ក្រសួង​ការងារ​ សន្យា​​​​ហាម​ជន​បរទេស​មិន​ឲ្យ​ប្រកប​របរ​​ខ្នាត​តូច និង​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ព្រោះ​ដណ្ដើម​​ការងារ​ពលរដ្ឋ​​ខ្មែរ​​​ក្នុង​ស្រុក​

0:00 / 0:00

ក្រសួង​ការងារ គ្រោង​ហាម​ឃាត់​ជន​បរទេស​ មិន​ឲ្យ​​​​ប្រកប​របរ​​ខ្នាត​តូច និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដោយសារ​​វា​ជា​ការ​ដណ្ដើម​​ការងារ​ពលរដ្ឋ​ និង​កម្មករ​ខ្មែរ​​ម្ចាស់​​ស្រុក។ ​ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សំណង់ ស្វាគមន៍​​ បើ​របប​ក្រុង​ភ្នំពេញ មាន​ឆន្ទៈ​អនុវត្ត​មែន។ ពួកគេ​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ ពន្លឿន​ការ​អនុវត្ត​ការ​សន្យា​នេះ​ឲ្យ​បាន​លឿន នៅ​ក្នុង​ឆ្នាំ​២០១៩​ នេះ ដើម្បី​កុំ​ឲ្យ​​កម្មករ​បន្ត​ខាត​បង់​ប្រយោជន៍​ទៀត។

ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ មាន​អ្នក​រត់​ម៉ូតូឌុប រ៉ឺម៉ក​កង់​បី អាជីវករ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ និង​អ្នក​ធ្វើ​សំណង់​ សុទ្ធ​តែ​ស្វាគមន៍​បំណង​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​ហាម​ឃាត់​ជន​បរទេស​មិន​ឲ្យ​បើក​អាជីវកម្ម​ខ្នាត​តូច និង​ប្រកប​របរ​សេដ្ឋកិច្ច​​​ក្រៅ​ប្រព័ន្ធ។

អ្នក​រត់​ម៉ូតូ​ឌុប​​នៅ​ម្ដុំ​មុខ​​អយស្ម័យយាន ឬ​រ៉ា​រថ​ភ្លើង រាជធានី​ភ្នំពេញ លោក សេង សុខា យល់​ថា ប្រសិន​រដ្ឋាភិបាល ចាប់​ផ្ដើម​អនុវត្ត​វិធានការ​​ហាមឃាត់​ជន​បរទេស​ មិន​ឲ្យ​ដណ្ដើម​ការងារ​កំប៉ិកកំប៉ុក​របស់​ពលរដ្ឋ​ខ្មែរ​មែន​ជា​ការ​ប្រសើរ។ លោក​ថា ជន​បរទេស ដែល​ដណ្ដើម​ការងារ​អ្នក​រត់​ម៉ូតូឌុប រម៉ក​កង់​បី អ្នក​រត់តាក់ស៊ី​ច្រើន​ជាង​គេ​នៅ​សព្វ​ថ្ងៃ​ គឺ​ជនជាតិ​ចិន ព្រោះ​ជនជាតិ​ចិន​ទាំង​នោះ មិន​ប្រើប្រាស់​សេវា​កម្ម​របស់​ពលរដ្ឋ​ខ្មែរ​ទេ។ ក្រៅ​ពី​នេះ ជន​​ជាតិ​ចិន​ទាំង​នោះ បាន​បើក​ហាង​ម្ហូប បើក​ហាង​កាត់​សក់​ជា​ដើម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ត្រូវ​ធ្លាក់​ចំណូល ឬ​បាត់​បង់​អាជីព​តែ​ម្ដង៖ «​សេវា​កម្ម​ដឹក​ជញ្ជូន​យើង​អត់​សូវ​បាន​ដឹក​ទេ អត់​សូវ​បាន​ដឹក​ទេ​!​បាទ។ យើង​ឃើញ​ថា គាត់​ម៉ៅ ឡាន​ក្រុង​ ក្រុមហ៊ុន​ជនជាតិ​ចិន​គាត់​ទៅ​ហ្មង។ គាត់​ម៉ៅ​ផ្ដាច់។ យើង​ក៏​មិន​សូវ​បាន​ដឹក​ដែរ បាន​ខ្លះ​ដែរ បាន​តិចតួច​ មិនមែន​ថា មិន​បាន​សោះ​ទេ។ រាជ​រដ្ឋាភិបាល​យើង​នេះ គាត់​មិន​ឃើញ​មាន​ការ​ទប់ស្កាត់​អ្វី​ទេ ឃើញ​នៅ​តែ​មាន​ការ​ហូរ​ចូល​មក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គាត់​អត់​មាន​អ្វី ទប់​ស្កាត់​ជាមួយ​ជន​បរទេស​ទាំង​ហ្នឹង​ទេ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ ប្រាប់​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក (Phnom Penh Post) ថា ​​​ក្រសួង​មាន​បំណង​ហាម​ឃាត់​ជន​បរទេស​ ដែល​មក​រស់​នៅ​​​ប្រទេស​កម្ពុជា​ មិន​ឱ្យ​ធ្វើ​​ឲ្យ​​ប្រកប​អាជីវកម្ម​ខ្នាត​តូច ឬ​មុខ​របរ​ផ្ទាល់​ខ្លួន​ម្នាក់​ឯង​​​ និង​ការងារ​មួយ​ចំនួន​ទៀត​​ ដើម្បី​ការពារ​​ជន​បរទេស​ទាំង​នោះ មក​ដណ្ដើម​ទីផ្សារ​​របស់​ពលរដ្ឋ​ខ្មែរ​។​​ លោក ហេង សួរ ថា ក្រសួង​នឹង​ចេញ​សេចក្ដី​ប្រកាស​ ដើម្បី​កំណត់​ ថា​ការ​ងារ​​ណា​ខ្លះ ដែល​ត្រូវ​ហាម ​សម្រាប់​ជន​បរទេស​នៅ​​ពេល​ខាង​មុខ ហើយ​សម្រាប់​ការ​ចូល​ជា​ធរមាន​ គ្រោង​​​នឹង​ប្រកាស​ឲ្យ​អនុវត្ត ​នៅ​​សប្ដាហ៍​ទី ២​ នៃ​ខែ ​សីហា ឆ្នាំ២០១៩។

លោក ហេង សួរ ​ប្រាប់​កាសែត​ក្នុង​ស្រុក​ដដែល​ថា ​គោល​ដៅ​ក្នុង​ការ​បង្កើត​ច្បាប់​​​ហាម​ឃាត់​ជន​បរទេស​មិន​ឲ្យ​ប្រកប​របរ​ខ្នាត​តូច និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​គឺ​ដើម្បី​ការ​ពារ​​​មុខ​របរ​ ឬ​អាជីវ​កម្ម​ខ្នាត​តូច​ ​ជា​លក្ខណៈ​គ្រួសារ​ សម្រាប់​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​​ខ្មែរ។ ក្នុង​ប្រទេស​​ គឺ​មាន​ការ​តាក់​តែង​លិខិត​បទដ្ឋាន​គតិយុត្តិ​ស្រប​ទៅ​តាម​បច្ចុប្បន្ន​ភាព​នៃ​តម្រូវ​ការ​ជាក់​ស្ដែង​តាម​កាលៈទេសៈ​នី​មួយៗ​ ដែល​បណ្ដា​ប្រទេស​មួយ​ចំនួន​ ក៏​មាន​ការ​កំណត់​នូវ​លក្ខ​ខណ្ឌ ​ឬ​ក៏​ហាម​ជន​បរទេស​មិន​ឲ្យ​ប្រកប​មុខ​របរ​ ឬ​ក៏​ធ្វើ​ការ​ងារ​អាជីវកម្ម​ខ្នាត​តូច​ឬ​ជា​លក្ខណៈ​គ្រួសារ។

អ្នក​រត់​រម៉ក​កង់​បី​ម្នាក់ នៅ​គោលដៅ​សួន​សុបិន​ចម្ការ​ព្រីង និង​ខណ្ឌ​សែន​សុខ លោក ប៉ា សុផល​ យល់​ថា ក្រសួង​គួរ​ប្រញាប់​ពន្លឿន​ការ​ចេញ​ច្បាប់​នេះ ដើម្បី​កុំ​ឲ្យ​ជន​បរទេស​ដណ្ដើម​មុខ​របរ​រត់​រម៉ក និង​បើក​ឡាន​តាក់ស៊ី​ត​ទៅ​ទៀត។ អ្នក​រត់​រម៉ក​កង់​បី​រូប​នេះ​ថា បច្ចុប្បន្ន​នៅ​គ្រប់​កន្លែង ជន​បរទេស​ពិសេស​ជនជាតិ​ចិន កំពុង​ដណ្ដើម​មុខ​របរ​រត់​រម៉ក និង​តាក់ស៊ី​ជំនួស​ខ្មែរ ពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​សៀមរាប។ លោក សុផល ថា ប្រសិន​បើ​ក្រសួង​កំណត់​ច្បាប់​ហាម​ឃាត់​ជន​បរទេស​មែន ពលរដ្ឋ​​ខ្មែរ អាច​រក​លុយ​បាន​ច្រើន​ជា​ពេល​នេះ​មិន​ខាន ព្រោះ​ជន​បរទេស នឹង​ទំនង​ងាក​មក​ប្រើ​សេវា​កម្ម​របស់​ពលរដ្ឋ​វិញ៖ «អ្វី​ដែល​យើង​ខ្ញុំ​ចង់​និយាយ​ណាស់ ជនបរទេស​ៗ គួរ​ណាស់​តែ​ទុក​របរ​តូច​តាច​អ៊ីចឹង​ វា​គួរ​ណាស់​ប្រមុខ​រាជរដ្ឋាភិបាល ឬ​ក្រសួង​អ្វី ទុក​​មុខ​របរ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ ឬ​ក៏​សមាជិក​របស់​ខ្លួន​ ឲ្យ​មាន​ការ​រក​ទទួល​ទាន ដើម្បី​ចិញ្ចឹម​ជីវិត​មក»។

ចំណែក​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ក៏​ពេញ​ចិត្ត​ដែរ បើ​របប​ក្រុង​ភ្នំពេញ ពិត​ជា​ហាមឃាត់​ជន​បរទេស​កុំ​ឲ្យ​លក់ដូរ​ ប្រជែង​នឹង​ពលរដ្ឋ។

អាជីវករ​លក់​ដូរ​​តាម​ចិញ្ចើម​ផ្លូវ​ នៅ​តាម​ផ្សារ​ នៅ​រាជធានី​ភ្នំពេញ​ ម្នាក់ អ្នកស្រី នៅ​ ស្រីលក្ខណ៍ ប្រាប់​ថា អ្នក​លក់​ដូរ​ទោះ​តាម​ចិញ្ចើម​ផ្លូវ ឬ​បើក​ហាង​ខ្នាត​តូច មិន​អាច​មាន​លទ្ធភាព​លក់​ឈ្នះ​ជនជាតិ​បរទេស​ទេ ដោយសារ​ជន​បរទេស​មាន​ដើម​ទុន​ច្រើន និង​ខ្លះ បាន​សូកប៉ាន់​អ្នក​មាន​អំណាច​មិន​ឲ្យ​រក​រឿង​ពួកគេ ពេល​បើក​រកស៊ី។

អ្នកស្រី នៅ ស្រីលក្ខណ៍ រៀបរាប់​ថា កន្លងមក​ក្រុម​អាជីវករ​បាន​ស្នើ​សុំ​​ឲ្យ​រដ្ឋាភិបាល​​ឲ្យ​ហាមឃាត់​ជន​បរទេស​លក់ដូរ​​ខ្នាត​តូច​ច្រើន​ដង​​ហើយ។ អាជីវករ​រូប​នេះ ប្រាប់​ថា ជន​បរទេស​ដែល​ដណ្ដើម​មុខរបរ​​លក់​ដូរ​ របស់​អាជីវករ​ខ្នាត​តូច​​រាល់​ថ្ងៃ គឺ​​ជន​ជាតិ​​​វៀតណាម និង​ជនជាតិ​ចិន៖ «ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ខាត​មុខ​របរ​។ ខាត​ចំណូល​។ ឥឡូវ​ហ្នឹង​ មាន​ដល់​ទៅ​ចិន​ហ្នឹង​ លក់​នំ​ប៉ាវ​ទៀត។ ឥឡូវ​អាជីវករ​យើង​ កាល​មុន​គាត់​លក់​នំ​ប៉ាវ​អ្វី​បាន​ ឥឡូវ​គាត់​លក់​នំ​ប៉ាវ គេ​មាន​ការ​ទំនើប​ជាង​យើង អ៊ីចឹង​អ្នក​ញ៉ាំ​ចូលចិត្ត​របស់​ចិន​វិញ ដល់​អ៊ីចឹង អាជីវករ​យើង​ខាត​មុខរបរ​មែន​ទេ»។

ចំណែក​អាជីវករ​លក់​បាយ​ម្ហូប​នៅ​​ឆ្នេរ​អូរ​ឈើ​ទាល ខេត្ត​ព្រះសីហនុ​ម្នាក់​ លោក គឹម សុខ ​​​​ហាង​ ភោជនីយដ្ឋាន រង្គសាល កន្លែង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ជា​ច្រើន​សុទ្ធ​តែ​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ចិន។ លោក​ថា សូម្បី​ជន​ជាតិ​អឺរ៉ុប ក៏​ឈប់​រកស៊ី ហើយ​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ដែរ ដោយសារ​​កំណើន​ជនជាតិ​ចិន ហើយ​​ជនជាតិ​ចិន​ ចូល​ញ៉ាំ​អាហារ និង​ប្រើ​សេវាកម្ម​តែ​ជនជាតិ​ដូច​គ្នា​ប៉ុណ្ណោះ។

ការ​ដណ្ដើម​មុខ​របរ​ និង​ការងារ​ ពី​សំណាក់​ជន​បរទេស​ កើត​មាន​គ្រប់​វិស័យ​នៅ​កម្ពុជា ទាំង​សេវាកម្ម​​ ទេសចរណ៍​ ផ្ទះ​សំណាក់ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​​មុខ​របរ​រើស​អេតចាយ។ នៅ​ក្នុង​វិស័យ​សំណង់​ក៏​រង​ការ​ដណ្ដើម​ការងារ​ពី​ជន​បរទេស​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក សុខ គីន ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​កម្មករ​ដែល​មក​ដណ្ដើម​ការងារ​ក្នុង​វិស័យ​សំណង់​មាន​តែ​ជនជាតិ​វៀតណាម​ទេ តែ​បច្ចុប្បន្ន​ជនជាតិ​ចិន​ច្រើន​ណាស់ ក៏​មក​ដណ្ដើម​ការងារ​ជា​កម្មករ​ដែរ។ លោក​ថា ការ​យក​កម្មករ​បរទេស​មក​ធ្វើការ​ ដោយសារ វិនិយោគិន ចូល​មក​រកស៊ី​ភាគច្រើន​ជា​ជន​ជាតិ​ចិន ហើយ​ពួកគេ​ច្រើន​ស្ពាយ​កម្មករ​ចិន​ មក​ជា​មួយ ជា​ហេតុ​នៃ​ការ​ដណ្ដើម​មុខ​របរ​ពលរដ្ឋ។ លោក សុខ គីន មិន​ជំទាស់​ទេ បើ​​​​កម្មករ​​បរទេស​ជា​អ្នក​ជំនាញ ប៉ុន្តែ​បើ​ត្រឹម​កម្មករ​ធម្មតា​ គឺ​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន។

លោក សុខ គីន រក​ឃើញ​ថា ការដ្ឋាន​សំណង់​ខ្លះ ថៅកែ​យក​កម្មករ​ត្រឹម​ ៣០ភាគ​រយ ឬ ៥០ភាគ​រយ។ ឯ​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ ក៏​មាន​គំលាត​គ្នា​ខ្លាំង​ដែរ រវាង​កម្មករ​ខ្មែរ និង​កម្មករ​បរទេស៖ «កម្មករ​ធម្មតា​ វា​មិន​គួរ​យក​ជន​បរទេស​មក​ធ្វើ ព្រោះ​ខ្មែរ​យើង​អាច​ធ្វើ​ការ​ងារ​ហ្នឹង​បាន​ដែរ ហើយ​ជន​បរទេស​មក​ហ្នឹង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​ខ្មែរ​​ឆ្ងាយ​​ហើយ គាត់​​ធ្វើ​ការ​​បាន​​ដូច​គ្នា ប៉ុន្តែ​ប្រាក់​ខែ​ គាត់​ឲ្យ​ទៅ​ចិន ឲ្យ​ទៅ​ជនជាតិ​បរទេស​ខ្ពស់​ជាង អា​ហ្នឹង​វា​ជា​បញ្ហា​មួយ​ដែរ​ សម្រាប់​វិស័យ​សំណង់»។

ប្រធាន​សមាគម​ឯករាជ្យ​កម្ពុជា​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ ជឿ​​ថា​ បើ​ត្រឹម​តែ​​ក្រសួង​ការងារ​ ចេញ​អនុក្រឹត្យ ឬ​សេចក្ដីប្រកាស​ ការ​ហាម​ឃាត់​ជន​បរទេស​មិន​ឲ្យ​ដណ្ដើម​​មុខ​របរ ឬ​ការងារ​ពលរដ្ឋ​ខ្មែរ មិន​ជោគជ័យ​ទេ។ វា​ទាមទារ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត។ លោក​ វ៉ន់ ពៅ បារម្ភ​ថា សមត្ថកិច្ច​ ឬ​អាជ្ញាធរ​មូលដ្ឋាន មិន​ហ៊ាន​ចាត់​វិធានការ​លើ​ជន​បរទេស​ តាម​អនុក្រឹត្យ​ ព្រោះ​ជនជាតិ​បរទេស​ភាគច្រើន មាន​ខ្នង​ជា​អ្នក​មាន​អំណាច​ធំៗ បណ្ដាល​ឲ្យ​អ្នក​អនុវត្ត​ច្បាប់​ថ្នាក់​ក្រោម​រារែក​ ការ​អនុវត្ត​ច្បាប់៖ «ជន​ជាតិ​បរទេស​ទាំង​អស់​ហ្នឹង​ដែល​ដណ្ដើម​មុខ​របរ​ខ្មែរ ត្រូវ​តែ​ឲ្យ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​គ្រប់​ខេត្ត​ ដែល​មាន​ជន​បរទេស​ដណ្ដើម​មុខ​របរ​ខ្មែរ ត្រូវ​ចាត់​ការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព កុំ​ឲ្យ​ខ្លាច​ ហើយ​ក្រសួង​មហាផ្ទៃ​ត្រូវ​ការ​ពារ​មន្ត្រី​របស់​ខ្លួន​ មន្ត្រី​ទាំង​ឡាយ​ណា ដែល​ហ៊ាន​ចាត់​ការ​រឿង​ហ្នឹង​យ៉ាង​ច្បាស់​លាស់ ស្រប​តាម​សេចក្ដី​ប្រកាស​ហ្នឹង។ បើ​មិន​ហ៊ាន​​ចាត់​ការ ហើយ​មិន​ហ៊ាន​ការពារ​កូន​ចៅ​ខ្លួន​នៅ​ថ្នាក់​ក្រោម​ហ្នឹង​ទេ វា​ជា​រឿង​មួយ​ ដែល​យើង​មាន​ការ​សោក​ស្ដាយ​ ​​គិត​ថា មិន​មាន​ប្រសិទ្ធិ​ភាព​ទេ។ ប៉ុន្តែ​បើ​ការពារ​កូន​ចៅ​ថ្នាក់​ក្រោម ដែល​ហ៊ាន​ធ្វើ​រឿង​ហ្នឹង វា​ជា​ការ​សាទរ»។​​

គិត​ត្រឹម​ឆ្នាំ​២០១៨ ពលករ​បរទេស​​កំពុង​ធ្វើការ​នៅ​កម្ពុជា មាន​​ចំនួន​ជាង ១៦ម៉ឺន​នាក់ ក្នុង​នោះ​​​ជនជាតិ​ចិន នាំ​មុខ​គេ គឺ​មាន​​ជាង​ ១០ម៉ឺន​នាក់ តែ​អ្នក​ធ្វើ​ប័ណ្ណ​ការងារ​ជាង​ ៣ម៉ឺន​នាក់។ ក្រៅ​ពី​នេះ ជា​ជន​ជាតិ​ផ្សេងៗ។ ក្រុម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឲ្យ​ដឹង​ថា ជន​បរទេស​ដែល​កំពុង​ដណ្ដើម​ការងារ​ និង​មុខ​របរ​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ ភាគច្រើន​មិន​មែន​ជា​ពលករ​បរទេស​ទេ តែ​ចូល​មក​កម្ពុជា​ បន្លំ​ខ្លួន​ក្នុង​នាម​​​អ្នក​ទេសចរណ៍ ឬ​អ្នក​វិនិយោគិន ហើយ​ពួកគេ​បាន​​គេច​កាតព្វកិច្ច​បង់​ពន្ធ​ឲ្យ​កម្ពុជា។

ច្បាប់​ស្ដីពី​ការងារ ចែង​ក្នុង​ន័យ​ថា ជន​បរ​ទេស​ ដែល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា​ ត្រូវ​​បង់​អាករ​ចំនួន៣ គឺ​ត្រូវ​បង់​អាករ​ទិដ្ឋាការ​ ឬ​វីសា (Visa) ស្នាក់​នៅ​បណ្ដោះអាសន្ន​រយៈ​ពេល​វែង​ចំនួន​ ១៨០ដុល្លារ​ ក្នុង​ ១ឆ្នាំ អាករ​សៀវភៅ​ការ​ងារ ១៣០​ដុល្លារ​ ក្នុង​ ១ឆ្នាំ និង​ត្រូវ​បង់​ពន្ធ​អាករ​ស្នើ​សុំ​កូតា​ប្រើ​ប្រាស់​ជន​បរទេស​តម្លៃ​​​ ៥០​ដុល្លារ​ ក្នុង​ ១ឆ្នាំ​។​ ដូច្នេះ​ ពលករ​បរទេស​ម្នាក់ ​ត្រូវ​មាន​កាតព្វកិច្ច​​បង់​អាករ ​ជា​ចំណូល​ថវិកា​ជាតិ​ ប្រមាណ ៣៦០​ដុល្លារ​ក្នុង ១​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។