសងអាចទទួលបាន។ លោកបន្តថា បើខាងក្រសួងមានចេតនាអូសបន្លាយពេលវេលាដោះស្រាយវិវាទនេះ នោះនឹងធ្វើឲ្យខូចប្រយោជន៍ដល់ភាគីសហជីព ច្រើនជាងភាគីក្រុមហ៊ុន។
មន្ត្រីផ្នែកច្បាប់រូបនេះយល់ថា មន្ត្រីក្រសួងការងារគួរឈរលើគោលការណ៍ឯករាជ្យ ដោយអនុវត្តទៅតាមផ្លូវច្បាប់ ដោយបញ្ជូនកំណត់ហេតុរួមទៅរដ្ឋមន្ត្រី ដើម្បីសម្រេចបញ្ជូនរឿងនេះទៅដោះស្រាយបន្តនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល៖ «និយោជកអត់ខាតប្រយោជន៍អ្វីច្រើនទេ ហើយបើសិនជាគាត់ផ្អែកទៅលើហេតុផលទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចកូវីដ ចុះប្រាក់ដែលមានទំហំរាប់លានដុល្លារទៅឲ្យបុគ្គលិកជាង ១ពាន់នាក់ សួរថា ក្រុមហ៊ុនហ្នឹង បានលុយមកពីណា។ អ៊ីចឹង! វាបង្ហាញពីទម្រង់នៃការរើសអើងសហជីពហ្នឹងហើយ។ វាបង្ហាញចេតនាថា មិនព្យាយាមដោះស្រាយ បែរជាប្រកាន់ជំហរមួយដោយយកហេតុផលមិនសមស្របណាមួយ។ ចឹង! វាបង្ហាញច្បាស់លាស់អំពីទម្រង់នៃការរើសអើងសហជីពហើយ»។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៏ (NAGA WORLD) ដែលធ្លាប់ជាប់ឈ្មោះមិនល្អ ក្នុងបញ្ជីក្រុមហ៊ុនរំលោភសិទ្ធិការងារអះអាងថា ខ្លួនមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ទើបឈានដល់ការបញ្ឈប់បុគ្គលិកជាង ១ពាន់ ៣រយនាក់ ឬជិត២០% នៃបុគ្គលិកក្រុមហ៊ុនបែបនេះ។
ផ្ទុយពីការអះអាងនេះ ខាងសហជីពឲ្យដឹងថា ក្រុមហ៊ុនណាហ្គាវើលដ៍(NAGA WORLD) នៅតែអាចរកបានប្រាក់ចំណូលជាង ៩០០ លានដុល្លារ ហើយចំណេញបានជាង ១០០ លាន (១០២) ដុល្លារ ក្នុងឆ្នាំ២០២០ កន្លងទៅ នៅពេលដែលប្រទេសកម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩។
សហជីពថា ការលើកឡើងរបស់ក្រុមហ៊ុននេះ ជារឿងមិនសមហេតុផល និងមិនអាចទទួលយកបានឡើយ។ សហជីពយល់ថា ការបញ្ឈប់បុគ្គលិកជាសមាជិកសហជីព និងមេដឹកនាំសហជីពដែរនោះ គឹជាការរើសអើង និងមិនចង់ឲ្យមានវត្តមានសហជីពនៅក្នុងក្រុមហ៊ុនតទៅទៀត ព្រោះធ្វើឲ្យបុគ្គលិកទទួលបានប្រយោជន៍ការងារច្រើនពីក្រុមហ៊ុន។ ខាងសហជីពនៅប្រកាន់ជំហរតវ៉ាតាមផ្លូវច្បាប់ លុះត្រាតែភាគីក្រុមហ៊ុនព្រមទទួលសំណើរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។