ក្រសួងដែនដីនិងអាជ្ញាធរខេត្តព្រះសីហនុរុះរើសំណង់ដែលមានហានិភ័យខ្ពស់ចំនួន ២៣ការដ្ឋានក្នុងឆ្នាំ២០១៩។ ក្រៅពីនេះ អាជ្ញាធរក៏តម្រូវឱ្យការដ្ឋានរាប់សិបកន្លែងផ្សេងទៀតក្នុងខេត្តនេះត្រូវបំពេញនីតិវិធីឱ្យបានត្រឹមត្រូវដែរ។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា ការដ្ឋានសំណង់ជាច្រើននៅក្នុងខេត្តព្រះសីហនុមានសភាពស្ងប់ស្ងាត់ ប៉ុន្តែមិនដឹងច្បាស់ថា ការស្ងប់ស្ងាត់នេះ ព្រោះអាជ្ញាធររុះរើ ឬក៏ថៅកែចិនរត់ចោលនោះទេ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា ក្រសួងបានចុះរុះរើសំណង់ដែលមានហានិភ័យខ្ពស់ចំនួន ២៣ការដ្ឋាន ស្ថិតក្នុងចំណោមការដ្ឋានសំណង់ចំនួន ៥៧០ ដែលក្រសួងនិងអ្នកពាក់ព័ន្ធបានចុះត្រួតពិនិត្យគុណភាពក្នុងឆ្នាំ២០១៩ នៅក្នុងខេត្តព្រះសីហនុ។ សារព័ត៌មានក្នុងស្រុកផ្សាយនៅថ្ងៃទី២៥ ធ្នូថា ក្រសួងបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ ការដ្ឋានចំនួន១៦៦កន្លែង និងតម្រូវឱ្យការដ្ឋានចំនួន ៣៨១កន្លែងទៀតត្រូវបំពេញនីតិវិធីឱ្យបានត្រឹមត្រូវ។

អាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមរឿងនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នៅថ្ងៃទី២៥ ខែធ្នូ ដោយទូរស័ព្ទចូល តែលោកថានិយាយស្តាប់គ្នាមិនលឺ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា កិច្ចការផ្នែកសំណង់នេះជាការជំនាញរបស់ក្រសួងដែនដី។ លោកថា អាជ្ញាធរខេត្តបានចូលរួមជាអ្នកសម្របសម្រួលនិងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋាននានាដល់អ្នកសាងសង់ ឬម្ចាស់សំណង់ឱ្យអនុវត្តតាមច្បាប់នៃការសាងសង់របស់ក្រសួងដែនដី៖ «ក្រសួងដែនដីលោកមានក្រុមការងារធ្វើកោសល្យវិច័យ វាយតម្លៃអីផ្សេងៗ លោកក្តាប់ល្អិត ជាងយើង យើងចូលរួមសម្របសម្រួលក្នុងមានជាអាជ្ញាធរជាម្ចាស់ទឹកម្ចាស់ដី»។
ក្រោយពេលជនជាតិចិនសម្រុកទៅរកស៊ីនិងរស់នៅក្នុងខេត្តព្រះសីហនុ វិស័យសំណង់ក្នុងខេត្តនេះមានការសាងសង់ច្រើន ប៉ុន្តែក៏មានការរិះគន់ថា ក្រុមហ៊ុនមួយចំនួនសាងសង់ មិនបានអនុវត្តត្រឹមត្រូវ ហើយក៏ធ្លាប់មានករណីបាក់រលំអគារនៅក្នុងខេត្តនេះដែរ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា ទើបតែឃើញមានសំណង់អគារមួយប៉ុណ្ណោះ ដែលត្រូវអាជ្ញាធរកំពុងវាយកម្ទេចចោល។ អ្នកស្រីបន្តថា ការដ្ឋានសំណង់ជាច្រើននៅខេត្តព្រះសីហនុសព្វថ្ងៃមិនឃើញមានសកម្មភាពសាងសង់ពិតមែន ប៉ុន្តែអ្នកស្រីមិនបានដឹងច្បាស់ថា បណ្ដាលមកពីបញ្ហាការអនុវត្តច្បាប់របស់ក្រសួងដែនដី ឬដោយសារជនជាតិចិនសម្រុកចាកចេញពីខេត្តព្រះសីហនុនោះទេ៖ «យើងគ្រាន់តែឃើញថា សកម្មភាពត្រូវផ្អាកអញ្ចឹងមែនឃើញអគារធ្វើហើយអត់ទាន់បានដាក់ស្នាក់ជួលអីទេ ទន្ទឹមពេលក្រុមអ្នកវិនិយោគនៅខេត្តព្រះសីហនុស្ងាត់ដែរ»។

កាលពីខែមិថុនា មានករណីបាក់អគារកម្ពស់ ៧ជាន់បណ្ដាលឱ្យកម្មករសំណង់ខ្មែរចំនួន ២៨នាក់ស្លាប់និង ២៦នាក់របួស។ ក្រោយហេតុការណ៍នេះ ទើបរដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យគុណភាពសំណង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។