អង្គការ​​សមាគម ​​និង​​សហជីព​​ទទូច​​ឲ្យ​​អាជ្ញាធរ​​ដោះលែង​​តំណាង​​សហជីព​​ណាហ្គាវើលដ៍​ ៨​​នាក់​

0:00 / 0:00

អង្គការ​ សមាគម និង​សហជីព​មួយ​ចំនួន​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ សំណង់ ចំណីអាហារ កសិកម្ម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​គ្នា​ទៅ​លើក​ទឹក​ចិត្ត​ក្រុម​កម្មករ​ណាហ្គាវើលដ៍ ​ដែល​ធ្វើ​កំពុង​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​ ៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ​ និង​ដោះលែង​តំណាង​ពួកគេ​ ៨នាក់​ត្រឡប់​មក​វិញ។ ពួកគេ​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ ហើយ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​ឲ្យ​មាន​សេរីភាព ដើម្បី​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ។

ថ្នាក់​ដឹកនាំ​សមាគម​និង​សហជីព​ទាំង​នោះ ថ្លែង​សារ​ម្នាក់​ម្ដង​ៗ នៅ​ចំពោះ​ក្រុម​កូដករ​ណាហ្គាវើលដ៍កាលពីថ្ងៃទី២២ ខែមករា ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ​បន្ត​ការ​តស៊ូ​ដោយ​អហិង្សា​ត​ទៅ​ទៀត រហូត​ដល់​មាន​ដំណោះស្រាយ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​ការងារ​ និង​ដោះលែង​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​៨​នាក់ ​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ភាគី​ក្រុមហ៊ុន​។

ការ​ចូល​រួម​ពី​សមាគម និង​សហជីព​នៅ​ទីតាំង​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ណាហ្គាវើលដ៍ នៅ​ថ្ងៃ​ទី​២២ ខែមករា ធ្វើ​ឡើង​ក្រោយ​ពេល​ពួកគេ​បញ្ចប់​ពិធី​រំលឹក​ខួប​ ១៨​ឆ្នាំ​នៃ​ការ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាលោក ជា វិជ្ជា នៅ​ក្បែរ​វត្ត​លង្កា កណ្ដាល​ទី​ក្រុង​ភ្នំពេញ។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុនថ្លែង​ថា ការ​ចាប់​ខ្លួន​តំណាង​សហជីព​ដាក់​ពន្ធនាគារ​ មិន​មែន​ជា​ដំណោះស្រាយ​នោះ​​ទេ។ លោក​យល់​ថា មាន​​តែ​ការ​ដោះលែង​សហជីព​ឲ្យ​វិល​មក​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន​ហើយ​សម្រប​សម្រួល​ដោយ​ក្រសួង​ការងារ​វិវាទ​នេះ ទើប​ជា​ជម្រើស​ល្អ​ដែល​អាច​បញ្ចប់​បញ្ហា​បាន​៖ «ពួក​យើង​សហជីព​ក៏​មិន​ឱប​ដៃ​ឈរ​មើល​ប្អូន​ៗ​ ដែរ។ យើង​ត្រូវ​រួម​ចិត្ត​ រួម​កម្លាំង​ទឹក​ចិត្ត​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់​ៗ​​ នេះ។ ហើយ​បើ​មិន​មាន​ដំណោះស្រាយ​ទេ​ សហជីព​យើង​នឹង​ជជែក​គ្នា គួរ​កម្មករ​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​ឲ្យ​ធ្វើ​កូដកម្ម​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ជូន​បុគ្គលិក​ណាហ្គាវើលដ៍»។

ទន្ទឹម​គ្នា​នោះ មន្ត្រី​ក្រសួង​ការងារ ចាក់​សារ​សំឡេង​អំពាវនាវ​ខ្លាំង​ៗ ​តាម​មេក្រូ​ឲ្យ​កម្មករ​ណាហ្គាវើលដ៍​ទៅ​ទទួល​យក​ប្រាក់​សំណង​ក្រសួង​ការងារ​ ទោះ​បី​ជា​ពួកគេ​គ្មាន​តំណាង​ក៏​ដោយ។ ចំណែកក្រុម​កម្មករ​បដិសេធ​មិន​ទទួល​យក​សំណង​នោះ​ទេ ប្រសិន​បើ​គ្មាន​វត្ត​មាន​តំណាង​សហជីព ​៨​នាក់​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​មួយ​នេះ​។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត ធន់ ដែល​ទៅ​មើល​ការ​តវ៉ា​នេះថ្លែង​ថា វិធានការ​របស់​ក្រសួង​ការងារ​ដោយ​ចាក់​សំឡេង​ដដែល​ៗ​នេះ ​គឺ​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ តែ​ជា​ការ​រំខាន​ដល់​ក្រុម​កម្មករ​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទៅ​វិញ ព្រោះ​ពួកគាត់​បាន​ដឹង​សារ​អំពាវនាវ​នេះ​រួច​មក​ហើយ។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ ទាល់​តែ​អាជ្ញាធរ​ដោះលែង​តំណាង​កម្មករ​ជា​មុន​សិន ហើយ​ក្រសួង​ការងារ​ សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​ តាម​ច្បាប់​សហជីព​និង​ច្បាប់​ស្ដី​ពី​ការងារ ទើប​រឿង​អាច​បញ្ចប់​ទៅ​បាន៖ «រឿង​ដែល​ត្រូវ​ដោះស្រាយ​ ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​តំណាង​របស់​គាត់​នោះ មាន​ឱកាស​ចេញ​មក​ជជែក​​ដោះ​ស្រាយ​។ បន្ទាប់​មក​វា​ចប់​ហើយ។ វា​មិន​ចាំបាច់​បង្ខំទេ អ្នក​ណា​គេ​ចង់​បើក​លុយ​ ក៏​លុយ​ទៅ អ្នក​ទៀត​ចង់​ធ្វើ​ការ ក៏​ធ្វើការ​ទៅ វា​ចប់​បាត់​ហើយ។ អ្វី​ដែល​យើង​លើក​ទឹក​ចិត្ត​ឲ្យ​ខាង​ក្រសួង​ធ្វើ​ គឺ​ត្រូវ​តែ​មាន​ការ​សម្របសម្រួល​ថ្នាក់​ខ្ពស់​ជាង​នេះ​បន្តិច​។ អាច​ថា​ កម្រិត​រដ្ឋមន្ត្រី ឬ​ក៏​រដ្ឋលេខាធិការ​ដែល​ធ្លាប់​ដោះស្រាយ​រឿង​​ហ្នឹង​កន្លង​មក​ ឲ្យ​មាន​ឥទ្ធិពល​ជាមួយ​ខាង​តុលាការ​ និង​កង​កម្លាំង​ផ្សេង​ៗ ​ឲ្យ​ធានា​ថា​រឿង​ហ្នឹង ត្រូវ​បាន​ដោះលែង​អ្នក​តំណាង​របស់​គេ​ មក​ធ្វើ​ការ​ចរចា បាន​បញ្ចប់​រឿង​បាន»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អគ្គ​លេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​ នៅ​តាម​គ្រប់​មុខ​សញ្ញា​ (គ.ក.ប)​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារលោក ទេស រុក្ខាផល បាន​ទេ​ ដោយ​សារ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

គិត​ត្រឹម​ថ្ងៃ​ទី២២ ខែមករា ថ្នាក់ដឹកនាំ​និង​សមាជិក​សហជីព​នៃ​កម្មករ​ណាហ្គាវើលដ៍​ ៨​នាក់​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល ២៣​ថ្ងៃ​ហើយ។ ​ក្រុម​កម្មករ​ណាហ្គាវើដល៍​បន្ត​ធ្វើ​កូដកម្ម​ដដែល​ រហូត​មាន​ការ​ដោះលែង​តំណាង​ពួកគេ​ត្រឡប់​មក​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​បុគ្គលិក​ជាង​ ៣​រយ​កាន់​ចូល​ធ្វើ​ការ​វិញ ទើប​ពួកគេ​រំសាយ​​ការ​តវ៉ា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។