វិបត្តិ​ដីធ្លី​នៅ​ខែត្រ​ភាគ​ឦសាន​នាំ​ឲ្យ​កុមារ​មួយ​ចំនួន បោះបង់​ការ​សិក្សា

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច និង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្កេត​ឃើញ​ថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ខែត្រ​ភាគ​ឦសាន ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​សិក្សា​របស់​កុមារ យុវជន ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​បោះបង់​ការ​សិក្សា។ ជនជាតិ​ដើម​ភាគ​តិច​ខ្លះ ធ្លាក់​ខ្លូន​ក្រីក្រ​តោក​យ៉ាក និង​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក ដែល​ជំរុញ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​បោះបង់​ការ​សិក្សា ដើម្បី​ជួយ​ការងារ​គ្រួសារ និង​ស្វែងរក​ប្រាក់​ចំណូល។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ខេត្ត​ព្រះវិហារ ក្រចេះ និង ខេត្ត​ស្ទឹងត្រែង​អះអាង​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​អាជ្ញាធរ និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ នឹង​ធ្វើ​ឲ្យ​កុមារ និង​យុវជន​បោះបង់​ការ​សិក្សា។ លើស​ពី​នេះ​ទៀត ការ​បាត់បង់​ទី​កន្លែង​អាស្រ័យ​ផល​ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ ដែល​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ពួក​គាត់ ក៏​ជា​បន្ទុក​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​ប្រាក់​ចំណូល និង​ធ្លាក់​ខ្លួន​ក្រីក្រ​តោក​យ៉ាក ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ឃុំ​ម្លូ​ព្រៃ​ពីរ ស្រុក​ឆែប ខែត្រ​ព្រះវិហារ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៥ មេសា​ថា កុមារ​តិចតួច​ណាស់ មាន​ឱកាស​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​អនុវិទ្យាល័យ និង​មួយ​ចំនួន​ធំ​បាន​ឈប់​រៀន​ត្រឹម​បឋមសិក្សា។ លោក​ថា វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន គឺ​ជា​ដើម​ចម​នាំ​ឲ្យ​ពួក​គាត់​ខាត​ប្រយោជន៍​ច្រើន ទាំង​អនាគត​កូន​ចៅ ប៉ះពាល់​ជីវភាព បាត់​បង់​កន្លែង​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ត្រូវ​ចំណាយ​ធនធាន​ក្នុង​ការ ធ្វើ​ដំណើរ​ស្វែង​រក​យុត្តិធម៌​ពី​អាជ្ញាធរ​ខេត្ត និង​ថ្នាក់​ជាតិ។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន មិន​ខ្វល់​ពី​ទុក្ខ​វេទនា​ពួក​គាត់​នោះ​ទេ ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ធ្លាក់​ខ្លួន​ក្រីក្រ និង​បង្ខំ​ចិត្ត​ឲ្យ​កូន​ចៅ​ឈប់​រៀន ដើម្បី​ធ្វើ​កម្មករ​គេ​ចិញ្ចឹម​ជីវិត។ លោក​បន្ថែម​ថា ភូមិ​ឋាន​ពួក​គាត់​រស់​នៅ​បច្ចុប្បន្ន ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​អំពៅ​ក្រុមហ៊ុន​ចិន គឺ​ជា​ឧបសគ្គ​បន្ថែម​ទៀត បង្ខំ​ឲ្យ​កុមារ​ជា​ច្រើន​ឃ្វាល​គោ​ក្របី ព្រោះ​ខ្លាច​សត្វ​ពាហនៈ​របស់​ពួក​គាត់ ស៊ី​អំពៅ​ក្រុមហ៊ុន​បណ្ដាល​ឲ្យ​ពុល​ងាប់៖ «កុមារ​ខ្លះ​បាន​រៀន​សូត្រ និង​ខ្លះ​ទៀត មិន​បាន​រៀន​សូត្រ ដោយសារ​តែ​បាត់បង់​មុខ​របរ​ក្នុង​មូលដ្ឋាន ដោយសារ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​នាំ​ឲ្យ​ពលរដ្ឋ​យ៉ាប់​រក​ប្រាក់​ចំណូល រក​មិន​បាន​ដើរ​រក​ស៊ី​ឈ្នួល​តាម​ស្រុក​ភូមិ វា​បាត់បង់​ការ​សិក្សា »

កាល​ពី​ដើម​ខែ​មីនា​ ឆ្នាំ ២០១៨ ពលរដ្ឋ​រស់​នៅ​ឃុំ​សង្កែ​ពីរ និង​ឃុំ​ម្លូ​ព្រៃ​ពីរ ងាប់​គោ​ជាង ៦០​ក្បាល​ជា​បន្ត​បន្ទាប់ និង​មួយ​ចំនួន​ទៀត​បាត់ខ្លួន បង្ក​ប៉ះពាល់​ជីវភាព និង​មុខ​របរ​ពួក​គាត់។ លើស​ពី​នេះ អ្នក​ភូមិ​ខ្លះ​បាន​ទៅ​ដល់​ទីតាំង​គោ​ងាប់​នោះ ប្រទះ​ឃើញ​ទឹក​ថ្លុក និង​ទឹក​ត្រពាំង​ខ្លះ​នៅ​ជាប់​ចម្ការ​អំពៅ​ក្រុមហ៊ុន​ចិន​​មាន​សារជាតិ​ពុល។ ចាប់​តាំង​ពី​កើត​បាតុភាព​នេះ​ហើយ អ្នក​ភូមិ​មួយ​ចំនួន បាន​បង្ខំ​ឲ្យ​កុមារ​បោះបង់​ការ​សិក្សា ដើម្បី​ឃ្វាល​គោ​ក្របី​ឲ្យ​បាន​ដិត​ដល់ ព្រោះ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​បំពុល​ទៀត។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល ខែត្រ​ក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​ឃុំ​ពីរ​ធ្នូ​ជាង ៤​រយ​គ្រួសារ ក្នុង​នោះ​កុមារ​បោះបង់​ការ​សិក្សា​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ ដោយសារ​អាជ្ញាធរ​ដុត​បំផ្លាញ​ផ្ទះ​ពួក​គាត់ និង​ដក​ហូត​ដីធ្លី នាំ​ឲ្យ​ពួក​គាត់​ធ្លាក់​ខ្លួន​ក្រីក្រ បាន​បង្ខំ​ឲ្យ​កុមារ​បោះបង់​ការ​សិក្សា​មួយ​ចំនួន ដើម្បី​ដើរ​ស៊ី​ឈ្នួល​គេ ស្វែង​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៖ «ទី​១ អត់​បាន​រៀន​សូត្រ និង​ទី​ ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ អត់​បាន​រៀន​សូត្រ​ទេ ច្រើន​ណាស់​គិត​ទៅ កុមារ​ឈប់​រៀន ៣​រយ​គ្រួសារ។ បើ​ម៉ែ​ឪ​អស់​រលីង កុមារ​ដើរ​ស៊ី​ឈ្នួល​គេ​ដើម្បី​ចិញ្ចឹម​ក្រពះ »

អគ្គលេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា លោក ឡូ រ៉ង់ សង្កេត​ឃើញ​ថា មាន​ហេតុផល​ច្រើន​បង្ក​ឲ្យ​កុមារ​ងាយ​នឹង​បោះបង់​ការ​សិក្សា ដោយសារ​ជីវភាព ជម្លោះ​ដីធ្លី និង ការ​អភិវឌ្ឍន៍​តាម​ដង​ទន្លេ​មេគង្គ ដែល​ត្រូវ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។ លោក​ថា កុមារ​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ៨០​នាក់ បោះបង់​ការ​សិក្សា​ដោយសារ​ភូមិ​ពួក​គាត់​ក្លាយ​ជា​ផ្ទៃ​អាង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​កុមារ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ចូល​ព្រៃ​អារ​ឈើ​លក់​ចិញ្ចឹម​ជីវិត ដោយសារ​ជីវភាព​ខ្វះ​ខាត។ លោក​ថា ការ​បាត់បង់​ធនធាន​ធម្មជាតិ ដែល​ជា​កន្លែង​ជនជាតិ​ដើម​ភាគ​តិច​អាស្រ័យ​ផល វា​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគ​តិច​ការ​បាត់បង់​ប្រពៃណី និង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារ​ដែរ៖ «ភាគ​ច្រើន​នៃ​កុមារ​ក្នុង​សហគមន៍​រងគ្រោះ មិន​អាច​ទទួល​បាន​រៀន​សូត្រ​បាន​ទេ ព្រោះ​ឪពុក​ម្ដាយ​គាត់​រវល់​តែ​តស៊ូ និង​ការពារ​ដីធ្លី​របស់​ខ្លួន។ មើល​ទៅ​ភាគ​ច្រើន​សឹង​តែ​គ្រប់​ភូមិ ដែល​ប្រឈម​មិន​ទទួល​បាន​ការ​សិក្សា។ យើង​មាន​ការ​ព្រួយ​បារម្ភ​គាត់​ខ្ចាត់​ខ្ចាយ វា​លែង​លក្ខណៈ​ជា​សហគមន៍​ប្រមូល​ផ្ដុំ ដែល​មាន​ក្រុម​ពួក​ច្បាស់លាស់​ហ្នឹង​គេ​ឯង ក្នុង​ផែនទី​ពិភពលោក ក្នុង​ថ្ងៃ​អនាគត »។

មេ​ឃុំ​ប្រមេ លោក ធាន ហេង មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន ពុំ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​សិក្សា​របស់​កុមារ​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ចាត់​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ទទួល​បន្ទុក​ផ្នែក​សេវា​អប់រំ​នៅ​មូលដ្ឋាន ជួយ​ផ្សព្វផ្សាយ និង​អប់រំ​ពលរដ្ឋ​ឲ្យ​បញ្ជូន​កូន​ចៅ​ទៅ​រៀន និង​ណែនាំ​អ្នក​ភូមិ​ឲ្យ​ស្វែង​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​របស់​កុមារ៖ «នៅ​ប្រមេ​មាន​អនុវិទ្យាល័យ​មួយ។ អាជ្ញាធរ​ឃុំ​បាន​ចាត់​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ស្រី ទទួល​ការងារ​ហ្នឹង »។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា បើ​ការ​រៀន​សូត្រ​របស់​កុមារ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ដីធ្លី អាជ្ញាធរ​ត្រូវ​រក​មធ្យោបាយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សុវត្ថិភាព​ដីធ្លី​របស់​ខ្លួន​ផង។ លើស​ពី​នេះ សិទ្ធិ​ទទួល​បាន​ការ​អប់រំ និង​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ត្រូវ​ដើរ​ស្រប​គ្នា​ដែរ ព្រោះ​លំនៅ​ពិត​ប្រាកដ និង​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ បាន​ដើរ​តួនាទី​សំខាន់ ផ្ដល់​ការ​អប់រំ​ដល់​កុមារ ឲ្យ​មាន​ឱកាស​រៀន​សូត្រ​ស្មើៗ គ្នា។ លោក​ថា ពលរដ្ឋ​ចំណាក​ស្រុក​ច្រើន នឹង​បង្ក​ឲ្យ​កុមារ​ប្រឈម​បោះបង់​ការ​សិក្សា​ច្រើន​ដែរ ហើយ​ជម្លោះ​ដីធ្លី​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក៖ «មើល​ទៅ​លើ​ឫស​គល់​នៃ​បញ្ហា​ថា តើ​គេ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​របៀប​ណា ? គេ​ត្រូវ​រក​មធ្យោបាយ​ឆ្លើយតប​គ្នា រវាង​សិទ្ធិ​ទទួល​ការ​អប់រំ និង​សិទ្ធិ​ទទួល​បាន​ដីធ្លី​ស្រប​គ្នា។ ឪពុក​ម្ដាយ​រវល់​តែ​ដើរ​លើក​កញ្ជើ ហើយ​កូន​ដើរ​តាម​ដែរ ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​រៀន​សូត្រ​ពុំ​មាន​ទេ​សម្រាប់​កុមារ »។

លោក សន ជ័យ បន្ថែម​ថា កុមារ​បោះបង់​ការ​សិក្សា​នឹង​បង្ក​ប៉ះពាល់​រយៈ​ពេល​វែង​ដល់​សង្គម​ជាតិ និង​អនាគត​របស់​ពួក​គេ ហើយ​កុមារ​ទាំង​នោះ​នឹង​ប្រឈម​បញ្ហា​គ្រឿងញៀន ចំណាក​ស្រុក និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ប្រយោជន៍​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។